តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » នន្ទវគ្គ ទី៣ »
គ្មានហេតុអ្វីទៀត ដែលព្រះអរហន្តត្រូវសុំជំនួយខ្លួន។
sut kn uda 21 បាលី cs-km: sut.kn.uda.21 អដ្ឋកថា: sut.kn.uda.21_att PTS: ?
កម្មវិបាកជសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. កម្មវិបាកជសុត្តំ)
[៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុមួយរូប អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះអង្គ តាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ភិក្ខុអ្នកលះបង់កម្មទាំងពួង កំចាត់បង់ធូលី គឺកិលេស ដែលខ្លួនធ្លាប់ធ្វើក្នុងកាលមុន មិនមានសេចក្តីប្រកាន់ថា អញឋិតនៅនឹងធឹង សេចក្តីត្រូវការដើម្បីហៅរក1) អ្នកផងឲ្យជួយ មិនមានឡើយ។
ចប់ សូត្រ ទី១។