User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.23

(យសោជ)សូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda 23 បាលី cs-km: sut.kn.uda.23 អដ្ឋកថា: sut.kn.uda.23_att PTS: ?

យសោជសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. យសោជសុត្តំ)

[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុចំនួន ៥០០ រូប មានព្រះយសោជៈជាប្រធាន បាននិមន្តទៅនគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ។ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សូរសំឡេងកងរំពង សូរសំឡេងខ្លាំង ទំនងដូចព្រានសំណាញ់ក្នុងកាលចាប់ត្រី តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ៥០០ រូប មានព្រះយសោជៈជាប្រធាននុ៎ះ បានមកដល់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុឲ្យ ក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកទៅហៅពួកភិក្ខុទាំងនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ និយាយនឹងពួកភិក្ខុទាំងនោះថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេងកងរំពង មានសំឡេងខ្លាំង ទំនងដូចជាពួកព្រានសំណាញ់ក្នុងកាលចាប់ត្រី។

[៧២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះយសោជៈដ៏មានអាយុ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ៥០០ រូបនេះ មកកាន់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ អាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅ តថាគតបណ្តេញអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវនៅក្នុងសំណាក់តថាគតទេ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចទុកដាក់សេនាសនៈ យកបាត្រចីវរ ហើយចៀសចេញទៅកាន់ចារិកក្នុងដែនវជ្ជី កាលត្រាច់ទៅកាន់ចារិកក្នុងដែនវជ្ជីតាមលំដាប់ បានចូលទៅឯស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ក៏ធ្វើខ្ទមស្លឹកនៅចាំវស្សា ប្របឆ្នេរស្ទឹង ឈ្មោះវគ្គុមុទា។

[៧៣] លំដាប់នោះ ព្រះយសោជៈដ៏មានអាយុ នៅចាំវស្សាហើយ ក៏បានហៅពួកភិក្ខុមកថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយ ត្រូវព្រះមានព្រះភាគ ព្រះអង្គជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ព្រះអង្គអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ទ្រង់បណ្តេញហើយ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ គប្បីប្រាថ្នាប្រយោជន៍ ចំពោះពួកយើងកាលនៅដោយការប្រព្រឹត្តិយ៉ាងណា ពួកយើង គួរសម្រេចការនៅ ដោយការប្រព្រឹត្តិយ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះយសោជៈដ៏មានអាយុថា អើអាវុសោ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ ក៏ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន លុះដល់ខាងក្នុងវស្សានោះ ក៏បានធ្វើឲ្យជាក់ច្បាស់នូវត្រៃវិជ្ជាទាំងអស់គ្នា។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី តាមសមគួរដល់អធ្យាស្រ័យហើយ ស្តេចចៀសចេញទៅកាន់ចារិក ក្នុងក្រុងវេសាលី កាលត្រាច់ទៅកាន់ចារិក តាមលំដាប់ បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលីនោះ។ លំដាប់នោះ ព្រះមានព្រះភាគ កំណត់ចិត្តពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយព្រះទ័យហើយធ្វើទុកក្នុងព្រះទ័យ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា នៅក្នុងទិសណា ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានពន្លឺដល់តថាគត ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានរស្មីដល់តថាគត ភិក្ខុទាំងនោះ តថាគតមិនមែនស្អប់ខ្ពើមនឹងទៅរកទេ តថាគត មិនមែនស្អប់ខ្ពើមនឹងធ្វើទុកក្នុងចិត្តទេ ម្នាលអានន្ទ គួរអ្នកបញ្ជូនទូតទៅក្នុងសំណាក់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយពាក្យថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកចូរមក អ្នកចូរទៅរកពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ចូរនិយាយប្រាប់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាយ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើអាវុសោ ហើយក៏ស្រាប់តែបាត់អំពីកូដាគារសាលា នាមហាវ័ន ទៅប្រាកដក្នុងទីចំពោះមុខភិក្ខុទាំងនោះ ប្របឆ្នេរស្ទឹងវគ្គុមុទា ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។ លំដាប់នោះ ភិក្ខុនោះ បាននិយាយប្រាប់ពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ទុកដាក់សេនាសនៈ កាន់យកបាត្រចីវរ រួចស្រាប់តែបាត់អំពីឆ្នេរស្ទឹងវគ្គុមុទា មកប្រាកដ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងកូដាគារសាលា នាមហាវ័ន ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។

[៧៥] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយសមាធិ មិនកំរើក។ លំដាប់នោះ ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដូចម្តេចហ្ន៎។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដ៏មិនកំរើក។ ភិក្ខុទាំងអស់ក៏អង្គុយនៅ ដោយសមាធិដ៏មិនកំរើកដែរ។ គ្រាកាលដែលរាត្រីអស់ទៅ បឋមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីកន្លងហើយ បឋមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ។ កាលដែលព្រះអានន្ទ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគទ្រង់នៅស្ងៀម។ លុះរាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់ពីរថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាល នឹងពួកអាគន្តុកភិក្ខុ។ ព្រះមានព្រះភាគ ទ្រង់ស្ងៀម អស់វារៈជាគំរប់ពីរ។ កាលដែលរាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះឡើង រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់បីថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ប្រសិនបើអ្នកដឹង អ្នកមិននិយាយពាក្យទាំងប៉ុណ្ណេះទេ ម្នាលអានន្ទ (ព្រោះថា) តថាគតផង ពួកភិក្ខុ ៥០០ រូបនេះផង ទាំងអស់គ្នា សុទ្ធតែអង្គុយនៅដោយសមាធិមិនកំរើក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

បន្លា គឺកាម កិរិយាជេរ ការសម្លាប់ និងការចង ដែលបុគ្គលណាឈ្នះហើយ បុគ្គលនោះ ឈ្មោះថាមិនញាប់ញ័រ ឋិតនៅដូចភ្នំ បុគ្គលនោះឈ្មោះថា ភិក្ខុរមែងមិនញាប់ញ័រ ព្រោះសុខ និងទុក្ខឡើយ។

ចប់ សូត្រ ទី៣។

 

លេខយោង

km/tipitaka/sut/kn/uda/sut.kn.uda.23.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann