km:tipitaka:sut:kn:uda:sut.kn.uda.27

(សក្កុទាន)សូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda 27 បាលី cs-km: sut.kn.uda.27 អដ្ឋកថា: sut.kn.uda.27_att PTS: ?

សក្កុទានសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. សក្កុទានសុត្តំ)

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ នៅក្នុងបិប្ផលិគូហា អង្គុយដោយភ្នែនតែមួយ ចូលសមាធិ1) ណាមួយ អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះហើយ ព្រះមហាកស្សបដ៏មានអាយុ ក៏ចេញអំពីសមាធិនោះ។ កាលដែលព្រះមហាកស្សបដ៏មានអាយុ ចេញអំពីសមាធិនោះហើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ អង្គ ដល់នូវការខ្វល់ខ្វាយ ដើម្បីប្រគេនបិណ្ឌបាតចំពោះព្រះមហាកស្សបដ៏មានអាយុ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ ហាមឃាត់ពួកទេវតាទាំង ៥០០ អង្គនោះហើយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះ។

[៨០] សម័យនោះឯង សក្កៈ ជាធំជាងពួកទេវតា មានប្រាថ្នាដើម្បីប្រគេនបិណ្ឌបាត ចំពោះព្រះមហាកស្សបដ៏មានអាយុ បាននិម្មិតភេទខ្លួន ជាជាងតម្បាញ កំពុងត្បាញនូវតម្បាញ។ ឯអសុរកញ្ញា ឈ្មោះសុជាតា ក៏ការអម្បោះឲ្យពេញខ្នារ។ គ្រានោះ ព្រះមហាកស្សបដ៏មានអាយុ កំពុងត្រាច់បិណ្ឌបាតសព្វច្រក ក្នុងក្រុងរាជគ្រឹះ បានចូលទៅកាន់លំនៅរបស់ទេវរាជឈ្មោះសក្កៈ ជាធំជាងពួកទេវតា។ សក្កៈជាធំជាងពួកទេវតា បានឃើញព្រះមហាកស្សបដ៏មានអាយុ កំពុងតែនិមន្តមកអំពីចម្ងាយ លុះបានឃើញហើយ ក៏ចេញអំពីផ្ទះ ទៅទទួលយកបាត្រអំពីព្រះហស្ត ចូលទៅកាន់ផ្ទះ ដួសបាយអំពីឆ្នាំង ដាក់ឲ្យពេញបាត្រ រួចប្រគេនចំពោះព្រះមហាកស្សបដ៏មានអាយុ។ បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា សត្វនេះជាអ្វីហ្ន៎ បានជាមានឥទ្ធានុភាព មានសភាពយ៉ាងនេះ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា ឱហ្ន៎ សក្កៈជាធំជាងពួកទេវតាទេតើ។ លុះព្រះមហាកស្សបដ៏មានអាយុ បានដឹងច្បាស់ដូច្នេះហើយ និយាយនឹងសក្កៈជាធំជាងទេវតាថា បពិត្រកោសិយៈ ព្រះអង្គបានធ្វើអំពើនេះហើយ ក្រោយទៅ ព្រះអង្គកុំធ្វើអំពើយ៉ាងនេះទៀតឡើយ។ បពិត្រព្រះកស្សបដ៏ចំរើន យើងខ្ញុំក៏មានសេចក្តីត្រូវការដោយបុណ្យដែរ យើងខ្ញុំគួរធ្វើបុណ្យបានដែរ។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ថ្វាយបង្គំព្រះមហាកស្សបដ៏មានអាយុ រួចធ្វើប្រទក្សិណ ហើយហោះទៅឯអាកាស បន្លឺនូវឧទាន ក្នុងអាកាស ជាទីវាលអស់វារៈ ៣ ដងថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម។

[៨១] ព្រះមានព្រះភាគ ទ្រង់បានឮឧទានដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងបង់សោតធាតុរបស់មនុស្សធម្មតា ដែលសក្កៈ ជាធំជាងពួកទេវតា កំពុងហោះទៅកាន់វេហាស៍ ហើយបន្លឺអស់វារៈ ៣ ដង ក្នុងអាកាសជាទីវាលថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម។

លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ទេវតាទាំងឡាយ រមែងស្រឡាញ់ភិក្ខុ អ្នកប្រព្រឹត្តបិណ្ឌបាតជាវត្ត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ស្ងប់រម្ងាប់ មានស្មារតីគ្រប់កាល។

ចប់ សូត្រ ទី៧។

 

លេខយោង

1)
សំដៅយកអរហត្តផលសមាធិ។
km/tipitaka/sut/kn/uda/sut.kn.uda.27.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann