km:tipitaka:sut:kn:uda:sut.kn.uda.28

(បិណ្ឌបាតិក)សូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda 28 បាលី cs-km: sut.kn.uda.28 អដ្ឋកថា: sut.kn.uda.28_att PTS: ?

បិណ្ឌបាតិកសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. បិណ្ឌបាតិកសុត្តំ)

[៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន នៃអនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្ត ហើយអង្គុយចួបជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌល1) ក៏កើតអន្តរាកថា2) នេះឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសម្លេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្តារៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ ពួកយើង ចូរជាអ្នកប្រព្រឹត្តបិណ្ឌបាត ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយភ្នែកមួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ក៏ពុំទាន់ធ្វើឲ្យចប់ស្រេចនៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់ចូលទៅកាន់រោងឈ្មោះករេរិមណ្ឌល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ចប់។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌលនេះ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោភិក្ខុទាំងឡាយ ណ្ហើយចុះ ពួកយើងត្រូវជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយមួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើមិនទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថា មានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលបើបានប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាង គឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ទេវតាទាំងឡាយ តែងស្រឡាញ់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ប្រសិនបើ (ភិក្ខុនោះ) មិនអាស្រ័យនូវការសរសើរ គឺកិត្តិស័ព្ទទេ ( សេចក្តីសរសើរ រមែងមាន ក្នុងទីចំពោះមុខ ឬកំបាំងមុខមិនខាន )។

ចប់ សូត្រ ទី៨។

 

លេខយោង

1)
រោងសម្រាប់អង្គុយ ដែលគេធ្វើជិតដើមថ្ងាន់។ អដ្ឋកថា។
2)
ពាក្យដែលចន្លោះផុតអំពីកថាវត្ថុ ១០ ហៅថា អន្តរាកថា។
km/tipitaka/sut/kn/uda/sut.kn.uda.28.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann