km:tipitaka:sut:kn:uda:sut.kn.uda.29

(សិប្ប)សូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda 29 បាលី cs-km: sut.kn.uda.29 អដ្ឋកថា: sut.kn.uda.29_att PTS: ?

សិប្បសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. សិប្បសុត្តំ)

[៨៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប កាលត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់អង្គុយ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងនូវសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណា ប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុពួកខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូកប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្សៈក្នុងការសរសេរប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈ1) ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែប្រសើរជាង។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់រោងជាទីអង្គុយ រួចគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយធ្វើមិនទាន់ចប់ស្រេចនៅឡើយ។ ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកខ្ញុំព្រះអង្គត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយនេះ អន្តរាកថាកើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណាប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ជាលំដាប់ ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូក ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការសរសេរប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថាមានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធាទេ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាងគឺ ធម្មីកថា ឬអរិយតុណ្ហីភាព។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលណា ជាអ្នកមិនចិញ្ចឹមជីវិត ដោយសិល្បៈ ជាអ្នកប្រព្រឹត្តស្រាល ប្រាថ្នាប្រយោជន៍ដល់ជនដទៃ សង្រួមឥន្រ្ទិយ មានចិត្តផុតស្រឡះចាកអាសវៈទាំងពួង មិនមានទីនៅនៃតណ្ហា មិនមានសេចក្តីប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បានសម្លាប់មារហើយ ចរទៅម្នាក់ឯង បុគ្គលនោះ ឈ្មោះថា ភិក្ខុ។

ចប់ សូត្រ ទី៩។

 

លេខយោង

1)
សំដៅយកពាក្យដែលនិយាយបដិសេធនូវបរលោក និងនិព្វាន មានពាក្យថា សត្វក្អែកស ព្រោះឆ្អឹងវាស កុកក្រហម ព្រោះឈាមវាក្រហម ជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.29.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann