តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » មេឃិយវគ្គ ទី៤ »
«…គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ…» មុននឹងមិនមានគំនិតអាក្រក់ទៀត ព្រះពុទ្ធមិនបានឱ្យអ្នកនៅតែម្នាក់ឯងឡើយ។ (សូមមើលឧបាលិសូត្រដែរ)។ លើសពីនេះ ព្រះពុទ្ធទ្រង់ប្រោសប្រទាន នូវកម្មដ្ថាន។
sut kn uda 31 បាលី cs-km: sut.kn.uda.31 អដ្ឋកថា: sut.kn.uda.31_att PTS: ?
មេឃិយសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(១. មេឃិយសុត្តំ)
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់ចូលទៅបិណ្ឌបាតក្នុងជន្តុគ្រាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតឯជន្តុគ្រាម។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាតក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយគួរជាទីជ្រះថ្លា គួររីករាយ លុះព្រះមេឃិយៈដ៏មានអាយុ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួររីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាមរបស់កុលបុត្តអ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ គួរអាត្មាអញមកឯព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងជន្តុគ្រាម លុះត្រាច់ទៅបិណ្ឌបាតក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ គួរជាទីជ្រះថ្លា គួររីករាយ លុះខ្ញុំព្រះអង្គបានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួរជាទីរីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាម របស់កុលបុត្ត អ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ អាត្មាអញ គួរមកព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយ ដើម្បីប្រកបព្យាយាម។
[៨៦] កាលព្រះមេឃិយៈដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុថា ម្នាលមេឃិយៈ អ្នកចូររង់ចាំសិន តថាគត នៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ចដែលទ្រង់ធ្វើស្រេចហើយ ឲ្យចំរើនឡើងទៀតទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គនៅមានកិច្ច ដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យចំរើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គ ទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលមេឃិយៈ អ្នកចូររង់ចាំបន្តិចសិន តថាគតនៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ច ដែលទ្រង់ធ្វើស្រេចហើយ ឲ្យចំរើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គនៅមានកិច្ចដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យច្រើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ តថាគតគប្បីនិយាយនឹងអ្នក កាលនិយាយថា ព្យាយាមដូច្នេះ ដូចម្តេចបាន ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។
[៨៧] លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចធ្វើប្រទក្សិណ ហើយចូលទៅកាន់ព្រៃស្វាយនោះ លុះចូលទៅដល់ហើយ ក៏លុកចូលទៅក្នុងព្រៃស្វាយនោះ រួចអង្គុយសម្រាកនៅវេលាថ្ងៃ ប្របគល់ឈើមួយដើម។ កាលដែលព្រះមេឃិយៈដ៏មានអាយុ នៅសម្រាកក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចំឡែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងនេះ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ កាលដែលខ្ញុំព្រះអង្គកំពុងនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចំឡែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន។
[៨៨] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលមេឃិយៈ ធម៌ ៥ យ៉ាង ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្តល្អ បែរទៅរកមិត្តល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ទីពីរ ប្រព្រឹត្តទៅ ដើម្បីធ្វើនូវចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ គឺអប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមេឃិយៈ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះអកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយ ឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុមានបញ្ញា ប្រកបដោយបញ្ញា ជាគ្រឿងដឹងការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយកិលេស ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានសីល សង្រួមហើយដោយការសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាព យ៉ាងនេះ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយឲ្យកើតឡើង មានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងមានប្រាកដដល់ភិក្ខុ ដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយកិលេស ប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ។
[៨៩] ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ ៥ យ៉ាងនេះហើយត្រូវចំរើនធម៌ ៤ យ៉ាងតទៅទៀត គឺចំរើនអសុភ ដើម្បីលះរាគៈ ១ ចំរើនមេត្តា ដើម្បីលះព្យាបាទ ១ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់បង់វិតក្កៈ ១ ចំរើនអនិច្ចសញ្ញា ដើម្បីដកអស្មិមានះ ១។ ម្នាលមេឃិយៈ ព្រោះថា កាលភិក្ខុមានសេចក្តីសំគាល់ថា មិនទៀងហើយ សេចក្តីសំគាល់ថាមិនមែនខ្លួន រមែងតាំងនៅ (ក្នុងចិត្ត) ភិក្ខុដែលមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវការដកអស្មិមានះ ឈ្មោះថា ដល់និព្វានក្នុងបច្ចុប្បន្ន។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
វិតក្កៈទាំងឡាយដ៏ថោកទាប វិតក្កៈទាំងឡាយដ៏ល្អិត ដែលចិត្តប្រព្រឹត្តទៅតាមហើយ ធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង បុគ្គលមិនដឹងច្បាស់សេចក្តីត្រិះរិះនៃចិត្តទាំងនុ៎ះទេ ជាអ្នកមានចិត្តភ្ញាក់ផ្អើល ស្ទុះទៅស្ទុះមក កាន់អារម្មណ៍ផ្សេងៗ។ ឯអ្នកប្រាជ្ញ ដឹងច្បាស់សេចក្តីត្រិះរិះ នៃចិត្តទាំងនុ៎ះហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុត បំផ្លាញកិលេស មានស្មារតី បិទខ្ទប់វិតក្កៈទាំងឡាយ ដែលចិត្តប្រព្រឹត្តទៅតាម ហើយធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង លះបង់វិតក្កៈទាំងនុ៎ះ មិនឲ្យសេសសល់។
ចប់ សូត្រ ទី១។