km:tipitaka:sut:kn:uda:sut.kn.uda.43

(សុប្បពុទ្ធកុដ្ឋិ)សូត្រ ទី៣

សង្ខេប

មនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ក្នុងក្រុងរាជគ្រឹះ បានសម្រេចសោត ទៅកើតឯទេវលោក ព្រោះអាស្រ័យធម្មវិន័យរបស់ព្រះតថាគត។

sut kn uda 43 បាលី cs-km: sut.kn.uda.43 អដ្ឋកថា: sut.kn.uda.43_att PTS: ?

សុប្បពុទ្ធកុដ្ឋិសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. សុប្បពុទ្ធកុដ្ឋិសុត្តំ)

[១១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង មនុស្សឃ្លង់ម្នាក់ ជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ឈ្មោះសុប្បពុទ្ធ នៅក្នុងក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទច្រើន គាល់ជុំវិញ កំពុងសំដែងធម៌។ សុប្បពុទ្ធកុដ្ឋិ បានឃើញអំពីចម្ងាយ នូវពួកមហាជនប្រជុំគ្នា លុះឃើញហើយ គាត់មានសេចក្តីត្រិះរិះថា គេនឹងចែកខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះ ដោយឥតសង្ស័យ បើដូច្នោះ អញនឹងចូលទៅរកពួកមហាជន ដោយគិតថា ធ្វើម្តេចទៅហ្ន៎ អញនឹងបានខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនុ៎ះ។ លំដាប់នោះ សុប្បពុទ្ធកុដ្ឋិ ចូលសំដៅទៅរកពួកមហាជន សុប្បពុទ្ធកុដ្ឋិ បានឃើញព្រះមានព្រះភាគ ដែលបរិស័ទជាច្រើន គាល់ជុំវិញ កំពុងគង់សំដែងធម៌ លុះឃើញហើយ គាត់ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ គេមិនចែកខាទនីឃៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះទេ ព្រះសមណៈគោតមនេះ ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ បើដូច្នោះ គួរតែអាត្មាអញស្តាប់ធម៌ដែរ គាត់ក៏អង្គុយក្នុងទីសមគួរក្នុងទីនោះ គិតថា អាត្មាអញ នឹងស្តាប់ធម៌ដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យ កំណត់ចិត្តបរិស័ទទាំងអស់ ដោយព្រះហឫទ័យថា នរណាហ្ន៎ គួរត្រាស់ដឹងធម៌ក្នុងទីនេះបាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសុប្បពុទ្ធកុដ្ឋិ ដែលអង្គុយក្នុងបរិស័ទនោះ លុះទ្រង់ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះថា សុប្បពុទ្ធកុដ្ឋិនេះឯង គួរដើម្បីដឹងធម៌បានក្នុងទីនេះ ទើបទ្រង់សំដែងអនុបុព្វីកថា ប្រារព្ធសុប្បពុទ្ធកុដ្ឋិ គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសដ៏លាមកសៅហ្មងនៃកាមគុណ និងអានិសង្សក្នុងការចេញបួស។ ព្រះមានព្រះភាគ បានជ្រាបថា សុប្បពុទ្ធកុដ្ឋិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លាក្នុងកាលណាហើយ ទ្រង់ប្រកាសធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងព្រះអង្គឯង គឺសំដែងទុក្ខសមុទយ និរោធ និងមគ្គ ក្នុងកាលនោះ។ ធម្មចក្ខុ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់សុប្បពុទ្ធកុដ្ឋិ ក្នុងទីអង្គុយនោះថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតាដូច្នេះ ដូចសំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ យ៉ាងដូច្នោះឯង។

[១១៣] គ្រានោះ សុប្បពុទ្ធកុដ្ឋិ ឃើញធម៌ហើយ បានធម៌ហើយ ដឹងធម៌ហើយ ចុះកាន់ធម៌ស៊ប់ហើយ ឆ្លងសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ហើយក្រោកចាកទីអង្គុយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុប្បពុទ្ធកុដ្ឋិ អង្គុយក្នុងទីសមគួរហើយ សរសើរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទេសនាដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ដូចបុរសផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា ពួកអ្នកមានភ្នែកឃើញរូបទាំងឡាយ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមព្រះមានព្រះភាគ ចាំទុកខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ។ គ្រានោះ សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រានោះ មេគោមានកូនខ្ចី មកបុះសុប្បពុទ្ធកុដ្ឋិ ដែលទើបនឹងចេញទៅមិនយូរប៉ុន្មាន ឲ្យដាច់ចាកជីវិត។ គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា (ឥឡូវនេះ) សុប្បពុទ្ធកុដ្ឋិនោះស្លាប់ហើយ គតិរបស់គាត់ តើដូចម្តេច បរលោករបស់គាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាបណ្ឌិត បានដឹងធម៌សមគួរតាមធម៌ហើយ មិនបៀតបៀនតថាគត ព្រោះហេតុនៃការសំដែងធម៌ទៀតទេ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាសោតាបន្នបុគ្គល មានសណ្តាប់ឆ្នាប់មិនធ្លាក់ចុះ មានគតិទៀងទាត់ មានសម្ពោធិធម៌ប្រព្រឹត្តទៅខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនធម៌ ៣ ប្រការ។

[១១៤] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុ ១ រូប ទូលសួរព្រះមានព្រះភាគទៀតថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសុប្បពុទ្ធកុដ្ឋិ ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាប។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សុប្បពុទ្ធកុដ្ឋិ កើតជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះនេះឯង សេដ្ឋីបុត្រនោះ ចេញទៅកាន់ឧទ្យានភូមិ បានឃើញព្រះតគរសិខីបច្ចេកពុទ្ធ ដែលកំពុងត្រាច់ទៅបិណ្ឌបាតក្នុងក្រុង លុះឃើញហើយ ទើបសេដ្ឋីបុត្រនោះគិតថា សមណៈគំលង់នេះ ដើរធ្វើអ្វី ហើយស្តោះទឹកមាត់ ធ្វើដោយអាការពេបជ្រាយ ហើយចៀសចេញទៅ។ ដោយផលនៃកម្មនោះ សេដ្ឋីបុត្រនោះ ក៏ទៅឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន គឺអស់រយនៃឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំ និងសែននៃឆ្នាំជាច្រើន ដោយសំណល់នៃផលកម្មនោះ ទើបគាត់កើតមកជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ក្នុងក្រុងរាជគ្រឹះនេះឯង សុប្បពុទ្ធកុដ្ឋិនោះ បានអាស្រ័យធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ កាន់យកសទ្ធាដោយប្រពៃ កាន់យកសីលដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញាដោយប្រពៃ សុប្បពុទ្ធកុដ្ឋិនោះ លុះអាស្រ័យធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏កាន់យកសទ្ធាដោយប្រពៃ កាន់យកសីល ដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញា ដោយប្រពៃ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ ក៏រុងរឿង កន្លងលើសពួកទេវតាឯទៀត ក្នុងទីនោះ ដោយពណ៌សម្បុរផង ដោយយសបរិវារផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បណ្ឌិតគប្បីវៀរស្រឡះកម្មដ៏លាមក ក្នុងជីវលោកចេញ ដូចបុរសមានចក្ខុ វៀរស្រឡះទីមិនស្មើ ក្នុងកាលដែលដើរទៅ។

ចប់ សូត្រ ទី៣។

 

លេខយោង

km/tipitaka/sut/kn/uda/sut.kn.uda.43.txt · ពេលកែចុងក្រោយ: 2023/09/21 02:27 និពន្ឋដោយ Cheav Villa