km:tipitaka:sut:kn:uda:sut.kn.uda.44

(កុមារក)សូត្រ ទី៤

សង្ខេប

មនុស្ស​​ជា​​ច្រើន​​គិត​​ថា ព្រះ​​អរហន្ត​​មិន​​បន្ទោស​​ការ​​ប្រព្រឹត្ត​​ខុស។ សូម្បី​​តែ​​កុមារ​​ក៏​ទទួល​​បាន​​ប្រយោជន៍​​ច្រើន ​ពី​​ការ​​ដាស់​តឿន​​បែប​នេះ។

sut kn uda 44 បាលី cs-km: sut.kn.uda.44 អដ្ឋកថា: sut.kn.uda.44_att PTS: ?

កុមារកសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៤. កុមារកសុត្តំ)

[១១៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកកុមារច្រើន កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់ទតឃើញនូវពួកកុមារច្រើននាក់ទាំងនោះ កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន លុះឃើញហើយ ទើបទ្រង់ឆៀងចូលទៅរកពួកកុមារទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់សួរពួកកុមារទាំងនោះថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខឬ សេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេឬ។ ព្រះករុណា ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ខ្លាចសេចក្តីទុក្ខដែរ សេចក្តីទុក្ខ មិនជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គទាំងឡាយទេ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានេះថា

បើអ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខ បើសេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ កុំធ្វើបាបកម្ម ក្នុងទីវាល ឬក្នុងទីកំបាំងឡើយ ប្រសិនបើអ្នកទាំងឡាយនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នកទាំងឡាយ គេចរត់ទៅ ក៏មិនរួចចាកទុក្ខឡើយ។

ចប់ សូត្រ ទី៤។

 

លេខយោង

km/tipitaka/sut/kn/uda/sut.kn.uda.44.txt · ពេលកែចុងក្រោយ: 2023/09/14 17:36 និពន្ឋដោយ Johann