km:tipitaka:sut:kn:uda:sut.kn.uda.52

(សត្តជដិល)សូត្រ ទី២

សង្ខេប

ងាយ​​នឹង​​ប្រើ​​សាសនា​​ខុស ពិបាក​​ទទួល​​ស្គាល់​​ល្អ និង​​មិន​​សមរម្យ​​ក្នុង​​ការ​​ប្រកប​របរ​​ចិញ្ចឹម​​ជីវិត ឬ​​ជួញ​​ដូរ​​ធម៌។

sut kn uda 52 បាលី cs-km: sut.kn.uda.52 អដ្ឋកថា: sut.kn.uda.52_att PTS: ?

សត្តជដិលសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. សត្តជដិលសុត្តំ)

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ឰដ៏ខាងក្រៅក្លោងទ្វារ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ គង់នៅក្នុងទីសមគួរ។ សម័យនោះឯង ពួកជដិល ៧ នាក់1) ពួកនិគ្រន្ថ ៧ នាក់2) ពួកអចេល ៧ នាក់3) ពួកឯកសាដក ៧ នាក់4) ពួកបរិព្វាជក ៧ នាក់5) សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែកមានប្រការផ្សេង ៗ ដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះបាទបសេនទិកោសល ទ្រង់ទតឃើញពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែក មានប្រការផ្សេង ៗ ហើយដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ លុះទ្រង់ទតឃើញហើយ ទើបក្រោកចាកអាសនៈ ធ្វើសំពត់ឆៀងស្មាម្ខាង ហើយលុតមណ្ឌលជង្គង់ខាងស្តាំចុះ លើប្រថពី ប្រណម្យអញ្ជលី ចំពោះពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់នោះ ហើយប្រកាសនាម (របស់ព្រះអង្គ) អស់វារៈ ៣ ដងថា បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល។ គ្រានោះ កាលពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល សេ្តចគង់ក្នុងទីសមគួរហើយ ទើបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកបួសណា ជាព្រះអរហន្ត ឬបានសម្រេចអរហត្តមគ្គក្នុងលោក បណ្តាអ្នកបួសទាំងនោះ ជាព្រះអរហន្តមួយដែរឬ។

[១៣៣] បពិត្រមហារាជ ដំណើរដែលថា បុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាសប្រាក់ ដឹងបានដោយក្រណាស់។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងដោយការនៅរួមគ្នា សីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងបានដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបាន អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងបាន ដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបាន ក្នុងវេលាមានអន្តរាយ ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។

[១៣៤] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ត្រង់ដែលព្រះមានព្រះភាគ សំដែងដោយប្រពៃថា បពិត្រមហារាជ ដំណើរដែលថាបុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាស ប្រាក់ ដឹងបានដោយក្រណាស់។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងបានដោយការនៅរួមគ្នា ទាំងសីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបានក្នុងវេលាមានអន្តរាយ ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនុ៎ះ ដូចជាចោរ ដើរតត្រុក ត្រួតត្រាជនបទ ពួកបុរសទាំងនោះ មកត្រួតត្រាមុន ខ្ញុំព្រះអង្គនឹងមកត្រួតត្រាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកបុរសទាំងនោះ បណ្តែតបន្សាត់បង់ធូលី និងមន្ទិលនោះចេញ ហើយងូតទឹក លាបស្រឡាបដោយល្អ កោរសក់ និងពុកមាត់ ស្លៀកពាក់សំពត់ពណ៌ស ឆ្អែតស្កប់ស្កល់ មូលមិត្តបំរើដោយកាមគុណប្រាំ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមកទាំងពួងទេ បុគ្គលមិនគប្បីជាបុរសនៃបុគ្គលដទៃ មិនគប្បីរស់នៅព្រោះអាស្រ័យអ្នកដទៃ មិនគប្បីប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការជួញប្រែទេ។

ចប់ សូត្រ ទី២។

 

លេខយោង

1)
អ្នកបួសក្រៅពុទ្ធសាសនា ធ្វើជាតាបស។
2)
សភាពជានិគ្រន្ថ ទ្រទ្រង់សំលៀកបំពាក់ពណ៌ស។
3)
អាក្រាតឥតគ្រឿងសំលៀកបំពាក់ឡើយ។
4)
ចងកំណាត់សំពត់ត្រង់ដៃ ហើយនឹងបិទបាំង (ប៉ឹង) ខាងមុខសរីរៈ ដូចនិគ្រន្ថមានសំពត់សាដកតែមួយ។
5)
ឈ្មោះអ្នកបួសក្រៅពុទ្ធសាសនាដេរ។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.52.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann