តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » ជច្ចន្ធវគ្គ ទី៦ »
អ្នកខាងក្រៅគឺដូចជាមនុស្សខ្វាក់ភ្នែក ដែលព្យាយាមកំណត់ដំរី។ (ចំណាំ៖ «សត្វស្លាប់ទៅកើតទៀតក៏មាន…» គឺជាការបកប្រែខុសធ្ងន់ធ្ងរ ពី «ហោតិ តថាគតោ បរំ មរណា’តិ វា…» ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងច្បាស់ អំពីដំណើរកើតវិញ កាលណាសត្វស្លាប់ទៅ។ ល្អដែលដឹងថាអ្វីជាសត្វ។ សូមមើល សត្តសូត្រ)
sut kn uda 54 បាលី cs-km: sut.kn.uda.54 អដ្ឋកថា: sut.kn.uda.54_att PTS: ?
បឋមនានាតិត្ថិយសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤. បឋមនានាតិត្ថិយសុត្តំ)
[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក1) ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមាន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។
[១៣៧] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែន ធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌។ អន្យតិរ្ថិយ បរិព្វាជកទាំងនោះ កាលបើមិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។
[១៣៨] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះរាជា ១ អង្គ ក្នុងក្រុងសាវត្ថីនេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជានោះ ទ្រង់ហៅបុរសម្នាក់មកត្រាស់ បង្គាប់ថា នែបុរសដ៏ចំរើន ចូរអ្នកមកអាយ ចូរអ្នកទៅប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន ឲ្យមកជួបជុំគ្នាទាំងអស់ ក្នុងទីជាមួយគ្នា។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជា របស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន មកទាំងអស់ ហើយចូលគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព ពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថី ទាំងប៉ុន្មាន ខ្ញុំព្រះអង្គ បានឲ្យមកជួបជុំគ្នាទាំងអស់ហើយ។ ព្រះរាជាត្រាស់ថា ម្នាលនាយ បើដូច្នោះ ចូរអ្នកបង្ហាញដំរីដល់ពួកមនុស្សខ្វាក់ពីកំណើត។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជារបស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយក៏បង្ហាញដំរី ដល់មនុស្សខ្វាក់ពីកំណើតទាំងឡាយ គឺ បង្ហាញក្បាលដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញត្រចៀកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញភ្លុកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញប្រមោយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើត ទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្លួនដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញជើងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្នងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាងឡាយ ដំរីបែបនេះ។ បង្ហាញកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញរោមកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បង្ហាញដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតរួចហើយ ក៏ចូលទៅគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព មនុស្សខ្វាក់ពីកំណើតទាំងនោះ បានឃើញដំរីច្បាស់លាស់ហើយ សូមព្រះអង្គសំគាល់កាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឯព្រះរាជាអង្គនោះ ទ្រង់ចូលទៅរកមនុស្សខ្វាក់ពីកំណើតទាំងនោះ លុះចូលទៅដល់ ត្រាស់ព្រះរាជឱង្ការទៅនឹងមនុស្សខ្វាក់ពីកំណើតទាំងនោះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ បានឃើញដំរីហើយឬ។ ពួកមនុស្សខ្វាក់ពីកំណើត ឆ្លើយតបព្រះរាជឱង្ការថា ព្រះករុណាថ្លៃវិសេស។ ព្រះរាជាត្រាស់ថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ និយាយថា ដំរី យើងទាំងឡាយបានឃើញហើយ តើដំរីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញក្បាលដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចក្អម។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញស្លឹកត្រចៀកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចចង្អេរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញភ្លុកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចផាល។2) ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញប្រមោយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចយាមនង្គ័ល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្លួនដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចដោកស្រូវ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញជើងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចសសរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្នងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចត្បាល់ក្តឿង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអង្រែ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញរោមកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអម្បោស។ មនុស្សខ្វាក់ពីកំណើតទាំងនោះ ក៏ដាល់តប់គ្នានឹងគ្នាថា បែបនេះដំរី បែបនេះមិនមែនដំរីទេ បែបនេះមិនមែនដំរី បែបនេះទើបហៅថា ដំរី។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនោះ មានព្រះរាជហ្ឫទ័យត្រេកអរដោយហេតុនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌យ៉ាងនេះ កាលបើអន្យតិរ្ថិយ បរិព្វាជកទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
សមណព្រាហ្មណ៍មួយពួក រមែងជាប់ក្នុងពួកទិដ្ឋិ ដែលឥតខ្លឹមសារទាំងនេះ ពួកជនអ្នកឃើញអវៈយវៈតែមួយ ៗ ទើបទាស់ទែង ជជែកគ្នា ព្រោះអាស្រ័យនូវទិដ្ឋិនិស័្សយនោះ។
ចប់ សូត្រ ទី៤។