km:tipitaka:sut:kn:uda:sut.kn.uda.73

(តតិយនិព្វានបដិសំយុត្ត)សូត្រ ទី៣

សង្ខេប

ព្រះ​និព្វាន ឈ្មោះ​ថា​មិន​មាន​បច្ច័យ​តាក់​តែង​ទេ។

sut kn uda 73 បាលី cs-km: sut.kn.uda.73 អដ្ឋកថា: sut.kn.uda.73_att PTS: ?

តតិយនិព្វានបដិសំយុត្តសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. តតិយនិព្វានបដិសំយុត្តសុត្តំ)

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ1) មានប្រាកដ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យដែលតាក់តែង ក្នុងលោកនេះ ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា ហេតុនោះ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូបក៏ប្រាកដ នូវហេតុដែលគួរធ្វើ នូវបច្ច័យជាទីតាក់តែង ក៏រមែងប្រាកដ។

ចប់ សូត្រ ទី៣។

 

លេខយោង

1)
ព្រះនិព្វានដែលឈ្មោះថា អជាតៈ នោះ ព្រោះមិនមានសេចក្តីព្រមព្រៀង ដោយហេតុនាំឲ្យកើតទៀត។ ដែលឈ្មោះថា អភូតៈ នោះ បានដល់ការមិនប្រាកដនៃមហាភូតរូប។ ដែលឈ្មោះថា អកតៈ នោះ គឺមិនមានហេតុណាមួយ គួរធ្វើតទៅទៀតទេ។ ដែលឈ្មោះថា អសង្ខតៈ នោះ គឺប្រាសចាកបច្ច័យទាំងឡាយ មានអវិជ្ជាជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.73.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann