km:tipitaka:sut:kn:uda:sut.kn.uda.75

(ចុន្ទ)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda 75 បាលី cs-km: sut.kn.uda.75 អដ្ឋកថា: sut.kn.uda.75_att PTS: ?

ចុន្ទសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ចុន្ទសុត្តំ)

[១៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងជនបទឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវា។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងមល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង អម្ពវ័នរបស់អញ ទៀបក្រុងបាវា។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែលព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ ចុន្ទកម្មារបុត្តដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រានោះ កាលរាត្រីនោះ កន្លងហើយ ទើបចុន្ទកម្មារបុត្ត ឲ្យគេចាត់ចែងខាទនីយភោជនីយាហារ មានរសដ៏ឆ្ងាញ់ពិសា ព្រមទាំងសូករមទ្ទវៈ1) ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយសេ្តចចូលទៅកាន់លំនៅនៃចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគត ដោយសូករមទ្ទវៈ នោះចុះ ឯខាទនីយភោជនីយាហារណា ក្រៅពីនេះ ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសចំពោះភិក្ខុសង្ឃដោយខាទនីយភោជនីយាហារនោះចុះ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គាសព្រះមានព្រះភាគដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃ ដោយខាទនីយភោជនីយាហារដទៃ ដែលខ្លួនតាក់តែងហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា របស់អ្នកដែលនៅសល់ អ្នកចូរកប់សូករមទ្ទវៈនោះ ក្នុងរណ្តៅចុះ ម្នាលចុន្ទ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែលបរិភោគនូវសូករមទ្ទវៈនោះហើយ សូរកមទ្ទវៈនោះ ដល់នូវការរលួយទៅដោយល្អឡើយ វៀរលែងតែព្រះតថាគតចេញ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ស្រេចហើយ ក៏កប់សូករមទ្ទវៈ ដែលសល់នៅ ទៅក្នុងរណ្តៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ សេ្តចចៀសចេញទៅ។

[១៦៣] គ្រានោះ កាលព្រះមានព្រះភាគ ឆាន់ភត្តរបស់ចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធដ៏ខ្លាំង ក៏កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតបក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិតដល់មរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ដោយទ្រង់អត់សង្កត់វេទនានោះបាន។ វេលានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅឯនគរកុសិនារា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់ចុន្ទកម្មារបុត្តហើយ ទ្រង់មានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ។ ព្យាធិដ៏ខ្លាំងក្លា កើតដល់ព្រះសាស្តា ដែលសោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់ព្រះអាពាធ ចុះព្រះលោហិត រឿយ ៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគតនឹងទៅកាន់ក្រុងកុសិនារា។

[១៦៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ទ្រង់ចូលទៅកាន់ម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ទ្រង់ប្រើព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកក្រាលសង្ឃាដិមានជាន់ ៤ ឲ្យតថាគតដោយឆាប់ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងអង្គុយសិន។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដិមានជាន់ ៤ ថ្វាយ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទ្រង់ប្រើព្រះអានន្ទថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចំរើន កុកុដានទី ជិតនៅនេះ មានទឹកថ្លា មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ស្រួល ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះកិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចំរើន កុកុដានទី នៅជិតនេះ មានទឹកថ្លា មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយ ក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេក តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់យកបាត្រ ដើរឆ្ពោះទៅឯស្ទឹងនោះ។

[១៦៥] គ្រានោះ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនោះ កាលដែលព្រះអានន្ទដ៏មានអាយុ ចូលទៅដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមក។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ អម្បាញ់មិញ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនេះ លុះដល់អាត្មាអញ ចូលមកដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមកវិញ។ ព្រះអានន្ទ យកបាត្រទៅដងទឹក ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងនោះ កង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមក កាលបើខ្ញុំព្រះអង្គ ចូលទៅដល់ ស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរទៅវិញ។ សូមព្រះមានព្រះភាគ សោយទឹក សូមព្រះសុគត សោយទឹកចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សោយទឹកនោះឯង។

[១៦៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងសំដៅទៅឯកុកុដានទី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប លុះចូលទៅដល់ហើយ ក៏យាងចុះកាន់កុកុដានទី ទ្រង់ស្រង់ និងសោយស្រេចហើយ ទ្រង់ឡើងមក រួចយាងចូលទៅកាន់អម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងចុន្ទកៈដ៏មានអាយុថា ម្នាលចុន្ទកៈ អ្នកចូរក្រាលសង្ឃាដីមានជាន់ ៤ ឲ្យតថាគត ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ចុន្ទកភិក្ខុដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដីមានជាន់ ៤ ថ្វាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទ (ខាងឆ្វេង) ត្រួតលើព្រះបាទ (ខាងស្តាំ) ទ្រង់មានសតិសម្បជញ្ញៈធ្វើទុកក្នុងព្រះហ្ឫទ័យនូវឧដ្ឋានសញ្ញា។ ចំណែកខាងចុន្ទកៈដ៏មានអាយុ ក៏អង្គុយនៅចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ ក្នុងទីនោះដែរ។

[១៦៧] ព្រះពុទ្ធ ទ្រង់យាងចុះទៅកាន់ស្ទឹងកុកុដា ដែលមានទឹកថ្លាឈ្វេង មានទឹកត្រជាក់ រងថ្លា ព្រះតថាគត ជាសាស្តាចារ្យ មិនមានបុគ្គលប្រៀបផ្ទឹមបានក្នុងលោក ព្រះអង្គមានសេចក្តីលំបាកព្រះកាយ ទ្រង់ស្រង់ សោយស្រេចហើយ ទើបយាងឡើងមក ព្រះសាស្តា មានភិក្ខុសង្ឃជាបរិវារ គង់នៅត្រង់កណ្តាល។ ព្រះមានព្រះភាគ ជាសាស្តា ស្វែងរកគុណធំ ញ៉ាំងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ក្នុងលោកនេះ ហើយយាងមកកាន់អម្ពវ័ន។ ត្រាស់ហៅភិក្ខុ ឈ្មោះចុន្ទកៈថា អ្នកចូរក្រាលសង្ឃាដិ ៤ ជាន់ ឲ្យតថាគតចុះ តថាគតនឹងសិង។ ចុន្ទកភិក្ខុនោះ កាលបើព្រះសាស្តា ព្រះអង្គមានព្រះហ្ឫទ័យអប់រំ ទ្រង់ដាស់តឿនហើយ ក្រាលសង្ឃាដិ ៤ ជាន់ ដោយឆាប់រហ័ស។ ព្រះសាស្តា មានព្រះកាយលំបាកក្រៃលែង ទ្រង់ផ្ទំ ចំណែកចុន្ទកភិក្ខុ ក៏អង្គុយចំពោះព្រះភក្រ្ត ក្នុងទីនោះដែរ។

[១៦៨] គ្រានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ បើមានបុគ្គលណាមួយ ញ៉ាំងសេចក្តីក្តៅក្រហាយ ឲ្យកើតឡើង ដល់ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទ អ្នកឥតលាភ អ្នកបានធ្វើអំពើអាក្រក់ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាត របស់អ្នកជាទីបំផុត ហើយបរិនិព្វាន។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ នៃចុន្ទកម្មារបុត្ត យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ លាភរបស់អ្នកហើយ អ្នកបានល្អហើយ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាតរបស់អ្នកជាទីបំផុត ហើយបរិនិព្វាន។ ម្នាលអាវុសោចុន្ទៈ ពាក្យនុ៎ះ អាត្មាបានស្តាប់ចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា បិណ្ឌបាតពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត។ បិណ្ឌបាតពីរ តើដូចម្តេចខ្លះ។ គឺបិណ្ឌបាត ដែលតថាគត ទ្រង់សោយហើយ ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ១ បិណ្ឌបាត ដែលតថាគតសោយហើយ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ១ បិណ្ឌបាតទាំងពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត។ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅដើម្បីអាយុ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីពណ៌សម្បុរ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសួគ៌ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីយស កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុសន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីភាវៈជាធំ។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់ចុន្ទកម្មារបុត្តចេញយ៉ាងនេះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុណ្យ រមែងចំរើនដល់បុគ្គលអ្នកឲ្យ បុគ្គលអ្នកសង្រួម រមែងមិនសន្សំទុក នូវពៀរទេ អ្នកឈ្លាស រមែងលះបង់កម្មដ៏លាមក បុគ្គលបរិនិព្វាន ព្រោះអស់ទៅនៃរាគៈ ទោសៈ មោហៈ។

ចប់ សូត្រ ទី៥។

 

លេខយោង

1)
ពាក្យថា សូករមទ្ទវៈនេះ លោកពោលទុកក្នុងមហាអដ្ឋកថា ថា ឈ្មោះសាច់ជ្រូកដែលស្លាប់ស្រាប់ ដែលជាសាច់ជ្រូកទន់ស្និទ្ធ។ អាចារ្យមួយពួក ពោលថា ពាក្យថា សូករមទ្ទវៈនេះ មិនមែនសាច់ជ្រូកទេ គឺជាទំពាំងឫស្សី ដែលជ្រូកឈ្មុស។ អាចារ្យដោយឡែកទៀតពោលថា ផ្សិតដែលដុះត្រង់ប្រទេសដែលជ្រូកឈ្មុស។ មួយទៀត អាចារ្យដទៃ បានពោលថា ម្ហូបនេះ ជាភោជនមានរសមួយបែប មានឈ្មោះថា សូករមទ្ទវៈ ព្រោះថា នាយចុន្ទកម្មារបុត្ត បានប្រគេនសូករមទ្ទវៈនោះ ដើម្បីឲ្យព្រះសាស្តាគង់ព្រះជន្មនៅបានយូរ ព្រោះឮថា ព្រះមានព្រះភាគ នឹងបរិនិព្វានក្នុងថ្ងៃនេះ ហើយគិតថា ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគសោយសូករមទ្ទវៈនោះហើយ គប្បីគង់ព្រះជន្មនៅបានយូរអេះ។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.75.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann