km:tipitaka:sut:kn:uda:sut.kn.uda.76

(បាដលិគាមិយ)សូត្រ ទី៦

សង្ខេប

ទោស​នៃ​សីល​វិបត្តិ របស់​បុគ្គល​ទ្រុស្ត​សីល ៥ យ៉ាង និងអានិសង្ស នៃ​សីល​សម្បទា របស់​បុគ្គល​មាន​សីល ៥ យ៉ាង។ ហើយ​​កុំ​​គិត​​ថា​​ការ​​លះ​បង់​​ចំពោះ​​ទេវៈ​ គឺ​គ្មាន​​ប្រយោជន៍​​អី! ព្រះពុទ្ធ​​ទ្រង់​​ក៏​​បង្រៀន​​អំពី​​ប្រយោជន៍​​នៃ​​ការ​​បូជា ​ចំពោះ​​ទេវៈ និង​​ព្រហ្ម។

sut kn uda 76 បាលី cs-km: sut.kn.uda.76 អដ្ឋកថា: sut.kn.uda.76_att PTS: ?

បាដលិគាមិយសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ឱកាស​​នេះ​​ក៏​​លេច​​ឡើង​​ក្នុង ​មហាបរិនិព្វាន​សូត្រ ​ដែរ ។

អានដោយ ឧបាសិកា វិឡា

sut.kn.uda.76.jpg

(៦. បាដលិគាមិយសុត្តំ)

[១៦៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប បានទៅដល់បាដលិគ្រាម។ ពួកឧបាសកឧបាសិកាអ្នកបាដលិគ្រាមបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ឥឡូវនេះ យាងមកដល់បាដលិគ្រាមហើយ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលរោងសំណាក់ នៃពួកខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកឧបាសក ឧបាសិកាអ្នកបាដលិគ្រាមដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯរោងសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលកម្រាលពេញក្នុងរោងសំណាក់ តាក់តែងអាសនៈ ដម្កល់ភាជន៍ទឹក លើកឡើងនូវប្រទីបប្រេង ហើយចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន រោងសំណាក់នៃពួកខ្ញុំព្រះអង្គ បានក្រាលកម្រាលពេញហើយ អាសនៈបានតាក់តែងហើយ ភាជន៍ទឹក បានដម្កល់ទុកហើយ ទាំងប្រទីបប្រេង ក៏បានលើកឡើងហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំគាល់កាលគួរ ក្នុងកាលឥឡូវនេះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ជាមួយភិក្ខុសង្ឃ យាងទៅកាន់រោងសំណាក់ លុះចូលទៅដល់ហើយ ក៏លាងព្រះបាទា រួចចូលទៅកាន់រោងសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិសខាងកើត ផ្អែកនឹងសសរកណ្តាល។ ចំណែកខាងភិក្ខុសង្ឃ លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងកើត ផ្អែកនឹងជញ្ជាំងខាងក្រោយ មានព្រះមានព្រះភាគពីខាងមុខ។ ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងលិច ផ្អែកនឹងជញ្ជាំងខាងមុខ មានព្រះមានព្រះភាគ ពីខាងមុខដែរ។

[១៧០] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាមមកថា ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាង។ ទោស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតីទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងដល់នូវសេចក្តីវិនាសភោគៈច្រើន ព្រោះមានសេចក្តីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី១។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏អាក្រក់ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីលផ្សាយទៅ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី២។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណា ៗ ទោះខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៣។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងធ្វើមរណកាលទាំងវង្វេង នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៤។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៥។ ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលអ្នកមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតីទាំងឡាយ ក្នុងលោកនេះ បុគ្គលមានសីល បរិបូណ៌ដោយសីល តែងបានគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី១។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងខ្ចរខ្ចាយទៅ នេះជាអានិសង្ស នៃសីលសម្បទារបស់បុគ្គលមានសីល ទី២។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណា ៗ ទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៣។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនធ្វើមរណកាលទាំងវង្វេង នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៤។ ម្នាលគហបតីទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល ទី៥។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។

[១៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ញ៉ាំងពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីច្រើន ហើយទ្រង់បញ្ជូនថា ម្នាលគហបតីទាំងឡាយ រាត្រីភ្លឺហើយ អ្នកទាំងឡាយ ចូរសំគាល់កាលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏យាងចូលទៅកាន់សុញ្ញាគារស្ថាន។

[១៧២] សម័យនោះឯង មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី នៅក្នុងដែនវជ្ជី។ សម័យនោះឯង ពួកទេវតាជាច្រើនទាំងពាន់ កំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ រមែងឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ព្រះមានព្រះភាគ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានទ្រង់ឃើញពួកទេវតាទាំងពាន់នោះ ដែលកំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រីនោះហើយ ត្រាស់សួរព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ នរណាហ្ន៎ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម។ បពិត្រព្រះអង្គដ៏ចំរើន មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី។ ម្នាលអានន្ទ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ហាក់ដូចជាបានប្រឹក្សាគ្នា ជាមួយនឹងពួកទេវតា ក្នុងឋានតាវត្តឹង្ស យ៉ាងណាមិញ។ ម្នាលអានន្ទ មហាមាត្យ ក្នុងដែនមគធៈឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អម្បាញ់មិញនេះ តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានឃើញពួកទេវតាជាច្រើនទាំងពាន់ កំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គល ដែលមានទាំងប៉ុន្មាន ផ្លូវជំនួញ ដែលមានទាំងប៉ុន្មាន ក្រុងបាដលិបុត្តនេះ ជានគរដ៏ប្រសើរ និងជាកន្លែងធ្លាយបង្វេចទ្រព្យ។1) ម្នាលអានន្ទ ក្រុងបាដលិបុត្ត មុខជានឹងមានសេចក្តីអន្តរាយ ៣ យ៉ាង គឺអន្តរាយអំពីភ្លើង ១ អំពីទឹក ១ អំពីការបែកចាកគ្នានឹងគ្នា ១។

[១៧៣] គ្រានោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបឋិតនៅក្នុងទីសមគួរ។ លុះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំព្រះអង្គទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន ហើយក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះ ជាកាលគួរ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅក្នុងលំនៅរបស់មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ជាមួយនឹងភិក្ខុសង្ឃ លុះយាងចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ឲ្យឆ្អែតស្កប់ស្កល់ដោយដៃខ្លួនឯង លុះត្រាតែហាមឃាត់។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រ ក៏កាន់យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីសមគួរ។ កាលដែលមហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថានេះថា

មនុស្សជាបណ្ឌិតជាត សម្រេចការនៅក្នុងប្រទេសណា រមែងញ៉ាំងពួកបុគ្គល អ្នកមានសីលសង្រួម ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងប្រទេសនោះ ហើយបានឧទ្ទិសផលទក្ខិណាទាន ចំពោះពួកទេវតាដែលនៅក្នុងប្រទេសនោះ ទេវតាទាំងនោះ ដែលបណ្ឌិតនោះបូជាហើយ រមែងបូជាគេវិញ ដែលរាប់អានហើយ រមែងរាប់អានគេវិញ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចមាតាអនុគ្រោះបុត្ត ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ តែងឃើញសេចក្តីចំរើនសព្វកាល។

[១៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយគាថាទាំងនេះ ចំពោះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈរួចហើយ ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ សម័យនោះឯង មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមក្រោយ ៗ នៃព្រះមានព្រះភាគ ហើយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថា គោតមទ្វារ។ ព្រះអង្គនឹងឆ្លងទន្លេគង្គាតាមកំពង់ណា កំពង់នោះនឹងបានឈ្មោះថា គោតមតិត្ថៈ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចេញទៅតាមទ្វារណា ទ្វារនោះ បានឈ្មោះថា គោតមទ្វារ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅកាន់ទន្លេគង្គា។ សម័យនោះឯង ទន្លេគង្គាមានទឹកពេញព្រៀបស្មើនឹងមាត់ច្រាំង ល្មមក្អែកឱនផឹកបាន។ ពួកមនុស្សខ្លះ ស្វែងរកទូក ស្វែងរកផែ ខ្លះចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បាត់ព្រះអង្គ អំពីត្រើយខាងអាយនៃទន្លេគង្គា ទៅប្រាកដនៅត្រើយខាងនាយ ជាមួយនឹងភិក្ខុសង្ឃ ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង។ ព្រះមានព្រះភាគ បានឃើញពួកមនុស្សទាំងនោះ ខ្លះកំពុងស្វែងរកទូក ខ្លះកំពុងស្វែងរកផែ ខ្លះកំពុងចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកជនណា ឆ្លងទន្លេដ៏ជ្រៅទូលាយបាន ពួកជននោះឯង លុះតែធ្វើស្ពានរំលងទំនាបទាំងឡាយ សេចក្តីពិតថា ជនធម្មតា តែងចងក្បូន ទើបឆ្លងទៅបាន ចំណែកជនជាអ្នកប្រាជ្ញទាំងឡាយ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។

ចប់ សូត្រ ទី៦។

 

លេខយោង

1)
នគរបាដលិបុត្តនេះ ជាកន្លែងសម្រាប់ស្រាយបង្វេចទ្រព្យ របស់បុគ្គលអ្នកមានទ្រព្យ គឺជានគរសម្បូណ៌ហូរហៀរ ដោយទ្រព្យសម្បត្តិ។
km/tipitaka/sut/kn/uda/sut.kn.uda.76.txt · ពេលកែចុងក្រោយ: 2024/02/24 16:56 និពន្ឋដោយ Johann