User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.v1

ពោធិវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v1 បាលី cs-km: sut.kn.uda.v1 អដ្ឋកថា: sut.kn.uda.v1_att PTS: ?

ពោធិវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. ពោធិវគ្គោ)

(បឋមពោធិ)សូត្រ ទី១

(១. បឋមពោធិសុត្តំ)

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។

សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ (៧ថ្ងៃ)។ លុះអំណើះសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ទ្រង់រំពឹងក្នុងព្រះហ្ឫទ័យចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម គឺពិចារណាបណ្តោយ អស់រាត្រីបឋមយាម ដោយប្រពៃថា កាលបើបច្ច័យ1) នេះមាន ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះការកើតឡើងនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមាន ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នោះ រមែងមានយ៉ាងនេះឯង។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះដឹងច្បាស់នូវធម៌ ព្រមទាំងហេតុ។

ចប់ សូត្រ ទី១។

(ទុតិយពោធិ)សូត្រ ទី២

(២. ទុតិយពោធិសុត្តំ)

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណើះសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាបដិលោម គឺពិចារណាច្រាសឡើងអស់មជ្ឈិមយាមនៃរាត្រី ដោយប្រពៃថា កាលបើបច្ច័យនេះមិនមាន ផលនេះ ក៏មិនមាន ផលនេះ រមែងរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈរលត់ទៅព្រម ព្រោះរលត់ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់កិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះបានដឹងច្បាស់ នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យទាំងឡាយ។

ចប់ សូត្រ ទី២។

(តតិយពោធិ)សូត្រ ទី៣

(៣. តតិយពោធិសុត្តំ)

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណើះ សប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម និងបដិលោម អស់រាត្រីបច្ឆិមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះ រមែងកើតឡើង ព្រោះកើតឡើងនៃបច្ច័យនេះ កាលបើបច្ច័យនេះ មិនមាន ផលនេះក៏មិនមាន ផលនេះរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ មានរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមានព្រម ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតមាន។

ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង។ ការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជាឥតមានសេសសល់ ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈរលត់ព្រម ព្រោះរលត់ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ទៅ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង។

លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧបាទាននេះ ក្នុងវេលានោះថា

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឲ្យរុងរឿង ដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅ ដូច្នោះឯង។

ចប់ សូត្រ ទី៣។

(ហុំហុង្ក)សូត្រ ទី៤

(៤. ហុំហុង្កសុត្តំ)

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍។ លុះកន្លងសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ។ គ្រានោះ ព្រាហ្មណ៍ម្នាក់ ជាហុំហុំកជាតិកៈ (មានជាតិជាអ្នកធ្វើសំឡេងគម្រាមថាហុំហុំ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន បុគ្គលដែលហៅថាព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌អ្វីខ្លះ សម្រាប់ធ្វើបុគ្គលឲ្យជាព្រាហ្មណ៍។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ហានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា

ព្រាហ្មណ៍ណា មានបាបធម៌បណ្តែតចោលហើយ មានសំឡេងគម្រាមថា ហុំហុំ លះចោលហើយ មានទឹកចត់ គឺរាគាទិក្កិលេស លះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ គឺមគ្គញ្ញាណទាំង ៤ មានមគ្គព្រហ្មចរិយធម៌អប់រំហើយ មួយទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេស ក្នុងអារម្មណ៍បន្តិចបន្តួច ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ ទើបគួរនឹងហៅខ្លួនថាជាព្រាហ្មណ៍ ដោយធម៌បាន។

ចប់ សូត្រ ទី៤។

(ព្រាហ្មណ)សូត្រ ទី៥

(៥. ព្រាហ្មណសុត្តំ)

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង ព្រះមហាកស្សបដ៏មានអាយុផង ព្រះមហាកច្ចានៈដ៏មានអាយុផង ព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ព្រះមហាកប្បិនៈដ៏មានអាយុផង ព្រះមហាចុន្ទៈដ៏មានអាយុផង ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះរេវតៈដ៏មានអាយុផង ព្រះនន្ទៈដ៏មានអាយុផង ចូលទៅគាល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏បានទតឃើញពួកលោកដ៏មានអាយុអម្បាលនោះ ដែលកំពុងដើរមកអំពីឆ្ងាយ លុះឃើញហើយ បានត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក។

កាលបើព្រះមានព្រះភាគ សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប មានជាតិជាព្រាហ្មណ៍ បានទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌ដូចម្តេចខ្លះ ដែលធ្វើបុគ្គលឲ្យជាព្រាហ្មណ៍។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ហានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា

បុគ្គលណា បានបណ្តែតចោលនូវធម៌ដ៏លាមក មានស្មារតីប្រព្រឹត្តទៅគ្រប់កាល ជាអ្នកអស់សញ្ញោជនៈ (ត្រាស់ដឹងនូវសច្ចធម៌) បុគ្គលនោះឯង ឈ្មោះថា ព្រាហ្មណ៍ក្នុងលោក។

ចប់ សូត្រ ទី៥។

(មហាកស្សប)សូត្រ ទី៦

(៦. មហាកស្សបសុត្តំ)

[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបដ្ឋាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា ជាអ្នកមានអាពាធ ប្រកបដោយទុក្ខឈឺធ្ងន់។ លុះក្នុងសម័យខាងក្រោយមក ព្រះមហាកស្សបដ៏មានអាយុ សះស្បើយចាកអាពាធនោះ។ លុះព្រះមហាកស្សបសះស្បើយចាកអាពាធនោះហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ ប្រឹងខ្មីឃ្មាត បម្រុងឲ្យព្រះមហាកស្សបដ៏មានអាយុ បានបិណ្ឌបាត។ លំដាប់នោះ ព្រះមហាកស្សបៈដ៏មានអាយុ បានហាមឃាត់ពួកទេវតាទាំង ៥០០ នោះ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រកផ្លូវរបស់មនុស្សកំសត់ មនុស្សកំព្រា និងជាងតម្បាញ ក្នុងបុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានឃើញព្រះមហាកស្សបដ៏មានអាយុ កំពុងដើរបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រករបស់មនុស្សកំសត់ មនុស្សកំព្រា និងជាងតម្បាញ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា

បុគ្គល ដែលជាអ្នកមិនចិញ្ចឹមអ្នកដទៃ អ្នកដឹងជាក់ច្បាស់ អ្នកទូន្មានខ្លួន តាំងនៅក្នុងធម៌មានខ្លឹម អ្នកអស់អាសវៈ អ្នកមានទោសៈខ្ជាក់ចោល តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

ចប់ សូត្រ ទី៦។

(អជកលាបក)សូត្រ ទី៧

(៧. អជកលាបកសុត្តំ)

[៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអជកលាបកចេតិយ ជាលំនៅនៃអជកលាបកយក្ស ជិតក្រុងបាវា។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាល នៅវេលារាត្រីងងឹតអ័ព្ទ ទាំងភ្លៀងក៏កំពុងរលឹមស្រឹប ៗ។ លំដាប់នោះ អជកលាបកយក្ស មានបំណងនឹងធ្វើព្រះមានព្រះភាគឲ្យខ្លាចតក់ស្លុតព្រឺព្រះលោមា បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏មានសំដីគំហកបន្លាច ធ្វើសំឡេងសន្ធាប់ខ្លាំង ៗ អស់វារៈ ៣ ដង ជិតព្រះមានព្រះភាគថា នែព្រះសមណៈ នុ៎ះន៏ បិសាច (ឈរខាងមុខ) ចំពោះលោកហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា

កាលណា បុគ្គលណាដល់ត្រើយក្នុងសកធម៌2) ទាំងឡាយ ក្នុងកាលនោះ បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ រមែងគ្របសង្កត់នូវបិសាចផង នូវសំឡេងសន្ធាប់ផងយ៉ាងនេះ ក្នុងកាលនោះ។

ចប់ សូត្រ ទី៧។

(សង្គាមជិ)សូត្រ ទី៨

(៨. សង្គាមជិសុត្តំ)

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ បានទៅនគរសាវត្ថី ដើម្បីជួបព្រះមានព្រះភាគ។ ឯបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានឮដំណឹងថា អើឮថា ព្រះសង្គាមជិ មកដល់នគរសាវត្ថីហើយ។ នាងនោះ បាននាំទារកទៅឯវត្តព្រះជេតពន។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ កំពុងអង្គុយនៅក្នុងវេលាថ្ងៃ ក្បែរគល់ឈើមួយដើម។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានចូលទៅរកព្រះសង្គាមជិដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសង្គាមជិដ៏មានអាយុថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង។ និមិត្តតែបុរាណទុតិយិកានោះ ពោលយ៉ាងនេះហើយ ព្រះសង្គាមជិដ៏មានអាយុនៅស្ងៀម។ បុរាណទុតិយិកា របស់ព្រះសង្កាមជិដ៏មានអាយុ បានពោលនឹងព្រះសង្គាមជិដ៏មានអាយុ ជាគំរប់ពីរដងផង យ៉ាងនេះទៀតថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង។ ព្រះសង្គាមជិដ៏មានអាយុ នៅស្ងៀមអស់វារៈពីរដង។ បុរាណទុតិយិការបស់សង្គាមជិដ៏មានអាយុ ក៏ទទូចនិយាយនឹងព្រះសង្គាមជិដ៏មានអាយុ ជាគំរប់បីដងថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង។ ព្រះសង្គាមជិដ៏មានអាយុ ក៏នៅស្ងៀមអស់វារៈបីដង។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានយកទារកតូចនោះទៅដាក់អំពីមុខព្រះសង្គាមជិដ៏មានអាយុ រួចនិយាយថា បពិត្រសមណៈ នេះជាកូនប្រុសរបស់លោកលោកចិញ្ចឹមវាផងចុះ រួចហើយក៏ដើរចេញទៅ។ ឯព្រះសង្គាមជិដ៏មានអាយុ មិនរមិលមើល មិនហៅរកនូវកូនតូចនោះសោះ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ កាលដើរចេញទៅមិនឆ្ងាយប៉ុន្មាន ក៏ងាកមើលមកឃើញព្រះសង្គាមជិដ៏មានអាយុ ដែលមិនរមិលមើល មិនហៅរកកូនតូចនោះសោះ ស្ត្រីនោះលុះឃើញហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនត្រូវការដោយកូនប្រុសទេតើ។ បុរាណទុតិយិកានោះ ក៏ត្រឡប់អំពីទីនោះ មកយកកូនតូចនោះវិញ ដើរចេញទៅ។ ព្រះមានព្រះភាគ បានទតឃើញនូវអាការដ៏ប្លែក បែបយ៉ាងនេះ នៃបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា។

លុះព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ភិក្ខុណា មិនត្រេកត្រអាលនឹងស្ត្រីដែលមករក មិនស្តាយស្ត្រីដែលគេចចេញទៅ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ដូចជាភិក្ខុឈ្មោះសង្គាមជិ ដែលរួចស្រឡះហើយ ចាកគ្រឿងជាប់ គឺកិលេស។

ចប់ សូត្រ ទី៨។

(ជដិល)សូត្រ ទី៩

(៩. ជដិលសុត្តំ)

[៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគយាសីសៈប្រទេស ទៀបទន្លេគយា។ សម័យនោះឯង ពួកជដិលច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ3) ក្នុងវេលារាត្រីដ៏ត្រជាក់ នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។ ព្រះមានព្រះភាគ ក៏បានឃើញពួកជដិលជាច្រើនទាំងនោះ ដែលកំពុងងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា

បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផងច្រើនគ្នារមែងងូតទឹកនុ៎ះដែរ សច្ចៈ4) ១ ធម្មៈ5) ១ (មាននៅ) ក្នុងបុគ្គលណា បុគ្គលនោះទើបឈ្មោះថា ជាអ្នកស្អាតផង ឈ្មោះថាជាព្រាហ្មណ៍ផង។

ចប់ សូត្រ ទី៩។

(ពាហិយ)សូត្រ ទី១០

(១០. ពាហិយសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពាហិយទារុចីរិយបុរស (អ្នកស្លៀកដណ្តប់សំពត់សម្បកឈើ ឈ្មោះពាហិយៈ) អាស្រ័យនៅទៀបឆ្នេរសមុទ្រ ឈ្មោះសុប្បារកៈ ជាអ្នកដែលគេធ្វើសក្ការៈ គោរពរាប់អាន បូជាកោតក្រែង បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគលានប្បច្ចយភេសជ្ជបរិក្ខារ។ កាលពាហិយទារុចីរិយបុរស ពួនសម្ងំក្នុងទីស្ងាត់ ស្រាប់តែមានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្តយ៉ាងនេះថា ពួកជនណាមួយក្នុងលោក ជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គ បណ្តាអរហន្តទាំងនេះ ខ្លួនអញជាអរហន្តមួយដែរ។ លំដាប់នោះ ទេវតាដែលជាសាលោហិតអំពីដើម របស់ពាហិយទារុចីរិយបុរស ជាអ្នកអនុគ្រោះប្រាថ្នាប្រយោជន៍ បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត ដោយចិត្តរបស់ពាហិយទារុចីរិយបុរស បានចូលទៅរកពាហិយទារុចីរិយបុរស លុះចូលទៅដល់ហើយ ក៏និយាយនឹងពាហិយទារុចីរិយបុរសយ៉ាងនេះថា នែពាហិយៈ អ្នកមិនមែនជាព្រះអរហន្តទេ ទាំងមិនទាន់សម្រេចអរហត្តទេ ខ្លួនអ្នកមិនមានបដិបទា ដែលនាំឲ្យបានជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គទេ។ ពាហិយទារុចីរិយៈ សួរថា បើដូច្នោះ ក្នុងកាលឥឡូវនេះ ក្នុងលោក ព្រមទាំងទេវលោក តើជនណា ជាអរហន្ត ឬបានសម្រេចអរហត្តមគ្គ មានដែរឬ។ ទេវតាឆ្លើយថា ម្នាលពាហិយៈ មាន ខាងជនបទឯជើង មានក្រុងមួយឈ្មោះសាវត្ថី ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅក្នុងក្រុងសាវត្ថីនោះ។ ម្នាលពាហិយៈ ព្រះមានព្រះភាគអង្គនោះឯង ជាព្រះអរហន្តផង ទ្រង់សំដែងធម៌ ដើម្បីអរហត្តផង។ លំដាប់នោះ ពាហិយទារុចីរិយបុរស ដែលទេវតានោះធ្វើឲ្យតក់ស្លុត ក៏ស្រាប់តែគេចចេញអំពីឆ្នេរសមុទ្រឈ្មោះ សុប្បារកៈក្នុងខណៈនោះភ្លាម ដោយការនៅតែក្នុងផ្លូវទាំងពួងអស់ ១ យប់ ក៏បានទៅដល់ព្រះមានព្រះភាគ ដែលកំពុងគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៤៨] សម័យនោះ គាប់ចួនភិក្ខុច្រើនរូប កំពុងដើរចង្ក្រមក្នុងទីវាល។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏ឆៀងចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ហើយ ក៏បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រលោកដ៏ចំរើនទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ គង់នៅទីណា យើងមានបំណងនឹងចូលទៅ ដើម្បីចួបព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ពួកភិក្ខុតបថា ម្នាលពាហិយៈ ព្រះមានព្រះភាគ ចូលកាន់ចន្លោះភូមិ ដើម្បីបិណ្ឌបាតទៅហើយ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏មានដំណើរម្នីម្នា ចេញពីវត្តជេតពន ចូលទៅនគរសាវត្ថី បានឃើញព្រះមានព្រះភាគ កំពុងនិមន្តបិណ្ឌបាត ក្នុងក្រុងសាវត្ថី ជាទីនាំមកនូវសេចក្តីជ្រះថ្លា គួរជ្រះថ្លា មានឥន្ទ្រិយស្ងប់ មានព្រះទ័យស្ងប់ ទ្រង់បានដល់នូវការហាត់ពត់ និងការស្ងប់រម្ងាប់ដ៏ឧត្តម ទ្រង់បានទូន្មាន គ្រប់គ្រង សង្រួមឥន្ទ្រិយ ជាពុទ្ធនាគ គឺជាព្រះពុទ្ធដ៏ប្រសើរ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ មានសិរ្សឱនចុះទៀបព្រះបាទ នៃព្រះមានព្រះភាគ ហើយអារាធនាព្រះមានព្រះភាគនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគត សំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឲ្យទាន។

[៤៩] កាលពាហិយទារុចីរិយបុរស អារាធនាយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពាហិយទារុចីរិយបុរសដូច្នេះថា ម្នាលពាហិយៈ ឈប់សិន កាលនេះ ជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិបិណ្ឌបាត។ ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ ជាគំរប់ពីរដងយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដំណើរប្រព្រឹត្តទៅនៃជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយ របស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ បានត្រាស់នឹងទារុចីរិយបុរស អស់វារៈពីរដង យ៉ាងនេះថា ម្នាលពាហិយៈ ឈប់សិន កាលនេះ ជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិ បិណ្ឌបាតសិន។ ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ អស់វារៈ ៣ ដង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដំណើរប្រព្រឹត្តទៅនៃជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយ របស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីវែង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា រូបារម្មណ៍ ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ដែលឃើញហើយ សទ្ទារម្មណ៍ ដែលអ្នកឮហើយ គ្រាន់តែជាសទ្ទារម្មណ៍ដែលឮហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែលប៉ះពាល់ហើយ គ្រាន់តែជាអារម្មណ៍ ដែលប៉ះពាល់ហើយ ធម្មារម្មណ៍ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ ដែលដឹងហើយ ម្នាលពាហិយៈ អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលពាហិយៈ រូបារម្មណ៍ ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ ដែលឃើញហើយ សទ្ទារម្មណ៍ ដែលអ្នកឮហើយ គ្រាន់តែជាសទ្ទារម្មណ៍ដែលឮហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែលអ្នកប៉ះពាល់ហើយ គ្រាន់តែជាអារម្មណ៍ដែលប៉ះពាល់ហើយ ធម្មារម្មណ៍ ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ ដែលដឹងហើយ ព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងលែងមាន ម្នាលពាហិយៈ អ្នកនឹងលែងមាន ព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងមិនមានក្នុងភពនេះ និងភពមុខ និងមិនមានក្នុងចន្លោះ នៃលោកទាំងពីរ នេះឯងជាទីបំផុតនៃទុក្ខ។ គ្រានោះ ចិត្តនៃពាហិយទារុចីរិយបុរស ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន ក្នុងខណៈនោះឯង ដោយធម្មទេសនាសង្ខេប របស់ព្រះមានព្រះភាគនេះ។ លុះព្រះមានព្រះភាគ ទ្រង់ទូន្មាន ពាហិយទារុចីរិយបុរស ដោយឱវាទសង្ខេបនេះហើយ ស្តេចចៀសចេញទៅ។

[៥០] កាលដែលព្រះមានព្រះភាគ ស្តេចចេញផុតទៅមិនយូរប៉ុន្មាន មេគោមានកូនខ្ចី បុះផ្តួលពាហិយទារុចីរិយបុរស ឲ្យដាច់ចាកជីវិតទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី រួចត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ចេញអំពីនគរជាមួយភិក្ខុច្រើនរូប បានទតឃើញពាហិយទារុចីរិយបុរសធ្វើមរណភាព លុះទតឃើញហើយ ទើបត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកសរីរៈពាហិយទារុចីរិយបុរស លើកដាក់លើគ្រែនាំទៅដុតផង ធ្វើស្តូបដល់សរីរៈនោះផង ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) សព្រហ្មចារីរបស់អ្នកទាំងឡាយ ធ្វើមរណភាពហើយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយលើកសរីរៈពាហិយទារុចីរិយបុរស ដាក់លើគ្រែតូច នាំទៅរំលាយ ទាំងធ្វើស្តូបដល់សរីរៈនោះ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សរីរៈពាហិយទារុចីរិយបុរស រំលាយហើយ ទាំងស្តូបសម្រាប់បញ្ចុះសរីរៈនោះ ក៏ធ្វើហើយ គតិរបស់គាត់ តើដូចម្តេច ដំណើរក្នុងលោកខាងមុខ តើដូចម្តេច។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស ជាបណ្ឌិត បានប្រតិបត្តិធម៌គួរដល់ព្រះនិព្វានហើយ មិនបៀតបៀនតថាគត ព្រោះហេតុសំដែងធម៌ទេ ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស បរិនិព្វានហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ទឹក ដី ភ្លើង ខ្យល់ រមែងមិនតាំងនៅក្នុងនិព្វានធាតុណា ពួកផ្កាយមាននាមថា សុក្កៈ (មានពន្លឺ) រមែងមិនភ្លឺ ទាំងព្រះអាទិ្យក៏មិនរុងរឿង ក្នុងនិព្វានធាតុនោះ ព្រះចន្ទ ក៏មិនមានពន្លឺក្នុងនិព្វានធាតុនោះ ទាំងងងឹតក៏មិនមាន ក្នុងនិព្វានធាតុនោះទេ។ ព្រាហ្មណ៍មាននាមថាមុនី ព្រោះមោនប្បដិបត្តិ ដឹងច្បាស់នូវព្រះនិព្វាន ដោយខ្លួនឯង ក្នុងកាលណា រមែងរួចចាករូបផង អរូបផង សុខទុក្ខផង ក្នុងកាលនោះ។

ចប់ សូត្រ ទី១០។

ចប់ ពោធិវគ្គ ទី១។

ឧទ្ទាននៃពោធិវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគ គង់ក្រោមពោធិព្រឹក្ស ៣ លើក ព្រះមានព្រះភាគ គង់ក្រោមដើមអជបាលនិគ្រោធ ១ ព្រះថេរៈច្រើនអង្គ ១ ព្រះមហាកស្សប ១ ព្រះមានព្រះភាគគង់នៅជិតក្រុងបាវា ១ ព្រះសង្គាមជិត្ថេរ ១ ពួកជដិល ១ ពាហិយទារុចីរិយបុរស ១ រួមទាំងអស់ជា ១០ រឿង។

 

លេខយោង

1)
ពាក្យថា បច្ច័យជាពាក្យផ្លាស់ប្តូរគ្នានឹងពាក្យថា ហេតុ។
2)
កុសលធម៌ជាច្រើនយ៉ាង មានសីល សមាធិ បញ្ញាជាដើម ដែលហុចប្រយោជន៍ដល់អ្នកប្រតិបត្តិ ហៅថា សកធម៌ (ធម៌របស់ខ្លួន)។ អកុសលធម៌ មានរាគៈ ទោសៈ មោហៈ ជាដើម ដែលធ្វើប្រយោជន៍ឲ្យវិនាស ហៅថា បរធម៌ (ធម៌ដទៃ)។ អដ្ឋកថា។
3)
គឺថ្ងៃជាខាងចុងខែមាឃ ៤ថ្ងៃ ខាងដើមខែផគ្គុណ ៤ថ្ងៃ រួមជា ៨ថ្ងៃ។
4)
បានដល់វចីសច្ចៈ និងវិរតិសច្ចៈ ឬថាញាណសច្ចៈ និងបរមត្ថសច្ចៈ។
5)
បានដល់អរិយមគ្គធម៌ និងអរិយផលធម៌។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.v1.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann