User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.v3

នន្ទវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v3 បាលី cs-km: sut.kn.uda.v3 អដ្ឋកថា: sut.kn.uda.v3_att PTS: ?

នន្ទវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. នន្ទវគ្គោ)

(កម្មវិបាកជ)សូត្រ ទី១

(១. កម្មវិបាកជសុត្តំ)

[៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុមួយរូប អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះអង្គ តាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុអ្នកលះបង់កម្មទាំងពួង កំចាត់បង់ធូលី គឺកិលេស ដែលខ្លួនធ្លាប់ធ្វើក្នុងកាលមុន មិនមានសេចក្តីប្រកាន់ថា អញឋិតនៅនឹងធឹង សេចក្តីត្រូវការដើម្បីហៅរក1) អ្នកផងឲ្យជួយ មិនមានឡើយ។

ចប់ សូត្រ ទី១។

(នន្ទ)សូត្រ ទី២

(២. នន្ទសុត្តំ)

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្រព្រះមាតុច្ឆានៃព្រះមានព្រះភាគ និយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈទេ ខ្ញុំមិនអាចនឹងទ្រទ្រង់ព្រហ្មចរិយៈបានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ និងជាបុត្រព្រះមាតុច្ឆា នៃព្រះមានព្រះភាគ បាននិយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំមិនអាចទ្រទ្រង់ព្រហ្មចរិយធម៌បានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅនន្ទភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះនន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះនន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។ ព្រះនន្ទដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះនន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនន្ទ បានឮថា អ្នកបាននិយាយប្រាប់ពួកភិក្ខុច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរ។បេ។ ខ្ញុំមុខជានឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញដូច្នេះ ពិតមែនឬ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ ពិតមែន។ ម្នាលនន្ទ ព្រោះហេតុអ្វី បានជាអ្នកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈ នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គចេញមកអំពីផ្ទះ នាងសាកិយានីជនបទកល្យាណី កំពុងតែស្អិតស្អាងសក់បានពាក់កណ្តាល បានស្រែកផ្តាំខ្ញុំព្រះអង្គដូច្នេះថា បពិត្រព្រះអយ្យបុត្ត សូមទ្រង់ត្រឡប់មកវិញឆាប់ៗ ណា៎។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ រលឹកឃើញពាក្យនោះ បានជាមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈបាន នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់ព្រះនន្ទដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់អំពីវត្តជេតពន ទៅប្រាកដឯស្ថានតាវត្តឹង្សទេវលោក ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។

[៦៨] សម័យនោះឯង ពួកស្ត្រីទេពអប្សរ ចំនួន ៥០០ រូប មានសម្បុរដូចសម្បុរជើងព្រាប បានមកគាល់បំរើព្រះឥន្ទ្រ ជាស្តេចទេវតា។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះនន្ទដ៏មានអាយុថា ម្នាលនន្ទ អ្នកឃើញពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះដែរឬ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលនន្ទ អ្នកសំគាល់ហេតុនោះដូចម្តេច នាងសាកិយានីជនបទកល្យាណី និងពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះ តើស្ត្រីណា មានរូបល្អជាង គួររមិលមើលជាង គួរជ្រះថ្លាជាង។ បពិត្រព្រះអង្គដ៏ចំរើន មេស្វា មានរោមរេច កំបុតស្លឹកត្រចៀក និងច្រមុះយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន នាងសាកិយានីជនបទកល្យាណី បើប្រៀបធៀបនឹងពួកស្ត្រីទេពអប្សរទាំង ៥០០ រូបនេះ មិនដល់នូវការរាប់ មិនបានមួយចំណិត ទាំងមិនគួរនឹងប្រៀបផ្ទឹមទេ ប្រហែលគ្នានឹង មេស្វានោះ ក៏យ៉ាងនោះដែរ កាលបើយ៉ាងនេះ ពួកស្ត្រីទេពអប្សរទាំង ៥០០ រូបនេះ មានរូបល្អជាងផង គួររមិលមើលជាងផង គួរជ្រះថ្លាជាងផង។ ម្នាលនន្ទ អ្នកចូរត្រេកអរចុះ ម្នាលនន្ទ អ្នកចូរត្រេកអរចុះ តថាគតជាអ្នកធានាឲ្យអ្នកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ធានាឲ្យខ្ញុំព្រះអង្គ បានពួកស្ត្រីទេពអប្សរ ៥០០ រូប ដែលមានសម្បុរដូចសម្បុរជើងព្រាប បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងត្រេកអរក្នុងព្រហ្មចរិយធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នន្ទភិក្ខុដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់អំពីតាវត្តឹង្សទេវលោក មកប្រាកដនាវត្តជេតពន ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃ ដែលលាដូច្នោះឯង។ ពួកភិក្ខុបានឮថា ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្តព្រះមាតុច្ឆានៃព្រះមានព្រះភាគ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះហេតុ (ចង់បាន) នូវពួកស្ត្រីទេពអប្សរ បានឮថា ព្រះមានព្រះភាគ ជាអ្នកធានា ឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប។

[៦៩] លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ព្រះនន្ទដ៏មានអាយុ តែងហៅរកព្រះនន្ទដ៏មានអាយុ ដោយពាក្យថា ព្រះនន្ទជាអ្នកស៊ីឈ្នួលផង ដោយពាក្យថា ព្រះនន្ទ គឺព្រះមានព្រះភាគជួលហើយផង បានឮថា ព្រះនន្ទដ៏មានអាយុ ជាអ្នកស៊ីឈ្នួល បានឮថា ព្រះនន្ទដ៏មានអាយុ ព្រះមានព្រះភាគជួលហើយ ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុតែពួកស្ត្រីទេពអប្សរ បានឮថា ព្រះមានព្រះភាគ ទ្រង់ធានាឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប។ លំដាប់នោះ ព្រះនន្ទដ៏មានអាយុ នឿយណាយធុញទ្រាន់ ជិនឆ្អន់នឹងពាក្យរបស់ពួកភិក្ខុជាសំឡាញ់ ដែលនិយាយថា លោកជាអ្នកស៊ីឈ្នួលផង និងពាក្យថា លោក គឺព្រះមានព្រះភាគជួលហើយផង ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរគុណណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចអនុត្តរគុណនោះ មានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះនន្ទដ៏មានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ។

[៧០] លំដាប់នោះឯង ទេវតាមួយអង្គ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតក្នុងទីសមគួរ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ ក៏បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្តព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នហើយ។ ញាណក៏កើតដល់ព្រះមានព្រះភាគ ដូច្នេះថា នន្ទភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នមែន។ លុះកន្លងរាត្រីនោះហើយ ព្រះនន្ទដ៏មានអាយុ ក៏បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះនន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ធានាឲ្យខ្ញុំព្រះអង្គបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប មានសម្បុរដូចជាសម្បុរជើងព្រាប ដោយការប្តេជ្ញាណា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ បានរួចចាកការប្តេជ្ញានុ៎ះនឹងព្រះមានព្រះភាគហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនន្ទ ទោះបីតថាគត ក៏បានកំណត់ដឹងចិត្តរបស់អ្នកដោយចិត្តថា នន្ទភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នដែរ ទាំងទេវតា ក៏បានប្រាប់សេចក្តីនុ៎ះដល់តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនន្ទជាព្រះអនុជ ជាបុត្រព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានធ្វើឲ្យជាក់ច្បាស់ សម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលនន្ទ ចិត្តរបស់អ្នកផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនមានសេចក្តីប្រកាន់ ក្នុងកាលណា ឯតថាគត ក៏ផុតស្រឡះចាកការប្តេជ្ញានុ៎ះ ក្នុងកាលនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុណា បានឆ្លងភក់ គឺកាម បានញាំញីបន្លា គឺកាម ភិក្ខុនោះ បានដល់នូវការអស់មោហៈ រមែងមិនញាប់ញ័រព្រោះសុខ និងទុក្ខឡើយ។

ចប់ សូត្រ ទី២។

(យសោជ)សូត្រ ទី៣

(៣. យសោជសុត្តំ)

[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុចំនួន ៥០០ រូប មានព្រះយសោជៈជាប្រធាន បាននិមន្តទៅនគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ។ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សូរសំឡេងកងរំពង សូរសំឡេងខ្លាំង ទំនងដូចព្រានសំណាញ់ក្នុងកាលចាប់ត្រី តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ៥០០ រូប មានព្រះយសោជៈជាប្រធាននុ៎ះ បានមកដល់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុឲ្យ ក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកទៅហៅពួកភិក្ខុទាំងនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ និយាយនឹងពួកភិក្ខុទាំងនោះថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេងកងរំពង មានសំឡេងខ្លាំង ទំនងដូចជាពួកព្រានសំណាញ់ក្នុងកាលចាប់ត្រី។

[៧២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះយសោជៈដ៏មានអាយុ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ៥០០ រូបនេះ មកកាន់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ អាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅ តថាគតបណ្តេញអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវនៅក្នុងសំណាក់តថាគតទេ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចទុកដាក់សេនាសនៈ យកបាត្រចីវរ ហើយចៀសចេញទៅកាន់ចារិកក្នុងដែនវជ្ជី កាលត្រាច់ទៅកាន់ចារិកក្នុងដែនវជ្ជីតាមលំដាប់ បានចូលទៅឯស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ក៏ធ្វើខ្ទមស្លឹកនៅចាំវស្សា ប្របឆ្នេរស្ទឹង ឈ្មោះវគ្គុមុទា។

[៧៣] លំដាប់នោះ ព្រះយសោជៈដ៏មានអាយុ នៅចាំវស្សាហើយ ក៏បានហៅពួកភិក្ខុមកថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយ ត្រូវព្រះមានព្រះភាគ ព្រះអង្គជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ព្រះអង្គអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ទ្រង់បណ្តេញហើយ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ គប្បីប្រាថ្នាប្រយោជន៍ ចំពោះពួកយើងកាលនៅដោយការប្រព្រឹត្តិយ៉ាងណា ពួកយើង គួរសម្រេចការនៅ ដោយការប្រព្រឹត្តិយ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះយសោជៈដ៏មានអាយុថា អើអាវុសោ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ ក៏ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន លុះដល់ខាងក្នុងវស្សានោះ ក៏បានធ្វើឲ្យជាក់ច្បាស់នូវត្រៃវិជ្ជាទាំងអស់គ្នា។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី តាមសមគួរដល់អធ្យាស្រ័យហើយ ស្តេចចៀសចេញទៅកាន់ចារិក ក្នុងក្រុងវេសាលី កាលត្រាច់ទៅកាន់ចារិក តាមលំដាប់ បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលីនោះ។ លំដាប់នោះ ព្រះមានព្រះភាគ កំណត់ចិត្តពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយព្រះទ័យហើយធ្វើទុកក្នុងព្រះទ័យ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា នៅក្នុងទិសណា ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានពន្លឺដល់តថាគត ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានរស្មីដល់តថាគត ភិក្ខុទាំងនោះ តថាគតមិនមែនស្អប់ខ្ពើមនឹងទៅរកទេ តថាគត មិនមែនស្អប់ខ្ពើមនឹងធ្វើទុកក្នុងចិត្តទេ ម្នាលអានន្ទ គួរអ្នកបញ្ជូនទូតទៅក្នុងសំណាក់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយពាក្យថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកចូរមក អ្នកចូរទៅរកពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ចូរនិយាយប្រាប់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាយ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើអាវុសោ ហើយក៏ស្រាប់តែបាត់អំពីកូដាគារសាលា នាមហាវ័ន ទៅប្រាកដក្នុងទីចំពោះមុខភិក្ខុទាំងនោះ ប្របឆ្នេរស្ទឹងវគ្គុមុទា ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។ លំដាប់នោះ ភិក្ខុនោះ បាននិយាយប្រាប់ពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ទុកដាក់សេនាសនៈ កាន់យកបាត្រចីវរ រួចស្រាប់តែបាត់អំពីឆ្នេរស្ទឹងវគ្គុមុទា មកប្រាកដ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងកូដាគារសាលា នាមហាវ័ន ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។

[៧៥] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយសមាធិ មិនកំរើក។ លំដាប់នោះ ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដូចម្តេចហ្ន៎។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដ៏មិនកំរើក។ ភិក្ខុទាំងអស់ក៏អង្គុយនៅ ដោយសមាធិដ៏មិនកំរើកដែរ។ គ្រាកាលដែលរាត្រីអស់ទៅ បឋមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីកន្លងហើយ បឋមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ។ កាលដែលព្រះអានន្ទ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគទ្រង់នៅស្ងៀម។ លុះរាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់ពីរថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាល នឹងពួកអាគន្តុកភិក្ខុ។ ព្រះមានព្រះភាគ ទ្រង់ស្ងៀម អស់វារៈជាគំរប់ពីរ។ កាលដែលរាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះឡើង រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់បីថា បពិត្រព្រះអង្គដ៏ចំរើន រាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ប្រសិនបើអ្នកដឹង អ្នកមិននិយាយពាក្យទាំងប៉ុណ្ណេះទេ ម្នាលអានន្ទ (ព្រោះថា) តថាគតផង ពួកភិក្ខុ ៥០០ រូបនេះផង ទាំងអស់គ្នា សុទ្ធតែអង្គុយនៅដោយសមាធិមិនកំរើក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

បន្លា គឺកាម កិរិយាជេរ ការសម្លាប់ និងការចង ដែលបុគ្គលណាឈ្នះហើយ បុគ្គលនោះ ឈ្មោះថាមិនញាប់ញ័រ ឋិតនៅដូចភ្នំ បុគ្គលនោះឈ្មោះថា ភិក្ខុរមែងមិនញាប់ញ័រ ព្រោះសុខ និងទុក្ខឡើយ។

ចប់ សូត្រ ទី៣។

(សារិបុត្ត)សូត្រ ទី៤

(៤. សារិបុត្តសុត្តំ)

[៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតី ឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភ្នំជាវិការៈនៃថ្ម មិនកំរើកញាប់ញ័រ តាំងនៅស៊ប់យ៉ាងណា ភិក្ខុដែលអស់មោហៈហើយ រមែងមិនញាប់ញ័រ ដូចភ្នំយ៉ាងនោះដែរ។

ចប់ សូត្រ ទី៤។

(មហាមោគ្គល្លាន)សូត្រ ទី៥

(៥. មហាមោគ្គល្លានសុត្តំ)

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតម្រង់កាយ មានកាយគតាសតិដំកល់ស៊ប់ក្នុងសន្តាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ មានកាយគតាសតិដំកល់ស៊ប់ ក្នុងសន្តាន ក្នុងទីជិតនៃព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុតាំងស៊ប់នូវកាយគតាសតិ ហើយបានសង្រួម ក្នុងទ្វារទាំង ៦ ដែលជាហេតុនៃផស្សៈ មានចិត្តតាំងមាំជានិច្ច គប្បីដឹងព្រះនិព្វានចំពោះខ្លួន។

ចប់ សូត្រ ទី៥។

(បិលិន្ទវច្ឆ)សូត្រ ទី៦

(៦. បិលិន្ទវច្ឆសុត្តំ)

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ តែងហៅរកភិក្ខុទាំងឡាយ ដោយពាក្យអសុរោះ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ ហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរហៅបិលិន្ទវច្ឆៈភិក្ខុមក តាមពាក្យតថាគតថា នែអាវុសោវច្ឆៈ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកបិលិន្ទវច្ឆៈភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់បិលិន្ទវច្ឆៈដ៏មានអាយុដូច្នេះថា នែអាវុសោ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ បិលិន្ទវច្ឆៈដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះបិលិន្ទវច្ឆៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបិលិន្ទវច្ឆៈ បានឮថា អ្នកហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ ពិតមែនឬ។ បិលិន្ទវច្ឆៈបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យនូវបុព្វេនិវាសៈ របស់បិលិន្ទវច្ឆៈដ៏មានអាយុ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលទោសវច្ឆភិក្ខុឡើយ ម្នាលភិក្ខុទាំងឡាយ វច្ឆភិក្ខុ មិនមែនជាអ្នកមានទោសចិត្ត ហើយហៅរកពួកភិក្ខុ ដោយពាក្យអសុរោះទេ ម្នាលភិក្ខុទាំងឡាយ វច្ឆភិក្ខុ ធ្លាប់កើតក្នុងត្រកូលព្រាហ្មណ៍ ច្រឡំបល់គ្នាអស់ ៥០០ ជាតិមកហើយ វច្ឆៈភិក្ខុនោះ ធ្លាប់សន្សំពាក្យអសុរោះនោះ អស់កាលជាអង្វែងមកហើយ ហេតុនោះ ទើបវច្ឆភិក្ខុនេះ តែងហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

មាយា (ការបិទបាំងទោសខ្លួន) និងមានះ (សេចក្តីប្រកាន់) មិនប្រព្រឹត្តទៅ ក្នុងបុគ្គលណា ឬក៏បុគ្គលណា អស់សេចក្តីលោភ មិនប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បន្ទោបង់សេចក្តីក្រោធ មានចិត្តត្រជាក់ បុគ្គលនោះ ហៅថាព្រាហ្មណ៍ក៏បាន ថា សមណៈក៏បាន ថាភិក្ខុក៏បាន។

ចប់ សូត្រ ទី៦។

(សក្កុទាន)សូត្រ ទី៧

(៧. សក្កុទានសុត្តំ)

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ នៅក្នុងបិប្ផលិគូហា អង្គុយដោយភ្នែនតែមួយ ចូលសមាធិ2) ណាមួយ អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះហើយ ព្រះមហាកស្សបដ៏មានអាយុ ក៏ចេញអំពីសមាធិនោះ។ កាលដែលព្រះមហាកស្សបដ៏មានអាយុ ចេញអំពីសមាធិនោះហើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ អង្គ ដល់នូវការខ្វល់ខ្វាយ ដើម្បីប្រគេនបិណ្ឌបាតចំពោះព្រះមហាកស្សបដ៏មានអាយុ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ ហាមឃាត់ពួកទេវតាទាំង ៥០០ អង្គនោះហើយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះ។

[៨០] សម័យនោះឯង សក្កៈ ជាធំជាងពួកទេវតា មានប្រាថ្នាដើម្បីប្រគេនបិណ្ឌបាត ចំពោះព្រះមហាកស្សបដ៏មានអាយុ បាននិម្មិតភេទខ្លួន ជាជាងតម្បាញ កំពុងត្បាញនូវតម្បាញ។ ឯអសុរកញ្ញា ឈ្មោះសុជាតា ក៏ការអម្បោះឲ្យពេញខ្នារ។ គ្រានោះ ព្រះមហាកស្សបដ៏មានអាយុ កំពុងត្រាច់បិណ្ឌបាតសព្វច្រក ក្នុងក្រុងរាជគ្រឹះ បានចូលទៅកាន់លំនៅរបស់ទេវរាជឈ្មោះសក្កៈ ជាធំជាងពួកទេវតា។ សក្កៈជាធំជាងពួកទេវតា បានឃើញព្រះមហាកស្សបដ៏មានអាយុ កំពុងតែនិមន្តមកអំពីចម្ងាយ លុះបានឃើញហើយ ក៏ចេញអំពីផ្ទះ ទៅទទួលយកបាត្រអំពីព្រះហស្ត ចូលទៅកាន់ផ្ទះ ដួសបាយអំពីឆ្នាំង ដាក់ឲ្យពេញបាត្រ រួចប្រគេនចំពោះព្រះមហាកស្សបដ៏មានអាយុ។ បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា សត្វនេះជាអ្វីហ្ន៎ បានជាមានឥទ្ធានុភាព មានសភាពយ៉ាងនេះ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា ឱហ្ន៎ សក្កៈជាធំជាងពួកទេវតាទេតើ។ លុះព្រះមហាកស្សបដ៏មានអាយុ បានដឹងច្បាស់ដូច្នេះហើយ និយាយនឹងសក្កៈជាធំជាងទេវតាថា បពិត្រកោសិយៈ ព្រះអង្គបានធ្វើអំពើនេះហើយ ក្រោយទៅ ព្រះអង្គកុំធ្វើអំពើយ៉ាងនេះទៀតឡើយ។ បពិត្រព្រះកស្សបដ៏ចំរើន យើងខ្ញុំក៏មានសេចក្តីត្រូវការដោយបុណ្យដែរ យើងខ្ញុំគួរធ្វើបុណ្យបានដែរ។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ថ្វាយបង្គំព្រះមហាកស្សបដ៏មានអាយុ រួចធ្វើប្រទក្សិណ ហើយហោះទៅឯអាកាស បន្លឺនូវឧទាន ក្នុងអាកាស ជាទីវាលអស់វារៈ ៣ ដងថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម។

[៨១] ព្រះមានព្រះភាគ ទ្រង់បានឮឧទានដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងបង់សោតធាតុរបស់មនុស្សធម្មតា ដែលសក្កៈ ជាធំជាងពួកទេវតា កំពុងហោះទៅកាន់វេហាស៍ ហើយបន្លឺអស់វារៈ ៣ ដង ក្នុងអាកាសជាទីវាលថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម។

លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ទេវតាទាំងឡាយ រមែងស្រឡាញ់ភិក្ខុ អ្នកប្រព្រឹត្តបិណ្ឌបាតជាវត្ត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ស្ងប់រម្ងាប់ មានស្មារតីគ្រប់កាល។

ចប់ សូត្រ ទី៧។

(បិណ្ឌបាតិក)សូត្រ ទី៨

(៨. បិណ្ឌបាតិកសុត្តំ)

[៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន នៃអនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្ត ហើយអង្គុយចួបជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌល3) ក៏កើតអន្តរាកថា4) នេះឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសម្លេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្តារៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ ពួកយើង ចូរជាអ្នកប្រព្រឹត្តបិណ្ឌបាត ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយភ្នែកមួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ក៏ពុំទាន់ធ្វើឲ្យចប់ស្រេចនៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់ចូលទៅកាន់រោងឈ្មោះករេរិមណ្ឌល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ចប់។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌលនេះ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោភិក្ខុទាំងឡាយ ណ្ហើយចុះ ពួកយើងត្រូវជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយមួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើមិនទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថា មានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលបើបានប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាង គឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ទេវតាទាំងឡាយ តែងស្រឡាញ់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ប្រសិនបើ (ភិក្ខុនោះ) មិនអាស្រ័យនូវការសរសើរ គឺកិត្តិស័ព្ទទេ ( សេចក្តីសរសើរ រមែងមាន ក្នុងទីចំពោះមុខ ឬកំបាំងមុខមិនខាន )។

ចប់ សូត្រ ទី៨។

(សិប្ប)សូត្រ ទី៩

(៩. សិប្បសុត្តំ)

[៨៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប កាលត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់អង្គុយ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងនូវសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណា ប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុពួកខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូកប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្សៈក្នុងការសរសេរប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈ5) ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែប្រសើរជាង។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់រោងជាទីអង្គុយ រួចគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយធ្វើមិនទាន់ចប់ស្រេចនៅឡើយ។ ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកខ្ញុំព្រះអង្គត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយនេះ អន្តរាកថាកើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណាប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ជាលំដាប់ ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូក ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការសរសេរប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថាមានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធាទេ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាងគឺ ធម្មីកថា ឬអរិយតុណ្ហីភាព។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលណា ជាអ្នកមិនចិញ្ចឹមជីវិត ដោយសិល្បៈ ជាអ្នកប្រព្រឹត្តស្រាល ប្រាថ្នាប្រយោជន៍ដល់ជនដទៃ សង្រួមឥន្រ្ទិយ មានចិត្តផុតស្រឡះចាកអាសវៈទាំងពួង មិនមានទីនៅនៃតណ្ហា មិនមានសេចក្តីប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បានសម្លាប់មារហើយ ចរទៅម្នាក់ឯង បុគ្គលនោះ ឈ្មោះថា ភិក្ខុ។

ចប់ សូត្រ ទី៩។

(លោក)សូត្រ ទី១០

(១០. លោកសុត្តំ)

[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង ទ្រង់គង់នៅទៀបគល់ពោធិព្រឹក្ស ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយព្រះភ្នែនតែមួយ សោយវិមុត្តិសុខអស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះទៅហើយ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ។ កាលព្រះមានព្រះភាគ ទ្រង់ប្រមើលមើល ដោយពុទ្ធចក្ខុ ទ្រង់បានឃើញពួកសត្វដែលកំពុងក្តៅអន្ទះសា ដោយគ្រឿងក្តៅជាអនេកផង កំពុងឆេះរោលរាល ដោយគ្រឿងឆេះរោលរាលជាអនេកផង ដែលកើតអំពីរាគៈខ្លះ កើតអំពីទោសៈខ្លះ កើតអំពីមោហៈខ្លះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សត្វលោកនេះ មានសេចក្តីក្តៅអន្ទះសា ត្រូវផស្សៈគ្របសង្កត់ហើយ រមែងពោលនូវខន្ធបញ្ចកៈ ដែលមានរោគ ថាជាខ្លួន ព្រោះថាសំគាល់ឃើញដោយអាការណា ខន្ធបញ្ចកៈនោះ រមែងប្រែក្លាយទៅចាកអាការនោះ សត្វលោក ជាប់ចំពាក់ក្នុងភព ត្រូវភពគ្របសង្កត់ មានការប្រែក្លាយជាធម្មតា តែងត្រេកត្រអាលនឹងភព។ សត្វត្រេកអរនឹងរបស់ណា របស់នោះ ជាភ័យ ខ្លាចចំពោះរបស់ណា របស់នោះជាទុក្ខ មានតែបុគ្គលប្រព្រឹត្តមគ្គព្រហ្មចរិយៈនេះ ទើបលះបង់ភពបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរួចចាកភពដោយភព (សស្សតទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគត ពោលថាមិនផុតស្រឡះចាកភពឡើយ។ មួយទៀត ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរលាស់ចាកភពដោយវិភព (ឧច្ឆេទទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគតពោលថា មិនរលាស់ចេញចាកភពបានឡើយ។ ព្រោះថាទុក្ខនេះ កើតមានព្រោះអាស្រ័យឧបធិទាំងពួង ការកើតទុក្ខ មិនមាន ព្រោះអស់ឧបាទានទាំងពួង។ អ្នកចូរមើលលោកនេះចុះ ពួកសត្វក្តី អ្នកត្រេកអរក្នុងពួកសត្វក្តី ដែលអវិជ្ជាដ៏ក្រាស់ គ្របសង្កត់ហើយ មិនរួចស្រឡះ (ចាកទុក្ខ) បានឡើយ។ ព្រោះថា ភពណាមួយ ក្នុងទីទាំងពួង គ្រប់ទិសទាំងអស់ ភពទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានការប្រែប្រួលជាធម្មតា។ កាលបើបុគ្គលឃើញហេតុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ រមែងលះបង់ភវតណ្ហា មិនត្រេកត្រអាលចំពោះវិភវតណ្ហាឡើយ។ ការប្រាស់ចាកតម្រេក និងការរលត់មិនសល់ ព្រោះអស់តណ្ហាទាំងឡាយ ដោយសព្វគ្រប់ ឈ្មោះថា និព្វាន ភពថ្មី ក៏មិនមានដល់ភិក្ខុនោះ អ្នករលត់ហើយ ព្រោះមិនមានឧបាទាន។ ភិក្ខុនោះ បានគ្របសង្កត់មារ ទាំងឈ្នះសង្រ្គាម ជាអ្នកនឹងធឹង កន្លងភពទាំងអស់បាន។

ចប់ សូត្រ ទី១០។

ចប់ នន្ទវគ្គ ទី៣។

ឧទ្ទាននៃនន្ទវគ្គនោះគឺ

និយាយអំពីផលនៃកម្មចាស់ ១ ព្រះនន្ទ ១ ព្រះយសោជៈ ១ ព្រះសារីបុត្ត ១ ព្រះកោលិត (មោគ្គល្លាន) ១ ព្រះបិលិន្ទវច្ឆៈ ១ ព្រះកស្សប ១ ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ១ សិល្បៈ ១ សត្វលោក ១ រួមទាំងអស់ត្រូវជា ១០។

 

លេខយោង

1)
ប្រយោជន៍ដើម្បីហៅរកអ្នកផងថា អ្នកទាំងឡាយ ចូរធ្វើថ្នាំជាដើម ដល់អាត្មាដូច្នេះ មិនមានឡើយ ព្រោះលោកឥតមានសេចក្តីអាឡោះអាល័យក្នុងសរីរៈ។ អដ្ឋកថា។
2)
សំដៅយកអរហត្តផលសមាធិ។
3)
រោងសម្រាប់អង្គុយ ដែលគេធ្វើជិតដើមថ្ងាន់។ អដ្ឋកថា។
4)
ពាក្យដែលចន្លោះផុតអំពីកថាវត្ថុ ១០ ហៅថា អន្តរាកថា។
5)
សំដៅយកពាក្យដែលនិយាយបដិសេធនូវបរលោក និងនិព្វាន មានពាក្យថា សត្វក្អែកស ព្រោះឆ្អឹងវាស កុកក្រហម ព្រោះឈាមវាក្រហម ជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.v3.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann