User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.v4

មេឃិយវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v4 បាលី cs-km: sut.kn.uda.v4 អដ្ឋកថា: sut.kn.uda.v4_att PTS: ?

មេឃិយវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. មេឃិយវគ្គោ)

(មេឃិយ)សូត្រ ទី១

(១. មេឃិយសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់ចូលទៅបិណ្ឌបាតក្នុងជន្តុគ្រាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតឯជន្តុគ្រាម។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាតក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយគួរជាទីជ្រះថ្លា គួររីករាយ លុះព្រះមេឃិយៈដ៏មានអាយុ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួររីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាមរបស់កុលបុត្តអ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ គួរអាត្មាអញមកឯព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងជន្តុគ្រាម លុះត្រាច់ទៅបិណ្ឌបាតក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ គួរជាទីជ្រះថ្លា គួររីករាយ លុះខ្ញុំព្រះអង្គបានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួរជាទីរីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាម របស់កុលបុត្ត អ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ អាត្មាអញ គួរមកព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយ ដើម្បីប្រកបព្យាយាម។

[៨៦] កាលព្រះមេឃិយៈដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុថា ម្នាលមេឃិយៈ អ្នកចូររង់ចាំសិន តថាគត នៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ចដែលទ្រង់ធ្វើស្រេចហើយ ឲ្យចំរើនឡើងទៀតទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គនៅមានកិច្ច ដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យចំរើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គ ទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលមេឃិយៈ អ្នកចូររង់ចាំបន្តិចសិន តថាគតនៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ច ដែលទ្រង់ធ្វើស្រេចហើយ ឲ្យចំរើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គនៅមានកិច្ចដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យច្រើនឡើងទៀត បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ តថាគតគប្បីនិយាយនឹងអ្នក កាលនិយាយថា ព្យាយាមដូច្នេះ ដូចម្តេចបាន ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។

[៨៧] លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចធ្វើប្រទក្សិណ ហើយចូលទៅកាន់ព្រៃស្វាយនោះ លុះចូលទៅដល់ហើយ ក៏លុកចូលទៅក្នុងព្រៃស្វាយនោះ រួចអង្គុយសម្រាកនៅវេលាថ្ងៃ ប្របគល់ឈើមួយដើម។ កាលដែលព្រះមេឃិយៈដ៏មានអាយុ នៅសម្រាកក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចំឡែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងនេះ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ កាលដែលខ្ញុំព្រះអង្គកំពុងនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចំឡែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន។

[៨៨] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលមេឃិយៈ ធម៌ ៥ យ៉ាង ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្តល្អ បែរទៅរកមិត្តល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ទីពីរ ប្រព្រឹត្តទៅ ដើម្បីធ្វើនូវចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ គឺអប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមេឃិយៈ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះអកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយ ឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុមានបញ្ញា ប្រកបដោយបញ្ញា ជាគ្រឿងដឹងការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយកិលេស ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានសីល សង្រួមហើយដោយការសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាព យ៉ាងនេះ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយឲ្យកើតឡើង មានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងមានប្រាកដដល់ភិក្ខុ ដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយកិលេស ប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ។

[៨៩] ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ ៥ យ៉ាងនេះហើយត្រូវចំរើនធម៌ ៤ យ៉ាងតទៅទៀត គឺចំរើនអសុភ ដើម្បីលះរាគៈ ១ ចំរើនមេត្តា ដើម្បីលះព្យាបាទ ១ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់បង់វិតក្កៈ ១ ចំរើនអនិច្ចសញ្ញា ដើម្បីដកអស្មិមានះ ១។ ម្នាលមេឃិយៈ ព្រោះថា កាលភិក្ខុមានសេចក្តីសំគាល់ថា មិនទៀងហើយ សេចក្តីសំគាល់ថាមិនមែនខ្លួន រមែងតាំងនៅ (ក្នុងចិត្ត) ភិក្ខុដែលមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវការដកអស្មិមានះ ឈ្មោះថា ដល់និព្វានក្នុងបច្ចុប្បន្ន។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

វិតក្កៈទាំងឡាយដ៏ថោកទាប វិតក្កៈទាំងឡាយដ៏ល្អិត ដែលចិត្តប្រព្រឹត្តទៅតាមហើយ ធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង បុគ្គលមិនដឹងច្បាស់សេចក្តីត្រិះរិះនៃចិត្តទាំងនុ៎ះទេ ជាអ្នកមានចិត្តភ្ញាក់ផ្អើល ស្ទុះទៅស្ទុះមក កាន់អារម្មណ៍ផ្សេងៗ។ ឯអ្នកប្រាជ្ញ ដឹងច្បាស់សេចក្តីត្រិះរិះ នៃចិត្តទាំងនុ៎ះហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុត បំផ្លាញកិលេស មានស្មារតី បិទខ្ទប់វិតក្កៈទាំងឡាយ ដែលចិត្តប្រព្រឹត្តទៅតាម ហើយធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង លះបង់វិតក្កៈទាំងនុ៎ះ មិនឲ្យសេសសល់។

ចប់ សូត្រ ទី១។

(ឧទ្ធត)សូត្រ ទី២

(២. ឧទ្ធតសុត្តំ)

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវនឧទ្យាន របស់មល្លក្សត្រិយ៍ ជាទីប្រព្រឹត្តិចូលទៅជិតក្រុងកុសិនារា។ សម័យនោះឯង ពួកភិក្ខុច្រើនរូប នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះមានព្រះភាគ ជាអ្នកមានចិត្តអណ្តែតអណ្តូងលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ (មិនសង្រួមឥន្ទ្រិយ)។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញពួកភិក្ខុច្រើនរូបនោះ នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះអង្គ មានចិត្តអណ្តែតអណ្តូង ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលមានវិញ្ញាណកាយទាំង ៦ មិនរក្សាផង ជាមិច្ឆាទិដ្ឋិផង ដែលថីនមិទ្ធៈ គ្របសង្កត់ផង រមែងដល់នូវអំណាចនៃមារ។ ព្រោះហេតុនោះ ភិក្ខុជាអ្នកមានចិត្តរក្សាហើយ មានសេចក្តីត្រិះរិះត្រូវ ជាអារម្មណ៍ មានសម្មាទិដ្ឋិប្រព្រឹត្តទៅ ក្នុងខាងមុខ ដឹងការកើតឡើង និងសូន្យទៅបាន គ្របសង្កត់នូវថីនៈមិទ្ធៈហើយ គប្បីលះបង់គតិអាក្រក់ទាំងពួង។

ចប់ សូត្រ ទី២។

(គោបាលក)សូត្រ ទី៣

(៣. គោបាលកសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គេចចេញអំពីផ្លូវ ហើយចូលទៅរកម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នាយគោបាលម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា។ គ្រានោះ នាយគោបាលនោះ លុះព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លុះនាយគោបាលនោះ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ លំដាប់នោះ នាយគោបាលនោះ លុះកន្លងរាត្រីនោះហើយ បានឲ្យមនុស្សតាក់តែង អប្បោទកបាយាស (បាយាសមានទឹកតិច) និងទឹកដោះថ្លាដ៏ថ្មីជាច្រើន ក្នុងលំនៅរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលល្មមហើយ ទាំងភត្តសោត ក៏ស្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយយាងចូលទៅកាន់លំនៅ របស់នាយគោបាលនោះ ជាមួយភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នាយគោបាលនោះ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយអប្បោទកបាយាស និងទឹកដោះថ្លាដ៏ថ្មី ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ដោយដៃខ្លួនឯង។ លំដាប់នោះ នាយគោបាលនោះ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តក្នុងបាត្រទៀតហើយ ក៏កាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីសមគួរ។ លុះនាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។

[៩២] គ្រាកាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ស្រាប់តែមានបុរសម្នាក់ ផ្តាច់ជីវិតនាយគោបាលនោះ ត្រង់ចន្លោះព្រំប្រទល់ស្រុក។ លំដាប់នោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន នាយគោបាលណា ដែលបានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយអប្បោទកបាយាស និងទឹកដោះថ្លាដ៏ថ្មី ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ដោយដៃខ្លួនឯង ក្នុងថ្ងៃនេះ បពិត្រព្រះអង្គដ៏ចំរើន បានឮថា នាយគោបាលនោះ មានបុរសម្នាក់ផ្តាច់ជីវិត ត្រង់ចន្លោះព្រំប្រទល់ស្រុកទៅហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ចោរបានឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរ ឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើសេចក្តីវិនាសណា ចិត្តដែលបុគ្គលដំកល់ខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យលាមកលើសជាងសេចក្តីវិនាសនោះទៅទៀត។

ចប់ សូត្រ ទី៣។

(យក្ខបហារ)សូត្រ ទី៤

(៤. យក្ខបហារសុត្តំ)

[៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងវត្តកបោតកន្ទរា។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត។

[៩៤] សម័យនោះ មានយក្ខពីរនាក់ជាសំឡាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណាមួយ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុងរាត្រីខាងខ្នើត លុះយក្ខម្នាក់ បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខនោះ ក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះ ជាគំរប់ពីរដងទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគំរប់ពីរដងទៀតថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគំរប់បីដងទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគំរប់បីដងទៀតថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈព្រះសារីបុត្តត្ថេរដ៏មានអាយុ។ មានសេចក្តីដំណាលថា យក្ខនោះ អាចពន្លិចដំរីមានកំពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ។ លំដាប់នោះ ស្រាប់តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង។

[៩៥] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅបានដែរឬ មិនមានសេចក្តីទុក្ខតិចតួចទេឬ។ ព្រះសារីបុត្តដ៏មានអាយុប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថាមានសេចក្តីទុក្ខបន្តិចត្រង់ក្បាលរបស់ខ្ញុំ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចំឡែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយ ប្រហារចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការប្រហារខ្លាំង ឯយក្ខនោះ អាចពន្លិចដំរីមានកំពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាចធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយយ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចំឡែកណាស់ ព្រោះថា មហាមោគ្គល្លានដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញសូម្បីបិសាច ដែលអាស្រ័យនឹងអាចម៍ដី1) សោះឡើយ។

[៩៦] ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់មនុស្សធម្មតា។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា

ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាសចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចំរើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមក ដល់បុគ្គលនោះ អំពីណាបាន។

ចប់ សូត្រ ទី៤។

(នាគ)សូត្រ ទី៥

(៥. នាគសុត្តំ)

[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះតិះថា ឥឡូវនេះ តថាគតនៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរតែតថាគត គេចចេញអំពីពួក ហើយនៅតែម្នាក់ឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី។លុះព្រះមានព្រះភាគ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត ហើយទុកដាក់សានាសនៈដោយព្រះអង្គឯង ហើយប្រដាប់បាត្រ ចីវរ មិនបានលាឧបដ្ឋាក មិនបានប្រាប់ភិក្ខុសង្ឃ តែមួយអង្គឯង ឥតមានភិក្ខុជាគំរប់ពីរ ទ្រង់យាងទៅកាន់ចារិក នៃបាលិលេយ្យកប្រទេស កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ បានដល់បាលិលេយ្យកប្រទេស។

[៩៨] បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃ ឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស។ មានដំរីប្រសើរមួយ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះ ស៊ីនូវមែកឈើបាក់ ដែលដំរីដ៏ប្រសើរនោះបំបាក់ចុះហើយផង ឯដំរីដ៏ប្រសើរ ក៏ផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើដំរីដ៏ប្រសើរដើរចុះឡើងកំពង់ទឹក ពួកមេដំរីក៏ដើរត្រដុសកាយផង ដំរីដ៏ប្រសើរនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលដំរីទាំងនោះ ច្រឹបចុងហើយផង ដំរីទាំងនោះ ស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរអញគេចចេញពីហ្វូង នៅម្នាក់ឯងវិញចុះ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ ដើរគេចចេញពីហ្វូង ហើយចូលទៅរកព្រះមានព្រះភាគ ដែលទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រទេសណា បានឮថា ដំរីដ៏ប្រសើរនោះ ក៏ធ្វើប្រទេសនោះ មិនឲ្យមានស្មៅស្រស់ ទាំងដម្កល់ទឹកឆាន់ ទឹកប្រើ ថ្វាយព្រះមានព្រះភាគ ដោយប្រមោយ។

[៩៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅសម្ងំ ក្នុងទីស្ងាត់ ទ្រង់មានព្រះទ័យបរិវិតក្កៈ កើតឡើងយ៉ាងនេះថា កាលមុន តថាគតបាននៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ។ ឥឡូវនេះ តថាគត មិនបាននៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយឡើយ តថាគត មិនបាននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ។ ដំរីដ៏ប្រសើរនោះ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា កាលមុន អញបាននៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរីតូចៗ ហើយអញបានស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញបានផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ។ ឥឡូវនេះ អញនោះ មិននៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ មិនបានច្រឹបចុងហើយផង ពួកដំរីទាំងនោះ ក៏មិនស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ផង អញផឹកទឹកទាំងឡាយមិនល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ក៏មិនដើរត្រដុសកាយផង អញមិននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីស្ងប់ស្ងាត់របស់ព្រះអង្គ និងបានជ្រាបច្បាស់បរិវិតក្កៈ ក្នុងចិត្តរបស់ដំរីដ៏ប្រសើរនោះ ដោយព្រះទ័យនៃព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ចិត្តរបស់ហត្ថិនាគ មានភ្លុកងទន្ទាំនុ៎ះ ស្មើនឹងចិត្តរបស់ពុទ្ធនាគដែរ ព្រោះហត្ថិនាគតែម្នាក់ឯង ត្រេកអរក្នុងព្រៃដែរ។

ចប់ សូត្រ ទី៥។

(បិណ្ឌោល)សូត្រ ទី៦

(៦. បិណ្ឌោលសុត្តំ)

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

កិរិយាមិនតិះដៀល ១ កិរិយាមិនបៀតបៀនគេ ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ ១ ទីដេកទីអង្គុយដ៏ស្ងាត់ ១ កិរិយាបំពេញព្យាយាម ក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

ចប់ សូត្រ ទី៦។

(សារិបុត្ត)សូត្រ ទី៧

(៧. សារិបុត្តសុត្តំ)

[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ប្រកបរឿយៗនូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សេចក្តីសោកទាំងឡាយ រមែងមិនកើតមានដល់បុគ្គលមានអធិចិត្ត មិនប្រមាទ ជាអ្នកដឹង ជាអ្នកសិក្សា ក្នុងផ្លូវនៃការដឹងទាំឡាយ គឺអរហត្តផលញ្ញាណ មានចិត្តមិនញាប់ញ័រ ជាអ្នកនឹងធឹង ជាអ្នកស្ងប់ មានស្មារតីគ្រប់កាល។

ចប់ សូត្រ ទី៧។

(សុន្ទរី)សូត្រ ទី៨

(៨. សុន្ទរីសុត្តំ)

[១០២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ សូម្បីភិក្ខុសង្ឃ ក៏មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីដែរ។ ឯពួកបរិព្វាជក ជាអន្យតិរ្ថិយ មិនមានគេធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីឡើយ។

[១០៣] គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ អត់ធន់មិនបាននូវសក្ការៈ របស់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ចូលទៅរកនាងបរិព្វាជិកា ឈ្មោះសុន្ទរី លុះចូលទៅដល់ហើយ ក៏និយាយនឹងនាងបរិព្វាជិកា ឈ្មោះសុន្ទរីថា នែប្អូនស្រី នាងអាចធ្វើប្រយោជន៍ដល់ពួកញាតិបានឬទេ។ នាងបរិព្វាជិកា ឈ្មោះសុន្ទរីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា ត្រូវធ្វើដូចម្តេច អំពើដូចម្តេច ដែលខ្ញុំអាចធ្វើបាន សូម្បីជីវិត ក៏ខ្ញុំហ៊ានលះបង់ ដើម្បីជាប្រយោជន៍ ដល់ពួកញាតិដែរ។ ម្នាលប្អូនស្រី បើដូច្នោះ នាងចូលទៅកាន់វត្តជេតពន ឲ្យញយ ៗ។ នាងបរិព្វាជិកា ឈ្មោះសុន្ទរី បានទទួលពាក្យបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះថា ព្រះករុណា លោកម្ចាស់ ហើយទៅកាន់វត្តជេតពន ញយ ៗ។ កាលណាបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ បានដឹងថា ជនច្រើនបានឃើញនាងបរិព្វាជិកា ឈ្មោះសុន្ទរី ទៅកាន់វត្តជេតពនញយ ៗ ហើយ ក៏សំឡាប់នាងនោះឲ្យដាច់ចាកជីវិត ហើយកប់ក្នុងរណ្តៅស្នាមភ្លោះ នៃវត្តជេតពននោះឯងក្នុងកាលណោះ រួចចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ក៏ថ្វាយព្រះពរព្រះបាទបសេនទិកោសលថា បពិត្រមហារាជ នាងបរិព្វាជិកាណា ឈ្មោះសុន្ទរី នាងបរិព្វាជិកានោះ មិនប្រាកដដល់ពួកអាត្មាភាពសោះ។ ព្រះរាជា ទ្រង់មានព្រះបន្ទូលសួរថា ចុះលោកទាំងឡាយ មានសង្ស័យក្នុងទីណាខ្លះ។ បពិត្រមហារាជ ពួកអាត្មាភាពមានសង្ស័យក្នុងវត្តជេតពន។ បើដូច្នោះ ចូរលោកទាំងឡាយ គន់រកក្នុងវត្តជេតពនចុះ។ លំដាប់នោះ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គយគន់មើលវត្តជេតពន ហើយក៏គាស់ឡើង (នូវសាកសព) ដែលបានកប់ទុកហើយ អំពីរណ្តៅស្នាមភ្លោះ ហើយលើកដាក់លើគ្រែតូច នាំចូលទៅកាន់ក្រុងសាវត្ថី ហើយចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ហើយប្រើពួកមនុស្សឲ្យលើកទោសថា នែម្ចាស់ទាំងឡាយ អ្នកទាំងឡាយ ចូរមើលអំពើរបស់ពួកសមណៈ ជាសក្យបុត្តិយ៍ចុះ ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាបុគ្គលមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នកនិយាយពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ។ មិនគួរបើពួកសមណៈ ជាសក្យបុត្តិយ៍នេះ មកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌ដ៏ប្រសើរ ពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាប មិនមានដល់ពួកសមណៈនេះឡើយ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់ពួកសមណៈនេះឡើយ ភាពជាសមណៈ របស់ពួកសមណៈនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់ពួកសមណៈនេះ សាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់ពួកសមណៈនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរ នឹងមានដល់ពួកសមណៈ អំពីហេតុដូចម្តេច ពួកសមណៈនេះ ប្រាសចាកភាពជាសមណៈ ពួកសមណៈនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ។ មិនគួរបើបុរសនឹងធ្វើកិច្ចររបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ។

[១០៤] សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី បានឃើញពួកភិក្ខុ ហើយនាំគ្នាជេរ ប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរសថា ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ជាអ្នកមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នកនិយាយពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ មិនគួរបើសមណៈទាំងនោះ មកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តដ៏ប្រសើរ ពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាសមណៈ របស់សមណៈនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់សមណៈទាំងនេះសាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរនឹងមានដល់ពួកសមណៈនេះ អំពីហេតុដូចម្តេច សមណៈទាំងនេះ ប្រាសចាកភាពជាសមណៈហើយ សមណៈទាំងនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ។ មិនគួរបើបុរស នឹងធ្វើកិច្ចរបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ។

[១០៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប បានស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លុះភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ហើយត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកមនុស្សក្នុងក្រុងសាវត្ថី បានឃើញពួកភិក្ខុហើយ (នាំគ្នា) ជេរប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរសថា ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាបុគ្គលមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ពោលពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ ពួកសមណៈទាំងនេះ មិនគួរបើមកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌ប្រសើរពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាបមិនមានដល់សមណៈទាំងនេះ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់សមណៈទាំងនេះ ភាពជាសមណៈ របស់សមណៈទាំងនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់សមណៈទាំងនេះ សាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច សមណៈទាំងនេះ ប្រាសចាកភាពជាសមណៈហើយ សមណៈទាំងនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ។ មិនគួរបើបុរសនឹងធ្វើកិច្ចរបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេង (ពោលទោស) នុ៎ះ នឹងមិនឋិតនៅយូរឡើយ ឋិតនៅបានតែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លងហួស ៧ ថ្ងៃហើយ គង់នឹងបាត់ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ពួកមនុស្សណា បានឃើញពួកភិក្ខុហើយ ជេរ ប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរស អ្នកទាំងឡាយ ចូររំលឹកពួកមនុស្សទាំងនោះ ដោយគាថានេះថា

អ្នកនិយាយកុហក ឬអ្នកណាធ្វើហើយ និយាយថា ខ្ញុំមិនធ្វើទេ រមែងចូលទៅកាន់នរក បុគ្គលទាំងពីរនោះ ជាអ្នកកើតអំពីមនុស្សមានកម្មដ៏ថោកទាប លះលោកនេះទៅហើយ ជាអ្នកស្មើគ្នា ក្នុងលោកខាងមុខ។

[១០៦] លំដាប់នោះ ភិក្ខុទាំងនោះ បានរៀនគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ពួកមនុស្សណា ដែលបានឃើញពួកភិក្ខុ ហើយជេរប្រទេចផ្តាសា បៀតបៀន ដោយសំដីទ្រគោះ ជារបស់អសប្បុរស ក៏រំលឹកមនុស្សទាំងនោះ ដោយគាថានេះថា

បុគ្គលអ្នកនិយាយកុហក ឬអ្នកណាធ្វើហើយ និយាយថា ខ្ញុំមិនធ្វើទេ រមែងចូលទៅកាន់នរក បុគ្គលទាំងពីរពួកនោះ ជាអ្នកកើតអំពីមនុស្ស អ្នកមានកម្មដ៏ថោកទាប លុះលះលោកនេះទៅហើយ ជាអ្នកស្មើគ្នា ក្នុងលោកខាងមុខ។

[១០៧] មនុស្សទាំងឡាយ ក៏មានសេចក្តីត្រិះរិះថា ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាអ្នកមិនធ្វើទេ អំពើអាក្រក់ សមណៈទាំងនេះ មិនបានធ្វើទេ ពួកសមណៈនេះ ជាសក្យបុត្តិយ៍។ សំឡេងនោះ មិនបានឋិតនៅយូរឡើយ សំឡេងនុ៎ះ ឋិតនៅបានតែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លង ៧ ថ្ងៃហើយ ក៏សាបសូន្យទៅ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ ប្រាកដមែនថា ម្នាលភិក្ខុទាំងឡាយ សំឡេងនុ៎ះ នឹងមិនឋិតនៅយូរឡើយ លុះកន្លង ៧ថ្ងៃហើយ នឹងសាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន សំឡេងនោះ សូន្យបាត់ទៅហើយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា។

ពួកជនអ្នកមិនសង្រួម តែងចាក់ដោតគេដោយវាចា ដូចជា (ទាហានតទល់) កាលចាក់ដំរី ដែលទៅកាន់សង្រ្គាម ដោយសរទាំងឡាយ ភិក្ខុបានឮពាក្យអាក្រក់ ដែលពួកជនដទៃពោលហើយ ជាអ្នកមានចិត្តមិនប្រទូស្ត ហើយគប្បីអត់ទ្រាំបាន។

ចប់ សូត្រ ទី៨។

(ឧបសេន)សូត្រ ទី៩

(៩. ឧបសេនសុត្តំ)

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ទៅក្នុងទីស្ងាត់ ហើយសម្ងំនៅ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ឱហ្ន៎ អញពេញជាមានលាភ ឱហ្ន៎ អញពេញជាបានល្អ (ព្រោះ) ព្រះមានព្រះភាគ ជាគ្រូអញ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធផង អញក៏បានចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងធម្មវិន័យដែលព្រះមានព្រះភាគ ត្រាស់ទុកដោយប្រពៃផង ពួកសព្រហ្មចារីរបស់អញ ជាអ្នកមានសីល មានកល្យាណធម៌ផង អញជាអ្នកធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយផង អ្នកមានចិត្តតាំងមាំល្អ មានចិត្តមូលនឹង ក្នុងអារម្មណ៍តែមួយផង ជាអរហន្តខីណាស្រពផង អ្នកមានឫទ្ធិច្រើន មានអានុភាពច្រើនផង រស់នៅក៏ចំរើន ស្លាប់ក៏ចំរើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ដោយព្រះទ័យរបស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ជីវិតរបស់បុគ្គលណា មិនក្តៅក្រហាយ បុគ្គលនោះ រមែងមិនសោកក្នុងកាលជិតស្លាប់ ប្រសិនបើអ្នកប្រាជ្ញនោះឯង បានឃើញបទ គឺព្រះនិព្វាន រមែងមិនសោក ក្នុងកណ្តាលពួកអ្នកសោកឡើយ។ ភិក្ខុបានគាស់រំលើងតណ្ហាក្នុងភព មានចិត្តស្ងប់ មានជាតិសំសារអស់ហើយ ភពថ្មីទៀតមិនមានដល់ភិក្ខុហើយ។

ចប់ សូត្រ ទី៩។

(សារិបុត្តឧបសម)សូត្រ ទី១០

(១០. សារិបុត្តឧបសមសុត្តំ)

[១០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា។

ភិក្ខុអ្នកមានចិត្តស្ងប់រម្ងាប់ បានកាត់ផ្តាច់តណ្ហាសម្រាប់នាំទៅ (កាន់ភព) មានជាតិសំសារអស់ហើយ ភិក្ខុនោះ បានផុតហើយចាកចំណងនៃមារ។

ចប់ សូត្រ ទី១០។

ចប់ មេឃិយវគ្គ ទី៤។

ឧទ្ទាននៃមេឃិយវគ្គនោះគឺ

និយាយអំពីរឿងព្រះមេឃិយៈ ១ ពួកភិក្ខុដែលមានចិត្តអណ្តែតអណ្តូង ១ នាយគោបាល ១ ព្រះសារីបុត្តអង្គុយក្នុងទីវាល ក្នុងរាត្រីខាងខ្នើត ១ ពុទ្ធនាគ និងហត្ថីនាគ ១ ជាគំរប់ប្រាំ ព្រះបិណ្ឌោលភារទ្វាជៈ ១ ព្រះសារីបុត្ត ១ នាងបរិព្វាជិកា ឈ្មោះសុន្ទរី ១ ជាគំរប់ប្រាំបី ព្រះឧបសេនវង្គន្តបុត្ត ១ ព្រះសារីបុត្ត ១ រួមទាំងអស់នោះត្រូវជា ១០។

 

លេខយោង

1)
សំដៅយកប្រេតតូចៗ ដែលត្រាច់រង្គាត់ក្នុងទីទាំងឡាយ មានគំនរសម្រាមជាដើម។
km/tipitaka/sut/kn/uda/sut.kn.uda.v4.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann