km:tipitaka:sut:kn:uda:sut.kn.uda.v5

សោណត្ថេរវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v5 បាលី cs-km: sut.kn.uda.v5 អដ្ឋកថា: sut.kn.uda.v5_att PTS: ?

សោណត្ថេរវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. សោណវគ្គោ)

(បិយតរ)សូត្រ ទី១

(១. បិយតរសុត្តំ)

[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះបាទបសេនទិកោសល គង់នៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះនាងមល្លិកាទេវី។ គ្រានោះ ព្រះរាជាបសេនទិកោសល ទ្រង់សួរព្រះនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួននៃនាងមានដែរឬ។ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនរបស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនព្រះអង្គ មានដែរឬ។ ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ។ លំដាប់នោះ ព្រះរាជាបសេទិកោសល ទ្រង់យាងចុះអំពីប្រាសាទហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះរាជាបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ដំណាលសេចក្តីនេះ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គនៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងនាងមល្លិកាទេវី ហើយសួរនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃនាង មានដែរឬ លុះខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ទើបនាងមល្លិកាទេវីតបថា បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនព្រះអង្គ មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន លុះនាងមល្លិកាទេវី សួរយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គឆ្លើយនឹងនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលមានចិត្តរំពឹងរកគ្រប់ទិស ក៏មិនបានបុគ្គលជាទីស្រលាញ់ជាងខ្លួន ក្នុងទីណាឡើយ ចំណែកខ្លួននោះ ទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនេះ ព្រោះហេតុនោះ បុគ្គលអ្នកស្រលាញ់ខ្លួន មិនត្រូវបៀតបៀនបុគ្គលដទៃឡើយ។

ចប់ សូត្រ ទី១។

(អប្បាយុក)សូត្រ ទី២

(២. អប្បាយុកសុត្តំ)

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមាតារបស់ព្រះមានព្រះភាគ មានព្រះជន្មាយុតិចណាស់ កាលព្រះមានព្រះភាគ ប្រសូតបាន ៧ ថ្ងៃ ព្រះមាតារបស់ព្រះអង្គ ទ្រង់សោយព្រះវិលាល័យ ទៅកើតក្នុងទេវនិកាយ ឯស្ថានតុសិត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនុ៎ះ មែនហើយ ម្នាលអានន្ទ ដំណើរនុ៎ះមែនហើយ ម្នាលអានន្ទ ព្រោះថា ព្រះមាតារបស់ពោធិសត្វទាំងឡាយ តែងមានព្រះជន្មាយុតិច កាលព្រះពោធិសត្វទាំងឡាយ ទ្រង់ប្រសូតបាន ៧ ថ្ងៃ ព្រះមាតារបស់ពោធិសត្វទាំងឡាយ ក៏សោយព្រះវិលាល័យ ហើយទៅកើតក្នុងទេវនិកាយ ឯស្ថានតុសិត (ជាធម្មតា)។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកសត្វណាមួយ ដែលកើតហើយក្តី នឹងកើត (ក្នុងអនាគត) ក្តី ពួកសត្វទាំងអស់នោះ នឹងលះបង់នូវរាងកាយ ទៅកាន់ (បរលោក) ដូចគ្នា បណ្ឌិតអ្នកឈ្លាស ដឹងច្បាស់សេចក្តីសាបសូន្យ ទាំងអស់នោះហើយ គួរជាអ្នកមានព្យាយាម ប្រព្រឹត្តព្រហ្មចរិយធម៌។

ចប់ សូត្រ ទី២។

(សុប្បពុទ្ធកុដ្ឋិ)សូត្រ ទី៣

(៣. សុប្បពុទ្ធកុដ្ឋិសុត្តំ)

[១១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង មនុស្សឃ្លង់ម្នាក់ ជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ឈ្មោះសុប្បពុទ្ធ នៅក្នុងក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទច្រើន គាល់ជុំវិញ កំពុងសំដែងធម៌។ សុប្បពុទ្ធកុដ្ឋិ បានឃើញអំពីចម្ងាយ នូវពួកមហាជនប្រជុំគ្នា លុះឃើញហើយ គាត់មានសេចក្តីត្រិះរិះថា គេនឹងចែកខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះ ដោយឥតសង្ស័យ បើដូច្នោះ អញនឹងចូលទៅរកពួកមហាជន ដោយគិតថា ធ្វើម្តេចទៅហ្ន៎ អញនឹងបានខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនុ៎ះ។ លំដាប់នោះ សុប្បពុទ្ធកុដ្ឋិ ចូលសំដៅទៅរកពួកមហាជន សុប្បពុទ្ធកុដ្ឋិ បានឃើញព្រះមានព្រះភាគ ដែលបរិស័ទជាច្រើន គាល់ជុំវិញ កំពុងគង់សំដែងធម៌ លុះឃើញហើយ គាត់ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ គេមិនចែកខាទនីឃៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះទេ ព្រះសមណៈគោតមនេះ ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ បើដូច្នោះ គួរតែអាត្មាអញស្តាប់ធម៌ដែរ គាត់ក៏អង្គុយក្នុងទីសមគួរក្នុងទីនោះ គិតថា អាត្មាអញ នឹងស្តាប់ធម៌ដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យ កំណត់ចិត្តបរិស័ទទាំងអស់ ដោយព្រះហឫទ័យថា នរណាហ្ន៎ គួរត្រាស់ដឹងធម៌ក្នុងទីនេះបាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសុប្បពុទ្ធកុដ្ឋិ ដែលអង្គុយក្នុងបរិស័ទនោះ លុះទ្រង់ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះថា សុប្បពុទ្ធកុដ្ឋិនេះឯង គួរដើម្បីដឹងធម៌បានក្នុងទីនេះ ទើបទ្រង់សំដែងអនុបុព្វីកថា ប្រារព្ធសុប្បពុទ្ធកុដ្ឋិ គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសដ៏លាមកសៅហ្មងនៃកាមគុណ និងអានិសង្សក្នុងការចេញបួស។ ព្រះមានព្រះភាគ បានជ្រាបថា សុប្បពុទ្ធកុដ្ឋិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លាក្នុងកាលណាហើយ ទ្រង់ប្រកាសធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងព្រះអង្គឯង គឺសំដែងទុក្ខសមុទយ និរោធ និងមគ្គ ក្នុងកាលនោះ។ ធម្មចក្ខុ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់សុប្បពុទ្ធកុដ្ឋិ ក្នុងទីអង្គុយនោះថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតាដូច្នេះ ដូចសំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ យ៉ាងដូច្នោះឯង។

[១១៣] គ្រានោះ សុប្បពុទ្ធកុដ្ឋិ ឃើញធម៌ហើយ បានធម៌ហើយ ដឹងធម៌ហើយ ចុះកាន់ធម៌ស៊ប់ហើយ ឆ្លងសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ហើយក្រោកចាកទីអង្គុយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុប្បពុទ្ធកុដ្ឋិ អង្គុយក្នុងទីសមគួរហើយ សរសើរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទេសនាដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ដូចបុរសផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា ពួកអ្នកមានភ្នែកឃើញរូបទាំងឡាយ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមព្រះមានព្រះភាគ ចាំទុកខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ។ គ្រានោះ សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រានោះ មេគោមានកូនខ្ចី មកបុះសុប្បពុទ្ធកុដ្ឋិ ដែលទើបនឹងចេញទៅមិនយូរប៉ុន្មាន ឲ្យដាច់ចាកជីវិត។ គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា (ឥឡូវនេះ) សុប្បពុទ្ធកុដ្ឋិនោះស្លាប់ហើយ គតិរបស់គាត់ តើដូចម្តេច បរលោករបស់គាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាបណ្ឌិត បានដឹងធម៌សមគួរតាមធម៌ហើយ មិនបៀតបៀនតថាគត ព្រោះហេតុនៃការសំដែងធម៌ទៀតទេ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាសោតាបន្នបុគ្គល មានសណ្តាប់ឆ្នាប់មិនធ្លាក់ចុះ មានគតិទៀងទាត់ មានសម្ពោធិធម៌ប្រព្រឹត្តទៅខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនធម៌ ៣ ប្រការ។

[១១៤] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុ ១ រូប ទូលសួរព្រះមានព្រះភាគទៀតថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសុប្បពុទ្ធកុដ្ឋិ ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាប។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សុប្បពុទ្ធកុដ្ឋិ កើតជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះនេះឯង សេដ្ឋីបុត្រនោះ ចេញទៅកាន់ឧទ្យានភូមិ បានឃើញព្រះតគរសិខីបច្ចេកពុទ្ធ ដែលកំពុងត្រាច់ទៅបិណ្ឌបាតក្នុងក្រុង លុះឃើញហើយ ទើបសេដ្ឋីបុត្រនោះគិតថា សមណៈគំលង់នេះ ដើរធ្វើអ្វី ហើយស្តោះទឹកមាត់ ធ្វើដោយអាការពេបជ្រាយ ហើយចៀសចេញទៅ។ ដោយផលនៃកម្មនោះ សេដ្ឋីបុត្រនោះ ក៏ទៅឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន គឺអស់រយនៃឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំ និងសែននៃឆ្នាំជាច្រើន ដោយសំណល់នៃផលកម្មនោះ ទើបគាត់កើតមកជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ក្នុងក្រុងរាជគ្រឹះនេះឯង សុប្បពុទ្ធកុដ្ឋិនោះ បានអាស្រ័យធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ កាន់យកសទ្ធាដោយប្រពៃ កាន់យកសីលដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញាដោយប្រពៃ សុប្បពុទ្ធកុដ្ឋិនោះ លុះអាស្រ័យធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏កាន់យកសទ្ធាដោយប្រពៃ កាន់យកសីល ដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញា ដោយប្រពៃ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ ក៏រុងរឿង កន្លងលើសពួកទេវតាឯទៀត ក្នុងទីនោះ ដោយពណ៌សម្បុរផង ដោយយសបរិវារផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បណ្ឌិតគប្បីវៀរស្រឡះកម្មដ៏លាមក ក្នុងជីវលោកចេញ ដូចបុរសមានចក្ខុ វៀរស្រឡះទីមិនស្មើ ក្នុងកាលដែលដើរទៅ។

ចប់ សូត្រ ទី៣។

(កុមារក)សូត្រ ទី៤

(៤. កុមារកសុត្តំ)

[១១៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកកុមារច្រើន កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់ទតឃើញនូវពួកកុមារច្រើននាក់ទាំងនោះ កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន លុះឃើញហើយ ទើបទ្រង់ឆៀងចូលទៅរកពួកកុមារទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់សួរពួកកុមារទាំងនោះថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខឬ សេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេឬ។ ព្រះករុណា ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ខ្លាចសេចក្តីទុក្ខដែរ សេចក្តីទុក្ខ មិនជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គទាំងឡាយទេ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានេះថា

បើអ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខ បើសេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ កុំធ្វើបាបកម្ម ក្នុងទីវាល ឬក្នុងទីកំបាំងឡើយ ប្រសិនបើអ្នកទាំងឡាយនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នកទាំងឡាយ គេចរត់ទៅ ក៏មិនរួចចាកទុក្ខឡើយ។

ចប់ សូត្រ ទី៤។

(ឧបោសថ)សូត្រ ទី៥

(៥. ឧបោសថសុត្តំ)

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាថ្ងៃឧបោសថនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងរោងឧបោសថនោះ។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំ ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីបឋមយាម កន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ពួកភិក្ខុ។ កាលព្រះអានន្ទ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏គង់ស្ងៀម។ កាលរាត្រីមជ្ឈិមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ អស់វារៈពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីមជ្ឈិមយាមកន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងបាតិមោក្ខដល់ពួកភិក្ខុទាំងឡាយ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់ស្ងៀម អស់វារៈពីរដង។ លុះវេលារាត្រីបច្ឆិមយាម កន្លងហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ក្នុងវេលាដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីបច្ឆិមយាមកន្លងហើយ អរុណរះហើយ រាត្រីក៏ប្រាកដដូចមានមុខស្រស់ហើយ ភិក្ខុសង្ឃអង្គុយរង់ចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងបាតិមោក្ខដល់ពួកភិក្ខុ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិស័ទមិនបរិសុទ្ធទេ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់សំដៅបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិស័ទមិនបរិសុទ្ធយ៉ាងនេះ។ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត ដោយចិត្តរបស់លោក ហើយធ្វើទុកក្នុងចិត្ត ចំពោះភិក្ខុសង្ឃទាំងអស់។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលទ្រុស្តសីលនោះ មានធម៌លាមក មានមារយាទមិនល្អ គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាថា ខ្លួនជាសមណៈ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជា្ញថា ខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម អង្គុយក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹង បុគ្គលនោះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ។ លំដាប់នោះ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុនោះ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ។ បុគ្គលនោះ នៅស្ងៀមអស់វារៈពីរដងទៀត។ ព្រះមហាមោគ្គលា្លនដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ។ បុគ្គលនោះ ក៏នៅស្ងៀមអស់វារៈជាគំរប់បីដង។ តពីនោះមក ព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយស៊កខ្ទាស់គន្លឹស និងរនុកទ្វារ រួចចូលមករកព្រះមានព្រះភាគវិញ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលនោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យចេញទៅហើយ ឥឡូវនេះ បរិស័ទបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងបាតិមោក្ខ ដល់ពួកភិក្ខុឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន គួរអស្ចារ្យណាស់ ម្នាលមោគ្គល្លាន ចំឡែកណាស់ មោឃបុរសនោះ មិនសមបើនឹងក្រាញនៅបង្អង់ ទាល់តែគេចាប់ទាញដៃសោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងឈប់ធ្វើឧបោសថ សំដែងបាតិមោក្ខ អំពីកាលនេះ ម្នាលភិក្ខុទាំងឡាយ លំដាប់អំពីនេះ អ្នកទាំងឡាយ ធ្វើឧបោសថ សំដែងបាតិមោក្ខចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ធ្វើឧបោសថ សំដែងបាតិមោក្ខ ដល់បរិស័ទដែលមិនបរិសុទ្ធ ដោយហេតុណា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានធម្មតាដែលអស្ចារ្យ កើតចំឡែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ រីករាយ ក្នុងមហាសមុទ្រ។ ធម្មតាអស្ចារ្យ ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូងទៅតែម្តង ដូចជាអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ ដែលមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូងទៅតែម្តង ដូចជាអណ្តូងដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានទេ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី២ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបានទេ បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបាន បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោក មួយរំពេច ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី៣ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទន្លេធំ ៗ ទាំងឡាយណាមួយ ដូចទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ទន្លេធំ ៗ ទាំងឡាយណាមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រ ដើម (របស់ខ្លួន) ដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី៤ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរគគាច ទៅរកមហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញ ដោយទឹកទន្លេ និងធារទឹកភ្លៀងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរទៅរកមហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងធារទឹកភ្លៀងទាំងនោះ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី៥ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចំឡែក ទី៦ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានរតនៈតែម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមានក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកដ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានរតនៈតែម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកដ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ ដែលកើតចំឡែក ទី៧ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្ថភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំទាំងនេះ ក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្តភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ ដែលកើតចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ធម្មតា អស្ចារ្យ ដែលកើតចំឡែកទាំង ៨ ប្រការនេះ តែងមានក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយក្នុងមហាសមុទ្រ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានសភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ រីករាយ ក្នុងធម្មវិន័យនេះ ដូចមហាសមុទ្រដែរ។ សភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តងទេ ដូចជាមហាសមុទ្រ ដែលមានទីទំនាបដោយលំដាប់ មានទីជម្រាល ដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូង ទៅតែម្តង ដូចអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ តែងមានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទឡើយ ដូចមហាសមុទ្រ ដែលមានទឹកនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានដូច្នោះឯង ម្នាលភិក្ខុទំាងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្ត ដល់សាវ័កទំាងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះ ដោយសភាពណា នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី២ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទំាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបំាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រត្តឹធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃមិននៅរួមជាមួយបុគ្គលនោះទេ សង្ឃប្រជុំគ្នានំាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដូចមហាសមុទ្រ មិននៅរួមជាមួយសាកសពស្លាប់ទេ បើសាកសពស្លាប់ណាមួយ ដែលមានក្នុងមហាសមុទ្រ មហាសមុទ្រតែងបន្សាត់សាកសពនោះ ទៅរកច្រំាំង ផាត់ឡើងទៅលើគោកមួយរំពេច ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស បិទបំាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃមិននៅរួមជាមួយបុគ្គលនោះ សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី៣ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយ ឃើញហើយ តែងត្រេកអរក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ វណ្ណៈ ៤ ពួកនេះ គឺខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដូចទន្លេធំ ៗ ទាំងឡាយគឺ ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថាជាមហាសមុទ្រតែម្យ៉ាង ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ វណ្ណៈទាំង ៤ ពួកគឺ ខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៤ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញដោយភិក្ខុទាំងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកទន្លេទាំងឡាយណាមួយក្នុងលោក ហូរស្រោចចុះទៅកាន់មហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដថាជាស្រក ឬពេញដោយទឹកនោះ ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ ទុកជាពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុទាំងនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៥ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរស់តែមួយ គឺវិមុត្តិរស ដូចមហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៦ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយប៉ុណ្ណោះទេ រតនៈនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដូចមហាសមុទ្រ ដែលមានរតនៈច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈទាំងនេះ ក្នុងមហាសមុទ្រនោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកដ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយសភាពណា នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៧ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ នៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ព្រះអរហន្ត និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ អរហត្តផល ដូចជាមហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំ ៗ ជាច្រើន ឯពួកសត្វទាំងនេះ ក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្តភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ ដែលមាននៅក្នុងមហាសមុទ្រដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ព្រះអរហន្ត និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អរហត្តផល ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហើយដែលហៅថា សភាពអស្ចារ្យ ដែលកើតចំឡែក ៨ ប្រការ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀត ព្រោះហេតុនោះ ភិក្ខុ (ណាមួយ) ត្រូវអាបត្តិ ដែលបិទបាំងហើយ ភិក្ខុ (នោះ) ត្រូវតែបើកអាបត្តិចេញ កាលបើយ៉ាងនេះ ទើបមិនត្រូវអាបត្តិនោះទៀត។

ចប់ សូត្រ ទី៥។

(សោណ)សូត្រ ទី៦

(៦. សោណសុត្តំ)

[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបវត្តៈ ទៀបក្រុងឈ្មោះកុរុរឃរៈ ក្នុងអវន្តិជនបទ។ សម័យនោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ1) ជាឧបដ្ឋាក របស់ព្រះមហាកច្ចានៈដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈសំដែងធម៌ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នោះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ គ្រានោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ បាននិយាយពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះករុណានៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាច្ចានៈ តែងសំដែងធម៌ ដោយអាការណា បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខដែលដុតខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន។

[១២០] លុះឧបាសក និយាយយ៉ាងនេះហើយ ទើបមហាកច្ចានៈដ៏មានអាយុ ពោលតបនឹងឧបាសក ឈ្មោះសោណកុដិកណ្ណៈដូច្នេះថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់មួយជីវិត កម្របុគ្គលនឹងធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថ ក្នុងទីនោះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរតាមកាលចុះ។ លំដាប់នោះ ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ។ ឧបាសកសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្ត អស់វារៈពីរដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខ ដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ អស់វារៈពីរដង។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ (ដោយអាការនោះ ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន។ ព្រះមហាកច្ចានៈដ៏មានអាយុ និយាយប្រាប់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ធ្វើអស់វារៈពីរដងថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់ជីវិត កម្របុគ្គលធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថក្នុងទីនេះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរដល់កាលចុះ។ ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ អស់វារៈពីរដង។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះ អស់វារៈ ៣ ដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ជាគំរប់ ៣ ដង។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន។ លំដាប់នោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បំបួសឧបាសក ឈ្មោះសោណកុដិកណ្ណៈ (ក្នុងកាលនោះ)។

[១២១] សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិច។ វេលានោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏ប្រជុំភិក្ខុសង្ឃ ទសវគ្គ អំពីគាមនិគមនោះ ៗ ដោយកាលកន្លងទៅ ៣ ឆ្នាំ ដោយក្រលំបាក ហើយឲ្យសោណៈដ៏មានអាយុបានឧបសម្បទា។ គ្រានោះ ព្រះសោណៈដ៏មានអាយុ នៅចាំវស្សារួចហើយ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា អញមិនដែលឃើញព្រះមានព្រះភាគព្រះអង្គនោះ ក្នុងទីចំពោះមុខសោះ អញគ្រាន់តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់មានសភាព ដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍អនុញ្ញាតអញ ៗ គួរតែទៅគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ និយាយពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះករុណា នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អញមិនដែលឃើញព្រះមានព្រះភាគ ព្រះអង្គនោះ ក្នុងទីចំពោះមុខសោះ អញគ្រាន់តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ មានសភាពដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍អនុញ្ញាតអញ ៗ គួរតែទៅគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។ ព្រះមហាកច្ចានៈដ៏មានអាយុតបថា នែសោណៈ ប្រពៃណាស់ ប្រពៃណាស់ ម្នាលសោណៈ លោកចូរទៅគាល់ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះចុះ ម្នាលសោណៈ លោកនឹងឃើញព្រះមានព្រះភាគនោះ ជាទីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្រ្ទិយស្ងប់ មានព្រះទ័យស្ងប់ ដល់នូវការស្ងប់ និងការទូន្មានដ៏ឧត្តម បានទូន្មាន គ្រប់គ្រង មានឥន្រ្ទិយសង្រួមហើយ ជាព្រះពុទ្ធដ៏ប្រសើរ លុះឃើញហើយ ចូរថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគដោយត្បូង តាមពាក្យបណ្តាំរបស់ខ្ញុំ លោកចូរសួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងដោយរហ័សរហួន កំឡាំងកាយ និងការនៅជាសុខសប្បាយផង។ សោណភិក្ខុដ៏មានអាយុ ទទួលថា ព្រះករុណា លោកម្ចាស់ ហើយត្រេកអរ រីករាយនឹងភាសិតរបស់មហាកច្ចានៈដ៏មានអាយុ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ធ្វើប្រទក្សិណ ទុកដាក់សេនាសនៈ កាន់យកបាត្រ ចីវរហើយ ចេញទៅកាន់ចារិក ក្នុងក្រុងសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ សំដៅទៅឯក្រុងសាវត្ថី នាវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសោណភិក្ខុដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈដ៏មានអាយុ ជាឧបជ្ឈាយ៍នៃខ្ញុំព្រះអង្គ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង សួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងរហ័សរហួន កំឡាំងកាយ និងការនៅជាសុខសប្បាយផង។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលភិក្ខុ អ្នកគួរអត់ធន់បានដែរឬ គួរឲ្យប្រព្រឹត្តទៅបានដែរឬ អ្នកមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ទាំងមិនលំបាកដោយចង្ហាន់ទេឬ។ បពិត្រព្រះមានព្រះភាគ គួរអត់ធន់បាន បពិត្រព្រះមានព្រះភាគ គួរឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេ ទាំងមិនលំបាកដោយចង្ហាន់បិណ្ឌបាតឡើយ។

[១២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់បង្គាប់អញ ឲ្យក្រាលអាសនៈសម្រាប់ភិក្ខុណា ដោយព្រះពុទ្ធដីកាថា អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ ព្រះមានព្រះភាគ ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងសោណភិក្ខុដ៏មានអាយុ។ ព្រះមានព្រះភាគ ទ្រង់ប្រថាប់ក្នុងលំនៅណា អានន្ទក៏ក្រាលសេនាសនៈ សម្រាប់សោណភិក្ខុដ៏មានអាយុ ក្នុងលំនៅនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្ទំនៅក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាហើយ ក៏លាងព្រះបាទហើយ ចូលទៅកាន់វិហារ។ ឯសោណភិក្ខុដ៏មានអាយុ ក៏សិងក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាទៅហើយ ក៏លាងជើង ហើយចូលទៅកាន់វិហារដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ត្រាស់បង្គាប់ព្រះសោណៈដ៏មានអាយុថា ម្នាលភិក្ខុ ការសំដែងធម៌ នឹងប្រាកដដល់លោក។ ព្រះសោណៈដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយសំដែងព្រះសូត្រ ១៦ ក្នុងអដ្ឋកវគ្គទាំងអស់ ដោយសំឡេង (បទសរភញ្ញ)។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សរសើរព្រះសោណភិក្ខុដ៏មានអាយុ ក្នុងទីបំផុតនៃការសំដែង ដោយសំឡេងថា ម្នាលភិក្ខុ ពីរោះណាស់ ម្នាលភិក្ខុ សូត្រដែលមានក្នុងអដ្ឋកវគ្គ អ្នករៀនល្អហើយ យកចិត្តទុកដាក់ល្អហើយ ចាំស្ទាត់ហើយ អ្នកជាភិក្ខុប្រកបដោយវាចាដ៏ពីរោះ ក្បោះក្បាយ ជាវាចាមិនមានទោស អាចញ៉ាំងបុគ្គលដទៃ ឲ្យដឹងច្បាស់សេចក្តីបាន ម្នាលភិក្ខុ អ្នកមានវស្សាប៉ុន្មាន។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងបានមួយវស្សា។ ម្នាលភិក្ខុ ហេតុអ្វីក៏អ្នកធ្វើឲ្យយូរយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ទោសក្នុងកាមគុណ ខ្ញុំព្រះអង្គឃើញយូរហើយដែរ តែថា ធម្មតា ឃរាវាស ជាធម៌ចង្អៀត មានកិច្ចច្រើន មានការងារច្រើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

អរិយៈឃើញទោស ក្នុងសង្ខារលោក ដឹងនូវនិព្វានធម៌ដែលគ្មានឧបធិហើយ រមែងមិនត្រេកអរក្នុងបាប (ដូច) បុគ្គលស្អាត មិនត្រេកអរក្នុងវត្ថុអាក្រក់។

ចប់ សូត្រ ទី៦។

(កង្ខារេវត)សូត្រ ទី៧

(៧. កង្ខារេវតសុត្តំ)

[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះកង្ខារេវតៈដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ ហើយរំពឹងនូវកង្ខាវិតរណវិសុទ្ធិ (សេចក្តីបរិសុទ្ធិព្រោះឆ្លងនូវសេចក្តីសង្ស័យ) របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏ទតឃើញព្រះកង្ខារេវតៈដ៏មានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ហើយ រំពឹងនូវកង្ខាវិតរណវិសុទ្ធិរបស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សេចក្តីសង្ស័យទាំងឡាយណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី ដែលបុគ្គលគប្បីដឹង ក្នុងអត្តភាពរបស់ខ្លួន ឬគប្បីដឹងក្នុងអត្តភាពរបស់បុគ្គលដទៃ បុគ្គលអ្នកមានឈាន មានព្យាយាម កាលប្រព្រឹត្តព្រហ្មចរិយធម៌ រមែងលះបង់នូវសេចក្តីសង្ស័យទាំងអស់នោះបាន។

ចប់ សូត្រ ទី៧។

(សង្ឃភេទ)សូត្រ ទី៨

(៨. សង្ឃភេទសុត្តំ)

[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ ក្នុងឧបោសថថ្ងៃនោះ។ ទេវទត្តបានឃើញនូវព្រះអានន្ទដ៏មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះឃើញហើយ ចូលសំដៅមករកព្រះអានន្ទដ៏មានអាយុ លុះចូលមកដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ និងសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន)។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ បពិត្រព្រះអង្គដ៏ចំរើន ទេវត្ត ក៏បានឃើញខ្ញុំព្រះអង្គ កំពុងត្រាច់ទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ឆៀងចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ និយាយនឹងខ្ញុំព្រះអង្គថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះ ជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន) បពិត្រព្រះអង្គដ៏ចំរើន ទេវទត្ត នឹងបំបែកសង្ឃក្នុងថ្ងៃនេះ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន)។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

អំពើល្អ មនុស្សល្អ ធ្វើបានដោយងាយ អំពើល្អ មនុស្សអាក្រក់ ធ្វើបានដោយកម្រ អំពើអាក្រក់ មនុស្សអាក្រក់ ធ្វើបានដោយងាយ អំពើអាក្រក់ ពួកព្រះអរិយៈធ្វើបានដោយកម្រ។

ចប់ សូត្រ ទី៨។

(សធាយមាន)សូត្រ ទី៩

(៩. សធាយមានសុត្តំ)

[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយភិក្ខុសង្ឃច្រើនរូប។ សម័យនោះ មាណពច្រើននាក់ (ក្មេងៗ) មានសភាពជាអ្នកនិយាយកោកកាក ដើរមកក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឃើញពួកមាណពច្រើននាក់ ដែលកំពុងនិយាយកោកកាក ដើរមកជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលល្ងង់ខ្លៅ មានសំដីធ្វើហាក់ដូចជាសំដីបណ្ឌិត ពោលវាចាជាវិស័យ (នៃវាចាព្រះអរិយៈ) ប្រាថ្នានូវការហើបមាត់និយាយ ចាក់បណ្តោយ ដរាបណា (វាក៏ហាមាត់និយាយ ដរាបនោះ) វាចាដែលបុគ្គលល្ងង់ខ្លៅណា នាំមកនិយាយ បុគ្គលល្ងង់ខ្លៅនោះ មិនដឹងច្បាស់វាចានោះទេ។

ចប់ សូត្រ ទី៩។

(ចូឡបន្ថក)សូត្រ ទី១០

(១០. ចូឡបន្ថកសុត្តំ)

[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះចូឡបន្ថកៈដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ (ចំពោះកម្មដ្ឋាន) ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឃើញចូឡបន្ថកៈដ៏មានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ ក្នុងទីជិតនៃព្រះមានព្រះភាគ។ លុះព្រះមានព្រះភាគជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុមានកាយខ្ជាប់ខ្ជូន មានចិត្តខ្ជាប់ខ្ជួន ទោះបីឈរ អង្គុយ ឬដេក តែងដម្កល់សតិនុ៎ះ ភិក្ខុនោះ គប្បីបានគុណវិសេសមានទីបំផុតខាងដើម លុះបានគុណវិសេសមានទីបំផុតខាងដើមហើយ ក៏ដល់នូវការមិនជួបប្រទះមច្ចុរាជ។

ចប់ សូត្រ ទី១០។

ចប់ សោណតេ្ថរវគ្គ ទី៥។

ឧទ្ទាននៃសោណត្ថេរវគ្គនោះគឺ

និយាយអំពីព្រះបាទបសេទិកោសល ១ ពុទ្ធមាតាមានព្រះជន្មាយុតិច ១ សុប្បពុទ្ធកុដ្ឋិ ១ ពួកកុមារ ១ ឧបោសថ ១ សោណកុដិកណ្ណៈ ១ កង្ខារេវតៈ ១ ព្រះអានន្ទ ១ មាណពច្រើននាក់មានវាចាកោកកាក ១ ចូឡបន្ថកភិក្ខុ ១។

 

លេខយោង

1)
អ្នកពាក់គ្រឿងប្រដាប់ត្រចៀក មានតម្លៃមួយកោដិ បានជាគេហៅថា កុដិកណ្ណៈ។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.v5.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann