km:tipitaka:sut:kn:uda:sut.kn.uda.v6

ជច្ចន្ធវគ្គ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v6 បាលី cs-km: sut.kn.uda.v6 អដ្ឋកថា: sut.kn.uda.v6_att PTS: ?

ជច្ចន្ធវគ្គ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ជច្ចន្ធវគ្គោ)

(អាយុសង្ខារោស្សជ្ជន)សូត្រ ទី១

(១. អាយុសង្ខារោស្សជ្ជនសុត្តំ)

[១២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ ព្រះអង្គកាលត្រាច់ទៅបិណ្ឌបាតក្នុងក្រុងវេសាលី ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏ត្រាស់ប្រាប់អានន្ទដ៏មានអាយុថា នែអានន្ទ អ្នកចូរយកនិសីទនៈ យើងនឹងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយកាន់យកនិសីទនៈ ទៅតាមក្រោយនៃព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅឯបាវាលចេតិយ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាល លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា នែអានន្ទ ទីក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ1) គួរជាទីត្រេកអរ គោតមកចេតិយ2) ជាទីត្រេកអរ សត្តម្ពចេតិយ3) ជាទីត្រេកអរ ពហុបុត្តចេតិយ4) ជាទីត្រេកអរ សារន្ទចេតិយ5) ជាទីត្រេកអរ បាវាលចេតិយ6) ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ យ៉ាង ដែលបុគ្គលណាមួយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រាព្ធល្អហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅអស់អាយុកប្ប7) ឬលើសពីអាយុកប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ តថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន។

[១២៨] កាលដែលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចនឹងយល់បាន ទាំងមិនបានអារាធនា នូវព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់អាយុកប្ប សូមព្រះសុគត ឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត។ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់ពីរដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទ ៤ ដែលបុគ្គលណា ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ បុគ្គលនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បក៏បាន ម្នាលអានន្ទ ឥទ្ធិបាទ ៤ ដែលព្រះតថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន។ កាលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចយល់បាន ទាំងមិនបានអារាធនាព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គឋិតនៅអស់អាយុកប្ប សូមព្រះសុគតឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត។ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែលបុគ្គលណា ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ បុគ្គលនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសពីអាយុកប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែលព្រះតថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន។ លុះព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចយល់បាន ទាំងមិនបានអារាធនាព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់អាយុកប្ប សូមព្រះសុគត ឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត។

[១២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅ អ្នកចូរសំគាល់កាលដែលគួរទៅ ក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគ ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ អង្គុយទៀបគល់ឈើ ១ ដើម ជិតព្រះមានព្រះភាគ។

[១៣០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញទៅមិនយូរប៉ុន្មាន មារចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះមារចិត្តបាប ឋិតនៅក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ មារចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាការក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិន ដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ (គ្រឿងអាង) នៅមិនមានដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនសង្កត់សង្កិនដោយល្អ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគទ្រង់បរិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិ ដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួនហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនគួរសង្កត់សង្កិនដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណា តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុនី ជាសាវិកា របស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា នែមារចិត្តបាប ពួកឧបាសកជាសាវ័ករបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ បានរៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មានដរាបណា តថាគត នឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសកជាសាវ័ក របស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ បានរៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ពួកឧបាសិកា ជាសាវិការបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណា តថាគតនឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រព្រឹត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិ ដោយសេចក្តីកោតក្រែង ប្រតិបត្តិតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ព្រហ្មចរិយធម៌របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលដរាបណា ទាំងពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ ដរាណា តថាគតនឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចរិយធម៌ របស់ព្រះមានព្រះភាគ ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលហើយ ទាំងពួកទេវតា និងមនុស្ស ក៏សំដែងបានដោយប្រពៃ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វាន សូមព្រះសុគត បរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។

[១៣១] កាលបើមារទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹងមារចិត្តបាបថា ម្នាលមារចិត្តបាប ចូរអ្នកកុំមានសេចក្តីខ្វល់ខ្វាយចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ អំណើះទៅ ៣ ខែទៀត អំពីខែនេះ តថាគតនឹងបរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ដាក់អាយុសង្ខារ នាបាវាលចេតិយ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ មហាប្រថពីកក្រើក គួរឲ្យខ្លាច ព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ បានលះបង់កុសលចិត្តដែលគួរថ្លឹងបាន និងថ្លឹងមិនបានផង កិលេស ជាដែនកើតផង សង្ខារប្រព្រឹត្តទៅក្នុងភពផង ទ្រង់ត្រេកអរក្នុងខាងក្នុង មានព្រះហ្ឫទ័យតាំងមាំហើយ បានទំលាយបណ្តាញ គឺកិលេស ដែលមានខ្លួនជាដែនកើត ដូចជាគ្រឿងក្រោះ (របស់ទាហាន)។

ចប់ សូត្រ ទី១។

(សត្តជដិល)សូត្រ ទី២

(២. សត្តជដិលសុត្តំ)

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ឰដ៏ខាងក្រៅក្លោងទ្វារ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ គង់នៅក្នុងទីសមគួរ។ សម័យនោះឯង ពួកជដិល ៧ នាក់8) ពួកនិគ្រន្ថ ៧ នាក់9) ពួកអចេល ៧ នាក់10) ពួកឯកសាដក ៧ នាក់11) ពួកបរិព្វាជក ៧ នាក់12) សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែកមានប្រការផ្សេង ៗ ដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះបាទបសេនទិកោសល ទ្រង់ទតឃើញពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែក មានប្រការផ្សេង ៗ ហើយដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ លុះទ្រង់ទតឃើញហើយ ទើបក្រោកចាកអាសនៈ ធ្វើសំពត់ឆៀងស្មាម្ខាង ហើយលុតមណ្ឌលជង្គង់ខាងស្តាំចុះ លើប្រថពី ប្រណម្យអញ្ជលី ចំពោះពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់នោះ ហើយប្រកាសនាម (របស់ព្រះអង្គ) អស់វារៈ ៣ ដងថា បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល។ គ្រានោះ កាលពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល សេ្តចគង់ក្នុងទីសមគួរហើយ ទើបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកបួសណា ជាព្រះអរហន្ត ឬបានសម្រេចអរហត្តមគ្គក្នុងលោក បណ្តាអ្នកបួសទាំងនោះ ជាព្រះអរហន្តមួយដែរឬ។

[១៣៣] បពិត្រមហារាជ ដំណើរដែលថា បុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាសប្រាក់ ដឹងបានដោយក្រណាស់។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងដោយការនៅរួមគ្នា សីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងបានដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបាន អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងបាន ដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបាន ក្នុងវេលាមានអន្តរាយ ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។

[១៣៤] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ត្រង់ដែលព្រះមានព្រះភាគ សំដែងដោយប្រពៃថា បពិត្រមហារាជ ដំណើរដែលថាបុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាស ប្រាក់ ដឹងបានដោយក្រណាស់។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងបានដោយការនៅរួមគ្នា ទាំងសីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបានក្នុងវេលាមានអន្តរាយ ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនុ៎ះ ដូចជាចោរ ដើរតត្រុក ត្រួតត្រាជនបទ ពួកបុរសទាំងនោះ មកត្រួតត្រាមុន ខ្ញុំព្រះអង្គនឹងមកត្រួតត្រាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកបុរសទាំងនោះ បណ្តែតបន្សាត់បង់ធូលី និងមន្ទិលនោះចេញ ហើយងូតទឹក លាបស្រឡាបដោយល្អ កោរសក់ និងពុកមាត់ ស្លៀកពាក់សំពត់ពណ៌ស ឆ្អែតស្កប់ស្កល់ មូលមិត្តបំរើដោយកាមគុណប្រាំ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមកទាំងពួងទេ បុគ្គលមិនគប្បីជាបុរសនៃបុគ្គលដទៃ មិនគប្បីរស់នៅព្រោះអាស្រ័យអ្នកដទៃ មិនគប្បីប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការជួញប្រែទេ។

ចប់ សូត្រ ទី២។

(បច្ចវេក្ខណ)សូត្រ ទី៣

(៣. បច្ចវេក្ខណសុត្តំ)

[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ កំពុងគង់ពិចារណាពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលទ្រង់លះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចំរើនផង។ លុះព្រះមានព្រះភាគ ជ្រាបពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលព្រះអង្គលះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចំរើនផង ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកកិលេស មានរាគៈជាដើម ធ្លាប់មានហើយក្នុងកាលមុន ពួកកិលេសណាមួយ របស់តថាគត មិនបានមានហើយ ក្នុងខណៈនៃមគ្គញ្ញាណនោះទេ អរិយមគ្គ មិនធ្លាប់មានហើយ ក្នុងកាលមុន អរិយមគ្គ ក៏បានមានហើយ ក្នុងកាលណោះ ពួកកិលេសមិនបានមាន ក្នុងកាល (ជាអតីត) ផង មិនមានក្នុងកាល (ជាអនាគត) ផង មិនមានក្នុងកាលជាបច្ចុប្បន្នផង (ដល់តថាគត)។

ចប់ សូត្រ ទី៣។

(បឋមនានាតិត្ថិយ)សូត្រ ទី៤

(៤. បឋមនានាតិត្ថិយសុត្តំ)

[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក13) ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមាន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។

[១៣៧] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែន ធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌។ អន្យតិរ្ថិយ បរិព្វាជកទាំងនោះ កាលបើមិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។

[១៣៨] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះរាជា ១ អង្គ ក្នុងក្រុងសាវត្ថីនេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជានោះ ទ្រង់ហៅបុរសម្នាក់មកត្រាស់ បង្គាប់ថា នែបុរសដ៏ចំរើន ចូរអ្នកមកអាយ ចូរអ្នកទៅប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន ឲ្យមកជួបជុំគ្នាទាំងអស់ ក្នុងទីជាមួយគ្នា។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជា របស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន មកទាំងអស់ ហើយចូលគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព ពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថី ទាំងប៉ុន្មាន ខ្ញុំព្រះអង្គ បានឲ្យមកជួបជុំគ្នាទាំងអស់ហើយ។ ព្រះរាជាត្រាស់ថា ម្នាលនាយ បើដូច្នោះ ចូរអ្នកបង្ហាញដំរីដល់ពួកមនុស្សខ្វាក់ពីកំណើត។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជារបស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយក៏បង្ហាញដំរី ដល់មនុស្សខ្វាក់ពីកំណើតទាំងឡាយ គឺ បង្ហាញក្បាលដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញត្រចៀកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញភ្លុកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញប្រមោយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើត ទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្លួនដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញជើងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញខ្នងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាងឡាយ ដំរីបែបនេះ។ បង្ហាញកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ បង្ហាញរោមកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បង្ហាញដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតរួចហើយ ក៏ចូលទៅគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព មនុស្សខ្វាក់ពីកំណើតទាំងនោះ បានឃើញដំរីច្បាស់លាស់ហើយ សូមព្រះអង្គសំគាល់កាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឯព្រះរាជាអង្គនោះ ទ្រង់ចូលទៅរកមនុស្សខ្វាក់ពីកំណើតទាំងនោះ លុះចូលទៅដល់ ត្រាស់ព្រះរាជឱង្ការទៅនឹងមនុស្សខ្វាក់ពីកំណើតទាំងនោះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ បានឃើញដំរីហើយឬ។ ពួកមនុស្សខ្វាក់ពីកំណើត ឆ្លើយតបព្រះរាជឱង្ការថា ព្រះករុណាថ្លៃវិសេស។ ព្រះរាជាត្រាស់ថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ និយាយថា ដំរី យើងទាំងឡាយបានឃើញហើយ តើដំរីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញក្បាលដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចក្អម។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញស្លឹកត្រចៀកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចចង្អេរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញភ្លុកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចផាល។14) ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញប្រមោយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចយាមនង្គ័ល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្លួនដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចដោកស្រូវ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញជើងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចសសរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្នងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចត្បាល់ក្តឿង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអង្រែ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញរោមកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអម្បោស។ មនុស្សខ្វាក់ពីកំណើតទាំងនោះ ក៏ដាល់តប់គ្នានឹងគ្នាថា បែបនេះដំរី បែបនេះមិនមែនដំរីទេ បែបនេះមិនមែនដំរី បែបនេះទើបហៅថា ដំរី។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនោះ មានព្រះរាជហ្ឫទ័យត្រេកអរដោយហេតុនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌យ៉ាងនេះ កាលបើអន្យតិរ្ថិយ បរិព្វាជកទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សមណព្រាហ្មណ៍មួយពួក រមែងជាប់ក្នុងពួកទិដ្ឋិ ដែលឥតខ្លឹមសារទាំងនេះ ពួកជនអ្នកឃើញអវៈយវៈតែមួយ ៗ ទើបទាស់ទែង ជជែកគ្នា ព្រោះអាស្រ័យនូវទិដ្ឋិនិស័្សយនោះ។

ចប់ សូត្រ ទី៤។

(ទុតិយនានាតិត្ថិយ)សូត្រ ទី៥

(៥. ទុតិយនានាតិត្ថិយសុត្តំ)

[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងក៏មិនមែន អ្នកដទៃធ្វើក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀងទេ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ព្រោះអ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួត ប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌។

[១៤០] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី្។ លុះភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។បេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ កាលបើអន្យតិរិ្ថយទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សមណព្រាហ្មណ៍ទាំងឡាយមួយពួក តែងជាប់ចំពាក់ ក្នុងទិដ្ឋិនិស័្សយទាំងនេះ បើមិនទាន់បានដល់ព្រះនិព្វាន ជាទីពឹងនោះទេ រមែងលិចចុះ ក្នុងកណ្តាលនៃអន្លង់ គឺសង្សារ។

ចប់ សូត្រ ទី៥។

(តតិយនានាតិត្ថិយ)សូត្រ ទី៦

(៦. តតិយនានាតិត្ថិយសុត្តំ)

[១៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទិ្ធផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀងទេ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើខ្លួនឯងក៏មិនមែន អ្នកដទៃធ្វើក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។

[១៤២] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង អ្នកដទៃធ្វើ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ មិនធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃមិនធ្វើខ្លះ អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងក៏មាន អ្នកដទៃធ្វើក៏មាន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ កាលពួកសមណព្រាហ្មណ៍ទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ហើយ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកសមណព្រាហ្មណ៍មួយពួក មិនបានស្គាល់ប្រជុំពីរ នៃទិដ្ឋិនេះថា ពួកសត្វនេះ ខ្វល់ខ្វាយដោយអហង្ការទិដ្ឋិ ប្រកបដោយបរង្ការទិដ្ឋិ ទាំងមិនឃើញទិដ្ឋិនោះ ថាជាព្រួញទេ កាលបុគ្គលអាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ហើយពិចារណាថា អាត្មាអញធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ កាលបុគ្គលនោះ អាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ពិចារណាឃើញថា អ្នកដទៃធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ។ ពួកសត្វនេះ ប្រកបដោយមានះ ចាក់ស្រែះដោយមានះ ព័ទ្ធពន្ធ័ដោយមានះ ធ្វើការផ្ចុងផ្តើម ក្នុងទិដ្ឋិទាំងឡាយ មិនអាចកន្លងសង្សារបានឡើយ។

ចប់ សូត្រ ទី៦។

(សុភូតិ)សូត្រ ទី៧

(៧. សុភូតិសុត្តំ)

[១៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិត។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

វិតក្កៈទាំងឡាយ ដែលអរិយបុគ្គលណា កំចាត់បង់ហើយ សម្រេចហើយ ដោយប្រពៃ ក្នុងសន្តានឥតមានសេសសល់ មិនសំគាល់រូប ព្រោះកន្លងការជាប់ជំពាក់នោះ អរិយបុគ្គលនោះ មិនដល់នូវជាតិ ព្រោះបានកន្លងយោគធម៌ទាំង ៤ ហើយ។

ចប់ សូត្រ ទី៧។

(គណិកា)សូត្រ ទី៨

(៨. គណិកាសុត្តំ)

[១៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង មានមនុស្សពីរពួក ជាអ្នកមានតម្រេក មានចិត្តប្រតិព័ទ្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នាដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះហើយ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ មានមនុស្សពីរពួក មានតម្រេក មានចិត្តប្រតិព័ន្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នា ដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

អារម្មណ៍ណា ដែលបុគ្គលដល់ហើយក្តី អារម្មណ៍ណា ដែលបុគ្គលនឹងដល់ក្តី អារម្មណ៍ទាំងពីរនុ៎ះ រោយរាយ ដោយធូលី គឺរាគាទិកិ្កលេស របស់បុគ្គលអ្នកក្តៅក្រហាយ កាលសិក្សារឿយ ៗ ជនទាំងឡាយណា មានការសិក្សាជាខ្លឹម សីលព្វត ជីវិត ព្រហ្មចរិយៈ និងការបម្រើជាខ្លឹម នេះជាផ្លូវលាមក ទី១។ ជនទាំងឡាយណា មានវាទៈយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមានទេ នេះជាផ្លូវលាមក ទី២។ ផ្លូវលាមកទាំងពីរនុ៎ះ តែងចំរើនដោយព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា ព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា តែងធ្វើទិដ្ឋិឲ្យចំរើន ដោយប្រការដូច្នេះ។ សមណព្រាហ្មណ៍មួយពួក តែងរួញរា មួយពួកតែងស្ទុះទៅ ព្រោះមិនដឹងផ្លូវលាមកទាំងពីរនុ៎ះ។ អរិយបុគ្គលទាំងឡាយណា ដឹងច្បាស់ផ្លូវលាមកទាំងពីរហើយ អរិយបុគ្គលទាំងនោះ មិនធ្លាក់ចុះក្នុងផ្លូវលាមកទាំងពីរនុ៎ះទេ ទាំងមិនបានសំគាល់ខ្លួន ដោយការលះបង់ផ្លូវលាមកនោះឡើយ វដ្ដៈរបស់ពួកអរិយបុគ្គលនោះ មិនមានដើម្បីបញ្ញត្តិទេ។

ចប់ សូត្រ ទី៨។

(ឧបាតិធាវន្តិ)សូត្រ ទី៩

(៩. ឧបាតិធាវន្តិសុត្តំ)

[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីមានងងឹតអ័ព្ទ មានគេអុជប្រទីបថ្វាយ។ សម័យនោះឯង សត្វមមាចជាច្រើន ហើរឆ្វៀលឆ្វាត់ ជិតប្រទីបប្រេងនោះ ដល់សេចក្តីមិនចំរើន គឺទុក្ខ ដល់សេចក្តីវិនាស គឺស្លាប់ ដល់សេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះមានព្រះភាគ ទ្រង់បានឃើញសត្វមមាចច្រើនទាំងនោះ ហើរឆ្វៀលឆ្វាត់ជិតប្រទីបប្រេងទាំងនោះ ដល់សេចក្តីមិនចំរើន ដល់សេចក្តីវិនាស ដល់សេចក្តីមិនចំរើន និងសេចក្តីវិនាស។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សមណព្រាហ្មណ៍ទាំងឡាយ មិនទាន់បានត្រាស់ដឹងសារធម៌ មានសីលជាដើម រមែងប្រកាន់មាំ តែងញ៉ាំងចំណងថ្មី ៗ គឺតណ្ហា និងទិដ្ឋិឲ្យចំរើន រមែងធ្លាក់ (ក្នុងភ្នក់ភ្លើង គឺភព ៣) ដូចជាសត្វមមាច ដែលធ្លាក់ចូលក្នុងអណ្តាតភ្លើង សមណព្រាហ្មណ៍មួយពួក ប្រកាន់មាំក្នុងរូបដែលឃើញ និងសំឡេងដែលខ្លួនឮហើយ។

ចប់ សូត្រ ទី៩។

(ឧប្បជ្ជន្តិ)សូត្រ ទី១០

(១០. ឧប្បជ្ជន្តិសុត្តំ)

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតក្នុងលោក ដរាបណា ពួកអន្យតិរ្ថិយបរិព្វាជក មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក ដែលមិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឯង បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ព្រះអង្គមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ (ក៏ដូច្នោះដែរ)។ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតឡើងក្នុងលោក ដរាបណា ពួកអន្យតិរិ្ថយ បរិព្វាជកទាំងឡាយ ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះដែរ ម្នាលអានន្ទ កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក មិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឡើយ ឥឡូវនេះ តថាគត ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ ( ក៏ដូច្នោះដែរ )។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ព្រះអាទិត្យមិនទាន់រះឡើងដរាបណា សត្វអំពិលអំពែកនោះ ក៏រុងរឿងដរាបនោះ កាលបើព្រះអាទិត្យរះឡើង សត្វអំពិលអំពែក ក៏សាបសូន្យពន្លឺ មិនរុងរឿងទេ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ មិនទាន់កើតឡើងក្នុងលោក ដរាបណា សេចក្តីរុងរឿងរបស់ពួកតិរ្ថិយ (តែងមាន) ដរាបនោះ តិរ្ថិយទាំងឡាយ រមែងមិនស្អាត ទាំងពួកសាវ័ក ក៏មានទិដ្ឋិអាក្រក់ មិនស្អាត មិនគប្បីរួចចាកទុក្ខបានឡើយ។

ចប់ សូត្រ ទី១០។

ចប់ ជច្ចន្ធវគ្គ ទី៦។

ឧទ្ទាននៃជច្ចន្ធវគ្គនោះគឺ

និយាយអំពីការដាក់អាយុសង្ខារ ១ អំពីព្រះមានព្រះភាគទ្រង់ចេញអំពីទីស្ងាត់ ១ អំពីរាគាទិក្កិលេសមានហើយ ១ អំពីពួកសមណព្រាហ្មណ៍ទាស់ទែងគ្នា អាស្រ័យទិដ្ឋិ ១ អំពីពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេង ៗ ១ អំពីការជាប់នៅក្នុងទិដ្ឋិទាំងនោះ ១ អំពីសុភូតិ ជាគំរប់ប្រាំពីរ ១ អំពីការត្រេកអរ ក្នុងស្រីផ្កាមាស ១ អំពីសត្វមមាច គំរប់ប្រាំបួន ១ អំពីព្រះតថាគតទាំងឡាយ កើតឡើងក្នុងលោក ជាគំរប់ដប់។

 

លេខយោង

1)
ទីនោះ ជាទីនៅរបស់យក្សឈ្មោះឧទេន លុះគេសាងវត្តថ្វាយត្រង់កន្លែងនោះ ទើបហៅថា ឧទេនចេតិយតមក។
2)
ហៅតាមឈ្មោះយក្សដែរ។
3)
ហៅតាមព្រះរាជធីតា ទាំង៧អង្គ របស់ស្តេចក្នុងដែនកាសី ព្រះនាមកិកិស្សៈ នាងមានសេចក្តីសង្វេគ ទើបចេញពីក្រុងរាជគ្រឹះ ទៅតាំងព្យាយាមត្រង់ទីណា ទីនោះទើបហៅថា សត្តម្ពចេតិយ តមក។
4)
ត្រង់ទីនោះ មានដើមជ្រៃធំមួយដើម មានដើមជ្រៃតូចជាបរិវារ មានទេវតារក្សាដើមជ្រៃនោះ មនុស្សប្រាថ្នាកូនប្រុសស្រី តែងទៅបួងសួងត្រង់ដើមជ្រៃនោះ ទើបហៅថា ពហុបុត្តចេតិយ។
5)
ហៅតាមឈ្មោះយក្ស។
6)
ហៅតាមឈ្មោះយក្ស។ អដ្ឋកថា។
7)
ពាក្យថា អាយុកប្បនេះ សំដៅយកកំណត់អាយុរបស់មនុស្ស តាមជំនាន់ជួរអាយុច្រើនតិច។ អដ្ឋកថា។
8)
អ្នកបួសក្រៅពុទ្ធសាសនា ធ្វើជាតាបស។
9)
សភាពជានិគ្រន្ថ ទ្រទ្រង់សំលៀកបំពាក់ពណ៌ស។
10)
អាក្រាតឥតគ្រឿងសំលៀកបំពាក់ឡើយ។
11)
ចងកំណាត់សំពត់ត្រង់ដៃ ហើយនឹងបិទបាំង (ប៉ឹង) ខាងមុខសរីរៈ ដូចនិគ្រន្ថមានសំពត់សាដកតែមួយ។
12)
ឈ្មោះអ្នកបួសក្រៅពុទ្ធសាសនាដេរ។ អដ្ឋកថា។
13)
សំដៅយកពួកសមណៈ មាននិគ្រន្ថដែលប្រព្រឹត្តអាក្រាតជាដើម។ ពួកព្រាហ្មណ៍ មានកឋកលាកបព្រាហ្មណ៍ជាដើម។ ពួកបរិព្វាជក មានបោក្ខរសាតិបរិព្វាជកជាដើម។ អដ្ឋកថា
14)
ភ្លុកដំរី គួរប្រដូចនឹងអង្រែទើបសម ឬប្រហែលចុងភ្លុកទេដឹង បានជាលោកប្រៀបថាដូចផាល។
km/tipitaka/sut/kn/uda/sut.kn.uda.v6.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann