User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.v7

ចូឡវគ្គ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v7 បាលី cs-km: sut.kn.uda.v7 អដ្ឋកថា: sut.kn.uda.v7_att PTS: ?

ចូឡវគ្គ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. ចូឡវគ្គោ)

(បឋមលកុណ្ឌកភទ្ទិយ)សូត្រ ទី១

(១. បឋមលកុណ្ឌកភទ្ទិយសុត្តំ)

[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពន្យល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ។ លំដាប់នោះ ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែលព្រះសារីបុត្តដ៏មានអាយុ ពន្យល់ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាច្រើនប្រការហើយ ចិត្តក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែលព្រះសារីបុត្តដ៏មានអាយុ ពន្យល់ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ ចិត្តក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលរួចស្រឡះចាកសង្ខារទាំងពួង ក្នុងចំណែកខាងលើ គឺរូបធាតុ និងអរូបធាតុ ក្នុងចំណែកខាងក្រោម គឺ កាមធាតុ មិនឃើញថា នេះជាអាត្មាអញ លុះរួចស្រឡះយ៉ាងនេះហើយ ក៏បានឆ្លងអន្លង់ (ទាំង ៤) ដែលខ្លួនមិនធ្លាប់ឆ្លង មិនប្រព្រឹត្តទៅ ដើម្បីភពថ្មីទៀតឡើយ។

ចប់ សូត្រ ទី១។

(ទុតិយលកុណ្ឌកភទ្ទិយ)សូត្រ ទី២

(២. ទុតិយលកុណ្ឌកភទ្ទិយសុត្តំ)

[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង។ កាលព្រះមានព្រះភាគ ទ្រង់បានឃើញព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលបានកាត់ផ្តាច់វដ្តៈ បានដល់ព្រះនិព្វាន មិនមានតណ្ហា ស្ទឹងរីងស្ងួត មិនហូរទៅ យ៉ាងណា កិលេសវដ្តៈ ដែលបុគ្គលកាត់ហើយ រមែងមិនប្រព្រឹត្តទៅ (យ៉ាងនោះដែរ) នេះជាទីបំផុតទុក្ខ។

ចប់ សូត្រ ទី២។

(បឋមសត្ត)សូត្រ ទី៣

(៣. បឋមសត្តសុត្តំ)

[១៤៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី ជាប់ចំពាក់ក្នុងកាមទាំងឡាយ ហួសវេលាដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ។ លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សក្នុងក្រុងសាវត្ថីនេះ ជាប់ចំពាក់ក្នុងកាមទាំងឡាយ ហួសវេលាដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកបុគ្គលជាប់នៅក្នុងកាមទាំងឡាយ ឈ្មោះថា អ្នកជាប់នៅក្នុងគ្រឿងជាប់ចំពាក់ គឺកាម កាលបើមិនឃើញទោស ក្នុងសំយោជនៈ ឈ្មោះថា អ្នកជាប់នៅក្នុងគ្រឿងជាប់ចំពាក់ គឺ សំយោជនៈ ឆ្លងអន្លង់ដ៏ធំទូលាយ មិនបានដោយពិត។

ចប់ សូត្រ ទី៣។

(ទុតិយសត្ត)សូត្រ ទី៤

(៤. ទុតិយសត្តសុត្តំ)

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកមនុស្ស ក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរហើយ សេ្តចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ទតឃើញមនុស្សទាំងនោះ ក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយជាច្រើន ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ។ លុះព្រះមានព្រះភាគ ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ជនទាំងឡាយ ដែលងងឹតព្រោះកាម ដែលបណ្តាញ គឺតណ្ហា រួបរឹត ត្រូវដម្បូល គឺតណ្ហាបិទបាំង ជាប់នៅដោយកិលេសមារ ដូចជាពួកត្រីនៅក្នុងលប តែងដល់នូវជរា និងមរណៈ ដូចជាកូនគោនៅបៅដោះ តែងចូលទៅរកមេ។

ចប់ សូត្រ ទី៤។

(អបរលកុណ្ឌកភទ្ទិយ)សូត្រ ទី៥

(៥. អបរលកុណ្ឌកភទ្ទិយសុត្តំ)

[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ មានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមកអំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនុ៎ះ ដែលមានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យពួកភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមក អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់បាន សមាបត្តិនោះ មិនមែនបុគ្គលបានដោយងាយទេ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ទៅបួសក្នុងផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះ បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់អនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

រថ គឺអត្តភាព មានអវៈយវៈឥតទោស មានដម្បូលស មានកាំតែមួយ រមែងប្រព្រឹត្តទៅបាន អ្នកចូរមើលអត្តភាព (នោះ) មានខ្សែ គឺតណ្ហាកាត់ហើយ មិនមានចំណង មិនមានទុក្ខ កំពុងដើរមក។

ចប់ សូត្រ ទី៥។

(តណ្ហាសង្ខយ)សូត្រ ទី៦

(៦. តណ្ហាសង្ខយសុត្តំ)

[១៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតនៃព្រះមានព្រះភាគ ហើយពិចារណា តណ្ហាសង្ខយវិមុត្តិ គឺនិព្វាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិត ហើយពិចារណាតណ្ហាសង្ខយវិមុត្តិ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ឫស គឺអវិជ្ជា និងផែនដី គឺអាសវៈ មិនមានដល់អរិយបុគ្គលណា ស្លឹក គឺសេចក្តីស្រវឹង ក៏មិនមាន វល្លិ គឺមានះ នឹងមានមកអំពីណា បុគ្គលណា នឹងគួរតិះដៀល នូវអរិយបុគ្គលនោះ ដែលជាអ្នកប្រាជ្ញ ផុតចាកចំណងបាន សូម្បីពួកទេវតា ក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដែរ។

ចប់ សូត្រ ទី៦។

(បបញ្ចខយ)សូត្រ ទី៧

(៧. បបញ្ចខយសុត្តំ)

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ពិចារណាការលះបង់នូវការពិចារណាបបញ្ចសញ្ញា (សញ្ញាជាគ្រឿងយឺតយូរ) របស់ព្រះអង្គ។ លុះព្រះមានព្រះភាគ ជ្រាបការលះបង់នូវការពិចារណាបបញ្ចសញ្ញា របស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមានដល់បុគ្គលណា បុគ្គលនោះឈ្មោះថា បានកន្លងកិលេសជាតិជាគ្រឿងតផង ជើងគុល គឺអវិជ្ជាផង មនុស្សលោក ព្រមទាំងទេវលោក ក៏មិនមើលងាយអ្នកប្រាជ្ញ ដែលគ្មានតណ្ហា ហើយប្រព្រឹត្តទៅ ដោយញាណនោះបានឡើយ។

ចប់ សូត្រ ទី៧។

(កច្ចាន)សូត្រ ទី៨

(៨. កច្ចានសុត្តំ)

[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ក្នុងទីជិតហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

កាយគតាសតិ ដែលបុគ្គលណា ដម្កល់រឿយ ៗ គ្រប់កាល (កាយគតាសតិនោះ) មិនមានដល់បុគ្គលនោះផង មិនមានដល់អាត្មាអញ (ក្នុងអតីតកាលផង) នឹងមិនមានដល់អាត្មាអញ (ក្នុងអនាគតផង) មិនមានដល់អាត្មាអញ (ក្នុងកាលឥឡូវនេះ) ផង បុគ្គលនោះ ឈ្មោះថា នៅដោយអនុបុព្វវិហារធម៌ គប្បីឆ្លងតណ្ហា ជាពឹស ក្នុងកាល (ទាំង ៣) ក្នុងភពទាំង ៣ នោះបាន។

ចប់ សូត្រ ទី៨។

(ឧទបាន)សូត្រ ទី៩

(៩. ឧទបានសុត្តំ)

[១៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សេ្តចទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប ទ្រង់ចូលទៅដល់ព្រាហ្មណគ្រាម ឈ្មោះថូនៈ របស់ពួកមល្លជន។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ បានឮហើយ (ក៏ប្រកាសប្រាប់គ្នា) ថា ម្នាលគ្នាយើង ឮថា សមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកបួស ហើយស្តេចមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន បានមកដល់ថូនព្រាហ្មណគ្រាមហើយ ក៏នាំគ្នាយកស្មៅ និងអង្កាម ចាក់បំពេញអណ្តូងដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន។

[១៥៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ សំដៅទៅរកដើមឈើ ១ ដើម លុះចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ទ្រង់ត្រាស់ប្រើអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះ មកឲ្យតថាគត។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ឥណ្តូងនោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ យកស្មៅ និងអង្កាម ចាក់បំពេញ ដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះមកឲ្យតថាគត។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ អណ្តូងនោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ យកស្មៅ និងអង្កាម ចាក់បំពេញដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះ មកឲ្យតថាគត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់បាត្រ ដើរចូលទៅត្រង់អណ្តូងនោះ។ កាលបើព្រះអានន្ទដ៏មានអាយុ ចូលទៅ ក៏ស្រាប់តែអណ្តូងខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ពេញពោរដោយទឹកថ្លាមិនល្អក់ ស្អាតដរាបដល់មាត់វិញ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ ព្រះតថាគតមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា អណ្តូងនេះ កាលអាត្មាអញ ចូលទៅជិត ក៏ស្រាប់តែខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ទៅជាពេញពោរដោយទឹកថ្លា មិនល្អក់ ស្អាតដរាបដល់មាត់ទៅវិញ។ ព្រះអានន្ទដ៏មានអាយុ ក៏ដងទឹក ដោយបាត្រ ហើយយកចូលទៅថ្វាយព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះតថាគត មានឫទ្ធិច្រើនមែន មានអានុភាពច្រើនមែន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា អណ្តូងនោះ កាលខ្ញុំព្រះអង្គ ចូលទៅជិត ក៏ស្រាប់តែខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ពេញពោរដោយទឹកថ្លា មិនល្អក់ ស្អាតដរាបដល់មាត់ទៅវិញ សូមនិមន្តព្រះមានព្រះភាគសោយទឹក សូមនិមន្តព្រះសុគតសោយទឹក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលគប្បីធ្វើអណ្តូងប្រយោជន៍អ្វី បើទឹកមាននៅគ្រប់កាលហើយ តថាគតកាត់តណ្ហាតាំងពីឫសបានហើយ គប្បីត្រាច់ទៅស្វែងរកទឹក ដូចម្តេចទៀត។

ចប់ សូត្រ ទី៩។

(ឧតេន)សូត្រ ទី១០

(១០. ឧតេនសុត្តំ)

[១៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង កាលព្រះបាទឧទេនសេ្តចទៅកាន់ឧទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្រ្តីទាំង ៥០០ នាក់ មាននាងសាមាវតី ជាប្រធាន ធ្វើមរណកាលទាំងអស់។ គ្រានោះ ពួកភិក្ខុជាច្រើន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងកោសម្ពី។ លុះត្រាច់បិណ្ឌបាត ក្នុងក្រុងកោសម្ពីហើយ ត្រឡប់អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ កាលព្រះបាទឧទេន ទ្រង់ស្តេចទៅកាន់ឧទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្រ្តីទាំង ៥០០ នាក់ មាននាងសាមាវតីជាប្រធាន ធ្វើមរណកាលទាំងអស់ បពិត្រព្រះអង្គដ៏ចំរើន គតិរបស់ឧបាសិកាទាំងនោះ តើដូចម្តេច លោកខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាឧបាសិកាទាំងនុ៎ះ ឧបាសិកាជាសោតាបន្នាក៏មាន ជាសកទាគាមិនីក៏មាន ជាអនាគាមិនីក៏មាន ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទាំងអស់នោះ ដែលធ្វើកាលកិរិយា មិនមែនឥតផលទេ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សត្វលោក មានមោហៈជាចំណង ប្រាកដដូចជាមានរូបចំរើន បុគ្គលពាល មានឧបធិកិ្កលេស ជាចំណង ត្រូវងងឹត គឺអវិជ្ជាចោមរោមហើយ ប្រាកដដូចជាទៀងទាត់ សេចក្តីកង្វល់ មានរាគៈជាដើម របស់បុគ្គលអ្នកពិចារណា ឃើញច្បាស់ មិនមានទេ។

ចប់ សូត្រ ទី១០។

ចប់ ចូឡវគ្គ ទី៧។

ឧទ្ទាននៃចូឡវគ្គនោះគឺ

និយាយអំពីព្រះលកុណ្ឋកភទ្ទិយៈ មាន ២ លើក អំពីពួកជន ជាប់ក្នុងកាម មាន ២ លើក អំពីព្រះលកុណ្ឋកភទ្ទិយៈ ១ អំពីការអស់តណ្ហា ១ អំពីការអស់បបញ្ចសញ្ញា ១ អំពីព្រះកច្ចានៈ ១ អំពីអណ្តូង ១ អំពីព្រះបាទឧទេន ១។

 

លេខយោង

km/tipitaka/sut/kn/uda/sut.kn.uda.v7.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann