km:tipitaka:sut:kn:uda:sut.kn.uda.v8

បាដលិគ្គាមិយវគ្គ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn uda v8 បាលី cs-km: sut.kn.uda.v8 អដ្ឋកថា: sut.kn.uda.v8_att PTS: ?

បាដលិគ្គាមិយវគ្គ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. បាដលិគាមិយវគ្គោ)

(បឋមនិព្វានបដិសំយុត្ត)សូត្រ ទី១

(១. បឋមនិព្វានបដិសំយុត្តសុត្តំ)

[១៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ពួកភិក្ខុទាំងនោះ បានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ម្នាលភិក្ខុទាំងឡាយ អាយតនៈ1) នោះ រមែងមានពិត ដីមិនមាន ទឹកមិនមាន ភ្លើងមិនមាន ខ្យល់មិនមាន អាកាសានញ្ចាយនៈមិនមាន វិញ្ញាណញ្ចាយតនៈ មិនមាន អាកិញ្ចញ្ញាយតនៈមិនមាន នេវសញ្ញានាសញ្ញាយតនៈមិនមាន លោកនេះ មិនមាន លោកមុខមិនមាន ព្រះចន្ទ និងព្រះអាទិត្យទាំងពីរក៏មិនមាន ក្នុងព្រះនិព្វានណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលព្រះនិព្វាននោះថា មិនមានដំណើរមក មិនមានដំណើរទៅ មិនមានការតាំងនៅ មិនមានការច្យុតិ មិនមានការកើត មិនមានទីជាទីតាំង មិនប្រព្រឹត្តទៅ មិនមានអារម្មណ៍ ព្រះនិញ្វននោះ ជាទីបំផុតនៃទុក្ខតែម្យ៉ាង។

ចប់ សូត្រ ទី១។

(ទុតិយនិព្វានបដិសំយុត្ត)សូត្រ ទី២

(២. ទុតិយនិព្វានបដិសំយុត្តសុត្តំ)

[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ធម្មតាព្រះនិព្វាន បុគ្គលឃើញបានដោយក្រ និព្វានសច្ចៈ មិនមែនសម្រាប់ឃើញបានដោយងាយទេ កិលេស ជាគ្រឿងកង្វល់ រមែងមិនមានដល់បុគ្គលកាលដឹង កាលឃើញតណ្ហា ព្រោះត្រាស់ដឹង (នូវសច្ចៈ)។

ចប់ សូត្រ ទី២។

(តតិយនិព្វានបដិសំយុត្ត)សូត្រ ទី៣

(៣. តតិយនិព្វានបដិសំយុត្តសុត្តំ)

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ2) មានប្រាកដ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យដែលតាក់តែង ក្នុងលោកនេះ ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា ហេតុនោះ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូបក៏ប្រាកដ នូវហេតុដែលគួរធ្វើ នូវបច្ច័យជាទីតាក់តែង ក៏រមែងប្រាកដ។

ចប់ សូត្រ ទី៣។

(ចតុត្ថនិព្វានបដិសំយុត្ត)សូត្រ ទី៤

(៤. ចតុត្ថនិព្វានបដិសំយុត្តសុត្តំ)

[១៦១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ បានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ការញាប់ញ័រ របស់បុគ្គលអ្នកអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) រមែងមាន ការញាប់ញ័រ របស់បុគ្គលអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) មិនមាន កាលបើសេចក្តីញាប់ញ័រ មិនមាន បស្សទ្ធិ (សេចក្តីស្ងប់) ក៏កើតមានឡើង កាលបើបស្សទ្ធិ មាន តម្រេកក៏រមែងមិនមាន កាលបើតម្រេក មិនមាន ដំណើរមក និងដំណើរទៅ ក៏មិនមាន កាលបើដំណើរមក ដំណើរទៅមិនមាន ការច្យុតិ និងការកើត ក៏មិនមាន កាលបើការច្យុតិ និងការកើត មិនមាន ដំណើរទៅមក ក្នុងឥធលោក និងបរលោក ក៏មិនមាន ទាំងមិនមាន ក្នុងរវាងនៃលោកទាំងពីរ នេះជាទីបំផុតនៃទុក្ខ។

ចប់ សូត្រ ទី៤។

(ចុន្ទ)សូត្រ ទី៥

(៥. ចុន្ទសុត្តំ)

[១៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងជនបទឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវា។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងមល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង អម្ពវ័នរបស់អញ ទៀបក្រុងបាវា។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែលព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ ចុន្ទកម្មារបុត្តដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រានោះ កាលរាត្រីនោះ កន្លងហើយ ទើបចុន្ទកម្មារបុត្ត ឲ្យគេចាត់ចែងខាទនីយភោជនីយាហារ មានរសដ៏ឆ្ងាញ់ពិសា ព្រមទាំងសូករមទ្ទវៈ3) ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយសេ្តចចូលទៅកាន់លំនៅនៃចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគត ដោយសូករមទ្ទវៈ នោះចុះ ឯខាទនីយភោជនីយាហារណា ក្រៅពីនេះ ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសចំពោះភិក្ខុសង្ឃដោយខាទនីយភោជនីយាហារនោះចុះ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គាសព្រះមានព្រះភាគដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃ ដោយខាទនីយភោជនីយាហារដទៃ ដែលខ្លួនតាក់តែងហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា របស់អ្នកដែលនៅសល់ អ្នកចូរកប់សូករមទ្ទវៈនោះ ក្នុងរណ្តៅចុះ ម្នាលចុន្ទ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែលបរិភោគនូវសូករមទ្ទវៈនោះហើយ សូរកមទ្ទវៈនោះ ដល់នូវការរលួយទៅដោយល្អឡើយ វៀរលែងតែព្រះតថាគតចេញ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ស្រេចហើយ ក៏កប់សូករមទ្ទវៈ ដែលសល់នៅ ទៅក្នុងរណ្តៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ សេ្តចចៀសចេញទៅ។

[១៦៣] គ្រានោះ កាលព្រះមានព្រះភាគ ឆាន់ភត្តរបស់ចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធដ៏ខ្លាំង ក៏កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតបក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិតដល់មរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ដោយទ្រង់អត់សង្កត់វេទនានោះបាន។ វេលានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅឯនគរកុសិនារា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់ចុន្ទកម្មារបុត្តហើយ ទ្រង់មានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ។ ព្យាធិដ៏ខ្លាំងក្លា កើតដល់ព្រះសាស្តា ដែលសោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់ព្រះអាពាធ ចុះព្រះលោហិត រឿយ ៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគតនឹងទៅកាន់ក្រុងកុសិនារា។

[១៦៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ទ្រង់ចូលទៅកាន់ម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ទ្រង់ប្រើព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកក្រាលសង្ឃាដិមានជាន់ ៤ ឲ្យតថាគតដោយឆាប់ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងអង្គុយសិន។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដិមានជាន់ ៤ ថ្វាយ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទ្រង់ប្រើព្រះអានន្ទថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចំរើន កុកុដានទី ជិតនៅនេះ មានទឹកថ្លា មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ស្រួល ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះកិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចំរើន កុកុដានទី នៅជិតនេះ មានទឹកថ្លា មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយ ក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេក តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់យកបាត្រ ដើរឆ្ពោះទៅឯស្ទឹងនោះ។

[១៦៥] គ្រានោះ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនោះ កាលដែលព្រះអានន្ទដ៏មានអាយុ ចូលទៅដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមក។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ អម្បាញ់មិញ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនេះ លុះដល់អាត្មាអញ ចូលមកដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមកវិញ។ ព្រះអានន្ទ យកបាត្រទៅដងទឹក ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងនោះ កង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមក កាលបើខ្ញុំព្រះអង្គ ចូលទៅដល់ ស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរទៅវិញ។ សូមព្រះមានព្រះភាគ សោយទឹក សូមព្រះសុគត សោយទឹកចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សោយទឹកនោះឯង។

[១៦៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងសំដៅទៅឯកុកុដានទី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប លុះចូលទៅដល់ហើយ ក៏យាងចុះកាន់កុកុដានទី ទ្រង់ស្រង់ និងសោយស្រេចហើយ ទ្រង់ឡើងមក រួចយាងចូលទៅកាន់អម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងចុន្ទកៈដ៏មានអាយុថា ម្នាលចុន្ទកៈ អ្នកចូរក្រាលសង្ឃាដីមានជាន់ ៤ ឲ្យតថាគត ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ចុន្ទកភិក្ខុដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដីមានជាន់ ៤ ថ្វាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទ (ខាងឆ្វេង) ត្រួតលើព្រះបាទ (ខាងស្តាំ) ទ្រង់មានសតិសម្បជញ្ញៈធ្វើទុកក្នុងព្រះហ្ឫទ័យនូវឧដ្ឋានសញ្ញា។ ចំណែកខាងចុន្ទកៈដ៏មានអាយុ ក៏អង្គុយនៅចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ ក្នុងទីនោះដែរ។

[១៦៧] ព្រះពុទ្ធ ទ្រង់យាងចុះទៅកាន់ស្ទឹងកុកុដា ដែលមានទឹកថ្លាឈ្វេង មានទឹកត្រជាក់ រងថ្លា ព្រះតថាគត ជាសាស្តាចារ្យ មិនមានបុគ្គលប្រៀបផ្ទឹមបានក្នុងលោក ព្រះអង្គមានសេចក្តីលំបាកព្រះកាយ ទ្រង់ស្រង់ សោយស្រេចហើយ ទើបយាងឡើងមក ព្រះសាស្តា មានភិក្ខុសង្ឃជាបរិវារ គង់នៅត្រង់កណ្តាល។ ព្រះមានព្រះភាគ ជាសាស្តា ស្វែងរកគុណធំ ញ៉ាំងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ក្នុងលោកនេះ ហើយយាងមកកាន់អម្ពវ័ន។ ត្រាស់ហៅភិក្ខុ ឈ្មោះចុន្ទកៈថា អ្នកចូរក្រាលសង្ឃាដិ ៤ ជាន់ ឲ្យតថាគតចុះ តថាគតនឹងសិង។ ចុន្ទកភិក្ខុនោះ កាលបើព្រះសាស្តា ព្រះអង្គមានព្រះហ្ឫទ័យអប់រំ ទ្រង់ដាស់តឿនហើយ ក្រាលសង្ឃាដិ ៤ ជាន់ ដោយឆាប់រហ័ស។ ព្រះសាស្តា មានព្រះកាយលំបាកក្រៃលែង ទ្រង់ផ្ទំ ចំណែកចុន្ទកភិក្ខុ ក៏អង្គុយចំពោះព្រះភក្រ្ត ក្នុងទីនោះដែរ។

[១៦៨] គ្រានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ បើមានបុគ្គលណាមួយ ញ៉ាំងសេចក្តីក្តៅក្រហាយ ឲ្យកើតឡើង ដល់ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទ អ្នកឥតលាភ អ្នកបានធ្វើអំពើអាក្រក់ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាត របស់អ្នកជាទីបំផុត ហើយបរិនិព្វាន។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ នៃចុន្ទកម្មារបុត្ត យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ លាភរបស់អ្នកហើយ អ្នកបានល្អហើយ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាតរបស់អ្នកជាទីបំផុត ហើយបរិនិព្វាន។ ម្នាលអាវុសោចុន្ទៈ ពាក្យនុ៎ះ អាត្មាបានស្តាប់ចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា បិណ្ឌបាតពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត។ បិណ្ឌបាតពីរ តើដូចម្តេចខ្លះ។ គឺបិណ្ឌបាត ដែលតថាគត ទ្រង់សោយហើយ ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ១ បិណ្ឌបាត ដែលតថាគតសោយហើយ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ១ បិណ្ឌបាតទាំងពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត។ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅដើម្បីអាយុ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីពណ៌សម្បុរ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសួគ៌ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីយស កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុសន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីភាវៈជាធំ។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់ចុន្ទកម្មារបុត្តចេញយ៉ាងនេះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុណ្យ រមែងចំរើនដល់បុគ្គលអ្នកឲ្យ បុគ្គលអ្នកសង្រួម រមែងមិនសន្សំទុក នូវពៀរទេ អ្នកឈ្លាស រមែងលះបង់កម្មដ៏លាមក បុគ្គលបរិនិព្វាន ព្រោះអស់ទៅនៃរាគៈ ទោសៈ មោហៈ។

ចប់ សូត្រ ទី៥។

(បាដលិគាមិយ)សូត្រ ទី៦

(៦. បាដលិគាមិយសុត្តំ)

[១៦៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប បានទៅដល់បាដលិគ្រាម។ ពួកឧបាសកឧបាសិកាអ្នកបាដលិគ្រាមបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ឥឡូវនេះ យាងមកដល់បាដលិគ្រាមហើយ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលរោងសំណាក់ នៃពួកខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកឧបាសក ឧបាសិកាអ្នកបាដលិគ្រាមដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯរោងសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលកម្រាលពេញក្នុងរោងសំណាក់ តាក់តែងអាសនៈ ដម្កល់ភាជន៍ទឹក លើកឡើងនូវប្រទីបប្រេង ហើយចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន រោងសំណាក់នៃពួកខ្ញុំព្រះអង្គ បានក្រាលកម្រាលពេញហើយ អាសនៈបានតាក់តែងហើយ ភាជន៍ទឹក បានដម្កល់ទុកហើយ ទាំងប្រទីបប្រេង ក៏បានលើកឡើងហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំគាល់កាលគួរ ក្នុងកាលឥឡូវនេះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ជាមួយភិក្ខុសង្ឃ យាងទៅកាន់រោងសំណាក់ លុះចូលទៅដល់ហើយ ក៏លាងព្រះបាទា រួចចូលទៅកាន់រោងសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិសខាងកើត ផ្អែកនឹងសសរកណ្តាល។ ចំណែកខាងភិក្ខុសង្ឃ លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងកើត ផ្អែកនឹងជញ្ជាំងខាងក្រោយ មានព្រះមានព្រះភាគពីខាងមុខ។ ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងលិច ផ្អែកនឹងជញ្ជាំងខាងមុខ មានព្រះមានព្រះភាគ ពីខាងមុខដែរ។

[១៧០] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាមមកថា ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាង។ ទោស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតីទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងដល់នូវសេចក្តីវិនាសភោគៈច្រើន ព្រោះមានសេចក្តីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី១។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏អាក្រក់ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីលផ្សាយទៅ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី២។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណា ៗ ទោះខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៣។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងធ្វើមរណកាលទាំងវង្វេង នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៤។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៥។ ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលអ្នកមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតីទាំងឡាយ ក្នុងលោកនេះ បុគ្គលមានសីល បរិបូណ៌ដោយសីល តែងបានគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី១។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងខ្ចរខ្ចាយទៅ នេះជាអានិសង្ស នៃសីលសម្បទារបស់បុគ្គលមានសីល ទី២។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណា ៗ ទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៣។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនធ្វើមរណកាលទាំងវង្វេង នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៤។ ម្នាលគហបតីទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល ទី៥។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។

[១៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ញ៉ាំងពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីច្រើន ហើយទ្រង់បញ្ជូនថា ម្នាលគហបតីទាំងឡាយ រាត្រីភ្លឺហើយ អ្នកទាំងឡាយ ចូរសំគាល់កាលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏យាងចូលទៅកាន់សុញ្ញាគារស្ថាន។

[១៧២] សម័យនោះឯង មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី នៅក្នុងដែនវជ្ជី។ សម័យនោះឯង ពួកទេវតាជាច្រើនទាំងពាន់ កំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ រមែងឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ព្រះមានព្រះភាគ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានទ្រង់ឃើញពួកទេវតាទាំងពាន់នោះ ដែលកំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រីនោះហើយ ត្រាស់សួរព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ នរណាហ្ន៎ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម។ បពិត្រព្រះអង្គដ៏ចំរើន មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី។ ម្នាលអានន្ទ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ហាក់ដូចជាបានប្រឹក្សាគ្នា ជាមួយនឹងពួកទេវតា ក្នុងឋានតាវត្តឹង្ស យ៉ាងណាមិញ។ ម្នាលអានន្ទ មហាមាត្យ ក្នុងដែនមគធៈឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អម្បាញ់មិញនេះ តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានឃើញពួកទេវតាជាច្រើនទាំងពាន់ កំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គល ដែលមានទាំងប៉ុន្មាន ផ្លូវជំនួញ ដែលមានទាំងប៉ុន្មាន ក្រុងបាដលិបុត្តនេះ ជានគរដ៏ប្រសើរ និងជាកន្លែងធ្លាយបង្វេចទ្រព្យ។4) ម្នាលអានន្ទ ក្រុងបាដលិបុត្ត មុខជានឹងមានសេចក្តីអន្តរាយ ៣ យ៉ាង គឺអន្តរាយអំពីភ្លើង ១ អំពីទឹក ១ អំពីការបែកចាកគ្នានឹងគ្នា ១។

[១៧៣] គ្រានោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបឋិតនៅក្នុងទីសមគួរ។ លុះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំព្រះអង្គទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន ហើយក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះ ជាកាលគួរ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅក្នុងលំនៅរបស់មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ជាមួយនឹងភិក្ខុសង្ឃ លុះយាងចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ឲ្យឆ្អែតស្កប់ស្កល់ដោយដៃខ្លួនឯង លុះត្រាតែហាមឃាត់។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រ ក៏កាន់យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីសមគួរ។ កាលដែលមហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថានេះថា

មនុស្សជាបណ្ឌិតជាត សម្រេចការនៅក្នុងប្រទេសណា រមែងញ៉ាំងពួកបុគ្គល អ្នកមានសីលសង្រួម ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងប្រទេសនោះ ហើយបានឧទ្ទិសផលទក្ខិណាទាន ចំពោះពួកទេវតាដែលនៅក្នុងប្រទេសនោះ ទេវតាទាំងនោះ ដែលបណ្ឌិតនោះបូជាហើយ រមែងបូជាគេវិញ ដែលរាប់អានហើយ រមែងរាប់អានគេវិញ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចមាតាអនុគ្រោះបុត្ត ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ តែងឃើញសេចក្តីចំរើនសព្វកាល។

[១៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយគាថាទាំងនេះ ចំពោះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈរួចហើយ ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ សម័យនោះឯង មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមក្រោយ ៗ នៃព្រះមានព្រះភាគ ហើយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថា គោតមទ្វារ។ ព្រះអង្គនឹងឆ្លងទន្លេគង្គាតាមកំពង់ណា កំពង់នោះនឹងបានឈ្មោះថា គោតមតិត្ថៈ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចេញទៅតាមទ្វារណា ទ្វារនោះ បានឈ្មោះថា គោតមទ្វារ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅកាន់ទន្លេគង្គា។ សម័យនោះឯង ទន្លេគង្គាមានទឹកពេញព្រៀបស្មើនឹងមាត់ច្រាំង ល្មមក្អែកឱនផឹកបាន។ ពួកមនុស្សខ្លះ ស្វែងរកទូក ស្វែងរកផែ ខ្លះចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បាត់ព្រះអង្គ អំពីត្រើយខាងអាយនៃទន្លេគង្គា ទៅប្រាកដនៅត្រើយខាងនាយ ជាមួយនឹងភិក្ខុសង្ឃ ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង។ ព្រះមានព្រះភាគ បានឃើញពួកមនុស្សទាំងនោះ ខ្លះកំពុងស្វែងរកទូក ខ្លះកំពុងស្វែងរកផែ ខ្លះកំពុងចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

ពួកជនណា ឆ្លងទន្លេដ៏ជ្រៅទូលាយបាន ពួកជននោះឯង លុះតែធ្វើស្ពានរំលងទំនាបទាំងឡាយ សេចក្តីពិតថា ជនធម្មតា តែងចងក្បូន ទើបឆ្លងទៅបាន ចំណែកជនជាអ្នកប្រាជ្ញទាំងឡាយ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។

ចប់ សូត្រ ទី៦។

(ទ្វិធាបថ)សូត្រ ទី៧

(៧. ទ្វិធាបថសុត្តំ)

[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងដែនកោសល មានព្រះនាគសមាលដ៏មានអាយុ ជាបច្ឆាសមណៈ។ នាគសមាលដ៏មានអាយុ បានឃើញផ្លូវបែកជាពីរ ត្រង់ចន្លោះផ្លូវ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ កាលព្រះនាគសមាលដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈពីរដងថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈពីរដងថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈបីដងថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះផ្លូវ យើងទៅតាមផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈបីដងថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ។ គ្រានោះ ព្រះនាគសមាលដ៏មានអាយុ ដាក់ចោលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ លើផែនដី ក្នុងផ្លូវនោះឯង ហើយចេញទៅដោយពាក្យថា បពិត្រព្រះមានព្រះភាគដ៏ចំរើន នេះបាត្រ និងចីវរ។ លំដាប់នោះ កាលព្រះនាគសមាលដ៏មានអាយុ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ចេញមក ទះទាត់ដោយដៃខ្លះ ជើងខ្លះ ហើយបំបែកបាត្រ ហែកទាំងសង្ឃាដិចោល។ លំដាប់នោះ ព្រះនាគសមាលដ៏មានអាយុ កាលបើបាត្របែក រហែកសង្ឃាដិហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះនាគសមាលដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ស្រាប់តែចេញមកទះទាត់ដោយដៃខ្លះ ជើងខ្លះ បំបែកទាំងបាត្រ ហែកទាំងសង្ឃាដិចោលអស់។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលអ្នកដល់នូវវេទ គឺមគ្គផល ជាអ្នកចេះដឹង កាលត្រាច់ទៅជាមួយ (នឹងជនពាល) ច្រឡូកច្រឡំដោយជនដទៃ រមែងលះបង់បាបកម្មបាន ដូចសត្វក្រៀល ផឹកនូវទឹកដោះស្រស់ លះបង់ទឹកស្ទឹង។

ចប់ សូត្រ ទី៧។

(វិសាខា)សូត្រ ទី៨

(៨. វិសាខាសុត្តំ)

[១៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ចៅស្រីជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព។ គ្រានោះ វិសាខាមិគារមាតា មានសំពត់សើម សក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលវិសាខា ចុះនាងមកពីណា មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ចៅស្រីជាទីស្រឡាញ់ ពេញចិត្តរបស់ខ្ញុំព្រះអង្គ ធ្វើមរណភាព ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់។ ម្នាលវិសាខា មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន នាងចង់បានកូន និងចៅចំនួនប៉ុណ្ណោះឬ។ បពិត្រព្រះមានព្រះភាគដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន ខ្ញុំព្រះអង្គចង់បានកូន និងចៅចំនួនប៉ុណ្ណោះ។ ម្នាលវិសាខា ចុះមនុស្សទាំងឡាយ ក្នុងក្រុងសាវត្ថីជាច្រើន តែងធ្វើមរណភាពរាល់ ៗ ថ្ងៃប៉ុន្មាននាក់។ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ១០ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៩ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៨ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៧ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៦ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៥ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៤ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៣ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ២ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ តែម្នាក់ខ្លះ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សក្នុងក្រុងសាវត្ថី ចេះតែធ្វើមរណភាពមិនដែលស្ងាត់ទេ។ ម្នាលវិសាខា នាងសំគាល់ហេតុនោះដូចម្តេច ចុះនាងជាអ្នកមានសំពត់សើម សក់សើម ក្នុងកាលម្តង ៗ ទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមែនដូច្នោះទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ល្មមត្រឹមតែកូន និងចៅច្រើនប៉ុណ្ណោះ។ ម្នាលវិសាខា បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១០០ បុគ្គលនោះ មានសេចក្តីទុក្ខ ១០០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៩០ បុគ្គលនោះ មានសេចក្តីទុក្ខ ៩០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៨០ បុគ្គលនោះ មានសេចក្តីទុក្ខ ៨០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៧០ បុគ្គលនោះ មានសេចក្តីទុក្ខ ៧០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៦០ បុគ្គលនោះ មានសេចក្តីទុក្ខ ៦០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៥០ បុគ្គលនោះ មានសេចក្តីទុក្ខ ៥០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៤០ បុគ្គលនោះ មានសេចក្តីទុក្ខ ៤០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៣០ បុគ្គលនោះ មានសេចក្តីទុក្ខ ៣០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ២០ បុគ្គលនោះ មានសេចក្តីទុក្ខ ២០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១០ បុគ្គលនោះ មានសេចក្តីទុក្ខ ១០ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៩ បុគ្គលនោះ មានសេចក្តីទុក្ខ ៩ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៨ បុគ្គលនោះ មានសេចក្តីទុក្ខ ៨ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៧ បុគ្គលនោះ មានសេចក្តីទុក្ខ ៧ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៦ បុគ្គលនោះ មានសេចក្តីទុក្ខ ៦ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៥ បុគ្គលនោះ មានសេចក្តីទុក្ខ ៥ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៤ បុគ្គលនោះ មានសេចក្តីទុក្ខ ៤ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៣ បុគ្គលនោះ មានសេចក្តីទុក្ខ ៣ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ២ បុគ្គលនោះ មានសេចក្តីទុក្ខ ២ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១ បុគ្គលនោះ មានសេចក្តីទុក្ខ ១ បុគ្គលណា មិនមានវត្ថុជាទីស្រឡាញ់ បុគ្គលនោះ ក៏មិនមានសេចក្តីទុក្ខសោះដែរ តថាគត ទើបពោលថា បុគ្គលទាំងនោះ ជាអ្នកមិនមានសោក ជាបុគ្គលប្រាសចាកធូលី គឺកិលេស ជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តីណាមួយ ឬសេចក្តីទុក្ខជាច្រើនយ៉ាង ក្នុងលោក ធម៌ទាំងនុ៎ះ រមែងកើតឡើង ព្រោះអាស្រ័យសត្វ និងសង្ខារជាទីស្រឡាញ់ កាលបើមិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ធម៌ទាំងនុ៎ះ ក៏រមែងមិនមាន។ ព្រោះហេតុនោះឯង បុគ្គលណា មិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ក្នុងលោកណាមួយទេ បុគ្គលនោះ ទើបមានសេចក្តីសុខ ប្រាសចាកសេចក្តីសោក ព្រោះថា បុគ្គលប្រាថ្នាសេចក្តីមិនសោក និងការប្រាសចាកធូលី គឺកិលេស មិនគប្បីធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ក្នុងលោកណាមួយឡើយ។

ចប់ សូត្រ ទី៨។

(បឋមទព្វ)សូត្រ ទី៩

(៩. បឋមទព្វសុត្តំ)

[១៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះសុគត ឥឡូវនេះ ជាកាលគួរបរិនិព្វានរបស់ខ្ញុំព្រះអង្គ។ ម្នាលទព្វៈ អ្នកសំគាល់កាលគួរនឹងបរិនិព្វាន ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយទើបបរិនិព្វាន។ គ្រាកាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈបណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ។ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដ យ៉ាងណា កាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

រាងកាយ (របស់ទព្វមល្លបុត្ត) បែកធ្លាយហើយ សញ្ញាក៏រលត់ វេទនា ទាំងអស់ក៏ត្រជាក់ សង្ខារធម៌ទាំងឡាយ ក៏ស្ងប់រម្ងាប់ វិញ្ញាណក៏ដល់នូវសេចក្តីវិនាស។

ចប់ សូត្រ ទី៩។

(ទុតិយទព្វ)សូត្រ ទី១០

(១០. ទុតិយទព្វសុត្តំ)

[១៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្តហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្ត ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះ ក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គល រមែងមិនដឹងគតិរបស់ភ្លើងកំពុងឆេះ និងដុំដែកដែលគេដំហើយ ដែលរលត់ទៅដោយលំដាប់ យ៉ាងណាមិញ គតិរបស់ពួកលោក អ្នករួចស្រឡះចាកកិលេសដោយប្រពៃ អ្នកឆ្លងចាកចំណង និងឱឃៈ គឺកាម ដល់នូវសេចក្តីសុខ មិនញាប់ញ័រ រមែងមិនអាចដឹងបាន ក៏យ៉ាងនោះដែរ។

ចប់ សូត្រ ទី១០។

ចប់ បាដលិគ្គាមិយវគ្គ ទី៨។

ឧទ្ទាននៃវគ្គនោះ គឺ

ពោលអំពីព្រះនិព្វាន ៤ លើក អំពីចុន្ទកម្មារបុត្ត ១ អំពីពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ១ អំពីផ្លូវបែកជាពីរ ១ អំពីនាងវិសាខា ១ ព្រមទាំងព្រះថេរៈទព្វមល្លបុត្ត ២ លើក រួមជា ១០។

ពោធិវគ្គដ៏ប្រសើរ ជាវគ្គទី ១ មុច្ចលិន្ទវគ្គ ជាវគ្គទី ២ នន្ទកវគ្គដ៏ប្រសើរ ជាវគ្គទី ៣ មេឃិយវគ្គដ៏ប្រសើរ ជាវគ្គទី ៤ សោណត្ថេរវគ្គដ៏ប្រសើរ ជាវគ្គទី ៥ ជច្ចន្ធវគ្គដ៏ប្រសើរ ជាវគ្គទី ៦ ចូឡវគ្គដ៏ប្រសើរ ជាវគ្គទី ៧ បាដលិគ្គាមិយវគ្គដ៏ប្រសើរ ជាវគ្គទី ៨។ វគ្គទាំង ៨ នេះ មានសូត្រដ៏ប្រសើរ ៨០ មិនខ្វះ ដែលលោកចែកទុកហើយ ដោយប្រពៃមែនពិត ព្រះសូត្រណា ដែលព្រះសម្ពុទ្ធប្រាសចាកមន្ទិល មានចក្ខុ ទ្រង់សំដែងហើយ បណ្ឌិតទាំងឡាយ អ្នកមានសទ្ធា បានពោលព្រះសូត្រនោះ ថាជាឧទាន។

ចប់ ឧទាន។

ចប់ ភាគ៥២។

 

លេខយោង

1)
ពាក្យថា អាយតនៈ ក្នុងទីនេះ សំដៅយកនិព្វាន ដែលជាហេតុរបស់ផលញ្ញាណ។ អដ្ឋកថា។
2)
ព្រះនិព្វានដែលឈ្មោះថា អជាតៈ នោះ ព្រោះមិនមានសេចក្តីព្រមព្រៀង ដោយហេតុនាំឲ្យកើតទៀត។ ដែលឈ្មោះថា អភូតៈ នោះ បានដល់ការមិនប្រាកដនៃមហាភូតរូប។ ដែលឈ្មោះថា អកតៈ នោះ គឺមិនមានហេតុណាមួយ គួរធ្វើតទៅទៀតទេ។ ដែលឈ្មោះថា អសង្ខតៈ នោះ គឺប្រាសចាកបច្ច័យទាំងឡាយ មានអវិជ្ជាជាដើម។ អដ្ឋកថា។
3)
ពាក្យថា សូករមទ្ទវៈនេះ លោកពោលទុកក្នុងមហាអដ្ឋកថា ថា ឈ្មោះសាច់ជ្រូកដែលស្លាប់ស្រាប់ ដែលជាសាច់ជ្រូកទន់ស្និទ្ធ។ អាចារ្យមួយពួក ពោលថា ពាក្យថា សូករមទ្ទវៈនេះ មិនមែនសាច់ជ្រូកទេ គឺជាទំពាំងឫស្សី ដែលជ្រូកឈ្មុស។ អាចារ្យដោយឡែកទៀតពោលថា ផ្សិតដែលដុះត្រង់ប្រទេសដែលជ្រូកឈ្មុស។ មួយទៀត អាចារ្យដទៃ បានពោលថា ម្ហូបនេះ ជាភោជនមានរសមួយបែប មានឈ្មោះថា សូករមទ្ទវៈ ព្រោះថា នាយចុន្ទកម្មារបុត្ត បានប្រគេនសូករមទ្ទវៈនោះ ដើម្បីឲ្យព្រះសាស្តាគង់ព្រះជន្មនៅបានយូរ ព្រោះឮថា ព្រះមានព្រះភាគ នឹងបរិនិព្វានក្នុងថ្ងៃនេះ ហើយគិតថា ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគសោយសូករមទ្ទវៈនោះហើយ គប្បីគង់ព្រះជន្មនៅបានយូរអេះ។ អដ្ឋកថា។
4)
នគរបាដលិបុត្តនេះ ជាកន្លែងសម្រាប់ស្រាយបង្វេចទ្រព្យ របស់បុគ្គលអ្នកមានទ្រព្យ គឺជានគរសម្បូណ៌ហូរហៀរ ដោយទ្រព្យសម្បត្តិ។
km/tipitaka/sut/kn/uda/sut.kn.uda.v8.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann