តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ » បីឋវគ្គ ទី១ »
«…ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ?»
sut kn viv 1 01 បាលី cs-km: sut.kn.viv.1.01 អដ្ឋកថា: sut.kn.viv.1.01_att PTS: ?
បីឋវិមាន ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(១. បឋមបីឋវិមានវត្ថុ)
[១] (ព្រះមោគ្គលា្លនសួរថា) តាំងរបស់នាង ជាវិការៈនៃមាសដ៏ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ។
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្សក្នុងពួកមនុស្ស បានឲ្យអាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម ឲ្យទានតាមអានុភាព (នៃខ្ញុំ)។
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំនឹងប្រាប់ដល់លោក កាលដែលខ្ញុំកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី១។