តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ » បីឋវគ្គ ទី១ »
«…ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ?»
sut kn viv 1 02 បាលី cs-km: sut.kn.viv.1.02 អដ្ឋកថា: sut.kn.viv.1.02_att PTS: ?
បីឋវិមាន ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(២. ទុតិយបីឋវិមានវត្ថុ)
[២] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈនៃកែវពិទូរ្យដ៏ឧត្តម មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់
តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ។
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យអាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម បានឲ្យទាន តាមអានុភាព (នៃខ្ញុំ) ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី២។