តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ » បីឋវគ្គ ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn viv 1 06 បាលី cs-km: sut.kn.viv.1.06 អដ្ឋកថា: sut.kn.viv.1.06_att PTS: ?
នាវាវិមាន ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(៦. បឋមនាវាវិមានវត្ថុ)
[៦] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិតនៅលើទូក ដែលមានដំបូលជាវិការៈនៃមាស ហើយចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងដោយជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញនូវពួកភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹក ដល់ពួកអ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកច្រើន រមែងកើតមានដល់ជននោះ ស្ទឹងទាំងឡាយដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ ជនអ្នកធ្វើបុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យ តាមភូមិភាគទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ រមែងបានអានិសង្សបែបនេះ
ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំ ដូចជាគេវាស់ដោយចំណែកដែលចែកស្មើគ្នា ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ នាវាវិមាន ទី៦។