km:tipitaka:sut:kn:viv:sut.kn.viv.1.08

នាវាវិមាន ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 1 08 បាលី cs-km: sut.kn.viv.1.08 អដ្ឋកថា: sut.kn.viv.1.08_att PTS: ?

នាវាវិមាន ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ​វិបុល

(៨. តតិយនាវាវិមានវត្ថុ)

[៨] (ព្រះសម្ពុទ្ធត្រាស់សួរថា) មា្នលនារី នាងឡើងឋិតនៅលើទូក មានដម្បូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង ជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន តថាគតសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។

ទេវតានោះ ដែលព្រះសម្ពុទ្ធត្រាស់សួរហើយ មានចិត្តត្រេកអរ លុះព្រះសម្ពុទ្ធសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

ខ្ញុំម្ចាស់កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញពួកភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹកដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតឡើងដល់ជននោះ ស្ទឹងទាំងឡាយ មានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ តែងព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ អ្នកធ្វើបុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យ តាមភូមិភាគទាំងឡាយនោះ នេះជាវិបាករបស់កម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ រមែងបានអានិសង្សបែបនេះ

ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំម្ចាស់ ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់មានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំម្ចាស់ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំម្ចាស់ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។ នេះជាវិបាកនៃកម្មនុ៎ះ ព្រះពុទ្ធទ្រង់ក្រោកឡើងហើយ ទ្រង់សោយទឹក។

ចប់ នាវាវិមាន ទី៨។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.1.08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann