km:tipitaka:sut:kn:viv:sut.kn.viv.1.09

បទីបវិមាន ទី៩

សង្ខេប

«… ខ្ញុំ​កាល​ដែល​កើត​ជា​មនុស្ស … អំពី​ជាតិ​មុន ក្នុង​មនុស្ស​លោក បាន​ឲ្យប្រទីប​ក្នុង​ទីងងឹត​ខ្លាំង ក្នុង​ទីអ័ព្ទ​ផ្សែង ក្នុង​កាល​គួរ​អុជប្រទីប …»

sut kn viv 1 09 បាលី cs-km: sut.kn.viv.1.09 អដ្ឋកថា: sut.kn.viv.1.09_att PTS: ?

បទីបវិមាន ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៩. ទីបវិមានវត្ថុ)

[៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អតាំងនៅ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនេះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ ម្នាលទេវធីតា នាងមានពន្លឺប្រាសចាកមន្ទិល រុងរឿងក្រៃលែង ដោយហេតុអី្វ ទិសទាំងពួងភ្លឺអំពីអវយវៈទាំងអស់របស់នាង ដោយហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឲ្យប្រទីបក្នុងទីងងឹតខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាលគួរអុជប្រទីប ជនណាឲ្យប្រទីបក្នុងទីងងឹតខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាលគួរអុជប្រទីបហើយ វិមានដ៏មានរស្មីរុងរឿង មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតឡើងដល់ជននោះ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ព្រោះហេតុនោះ បានជាខ្ញុំមានពន្លឺប្រាសចាកមន្ទិល រុងរឿងកន្លងទេវតាទាំងឡាយ ព្រោះហេតុនោះ ទិសទាំងពួង តែងភ្លឺអំពីរាងកាយទាំងអស់របស់ខ្ញុំ

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។

ចប់ បទីបវិមាន ទី៩។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.1.09.txt · ពេលកែចុងក្រោយ: 2024/11/13 13:52 និពន្ឋដោយ Johann