តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ » បីឋវគ្គ ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn viv 1 16 បាលី cs-km: sut.kn.viv.1.16 អដ្ឋកថា: sut.kn.viv.1.16_att PTS: ?
សិរីមាវិមាន ទី១៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(១៦. សិរិមាវិមានវត្ថុ)
[១៦] (ព្រះវង្គីសត្ថេរសួរថា) សេះទាំងឡាយ ដែលនាងទឹមហើយ ប្រដាប់ដោយគ្រឿងអលង្ការដ៏ឧត្តម មានមុខសំយុងចុះ មានកម្លាំង មានសន្ទុះដ៏លឿនទៅក្នុងអាកាសបាន រថទាំងឡាយ ៥០០ កើតឡើងដល់នាង សេះទាំងឡាយ ដូចជានាយសារថី ដាស់តឿនហើយ តាមហែនាង នាងមានខ្លួនប្រដាប់ហើយ ឋិតនៅលើរថដ៏ប្រសើរ ញុំាងពន្លឺឲ្យភ្លឺរុងរឿង ដូចជាភ្លើងភ្លឺព្រោងព្រាយ ម្នាលនាងមានរូបដ៏ប្រសើរ មានរូបគួរមើល មិនថយថោក អាត្មាសូមសួរនាង នាងមកអំពីពួកណា ចូលមកគាល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរបំផុត។
(ទេវតាតបថា) អ្នកប្រាជ្ញទាំងឡាយ សរសើរទេវនិកាយណាថា ប្រសើរ ជាងពួកទេវតា ជាន់បរនិម្មិតវសវត្តី ដែលដល់នូវការប្រសើរដោយកាម (ព្រោះ) ទេវតាទាំងឡាយ (ក្នុងទេវនិកាយនោះ) និមិ្មតដោយខ្លួនឯង ហើយត្រេកអរ ខ្ញុំជាស្រីអប្សរ ទ្រទ្រង់នូវរូបតាមប្រាថ្នា ចុះអំពីពួកនិម្មានរតីទេវតានោះ មកកាន់មនុស្សលោកនេះ ដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ព្រះអង្គមិនមានអ្នកដទៃប្រសើរលើស។
(ព្រះវង្គីសត្ថេរសួរថា) ក្នុងកាលមុន នាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងមានយសធំ ចំរើនដោយសេចកី្តសុខ នាងមានឫទិ៍្ធ មិនមានអ្នកដទៃប្រសើរលើស ទៅកាន់អាកាសបាន ទាំងសម្បុររបស់នាង ក៏រុងរឿងទៅក្នុងទិសទាំង ១០ នាងមានទេវតាចោមរោមធ្វើសក្ការៈ ម្នាលទេវតា នាងច្យុតអំពីឋានណា មកកាន់សុគតិនេះ នាងធ្វើតាមពាក្យប្រដៅអ្នកណា ចូរនាងប្រាប់ដល់អាត្មា បើនាងជាពុទ្ធសាវិកា។
(ទេវតាតបថា) ខ្ញុំជាស្ត្រីបំរើរបស់ស្តេចដ៏ប្រសើរ (ព្រះបាទពិម្ពិសារៈ) មានសិរី ក្នុងនគរដ៏ឧត្តម ដែលគេសាងដោយល្អ ក្នុងចន្លោះនៃភ្នំ (ទាំង ៥ មានភ្នំឈ្មោះវេភារៈជាដើម) បានសិក្សាស្ទាត់ដោយរបាំ និងចម្រៀង ពួកជនក្នុងនគររាជគ្រឹះ បានស្គាល់ខ្ញុំ ថាសិរីមា ឯព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណ មានសីលគុណជាដើម ដូចគោឈ្មោះនិសភៈ គឺគោរប្រសើរជាងគោទាំងពួង ជាបុគ្គលដឹកនាំនូវសត្វទាំងឡាយ បានសម្តែងនូវសមុទយសច្ច និងទុក្ខសច្ច ថាជារបស់មិនទៀង នូវទុក្ខនិរោធសច្ច ដែលមិនមានបច្ច័យតាក់តែង ថាជារបស់ទៀង និងមគ្គសច្ចនេះ ជាផ្លូវមិនវៀច ជាគន្លងដ៏ក្សេមដល់ខ្ញុំ លុះខ្ញុំបានស្តាប់នូវអត្ថបទនៃអមតនិព្វាន ដែលមិនមានបច្ច័យប្រជុំតាក់តែង ជាពាក្យប្រដៅរបស់ព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាងហើយ ខ្ញុំបានសងួ្រមដ៏ឧត្តមប្រពៃ ក្នុងសីលទាំងឡាយ តាំងនៅក្នុងធម៌ ដែលព្រះពុទ្ធប្រសើរជាងជន ទ្រង់សម្តែងហើយ លុះដឹងអត្ថបទដែលប្រាសចាករាគៈ មិនមានបច្ច័យប្រជុំតាក់តែងនោះ ដែលព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង ទ្រង់សម្តែងហើយ ខ្ញុំបាននូវសមាធិ ដែលកើតអំពីសមថៈ ក្នុងអត្តភាពនោះឯង ការបាននូវសមាធិរបស់ខ្ញុំនោះឯង ជាមគ្គនិយាមដ៏ឧត្តម ខ្ញុំបាននូវអមតនិព្វានដ៏ប្រសើរវិសេស មានសេចកី្តជឿដ៏ពិត បានដល់នូវគុណវិសេសក្នុងការត្រាស់ដឹង (នូវសច្ចៈ) មិនមានសង្ស័យ មានពួកជនច្រើនបូជាហើយ សោយនូវការលេង និងសេចកី្តត្រេកអរដ៏ច្រើន ខ្ញុំជាទេវតាបានឃើញនូវអមតធម៌យ៉ាងនេះហើយ ជាសាវិកានៃព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង បានឃើញធម៌ តាំងនៅក្នុងផលជាបឋម ដល់នូវសោតៈ ទុគ្គតិក៏មិនមានដល់ខ្ញុំទៀត ខ្ញុំបានចូលមក ដើម្បីថ្វាយបង្គំព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃប្រសើរជាងផង ដើម្បីនមស្ការនូវពួកភិក្ខុ ដែលនាំមកនូវសេចកី្តជ្រះថ្លា ជាអ្នកត្រេកអរក្នុងកុសល (មក) កាន់ទីប្រជុំនៃសមណៈដ៏ក្សេមផង ខ្ញុំមានសេចកី្តគោរពចំពោះព្រះពុទ្ធជាស្តេចហេតុធម៌ដ៏មានសិរី បានឃើញព្រះពុទ្ធជាអ្នកប្រាជ្ញ ក៏មានចិត្តរីករាយ ត្រេកអរ ខ្ញុំថ្វាយបង្គំព្រះតថាគត ជាធម្មសារថីដ៏ប្រសើរជាងជន ផ្តាច់បង់តណ្ហា ត្រេកអរក្នុងកុសល ជាអ្នកទូន្មានសត្វ មានសេចកី្តអនុគ្រោះ ដោយប្រយោជន៍ដ៏ឧត្តម។
ចប់ សិរីមាវិមាន ទី១៦។