km:tipitaka:sut:kn:viv:sut.kn.viv.2.07

ឧបោសថវិមាន ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 2 07 បាលី cs-km: sut.kn.viv.2.07 អដ្ឋកថា: sut.kn.viv.2.07_att PTS: ?

ឧបោសថវិមាន ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៧. ឧបោសថាវិមានវត្ថុ)

[២៤] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងដែលមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹកឋិតនៅ ដោយហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា ឧបោសថា ខ្ញុំជាឧបាសិកានៅក្នុងសាកេតនគរ បរិបូណ៌ដោយសទ្ធា និងសីល មានចិត្តត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

សេចកី្តពេញចិត្តកើតឡើងដល់ខ្ញុំ ព្រោះបានឮនូវនន្ទនវ័នជារឿយៗ ខ្ញុំបានដំកល់នូវចិត្តក្នុងនន្ទនវ័ន ក្នុងតាវតិ្តង្សនោះ ហើយចូលទៅកាន់នន្ទនវ័ន ខ្ញុំពុំបានធ្វើតាមព្រះពុទ្ធដីការបស់ព្រះសាស្តា ជាព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យទេ ខ្ញុំមានសេចកី្តក្តៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះដំកល់នូវចិត្តក្នុងធម៌ដ៏ថោកទាប។

(ព្រះថេរៈសួរថា) ម្នាលនាងឧបោសថា នាងនៅក្នុងវិមាននេះ អស់កាលយូរប៉ុន្មាន ម្នាលទេវធីតា អាត្មាសួរនាងហើយ នាងចូរប្រាប់មក បើនាងដឹងប្រមាណអាយុ។

(ទេវតាតបថា) បពិត្រព្រះថេរៈជាអ្នកប្រាជ្ញធំ ខ្ញុំឋិតនៅក្នុងវិមាននេះ ៦ ហ្មឺនឆ្នាំ ច្យុតអំពីវិមាននេះហើយ នឹងទៅកើតជាមួយនឹងពួកមនុស្ស។

(ព្រះថេរៈពោលថា) ម្នាលនាងឧបោសថា នាងកុំខ្លាចឡើយ នាងគឺព្រះសម្ពុទ្ធទ្រង់ព្យាករហើយ ថាជាស្ត្រីបានដល់សោតៈ សម្រេចគុណវិសេសហើយ ទុគ្គតិ នាងបានលះបង់ហើយ។

ចប់ ឧបោសថវិមាន ទី៧។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.2.07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann