km:tipitaka:sut:kn:viv:sut.kn.viv.3.02

ឧច្ឆុវិមាន ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 3 02 បាលី cs-km: sut.kn.viv.3.02 អដ្ឋកថា: sut.kn.viv.3.02_att PTS: ?

ឧច្ឆុវិមាន ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(២. ឧច្ឆុទាយិកាវិមានវត្ថុ)

[៣០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងរុងរឿងក្រៃពេកដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្ទ និងព្រះអាទិត្យ ញុំាងផែនដី ព្រមទាំងទេវលោកឲ្យភ្លឺច្បាស់ ឬដូចព្រហ្ម រុងរឿងជាងពួកទេវតា ព្រមទាំងព្រះឥន្ទក្នុងឋានត្រៃត្រឹង្ស ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ត្រចៀក មានសម្បុរស្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងកាលកើតជាមនុស្សក្នុងជាតិមុន បានធ្វើអំពើអី្វដោយខ្លួនឯង ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុងសីល នាងជាស្ត្រីមានយស បានមកកើតក្នុងសុគតិភពដោយហេតុអី្វ ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះ តើដូចម្តេច។

(ទេវតានោះតបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងកាលអម្បាញ់មិញ លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំនេះឯង ដើម្បីបិណ្ឌបាតក្នុងស្រុក ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិនបាន ក្រោយមក ម្តាយក្មេកខ្ញុំសួរដេញដោលថា ម្នាលស្ត្រីជាកូនចិញ្ចឹម នាងយកអំពៅទៅណាបាត់ ខ្ញុំមិនបានចោល មិនបានទំពាស៊ីទេ ខ្ញុំបានឲ្យដល់ភិក្ខុអ្នកមានចិត្តរម្ងាប់ដោយខ្លួនឯងទៅហើយ (បើដូច្នោះ) ផ្ទះនេះធំស្រេចនឹងនាង ឬស្រេចនឹងយើង ម្តាយក្មេកប្រទេចផ្តាសា ខ្ញុំដូច្នេះហើយ ក៏ចាប់យកតាំង មកប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកអត្តភាពនោះ បានមកកើតជាទេវតា អំពើជាកុសលនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលជាសុខដោយខ្លួនឯង ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ អំពើជាកុសលនោះ ខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលអំពើជាសុខ ដោយខ្លួនឯង ខ្ញុំមានព្រះឥន្ទ ជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវត្តឹង្សរក្សា ឆ្អែតស្កប់ស្កល់ដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទកិ្ខណាទានរបស់ខ្ញុំមានផលច្រើន ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានសេចកី្តរុងរឿងច្រើន ខ្ញុំមានព្រះឥន្ទជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវតឹ្តង្សរក្សា ដូចជាសហស្សនេត្រ ក្នុងនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំចូលមកថ្វាយបង្គំចំពោះលោកម្ចាស់ អ្នកប្រកបដោយសេចកី្តករុណា ជាអ្នកប្រាជ្ញផង ទូលសួរនូវអាការមិនមានរោគផង ព្រោះខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ ដល់លោកម្ចាស់ ដោយបីតិដ៏ថ្លឹងមិនបាន។

ចប់ ឧច្ឆុវិមាន ទី២។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.3.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann