km:tipitaka:sut:kn:viv:sut.kn.viv.3.04

លតាវិមាន ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 3 04 បាលី cs-km: sut.kn.viv.3.04 អដ្ឋកថា: sut.kn.viv.3.04_att PTS: ?

លតាវិមាន ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៤. លតាវិមានវត្ថុ)

[៣២] ពួកទេវតា ឈ្មោះលតា ១ សជ្ជា ១ បវរា ១ អច្ឆិមុតី ១ សុតា ១ ជាធីតា នៃស្តេចវេស្សវ័ណ ជាស្តេចប្រសើរ មានសិរី ជាធីតាដ៏រុងរឿង មានប្រាជ្ញាល្អ ដោយគុណធម៌ទាំងឡាយ ពួកនារីទាំង ៥ នាក់ បានទៅកាន់ស្ទឹង ដែលមានទឹកត្រជាក់ មានផ្កាឧប្បល ជាទីក្សេម ដើម្បីងូត ក្នុងហិមវន្តប្រទេសនេះ លុះពួកទេវតាទាំងនោះ បានងូតទឹកក្នុងស្ទឹងនោះរួចហើយ ក៏រីករាយ រាំច្រៀងសប្បាយ ហើយនាងសុតា បាននិយាយនឹងនាងលតាថា ខ្ញុំសួរនាង ម្នាលនាង អ្នកទ្រទ្រង់កម្រងផ្កាឧប្បល ទ្រទ្រង់ប្រដាប់ត្រចៀក មានសម្បុរស្បែកល្អដូចមាស មានភ្នែកប្រកបដោយស្នាមក្រហមលឿង ល្អដូចអាកាស (ដែលផុតចាកពពក) ជាស្ត្រីមានអាយុវែង យសរបស់នាង តើបុណ្យអី្វតាក់តែងឲ្យ ម្នាលនាងដ៏ចំរើន នាងជាទីស្រឡាញ់បំផុតរបស់បី្ត នាងល្អឆើតឆាយដោយរូប ជាស្ត្រីឈ្លាស ក្នុងការរាំ ច្រៀង ប្រគំ តើដោយបុណ្យដូចម្តេច ម្នាលនរនារី នាងដែលយើងសួរហើយ ចូរ ប្រាប់យើង។

(នាងលតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលមានភោគៈដ៏លើសលុប ខ្ញុំមិនមានសេចកី្តក្រោធ ប្រព្រឹត្តតាមអំណាចស្វាមី មិនប្រមាទក្នុងឧបោសថ ជាមនុស្សនៅក្មេង មិនទាន់ចាស់ មានចិត្តជ្រះថ្លា បានញុំាងបី្ត ឲ្យប្រោសប្រាណ បានញុំាងទេវតាដ៏ប្រសើរ គឺឪពុកក្មេក ម្តាយក្មេក (និងបងប្អូនខាងបី្ត) ព្រមទាំងខ្ញុំប្រុស ខ្ញុំស្រីឲ្យត្រេកអរ យសរបស់ខ្ញុំ ខ្ញុំបានធ្វើហើយក្នុងកាលនោះ ខ្ញុំនោះបានដល់នូវសេចកី្តវិសេសក្នុងហេតុ ៤ យ៉ាងគឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ ដោយកុសលកម្មនោះ ខ្ញុំបានភប់ប្រសព្វ នូវល្បែងជាទីរីករាយដ៏ច្រើន។

នាងលតានេះ ពោលពាក្យណា ពាក្យនោះ (យើងទាំងឡាយ) ឮហើយ ឬយើងទាំងឡាយ សួរនូវហេតុណា នាងលតា បានប្រាប់ (ហេតុនោះ) ដល់យើងថា ធម្មតាបី្តទាំងឡាយ ជាអ្នកស្លូតត្រង់ចំពោះយើងទាំងឡាយផង ជាគតិរបស់នារីទាំងឡាយផង ជាទេវតាដ៏ប្រសើរ របស់នារីទាំងឡាយនោះផង ពួកយើងទាំងអស់ នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ ពួកស្ត្រីប្រតិបតិ្តបី្តយ៉ាងណា ពួកយើងទាំងអស់គ្នា នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ (យ៉ាងនោះ) នាងលតានេះ កាលបាននូវសម្បតិ្តណាហើយពោល យើងទាំងឡាយ រមែងបាននូវ (សម្បតិ្តនោះ) សត្វសីហៈ ជាសត្វស៊ីសាច់ ត្រាច់ទៅតាមដងភ្នំ អាស្រ័យនៅក្នុងភ្នំឈ្មោះមហិន្ធរ (ភ្នំទ្រទ្រង់ផែនដី) ស្ទុះទៅសង្គ្រុបចាប់ស៊ីនូវពួកម្រឹគតូចៗ ដែលមានជើងបួនក្រៅនេះ យ៉ាងណាមិញ នាងលតានោះ ជាស្ត្រីមានសទ្ធា ជាអរិយសាវិកាក្នុងសាសនានេះ អាស្រ័យនូវបី្ត ហើយប្រតិបតិ្តបី្ត បានសម្លាប់សេចកី្តក្រោធ គ្របសង្កត់នូវសេចកី្តកំណាញ់ ប្រព្រឹត្តធម៌ ហើយរីករាយក្នុងឋានសួគ៌ ក៏យ៉ាងនោះដែរ។

ចប់ លតាវិមាន ទី៤។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.3.04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann