km:tipitaka:sut:kn:viv:sut.kn.viv.3.07

សេសវតីវិមាន ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 3 07 បាលី cs-km: sut.kn.viv.3.07 អដ្ឋកថា: sut.kn.viv.3.07_att PTS: ?

សេសវតីវិមាន ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. បេសវតីវិមានវត្ថុ)

[៣៥] (ព្រះវង្គីសត្ថេរពោលថា) អាត្មាបានឃើញវិមាននេះល្អ ដែលប្រក់ដោយសំណាញ់ ជាវិការៈនៃកែវផលិក និងប្រាក់ និងមាស មានដៃដ៏វិចិត្រដោយកែវផ្សេងៗ គួរឲ្យរីករាយដោយប្រពៃ ជាទីនៅដែលបុញ្ញកម្មនិមិ្មតល្អហើយ ប្រកបដោយក្លោងទ្វារ រោយរាយដោយខ្សាច់មាស ជាវិមានដ៏ល្អ ព្រះអាទិត្យឰដ៏អាកាស មានរស្មី ១ ពាន់ កំចាត់បង់នូវងងឹតក្នុងសរទកាល ញុំាងទិសទាំង ១០ ឲ្យភ្លឺ (យ៉ាងណាមិញ) វិមានរបស់នាងនេះ ក៏រុងរឿងយ៉ាងនោះដែរ វិមាននេះ ជាទីគាប់ចិត្ត តាំងនៅឰដ៏អាកាស ចាំងភ្នែក ដូចជាអណ្តាតភ្លើង រុងរឿងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ក្នុងទីបំផុតនៃពពក កងរំពងដោយសំឡេងពិណ សំភោរ ស្គរ រគាំង វិមានរបស់នាងនេះ ដូចជាបូរីរបស់ព្រះឥន្ទដ៏ស្តុកស្តម្ភ ទាំងឈូកស កុមុទ ឧប្បលក្រហម ឧប្បលខៀវ មានទាំងផ្កាយុថកា ផ្កាច្បារ ផ្កាននោង ផ្កាសាលព្រឹក្ស ផ្កាអសោក សឹងរីកស្គុះស្គាយ វិមាននេះ ប្រស់ព្រំដោយក្លិនក្រអូបនៃឈើដ៏ឧត្តមផ្សេងៗ ម្នាលនាងមានយស ស្រះបោក្ខរណីប្រកបដោយឈើស្រល់ ខ្នុរសម្លរ និងសុជកព្រឹក្ស1) ប្រកបដោយឈើមានខ្លឹមខាងក្រៅ (មានត្នោត និងដូងជាដើម) និងវល្លិ រីកស្គុះស្គាយ សំយុងចុះប្រាកដស្មើដោយបណ្តាញនៃកែវមណី ជាទីរីករាយ តាំងឡើង (ក្នុងទីជិតនៃវិមាន) របស់នាង បុប្ផជាតិទាំងឡាយណា ដែលដុះក្នុងទឹកកី្ត រុក្ខជាតិទាំងឡាយណា ដែលដុះលើគោកកី្ត ជារបស់មនុស្សកី្ត ជារបស់អមនុស្សកី្ត ដ៏ជាទិព្វ (បុប្ផជាត និងរុក្ខជាតិទាំងនោះ) បានដុះឡើង ជិតលំនៅរបស់នាងក្នុងឋានសួគ៌នេះ តើជាផលនៃការស្ងប់ និងការទូន្មានដូចម្តេច នាងបានមកកើតក្នុងវិមាននេះ តើដោយផលនៃកម្មដូចម្តេច ម្យ៉ាងទៀត វិមាននេះ នាងបានដោយកម្មណា ម្នាលនាងមានរោមភ្នែក-ង នាងគប្បីសំដែងកម្មនោះ តាមលំដាប់បទ។

(ទេវតាពោលថា) វិមាននេះ ហ្វូងក្រៀល ក្ងោក មាន់ទោរ ត្រាច់ទៅ មានហ្វូងបក្សីទឹក និងរាជហង្សត្រាច់ទៅ គឹកកងដោយសត្វចង្កៀល ខ្យង តាវ៉ៅ និងសត្វស្លាប (ឯទៀត ៗ ជាច្រើន) មានដើមច្រនៀង ដើមព្រីង ដើមអសោក មានឈើប្រកបដោយផ្កា ជាបណ្តាញមានប្រការផ្សេងៗ ដែលខ្ញុំបានហើយដោយកម្មណាផង វិមាននេះ ដែលខ្ញុំបានហើយ ដោយកម្មណាផង ខ្ញុំនឹងសំដែងកម្មនោះៗ ដល់លោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ចាំស្តាប់ចុះ បពិត្រលោកម្ចាស់ដ៏ចំរើន មានស្រុកមួយឈ្មោះនាឡកៈ នៅក្នុងដែនមគធៈដ៏ប្រសើរ នាទិសខាងកើត កាលពីដើម ខ្ញុំព្រះករុណាជាកូនប្រសា (ក្នុងគហបតិត្រកូល) ក្នុងស្រុកនាឡកៈនោះ ពួកជនក្នុងស្រុកស្គាល់ខ្ញុំថា នាងសេសវតី ខ្ញុំនោះ បានសន្សំនូវកុសលកម្ម ក្នុងស្រុកនោះ ខ្ញុំមានចិត្តរីករាយ បានបូជាផ្កាដល់ព្រះឧបតិស្សត្ថេរ ដែលទេវតា និងមនុស្សបូជាហើយ លោកមានគុណដ៏ធំ បរិនិព្វានហើយ មានគុណប្រមាណមិនបាន លុះខ្ញុំបានបូជាលោកអ្នកស្វែងរកនូវគុណដ៏លើសលុប ទ្រទ្រង់រាងកាយជាទីបំផុត បានដល់គតិយ៉ាងក្រៃលែង ហើយខ្ញុំលះបង់កាយជារបស់មនុស្ស បានមកកាន់ទេវនិកាយជាន់តាវត្តឹង្ស នាឋានទេវលោកនេះ។

ចប់ សេសវតីវិមាន ទី៧។

 

លេខយោង

1)
សុជកព្រឹក្សនេះ មានតែក្នុងទេវលោក និងភ្នំគន្ធមាទ ក្នុងទីដទៃមិនមាន។ អដ្ឋកថា។
km/tipitaka/sut/kn/viv/sut.kn.viv.3.07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann