km:tipitaka:sut:kn:viv:sut.kn.viv.3.09

វិសាលក្ខិវិមាន ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 3 09 បាលី cs-km: sut.kn.viv.3.09 អដ្ឋកថា: sut.kn.viv.3.09_att PTS: ?

វិសាលក្ខិវិមាន ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. វិសាលក្ខិវិមានវត្ថុ)

[៣៧] (សក្កទេវរាជសួរថា) ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអី្វ បានជាមាន ពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តឹង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា (កាលនោះ) ពួកទេវតាទាំងអស់ ព្រមទាំងយាន ព្រមទាំងរថដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឧទ្យាន ចិត្តរមែងប្រាកដដោយកាយ រូបរបស់នាង ក៏ប្រាកដដូច្នេះ តើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាពរបស់ខ្ញុំ (កើតឡើង) ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាមបុរិន្ទទៈ សូមព្រះអង្គស្តាប់នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងក្រុងរាជគ្រឹះ ជាទីត្រេកអរ ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់សម្រាប់ស្លៀកដណ្តប់ផង ភត្តផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយបុគ្គល អ្នកមានចិត្តត្រង់សព្វ ៗ កាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) ផង ចាកការផឹកទឹកស្រវឹងផងសព្វ ៗ កាល ហើយត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុងអរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះ តែងយកកម្រងផ្កាមកឲ្យខ្ញុំសព្វៗកាល ខ្ញុំបានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូបនៃព្រះមានព្រះភាគ ខ្ញុំមានចិត្តជ្រះថ្លា បានទៅក្នុងថ្ងៃឧបោសថ ហើយបូជាកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ចំពោះព្រះស្តូប ដោយដៃរបស់ខ្លួន បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាព របស់ខ្ញុំ (កើតឡើង) ដោយកម្មនោះ ដែលខ្ញុំបានបូជាកម្រងផ្កាកី្ត ដែលខ្ញុំជាស្ត្រីមានសីលកី្ត ការបូជានូវកម្រងផ្កា និងការរក្សាសីលរបស់ខ្ញុំនោះ មិនទាន់ឲ្យផលនៅឡើយ បពិត្រព្រះអង្គជាធំជាងទេវតា តែសេចកី្តប្រាថ្នារបស់ខ្ញុំថា សូមឲ្យខ្ញុំបានជាសកទាគាមិនី។

ចប់ វិសាលក្ខីវិមាន ទី៩។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.3.09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann