km:tipitaka:sut:kn:viv:sut.kn.viv.4.06

វិហារវិមាន ទី៦

សង្ខេប

…កាល​រឭក​រឿយៗ នូវ​បុណ្យ​ប្រាក​ដដូ​ច្នោះ រមែង​កើតសេចកី្ត​ត្រេកអរ …ជា​អ្នក​មិន​មាន​គេ​តិះដៀល​បាន រមែង​ទៅ​កាន់​ឋាន​សួគ៌។…

sut kn viv 4 06 បាលី cs-km: sut.kn.viv.4.06 អដ្ឋកថា: sut.kn.viv.4.06_att PTS: ?

វិហារវិមាន ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. វិហារវិមានវត្ថុ)

[៤៤] (ព្រះអនុរុទ្ធត្ថេរសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយនៃចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយឰដ៏ផ្នួងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កំរើកដោយខ្យល់ ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ផ្កាកម្រងណាឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ក្លិននៃផ្កាកម្រងនោះ) រមែងផ្សាយទៅសព្វទិស ដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូប ដែលមិនមែនជារបស់មនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះអនុរុទ្ធដ៏ចំរើន (នាងវិសាខា) ជាសំឡាញ់របស់ខ្ញុំ បានឲ្យជាងធ្វើមហាវិហារ ទៀបក្រុងសាវត្ថី ឧទ្ទិសចំពោះព្រះសង្ឃ ខ្ញុំជ្រះថ្លារីករាយ ចំពោះវិហារនោះ ព្រោះឃើញនូវផ្ទះ គឺវិហារ ជាទីស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិលមើល ក៏ខ្ពស់ទៅឰដ៏អាកាស អស់ ១៦ យោជន៍ជុំវិញ ដោយបុញ្ញឫទ្ធិនៃខ្ញុំ

ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងភ្លឺទួទៅអស់ ១០០ យោជន៍ជុំវិញ ឯស្រះបោក្ខរណីទាំងឡាយរបស់ខ្ញុំក្នុងទីនេះ ដែលពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រអូប ជាទីគាប់ចិត្ត ដែលខ្យល់បក់ផ្សាយទៅ ដើមព្រីង ខ្នុរ ត្នោត ដូង ព្រៃ និងឈើផ្សេងទាំងឡាយ ដុះជិតលំនៅខាងក្នុង មិនបាច់ដាំឡើយ (វិមាននោះ) សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្ត្រីអប្សរ ទោះជនណាឃើញខ្ញុំក្នុងការយល់សបិ្ត ជននោះឯង គង់ត្រេកអរ វិមានបែបនេះ ជាទីអស្ចារ្យ គួររមិលមើល ភ្លឺព្រោងព្រាតដោយសព្វគ្រប់ កើតឡើងដោយបុញ្ញកម្មទាំងឡាយរបស់ខ្ញុំ បុគ្គលគួរធ្វើនូវបុណ្យទាំងឡាយ។

(ព្រះអនុរុទ្ធត្ថេរសួរថា) វិមានដែលនាងបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាទីអស្ចារ្យ គួររមិលមើល ម្យ៉ាងទៀត នារីណា បានឲ្យនូវទាន នាងចូរប្រាប់នូវគតិរបស់នារីនោះ តើទៅកើតក្នុងទីណា។

(ទេវតាឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្រីសំឡាញ់របស់ខ្ញុំណា បានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ ស្រីសំឡាញ់នោះ (គឺនាងវិសាខា) ជាស្ត្រីមានធម៌ដឹងច្បាស់ បានឲ្យទានហើយ បានទៅកើតក្នុងទេវលោកជាន់និម្មានរតី បានជាបជាបតីនៃទេវរាជឈ្មោះ សុនិម្មិត លោកម្ចាស់សួររកនូវនារីណាថា នារីនោះទៅកើតក្នុងទីណា ផលនៃកម្មរបស់នារីនោះ មិនគប្បីគិតឡើយ។ បពិត្រលោកដ៏ចំរើន ខ្ញុំបានដោះស្រាយតាមសេចក្តីពិត មិនប្រែប្រួល ព្រោះហេតុនោះ លោកម្ចាស់ចូរបបួលពួកជនដទៃថា អ្នកទាំងឡាយ ចូរត្រេកអរឲ្យទានចំពោះសង្ឃផង អ្នកទាំងឡាយ ចូរមានចិត្តជ្រះថ្លាស្តាប់ធម៌ផង ការបានអត្តភាពជាមនុស្ស ដែលគេកម្របានដោយងាយ អ្នកទាំងឡាយ ក៏បានហើយ ព្រះពុទ្ធមានសំឡេងដូចព្រហ្ម មានព្រះចម្មាដូចមាស ជាអធិបតីក្នុងផ្លូវ បានសំដែងនូវទានជាផ្លូវណា ទក្ខិណាទាន (ដែលបុគ្គលឲ្យហើយ) ចំពោះសង្ឃណា ជាទានមានផលច្រើន អ្នកទាំងឡាយ ចូត្រេកអរឲ្យទានទាំងឡាយ (នោះ) ចំពោះសង្ឃ (នោះ) ចុះ បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័កនៃព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនុ៎ះ ជាទានមានផលច្រើន

បុគ្គល ៤ ពួក តាំងនៅក្នុងមគ្គ បុគ្គល ៤ ពួក តាំងនៅក្នុងផល នេះឈ្មោះថាព្រះសង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយបញ្ញា និងសីល បុណ្យឲ្យផលក្នុងបច្ចុប្បន្ន ដែលពួកសត្វជាមនុស្ស ប្រាថ្នានូវបុណ្យ កាលបូជា កាលធ្វើ បានឲ្យហើយចំពោះសង្ឃ ជាទានមានផលច្រើន

ព្រោះថា ព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណធំទូលាយ ព្រះសង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹកមានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ប្រសើរជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត ជាអ្នកធ្វើនូវពន្លឺ គឺញាណ សំដែងនូវធម៌ ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះព្រះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះបានឲ្យល្អហើយ បូជាតូច ល្អហើយ បូជាធំល្អហើយ សង្ឃគតាទក្ខិណាទាននោះ ដែលបុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ដែលព្រះពុទ្ធទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ត្រាស់សរសើរហើយថា ជនទាំងឡាយណា កាលរឭករឿយៗ នូវបុណ្យប្រាកដដូច្នោះ រមែងកើតសេចកី្តត្រេកអរ ត្រាច់រង្គាត់ទៅក្នុងលោក ជនទាំងនោះ កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស ជាអ្នកមិនមានគេតិះដៀលបាន រមែងទៅកាន់ឋានសួគ៌។

ចប់ វិហារវិមាន ទី៦។

ចប់ ភាណវារៈ ទី២

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.4.06.txt · ពេលកែចុងក្រោយ: 2024/11/16 06:38 និពន្ឋដោយ Johann