km:tipitaka:sut:kn:viv:sut.kn.viv.4.10

ឧច្ឆុវិមាន ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 4 10 បាលី cs-km: sut.kn.viv.4.10 អដ្ឋកថា: sut.kn.viv.4.10_att PTS: ?

ឧច្ឆុវិមាន ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ឧច្ឆុវិមានវត្ថុ)

[៤៨] (ព្រះមោគ្គល្លានសួរថា) នាងរុងរឿងកន្លងពួកទេវតាដោយសិរីផង ដោយសម្បុរផង ដោយយសផង ដោយតេជះផង ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ញុំាងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿង ឬដូចជាព្រហ្មរុងរឿងកន្លងពួកទេវតាក្នុងជាន់ត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ ម្នាលទេវតាអ្នកទ្រទ្រង់កម្រងផ្កាឧប្បល មានភួងផ្កាសម្រាប់ប្រដាប់ក្បាល មានសម្បុរស្បែកភ្លឺដូចមាស តាក់តែងគ្រឿងអលង្ការ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង ម្នាលទេវតាល្អស្រស់ នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងបានសន្សំទានល្អហើយ ឬក៏នាងបានសង្រួមក្នុងសីល បានមកកើតក្នុងសុគតិ ជាស្ត្រីមានយស តើដោយហេតុដូចម្តេច ម្នាលទេវតា អាត្មាសួរហើយ នាងចូរបា្រប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន រឿងនេះ លោកម្ចាស់ (ជ្រាបស្រាប់ហើយ) លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំ ដើម្បីបិណ្ឌបាត ក្នុងស្រុកឯណោះ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិនបាន លុះកាលខាងក្រោយមក ម្តាយក្មេកបានសួរដេញដោលខ្ញុំថា ម្នាលមេ នាងបំផ្លាញអំពៅទៅណា (ខ្ញុំឆ្លើយថា) ខ្ញុំមិនបានចោលទេ មិនបានស៊ីទេ ខ្ញុំបានប្រគេនដល់ភិក្ខុ អ្នកមានចិត្តស្ងប់ ដោយខ្លួនឯង ម្តាយក្មេក ក៏ប្រទេចផ្តាសាខ្ញុំថា ហងឯង ឬអញ ជាធំក្នុងផ្ទះនេះ ហើយក៏យកដុំដីប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកមនុស្សលោកនោះ បានមកកើតជាទេវតា កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំក៏បានទទួលផល នៃកម្មជាសុខ ដោយខ្លួនឯង បានញុំាងស្ត្រីឲ្យបម្រើជាមួយនឹងទេវតាទាំងឡាយ ខ្ញុំរមែងរីករាយដោយកាមគុណទាំង ៥ កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំក៏បានទទួលផលនៃកម្មជាសុខ ដោយខ្លួនឯង ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ស្កប់ស្កល់ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទាន (ការឲ្យអំពៅ) របស់ខ្ញុំ ជាទានមានផលច្រើន ខ្ញុំបានញុំាងស្ត្រីឲ្យបម្រើ ជាមួយនឹងទេវតាទាំងឡាយ ខ្ញុំរមែងរីករាយ ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានតេជះច្រើន ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ដូចជាព្រះសហស្សនេត្រក្នុងព្រៃនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំបានទៅថ្វាយបង្គំលោកម្ចាស់ ជាអ្នកចេះដឹង ជាអ្នកអនុគ្រោះ លោកម្ចាស់បានសួរនូវកុសលចំពោះខ្ញុំ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ដោយបីតិថ្លឹងមិនបាន។

ចប់ ឧច្ឆុវិមាន ទី១០។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.4.10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann