km:tipitaka:sut:kn:viv:sut.kn.viv.4.12

រជ្ជុមាលាវិមាន ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 4 12 បាលី cs-km: sut.kn.viv.4.12 អដ្ឋកថា: sut.kn.viv.4.12_att PTS: ?

រជ្ជុមាលាវិមាន ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. រជ្ជុមាលាវិមានវត្ថុ)

[៥០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង (កាលបើតូរ្យតន្ត្រី) ដែលគេប្រគំល្អហើយ នាងវាសដៃវាសជើងរាំ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយដ៏ក្រអូប គួររីករាយចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលនាងងាកកាយ សូរគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយ ឰដ៏ផ្នួងសក់នោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ សូរគឹកកងនៃគ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ កម្រើកដោយខ្យល់នោះ ឮដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ កម្រងផ្កាណា ឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយចិត្ត ក្លិនកម្រងផ្កានោះ រមែងផ្សាយទៅសព្វទិស ដូចឈើឪឡោក នាងតែងធុំក្លិនក្រអូបនុ៎ះ តែងឃើញរូប ដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) ក្នុងកាលពីដើម ខ្ញុំជាទាសីនៃព្រាហ្មណ៍ក្នុងស្រុកឈ្មោះ គយា ជាស្ត្រីមានបុណ្យតិច មិនមានសិរី ពួកជនស្គាល់ខ្ញុំថា ជាស្ត្រីឈ្មោះរជ្ជុមាលា ខ្ញុំធុញទ្រាន់ដោយការគម្រាមរបស់ពួកជនអ្នកជេរ វាយ ហើយក៏កាន់ក្អម ដើរចេញទៅដងទឹក ត្រឡប់មកវិញ ដាក់ក្អមទៅក្រៅផ្លូវ ដើរចូលទៅកាន់ដងព្រៃ ដោយគិតថា អញនឹងស្លាប់ ក្នុងទីនេះតែម្តងទៅចុះ ប្រយោជន៍អី្វដោយការរស់នៅរបស់អញ ហើយក៏ធ្វើអន្ទាក់យ៉ាងមាំ ចងសំយ៉ុងចុះ ត្រង់ប្រគាបឈើ លំដាប់នោះ ខ្ញុំក៏រមិលមើលនូវទិសទាំងឡាយថា អ្នកណាហ្ន៎ ដែលអាត្មាអញត្រូវនមស្ការ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គមានប្រយោជន៍ ដល់សត្វលោកទាំងពួង ទ្រង់ជាអ្នកប្រាជ្ញ កំពុងគង់ចំរើនឈាន ទៀបគល់ឈើនោះ ព្រះអង្គមិនមានភ័យ អំពីទីណាមួយ សេចកី្តសង្វេគ សេចកី្តអស្ចារ្យ និងការព្រឺរោម ក៏កើតឡើងដល់ខ្ញុំនោះ (ដោយគិតថា) បុគ្គលណាហ្ន៎ មនុស្ស ឬទេវតា ដែលអាត្មាអញ ត្រូវនមស្ការ ហើយចិត្តខ្ញុំក៏ជ្រះថ្លា ព្រោះបានឃើញព្រះសម្ពុទ្ធ អ្នកនាំមកនូវសេចកី្តជ្រះថ្លា គួរជាទីជ្រះថ្លា ព្រះអង្គចេញអំពីព្រៃ គឺកិលេស មកកាន់ព្រះនិព្វាន ដែលមិនមានតណ្ហា ព្រះសម្ពុទ្ធនេះ មិនមែនជាបុគ្គលផ្តេសផ្តាសទេ ព្រះអង្គមានឥន្ទ្រិយគ្រប់គ្រងហើយ ត្រេកអរក្នុងឈាន មានចិត្តមិនបានប្រព្រឹត្តទៅក្នុងអារម្មណ៍ខាងក្រៅ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង នេះប្រាកដជាព្រះពុទ្ធ ដូចជាសីហៈ ដែលគួរខ្លាចដ៏ពន្លឹក មិនគួរហ៊ានចូលទៅរកអាស្រ័យនៅក្នុងគុហា ព្រះពុទ្ធនេះ បុគ្គលកម្របានចួបប្រទះ ដូចជាផ្កាឧទុម្ពរ (ដែលគេឃើញបានដោយក្រ) ព្រះតថាគតនោះ បានហៅខ្ញុំដោយវាចាផ្អែមល្ហែមថា ម្នាលនាងរជ្ជុមាលា ហើយទ្រង់ត្រាស់នឹងខ្ញុំថា នាងចូរដល់នូវព្រះតថាគតជាទីពឹងចុះ លុះខ្ញុំបានស្តាប់ព្រះវាចានោះ ជាវាចាឥតទោស ប្រកបដោយប្រយោជន៍ ជាវាចាស្អាតពីរោះ ផ្អែមល្ហែមគួរចង់ស្តាប់ បន្ទោបង់នូវសេចកី្តសោកទាំងពួង (ហើយមានចិត្តជ្រះថ្លា) ព្រះតថាគតបានជ្រាបច្បាស់នូវខ្ញុំថា ជាស្រីមានចិត្តគួរដល់ភាវនាកម្ម កំពុងជ្រះថ្លា មានចិត្តបរិសុទ្ធ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់ប្រៀនប្រដៅ (សត្វលោកទាំងពួង) បានទ្រង់ត្រាស់នឹងខ្ញុំថា នេះជាទុក្ខ នេះជាដែនកើតនៃទុក្ខ នេះជាហេតុរលត់ទុក្ខ នេះជាផ្លូវទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ខ្ញុំជាស្ត្រីឋិតនៅក្នុងឱវាទនៃព្រះតថាគត ព្រះអង្គជាបុគ្គលឈ្លាសវៃ ជាអ្នកអនុគ្រោះហើយ បានដល់នូវព្រះនិព្វាន ឈ្មោះអមតៈ ជាទីស្ងប់រម្ងាប់ ជាបទមិនឃ្លៀងឃ្លាត ខ្ញុំនោះ ជាស្ត្រីមានសេចកី្តស្រឡាញ់ខ្ជាប់ខ្ជួន មិនញាប់ញ័រក្នុងទស្សនញ្ញាណ ដោយសទ្ធាជាមូល ជាធីតាកើតអំពីឧរានៃព្រះពុទ្ធជាម្ចាស់ ខ្ញុំនោះ រមែងត្រេកអររីករាយ មិនមានភ័យពីហេតុអី្វមួយឡើយ ទ្រទ្រង់នូវកម្រងផ្កាទិព្វ ផឹកនូវទឹកឃ្មុំដ៏ផ្អែម តូរ្យតន្ត្រីទាំង ៦ ម៉ឺន រមែងធ្វើនូវការភ្ញាក់រលឹកដល់ខ្ញុំ ទេវបុត្រឈ្មោះ អាឡម្ពៈ ១ គគ្គរៈ ១ ភីមៈ ១ សាធុវាទី ១ សំសយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ នារីទាំងឡាយ គឺនារីឈ្មោះរីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ហិតា ១ អលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិទារុណី ១ ឯណិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទេវតាទាំងនេះផង ដទៃផង ប្រសើរជាងស្រីអប្សរទាំងឡាយ ជាអ្នកធ្វើឲ្យភ្ញាក់រលឹក ពួកទេវតាទាំងនោះ ចូលទៅរកខ្ញុំតាមកាលគួរ ហើយពោលថា ហ៏យើងទាំងឡាយ នឹងរាំច្រៀង ហ៏យើងទាំងឡាយ នឹងត្រេកអរចំពោះមហាវ័ននោះ មហាវ័ននេះ មិនមែនជាទីរបស់បុគ្គលទាំងឡាយ អ្នកមិនបានធ្វើបុណ្យទេ មហាវ័ននេះ ជាទីរបស់បុគ្គលទាំងឡាយអ្នកធ្វើបុណ្យប៉ុណ្ណោះ មហាវ័ននេះ ជាព្រៃគ្មានសេចកី្តសោក ជាព្រៃគួររីករាយ គួរត្រេកអរនៃទេវតាទាំងឡាយជាន់តាវត្តឹង្ស សេចកី្តសុខ រមែងមិនមានដល់បុគ្គលទាំងឡាយ ដែលមិនបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង សេចកី្តសុខ រមែងមានដល់បុគ្គលទាំងឡាយ អ្នកបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ពួកជនអ្នកប្រាថ្នាទៅកើតជាទេវតានោះ គួរធ្វើកុសលឲ្យច្រើន ព្រោះថា ជនទាំងឡាយអ្នកបានធ្វើបុណ្យ ជាអ្នកបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌ ពួកទាយកធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយណា ហើយរីករាយក្នុងឋានសួគ៌ ព្រះតថាគតទាំងនោះ ជាទក្ខិណេយ្យបុគ្គល ជាអណ្តូង ជាទីកើតនៃព្រះអរិយបុគ្គល ដែលជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ រមែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនមានប្រមាណច្រើន។

ចប់ រជ្ជុមាលាវិមាន ទី១២។

ឧទ្ទាន

និយាយអំពីមញ្ជិដ្ឋវិមាន ១ បភស្សរវិមាន ១ នាគវិមាន ១ អលោមវិមាន ១ កញ្ជិកទាយិកាវិមាន ១ វិហារវិមាន ១ ចតុរិតិ្ថវិមាន ១ អម្ពវិមាន ១ បីតវិមាន ១ ឧច្ឆុវិមាន ១ វន្ទនវិមាន ១ រជ្ជុមាលាវិមាន ១ ហេតុនោះបានជាហៅថាវគ្គ។

ចប់ វគ្គ ទី៤ ក្នុងឥត្ថីវិមាន។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.4.12.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann