តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn viv v1 បាលី cs-km: sut.kn.viv.v1 អដ្ឋកថា: sut.kn.viv.v1_att PTS: ?
បីឋវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បីឋវគ្គោ)
(១. បឋមបីឋវិមានវត្ថុ)
[១] (ព្រះមោគ្គលា្លនសួរថា) តាំងរបស់នាង ជាវិការៈនៃមាសដ៏ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ។
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្សក្នុងពួកមនុស្ស បានឲ្យអាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម ឲ្យទានតាមអានុភាព (នៃខ្ញុំ)។
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំនឹងប្រាប់ដល់លោក កាលដែលខ្ញុំកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី១។
(២. ទុតិយបីឋវិមានវត្ថុ)
[២] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈនៃកែវពិទូរ្យដ៏ឧត្តម មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់
តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ។
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យអាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម បានឲ្យទាន តាមអានុភាព (នៃខ្ញុំ) ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី២។
(៣. តតិយបីឋវិមានវត្ថុ)
[៣] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាងជាវិការៈនៃមាស ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់បាន តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើងឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះ តិចណាស់ ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុ ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនតាំងដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី៣។
(៤. ចតុត្ថបីឋវិមានវត្ថុ)
[៤] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈនៃកែវពិទូរ្យ ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់បាន
តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី។
ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលកម្មនេះថា
ខ្ញុំមានអានុភាព ដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះ តិចណាស់ ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនតាំងដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បីឋវិមាន ទី៤។
(៥. កុញ្ជរវិមានវត្ថុ)
[៥] (ព្រះមោគ្គល្លានសួរថា) ដំរីរបស់នាង ជាជំនិះដ៏ប្រសើរ សម្រេចដោយកែវផ្សេងៗ ដ៏រុងរឿង មានកំឡាំងបរិបូណ៌ ដោយសន្ទុះ និងទៅក្នុងអាកាសបាន មានសម្បុរដូចផ្កាឈូក មានភ្នែកដូចត្របកឈូក ទ្រទ្រង់នូវសរីរៈដ៏រុងរឿង ដូចផ្កាឈូក និងផ្កាឧប្បល មានអវយវៈដ៏រោយរាយ ដោយលំអិតនៃផ្កាឈូក មានរបៀបនៃសម្បុរដ៏ល្អ ជាដំរីដើរល្អ មិនលោត ទៅល្មមប្រមាណ កាន់ផ្លូវដ៏ដេរដាសដោយផ្កាឈូក ដែលប្រដាប់ដោយត្របកឈូក កាលដែលដំរីនោះ កំពុងដើរទៅ កណ្តឹងជាវិការៈនៃមាស មានស្នូរជាទីត្រេកអរ ស្នូរគឹកកងនៃកណ្តឹងទាំងនោះ លាន់ឮដូចតូរ្យតន្ត្រី ប្រកបដោយអង្គ ៥ នាងដែលមានសំពត់ល្អ មានខ្លួនប្រដាប់ហើយ (ឋិតនៅ) លើ ក នៃដំរីនោះ មានសម្បុររុងរឿងកន្លងពួកនៃស្រីអប្សរដ៏ច្រើន នេះជាផលទានរបស់នាង ឬសីល ឬអញ្ជលិកម្ម នាងដែលអាត្មាសួរហើយ ចូរប្រាប់រឿងនោះដល់អាត្មាចុះ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំបានឃើញសាវ័កប្រកបដោយគុណធម៌ មានឈាន ត្រេកអរក្នុងឈាន ជាអ្នកស្ងប់រម្ងាប់ បានប្រគេនអាសនៈ ក្រាលនូវសំពត់ដ៏រោយរាយដោយផ្កា ខ្ញុំមានសេចកី្តជ្រះថ្លា បានរោយរាយចុះនូវផ្កាឈូកពាក់កណ្តាល ដោយទីជុំវិញអាសនៈ ដោយត្របកទាំងឡាយ ដោយដៃរបស់ខ្លួន ផលប្រាកដដូច្នោះ របស់ខ្ញុំនេះ ជាផលនៃកុសលកម្មនោះ ខ្ញុំដែលពួកទេវតាបូជាហើយ ព្រោះគួរគេធ្វើសក្ការៈគោរព អ្នកណា មួយជ្រះថ្លាហើយ គប្បីឲ្យអាសនៈដល់លោក អ្នកមានចិត្តរួចស្រឡះហើយដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ ប្រព្រឹត្តព្រហ្មចារ្យ អ្នកនោះ គប្បីត្រេកអរដូចខ្ញុំយ៉ាងនោះ ព្រោះហេតុនោះ បុគ្គលអ្នកប្រាថ្នានូវគុណ គឺសេចកី្តល្អ ដល់ខ្លួន ប្រាថ្នានូវភាពនៃផលដ៏ធំ គប្បីឲ្យនូវអាសនៈដល់ព្រះខីណាស្រព ដែលទ្រទ្រង់នូវសរីរៈ ជាទីបំផុតចុះ។
ចប់ កុញ្ជរវិមាន ទី៥។
(៦. បឋមនាវាវិមានវត្ថុ)
[៦] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិតនៅលើទូក ដែលមានដំបូលជាវិការៈនៃមាស ហើយចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងដោយជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញនូវពួកភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹក ដល់ពួកអ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកច្រើន រមែងកើតមានដល់ជននោះ ស្ទឹងទាំងឡាយដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ ជនអ្នកធ្វើបុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យ តាមភូមិភាគទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ រមែងបានអានិសង្សបែបនេះ
ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំ ដូចជាគេវាស់ដោយចំណែកដែលចែកស្មើគ្នា ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ នាវាវិមាន ទី៦។
(៧. ទុតិយនាវាវិមានវត្ថុ)
[៧] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិតនៅលើទូក មានដម្បូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះកើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹក ដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតមានដល់ជននោះ ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ អ្នកធ្វើបុណ្យតែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យតាមភូមិភាគទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ តែងបានអានិសង្សបែបនេះ
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ នាវាវិមាន ទី៧។
(៨. តតិយនាវាវិមានវត្ថុ)
[៨] (ព្រះសម្ពុទ្ធត្រាស់សួរថា) មា្នលនារី នាងឡើងឋិតនៅលើទូក មានដម្បូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង ជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន តថាគតសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះសម្ពុទ្ធត្រាស់សួរហើយ មានចិត្តត្រេកអរ លុះព្រះសម្ពុទ្ធសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំម្ចាស់កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញពួកភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឲ្យទឹកផឹកដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតឡើងដល់ជននោះ ស្ទឹងទាំងឡាយ មានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ តែងព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ អ្នកធ្វើបុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យ តាមភូមិភាគទាំងឡាយនោះ នេះជាវិបាករបស់កម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ រមែងបានអានិសង្សបែបនេះ
ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំម្ចាស់ ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់មានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំម្ចាស់ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំម្ចាស់ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។ នេះជាវិបាកនៃកម្មនុ៎ះ ព្រះពុទ្ធទ្រង់ក្រោកឡើងហើយ ទ្រង់សោយទឹក។
ចប់ នាវាវិមាន ទី៨។
(៩. ទីបវិមានវត្ថុ)
[៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អតាំងនៅ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនេះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ ម្នាលទេវធីតា នាងមានពន្លឺប្រាសចាកមន្ទិល រុងរឿងក្រៃលែង ដោយហេតុអី្វ ទិសទាំងពួងភ្លឺអំពីអវយវៈទាំងអស់របស់នាង ដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឲ្យប្រទីបក្នុងទីងងឹតខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាលគួរអុជប្រទីប ជនណាឲ្យប្រទីបក្នុងទីងងឹតខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាលគួរអុជប្រទីបហើយ វិមានដ៏មានរស្មីរុងរឿង មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតឡើងដល់ជននោះ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ព្រោះហេតុនោះ បានជាខ្ញុំមានពន្លឺប្រាសចាកមន្ទិល រុងរឿងកន្លងទេវតាទាំងឡាយ ព្រោះហេតុនោះ ទិសទាំងពួង តែងភ្លឺអំពីរាងកាយទាំងអស់របស់ខ្ញុំ
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បទីបវិមាន ទី៩។
(១០. តិលទក្ខិណវិមានវត្ថុ)
[១០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងដែកមានសម្បុរល្អតាំងនៅ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស មានព្រះទ័យថ្លា មិនល្អក់
ខ្ញុំមិនមានប្រាថ្នា គឺមិនបានប្រុងទុក ជ្រះថ្លាហើយ បានប្រមូលល្ងថ្វាយជាទាន ដល់ព្រះពុទ្ធជាទក្ខិណេយ្យបុគ្គលដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ តិលទក្ខិណវិមាន ទី១០។
(១១. បឋមបតិព្ពតាវិមានវត្ថុ)
[១១] (ព្រះមោគ្គល្លានសួរថា) ពួកក្រៀល ក្ងោក ហង្ស និងតាវ៉ៅ មានអានុភាពជាទិព្វ មានសម្លេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរដាសដោយផ្កា វិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេពគប់ហើយ ម្នាលទេវធីតា មានអានុភាពច្រើន នាងនៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងប៉ុន្មាន មានឫទ្ធិ៍និមិ្មតរូបច្រើន រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតា មានអានុភាពច្រើន នាងបានដល់នូវឫទិ៍្ធយ៉ាងនេះ នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស មានសេចកី្តគោរពបី្ត មិនមានចិត្តកើតឡើងក្នុងបុរសដទៃ ខំរក្សាបី្ត ដូចជាមាតារក្សាកូន ខ្ញុំទុកណាជាមានសេចកី្តក្រោធ ក៏មិនបានពោលពាក្យអាក្រក់ (ចំពោះបី្ត) ខ្ញុំបានតាំងនៅក្នុងពាក្យសច្ចៈ បានលះបង់ពាក្យកុហក ជាអ្នកត្រេកអរក្នុងទាន មានអត្តភាពសង្គ្រោះ (ដោយសង្គហវត្ថុទាំងឡាយ) មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចកី្តគោរព
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បតិព្វតាវិមាន ទី១១។
(១២. ទុតិយបតិព្ពតាវិមានវត្ថុ)
[១២] (ព្រះមោគ្គល្លានសួរថា) នាងឡើងកាន់វិមានមានសសរ ជាវិការៈនៃកែវពិទូរ្យ ដ៏រុងរឿងភ្លឺផ្លេក មានវិចិត្រដ៏ច្រើន ម្នាលទេវធីតា មានអានុភាពច្រើន នាងបាននៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងអម្បាលនេះ ដែលខ្ពស់និងទាប មានឫទ្ធិ៍និមិ្មតផ្សេងៗ រាំច្រៀង រីករាយដោយជុំវិញ ម្នាលទេវធីតា មានអានុភាពច្រើន នាងបានដល់នូវឫទិ៍្ធ នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាឧបាសិកា (របស់ព្រះគោតមមានបញ្ញាចក្ខុ) វៀរចាកបាណាតិបាត វៀរចាកអទិន្នាទានក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយកុហក ជាអ្នកត្រេកអរនឹងបី្តរបស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចកី្តគោរព
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ ទុតិយបតិព្វតាវិមាន ទី១២។
(១៣. បឋមសុណិសាវិមានវត្ថុ)
[១៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនេះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសាក្នុងផ្ទះនៃឪពុកក្មេក បានឃើញភិក្ខុ ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់
ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំដល់ភិក្ខុនោះដោយដៃរបស់ខ្លួន លុះប្រគេននំ ជាចំណែកពាក់កណ្តាលហើយ ក៏រីករាយក្នុងនន្ទនវ័ន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង។
ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ សុណិសាវិមាន ទី១៣។
(១៤. ទុតិយសុណិសាវិមានវត្ថុ)
[១៤] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក នាងមានសម្បុរបែបនេះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសាក្នុងផ្ទះនៃឪពុកក្មេក បានឃើញភិក្ខុ ដែលប្រាសចាករាគៈ មានចិត្តថ្លា មិនល្អក់
ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យចំណែក (នំកុម្មាស) ដល់ភិក្ខុនោះដោយដៃរបស់ខ្លួន លុះឲ្យដុំនៃនំកុម្មាសរួចហើយ ក៏រីករាយក្នុងនន្ទនវ័ន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ ទុតិយសុណិសាវិមាន ទី១៤។
(១៥. ឧត្តរាវិមានវត្ថុ)
[១៥] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក នាងមានសម្បុរបែបនេះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស ដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ដោះស្រាយនូវផលនៃកម្មនេះថា
សេចកី្តច្រណែនកី្ត សេចកី្តកំណាញ់កី្ត មានះកី្ត ការលើកខ្លួនផ្ទឹមកី្ត មិនមានដល់ខ្ញុំ កាលដែលនៅគ្រប់គ្រងផ្ទះ ខ្ញុំមិនមានសេចកី្តក្រោធ ជាអ្នកប្រព្រឹត្តតាមអំណាចភស្តា មិនមានសេចកី្តប្រមាទជានិច្ច ក្នុងការរក្សាឧបោសថ
ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលគ្រប់កាល ជាអ្នកមានសេចកី្តសង្រួម មានការចែករំលែកទាន នៅគ្រប់គ្រងវិមាន ជាអ្នកវៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ចាកការលួច ចាកការប្រព្រឹត្តិកន្លង ជាអ្នកឆ្ងាយចាកការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ដែលមានបញ្ញាចក្ខុ មានយស ខ្ញុំមានយសដោយសីលជារបស់ខ្លួនផង ដោយយសផង រមែងសោយនូវបុណ្យ ជារបស់នៃខ្លួនខ្ញុំ ដល់នូវសេចកី្តសុខ មិនមានរោគ ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ ថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះឧត្តរា សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយសិរ្សៈ។ បពិត្រលោកម្ចាស់ ព្រះមានព្រះភាគ គប្បីព្យាករនូវខ្ញុំក្នុងសាមញ្ញផលណាមួយ ដោយហេតុណា ហេតុនុ៎ះ ជាសេចកី្តអស្ចារ្យល្មមទេ។ ព្រះមានព្រះភាគ ទ្រង់ព្យាករចំពោះនាងឧត្តរានោះ ក្នុងសកទាគាមិផល។
ចប់ ឧត្តរាវិមាន ទី១៥។
(១៦. សិរិមាវិមានវត្ថុ)
[១៦] (ព្រះវង្គីសត្ថេរសួរថា) សេះទាំងឡាយ ដែលនាងទឹមហើយ ប្រដាប់ដោយគ្រឿងអលង្ការដ៏ឧត្តម មានមុខសំយុងចុះ មានកម្លាំង មានសន្ទុះដ៏លឿនទៅក្នុងអាកាសបាន រថទាំងឡាយ ៥០០ កើតឡើងដល់នាង សេះទាំងឡាយ ដូចជានាយសារថី ដាស់តឿនហើយ តាមហែនាង នាងមានខ្លួនប្រដាប់ហើយ ឋិតនៅលើរថដ៏ប្រសើរ ញុំាងពន្លឺឲ្យភ្លឺរុងរឿង ដូចជាភ្លើងភ្លឺព្រោងព្រាយ ម្នាលនាងមានរូបដ៏ប្រសើរ មានរូបគួរមើល មិនថយថោក អាត្មាសូមសួរនាង នាងមកអំពីពួកណា ចូលមកគាល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរបំផុត។
(ទេវតាតបថា) អ្នកប្រាជ្ញទាំងឡាយ សរសើរទេវនិកាយណាថា ប្រសើរ ជាងពួកទេវតា ជាន់បរនិម្មិតវសវត្តី ដែលដល់នូវការប្រសើរដោយកាម (ព្រោះ) ទេវតាទាំងឡាយ (ក្នុងទេវនិកាយនោះ) និមិ្មតដោយខ្លួនឯង ហើយត្រេកអរ ខ្ញុំជាស្រីអប្សរ ទ្រទ្រង់នូវរូបតាមប្រាថ្នា ចុះអំពីពួកនិម្មានរតីទេវតានោះ មកកាន់មនុស្សលោកនេះ ដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ព្រះអង្គមិនមានអ្នកដទៃប្រសើរលើស។
(ព្រះវង្គីសត្ថេរសួរថា) ក្នុងកាលមុន នាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងមានយសធំ ចំរើនដោយសេចកី្តសុខ នាងមានឫទិ៍្ធ មិនមានអ្នកដទៃប្រសើរលើស ទៅកាន់អាកាសបាន ទាំងសម្បុររបស់នាង ក៏រុងរឿងទៅក្នុងទិសទាំង ១០ នាងមានទេវតាចោមរោមធ្វើសក្ការៈ ម្នាលទេវតា នាងច្យុតអំពីឋានណា មកកាន់សុគតិនេះ នាងធ្វើតាមពាក្យប្រដៅអ្នកណា ចូរនាងប្រាប់ដល់អាត្មា បើនាងជាពុទ្ធសាវិកា។
(ទេវតាតបថា) ខ្ញុំជាស្ត្រីបំរើរបស់ស្តេចដ៏ប្រសើរ (ព្រះបាទពិម្ពិសារៈ) មានសិរី ក្នុងនគរដ៏ឧត្តម ដែលគេសាងដោយល្អ ក្នុងចន្លោះនៃភ្នំ (ទាំង ៥ មានភ្នំឈ្មោះវេភារៈជាដើម) បានសិក្សាស្ទាត់ដោយរបាំ និងចម្រៀង ពួកជនក្នុងនគររាជគ្រឹះ បានស្គាល់ខ្ញុំ ថាសិរីមា ឯព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណ មានសីលគុណជាដើម ដូចគោឈ្មោះនិសភៈ គឺគោរប្រសើរជាងគោទាំងពួង ជាបុគ្គលដឹកនាំនូវសត្វទាំងឡាយ បានសម្តែងនូវសមុទយសច្ច និងទុក្ខសច្ច ថាជារបស់មិនទៀង នូវទុក្ខនិរោធសច្ច ដែលមិនមានបច្ច័យតាក់តែង ថាជារបស់ទៀង និងមគ្គសច្ចនេះ ជាផ្លូវមិនវៀច ជាគន្លងដ៏ក្សេមដល់ខ្ញុំ លុះខ្ញុំបានស្តាប់នូវអត្ថបទនៃអមតនិព្វាន ដែលមិនមានបច្ច័យប្រជុំតាក់តែង ជាពាក្យប្រដៅរបស់ព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាងហើយ ខ្ញុំបានសងួ្រមដ៏ឧត្តមប្រពៃ ក្នុងសីលទាំងឡាយ តាំងនៅក្នុងធម៌ ដែលព្រះពុទ្ធប្រសើរជាងជន ទ្រង់សម្តែងហើយ លុះដឹងអត្ថបទដែលប្រាសចាករាគៈ មិនមានបច្ច័យប្រជុំតាក់តែងនោះ ដែលព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង ទ្រង់សម្តែងហើយ ខ្ញុំបាននូវសមាធិ ដែលកើតអំពីសមថៈ ក្នុងអត្តភាពនោះឯង ការបាននូវសមាធិរបស់ខ្ញុំនោះឯង ជាមគ្គនិយាមដ៏ឧត្តម ខ្ញុំបាននូវអមតនិព្វានដ៏ប្រសើរវិសេស មានសេចកី្តជឿដ៏ពិត បានដល់នូវគុណវិសេសក្នុងការត្រាស់ដឹង (នូវសច្ចៈ) មិនមានសង្ស័យ មានពួកជនច្រើនបូជាហើយ សោយនូវការលេង និងសេចកី្តត្រេកអរដ៏ច្រើន ខ្ញុំជាទេវតាបានឃើញនូវអមតធម៌យ៉ាងនេះហើយ ជាសាវិកានៃព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង បានឃើញធម៌ តាំងនៅក្នុងផលជាបឋម ដល់នូវសោតៈ ទុគ្គតិក៏មិនមានដល់ខ្ញុំទៀត ខ្ញុំបានចូលមក ដើម្បីថ្វាយបង្គំព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃប្រសើរជាងផង ដើម្បីនមស្ការនូវពួកភិក្ខុ ដែលនាំមកនូវសេចកី្តជ្រះថ្លា ជាអ្នកត្រេកអរក្នុងកុសល (មក) កាន់ទីប្រជុំនៃសមណៈដ៏ក្សេមផង ខ្ញុំមានសេចកី្តគោរពចំពោះព្រះពុទ្ធជាស្តេចហេតុធម៌ដ៏មានសិរី បានឃើញព្រះពុទ្ធជាអ្នកប្រាជ្ញ ក៏មានចិត្តរីករាយ ត្រេកអរ ខ្ញុំថ្វាយបង្គំព្រះតថាគត ជាធម្មសារថីដ៏ប្រសើរជាងជន ផ្តាច់បង់តណ្ហា ត្រេកអរក្នុងកុសល ជាអ្នកទូន្មានសត្វ មានសេចកី្តអនុគ្រោះ ដោយប្រយោជន៍ដ៏ឧត្តម។
ចប់ សិរីមាវិមាន ទី១៦។
(១៧. កេសការីវិមានវត្ថុ)
[១៧] (សក្កទេវរាជសួរថា) វិមាន មានសសរជាវិការៈនៃកែវពិទូរ្យនេះដ៏រុងរឿង ភ្លឺផ្លេកសព្វកាល ឥតមានមន្ទិលគ្របដោយដើមឈើ ជាវិការៈនៃមាសដោយជុំវិញ ឋានរបស់យើង កើតឡើងព្រមដោយអំណាចនៃផលកម្ម ពួកស្ត្រីអប្សរពីកាលមុនដែលកើតក្នុងវិមាននោះចំនួន ១ សែននាក់ នាងជាអ្នកមានយស កើតឡើងដោយកម្មជារបស់ខ្លួន នាងជាបុព្វទេវតា ញុំាងរស្មីឲ្យភ្លឺ តាំងនៅដូចព្រះចន្ទ ជាស្តេចនៃផ្កាយ រមែងរុងរឿងគ្របសង្កត់ពួកផ្កាយ នាងថ្កើងរុងរឿងដោយយស ជាងពួកនៃស្ត្រីអប្សរនេះ យ៉ាងនោះដែរ ម្នាលនាងមានរូបគួរមើល មិនថោកថយ នាងមកពីភពណាហ្ន៎ បានមកកើតក្នុងភពរបស់យើងនេះ ពួកទេវតានៅឋានត្រៃត្រឹង្សទាំងអស់ ព្រមទាំងព្រះឥន្ទ មិនឆ្អែតស្កប់ស្កល់ ដោយការមើលនូវនាង ដូចជាពួកទេវតា នៅក្នុងឋានត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ មិនឆ្អែតស្កប់ស្កល់ ដោយការឃើញនូវព្រហ្ម ដូច្នោះដែរ។
(ទេវធីតាតបថា) បពិត្រសក្កៈ ព្រះអង្គទ្រង់សួរប្រស្នានេះ នឹងខ្ញុំព្រះអង្គថា នាងច្យុតមកអំពីភពណា បានមកកើតក្នុងទីនេះ ខ្ញុំឈ្មោះបេសការិកា កើតក្នុងបុរី ឈ្មោះពារាណសីរបស់អ្នកដែនកាសីនោះ ជាអ្នកមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចកី្តសង្ស័យ មានសិក្ខាបទមិនបានដាច់ សម្រេចនូវផលទៀង ក្នុងធម៌ជាគ្រឿងត្រាស់ដឹង មិនមានសេចកី្តទុក្ខ។
សក្កទេវរាជត្រាស់ថា ម្នាលនាងមានសេចកី្តជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចកី្តសង្ស័យ មានសិក្ខាបទមិនបានដាច់ បានសម្រេចនូវផលទៀង ក្នុងធម៌ជាគ្រឿងត្រាស់ដឹង មិនមានសេចកី្តទុក្ខ យើងត្រេកអរនូវសម្បតិ្តរបស់នាងផង នូវដំណើរមកដោយប្រពៃរបស់នាងផង នាងរុងរឿងដោយធម៌ គឺបុញ្ញសម្បតិ្តផង ដោយយស គឺទិព្វសម្បតិ្តផង។
ចប់ បេសការិយវិមាន ទី១៧។
ឧទ្ទាន (នៃបីឋវគ្គនោះ) គឺ
និយាយអំពីបីឋវិមាន ៥ នាវាវិមាន ៣ បទីបវិមាន ១ តិលទកិ្ខណវិមាន ១ បតិព្វតាវិមាន ២ សុណិសាវិមាន ២ ឧត្តរាវិមាន ១ សិរីមាវិមាន ១ បេសការិយវិមាន ១ លោកហៅថា វគ្គដូច្នេះឯង។
ចប់ វគ្គទី ១ ក្នុងឥត្ថីវិមាន។