km:tipitaka:sut:kn:viv:sut.kn.viv.v2

ចិត្តលតាវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv v2 បាលី cs-km: sut.kn.viv.v2 អដ្ឋកថា: sut.kn.viv.v2_att PTS: ?

ចិត្តលតាវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ចិត្តលតាវគ្គោ)

ទាសីវិមាន ទី១

(១. ទាសិវិមានវត្ថុ)

[១៨] (ព្រះមោគ្គល្លានសួរថា) ចុះនាងដែលមានពួកនារីចោមរោម ហែហម ដើរក្រឡឹងជុំវិញក្នុងចិត្តលតាវ័ន ជាទីត្រេកអរ ដូចព្រះឥន្ទ្រជាធំជាងទេវតា ញុំាងទិសទាំងពួង ឲ្យភ្លឺដូចជាផ្កាយព្រឹក តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។

ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាទាសី បំរើអ្នកដទៃ ក្នុងត្រកូលជាឧបាសិកានៃព្រះគោតម មានបញ្ញាចក្ខុ មានយស ឯសេចកី្តព្យាយាម ក្នុងសាសនានៃព្រះពុទ្ធ ប្រកបដោយតាទិគុណនោះ តែងមានដល់ខ្ញុំ ទោះបីកាយនេះចង់បែកធ្លាយទៅក៏ដោយ ក៏ការបញ្ឈប់នូវសេចកី្តព្យាយាមក្នុងកម្មដ្ឋាននុ៎ះ មិនមានឡើយ ផ្លូវនៃសិក្ខាបទទាំង ៥ ជារបស់មានសួស្តី ជាទីក្សេមមិនមានបន្លា មិនសាំញាំ ជាផ្លូវត្រង់ដែលសប្បុរសប្រាប់ហើយ ខ្ញុំជាស្ត្រីដល់នូវផលនេះ ដោយសេចកី្តព្យាយាមណា លោកចូរឃើញនូវផលនៃសេចកី្តព្យាយាមនោះចុះ ខ្ញុំជាមហេសីជាទីស្រឡាញ់នៃសក្កទេវរាជ អ្នកញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងទេវលោកទាំងពីរ ពួកតូរ្យតន្ត្រី ៦ ហ្មឺន តែងធ្វើនូវការសម្រើបចិត្តនៃខ្ញុំ ពួកទេវបុត្តឈ្មោះអាលម្ពៈ ១ គគ្គមៈ ១ ភីមៈ ១ សាធុវាទី ១ បសំសិយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ ទាំងពួកនារីឈ្មោះវីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ភិកា ១ អាលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិ ១ ទារុណី ១ ឯនិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទាំងពួកនារីដទៃ ជាអ្នកដាស់តឿននេះ ប្រសើរជាងពួកស្ត្រីអប្សរ ពួកទេវធីតាទាំងនោះ តែងចូលមកជិតខ្ញុំ តាមកាលហើយពោលពាក្យជាទីត្រេកអរថា មក យើងទាំងឡាយ នាំគ្នារាំច្រៀង មក យើងទាំងឡាយ ញុំាងទេវធីតានោះឲ្យរីករាយ នេះមិនមែនរបស់ពួកអ្នកមិនធ្វើបុណ្យទេ នេះរបស់ពួកអ្នកបានធ្វើបុណ្យ ឧទ្យានធំជាទីមិនសោយសោក ជាទីត្រេកអររីករាយ រមែងមានដល់ពួកទេវតានៅក្នុងជាន់ត្រៃត្រឹង្ស សេចកី្តសុខនៃពួកជនដែលមិនបានធ្វើបុណ្យ មិនមានក្នុងលោកនេះផង ក្នុងលោកខាងមុខផង សេចកី្តសុខនៃពួកជនដែលបានធ្វើបុណ្យ រមែងមានក្នុងលោកនេះផង ក្នុងលោកខាងមុខផង ពួកបុគ្គល អ្នកប្រាថ្នាឲ្យបានកើតជាមួយនឹងពួកទេវតាទាំងនោះ គប្បីធ្វើកុសលឲ្យច្រើនចុះ ព្រោះថាបុគ្គលបានធ្វើបុណ្យ ជាអ្នកបានបរិបូណ៌ដោយភោគៈ តែងរីករាយ ក្នុងស្ថានសួគ៌។

ចប់ ទាសីវិមាន ទី១។

លខុមាវិមាន ទី២

(២. លខុមាវិមានវត្ថុ)

[១៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អឋិតនៅហើយ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

លំនៅរបស់ខ្ញុំ តាំងនៅជិតទីជាទីចេញអំពីកេវដ្តទ្វារ ខ្ញុំមានចិត្តជ្រះថ្លា ក្នុងលោកអ្នកមានចិត្តត្រង់ទាំងឡាយ បានប្រគេនបាយ នំកុម្មាស និងបន្លែ ជ្រក់ ទឹកដែលផ្សំដោយសម្ភារៈច្រើន ដល់ពួកសាវ័កអ្នកស្វែងរកគុណធំ ដែលត្រាច់ទៅ ក្នុងទីលំនៅនៃខ្ញុំនោះ

ខ្ញុំបានរក្សាឧបាសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ខ្ញុំជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល មានសេចកី្តសង្រួម មានការចែកនូវទាន នៅគ្រប់គ្រងវិមាន ជាអ្នកវៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ វៀរចាកការលួច ចាកការប្រព្រឹត្តិកន្លងចិត្តស្វាមី ជាអ្នកឆ្ងាយចាកការផឹកទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ដែលមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

បពិត្រព្រះថេរៈដ៏ចំរើន សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះលខុមា សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយសិរ្សៈ។ បពិត្រលោកដ៏ចំរើន ហេតុនោះ ជាការអស្ចារ្យល្មមទេ ត្រង់ពាក្យថា ព្រះមានព្រះភាគទ្រង់ព្យាករខ្ញុំ ក្នុងសាមញ្ញផលណាមួយ។ ព្រះមានព្រះភាគ ទ្រង់ព្យាករនូវនាងលខុមានោះ ក្នុងសកទាគាមិផល។

ចប់ លខុមាវិមាន ទី២។

អាចាមទាយិកាវិមាន ទី៣

(៣. អាចាមទាយិកាវិមានវត្ថុ)

[២០] (ព្រះឥន្ទសួរព្រះកស្សបថា) កាលដែលលោកម្ចាស់ត្រាច់ទៅបិណ្ឌបាត ឈរនៅស្ងៀម មាននារីម្នាក់កំសត់ កំព្រា អាស្រ័យនៅផ្ទះនៃបុគ្គលដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំងដល់លោកម្ចាស់ដោយដៃរបស់ខ្លួន នាងនោះ លះបង់រាងកាយជារបស់មនុស្សហើយ ទៅកាន់ទិសណាហ្ន៎។

(ព្រះថេរៈតបថា) កាលដែលអាត្មាត្រាច់ទៅបិណ្ឌបាត ឈរស្ងៀម មាននារីកំសត់ កំព្រា អាស្រ័យនៅផ្ទះនៃបុគ្គលដទៃ ជ្រះថ្លា បានប្រគេនបាយក្តាំងដល់អាត្មា ដោយដៃរបស់ខ្លួន នាងនោះ លះបង់រាងកាយជារបស់មនុស្ស រួចផុតស្រឡះ ច្យុតអំពីមនុស្សលោកនេះទៅហើយ ពួកទេវតាដែលមានឫទ្ធិ៍ច្រើន មាននៅក្នុងជាន់និម្មានរតីណា នារីដែលជាអ្នកប្រគេនបាយក្តាំង ក៏ដល់នូវសេចកី្តសុខ រីករាយក្នុងពួកទេវតាជាន់និម្មានរតីនោះ។ ឱហ្ន៎ ទានរបស់ស្រីកំព្រាដែលបានតាំងទុកល្អ ក្នុងព្រះថេរៈព្រះនាមកស្សបៈ ឱហ្ន៎ ទក្ខិណាសម្រេចហើយដោយទាន ដែលនាំមកអំពីផ្ទះនៃបុគ្គលដទៃ នារីណាមានអវយវៈល្អទាំងអស់ ជាទីរមិលមើល មិនបានថោកថយនៃភស្តា គប្បីធ្វើនូវភាពនៃខ្លួនជាមហេសី នៃស្តេចចក្រពតិ្ត ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមអស្សតរ ១០០ កញ្ញា ១ សែន មានកុណ្ឌលជាវិការៈនៃកែវមណីប្រដាប់ហើយ ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ ដំរីទាំងឡាយដ៏ប្រសើរ ១០០ នៅក្នុងព្រៃហេមពាន្តមានភ្លុកងដូចជាចន្ទោលនង្គ័ល មានកម្លាំងខ្លាំង មានខ្សែដង្គន់មាស ជាពូជមាតង្គៈ មានគ្រឿងប្រដាប់វិចិត្រហើយដោយមាស ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ បុគ្គលណា គប្បីធ្វើនូវភាពនៃខ្លួនជាធំក្នុងទី្វបទាំង ៤ ក្នុងលោកនេះ ក៏នៅមិនទាន់ដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ។

ចប់ អាចាមទាយិកាវិមាន ទី៣។

ចណ្ឌាលីវិមាន ទី៤

(៤. ចណ្ឌាលិវិមានវត្ថុ)

[២១] (ព្រះមោគ្គល្លានប្រាប់ថា) នែនាងចណ្ឌាលី នាងចូរថ្វាយបង្គំព្រះបាទានៃព្រះគោតមដ៏មានយស ព្រះពុទ្ធព្រះអង្គជាឥសីទី ៧ ទ្រង់ប្រថាប់នៅដើម្បីអនុគ្រោះនាង ចូរនាងញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះអរហន្តប្រកបដោយតាទិគុណចុះ នាងចូរផ្គងអញ្ជលីឲ្យរហ័ស ថ្វាយបង្គំចុះ ព្រោះថា ជីវិតរបស់នាងតិចណាស់។ នាងចណ្ឌាលី ដែលព្រះមហាមោគ្គល្លានមានខ្លួនអប់រំហើយ ទ្រទ្រង់នូវសរីរៈជាទីបំផុត បានដាស់តឿនហើយ ក៏ថ្វាយបង្គំព្រះបាទាព្រះគោតមដ៏មានយស ក៏ស្រាប់តែមេគោ បុះនាងចណ្ឌាលី ដែលកំពុងផ្គងអញ្ជលីថ្វាយបង្គំនូវព្រះសម្ពុទ្ធ អ្នកធ្វើនូវពន្លឺក្នុងទីងងឹតនោះ

នាងចណ្ឌាលី បានដល់នូវឫទិ្ធនៃទេវតា ចូលមកគាល់ (នូវព្រះមហាមោគ្គល្លាន) ជាព្រះខីណាស្រព ប្រាសចាកធូលី មិនមានតណ្ហា (ហើយនិយាយថា) បពិត្រលោកមានព្យាយាម មានអានុភាពច្រើន យើងខ្ញុំសូមថ្វាយបង្គំលោក។

(ព្រះថេរៈសួរថា) ម្នាលទេវធីតា មានគុណល្អ នាងជាអី្វ មានសម្បុរដូចជាមាស មានសរីរៈដ៏ភ្លឺ មានយសធំ ចុះមកអំពីវិមានប្រកបដោយវិចិត្រដ៏ច្រើន មានពួកស្រីអប្សរ ចោមរោម មកថ្វាយបង្គំអាត្មាដូច្នេះ។

(នាងចណ្ឌាលីទេវធីតា តបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំឈ្មោះចណ្ឌាលី ដែលលោកម្ចាស់មានសេចកី្តព្យាយាម បញ្ជូនទៅឲ្យថ្វាយបង្គំព្រះបាទានៃព្រះគោតម ជាព្រះអរហន្តដ៏មានយស លុះខ្ញុំថ្វាយបង្គំព្រះបាទាហើយ ក៏ច្យុតអំពីកំណើតនៃនាងចណ្ឌាលី មកកាន់វិមានដ៏ប្រសើរដោយប្រការទាំងពួង កើតឡើងក្នុងនន្ទនឧទ្យាន មានស្ត្រីអប្សរ ១ ពាន់ ចោមរោម បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាទេវតាប្រសើរវិសេស ជាងស្រីអប្សរទាំងនោះដោយសម្បុរ ដោយយស និងអាយុ ជាទេវតា មានកុសលដ៏ច្រើន បានធ្វើហើយ ដឹងខ្លួន មានស្មារតី មកដើម្បីថ្វាយបង្គំនូវព្រះមុនី ព្រះអង្គប្រកបដោយសេចកី្តករុណាក្នុងលោក។ លុះនាងចណ្ឌាលី ជាស្ត្រីកតញ្ញូកតវេទិនី ពោលពាក្យនេះដូច្នេះហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះអរហន្តហើយ ក៏បាត់ពីទីនោះទៅ។

ចប់ ចណ្ឌាលីវិមាន ទី៤។

ភទ្ទិត្ថិកាវិមាន ទី៥

(៥. ភទ្ទិត្ថិវិមានវត្ថុ)

[២២] (ព្រះមានព្រះភាគ ត្រាស់សួរថា) នាងមានសម្បុរខៀវផង លឿងផង ខ្មៅផង ហង្សបាទផង ក្រហមផង ចោមរោមដោយលំអងនៃផ្កា មានពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទារវបុស្សនៅលើក្បាល ម្នាលនាងមានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួកទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាងកើតក្នុងពួកទេវតានៅក្នុងស្ថានត្រៃត្រឹង្ស ដោយបុណ្យអី្វ ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក ផលនៃកម្មនេះ ដូចម្តេច។

(ទេវតានោះ តបថា) ជនទាំងឡាយ ស្គាល់ខ្ញុំថា ភទិ្ទត្ថិកា ខ្ញុំជាឧបាសិកា នៅក្នុងកិម្ពិលានគរ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករលែកនូវទានសព្វកាល ខ្ញុំមានចិត្តជ្រះថ្លាហើយ ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំរក្សានូវឧបោសថប្រកបដោយ អង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមល្អក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានការនៅដោយសេចកី្តមិនធ្វេសប្រហែស

មានឱកាសនៃសេចកី្តសុចរិតធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំបានញុំាងពួកភិក្ខុ អ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែង និងគូនៃសាវ័កដែលមានតបៈ និងព្រះមហាមុនីឲ្យសោយអាហារ ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំរក្សានូវឧបោសថប្រកបដោយអង្គ ៨ រកប្រមាណមិនបាន នាំមកនូវសេចកី្តសុខសព្វកាល ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន។

ចប់ ភទិ្ទតិ្ថកាវិមាន ទី៥។

សោណទិន្នាវិមាន ទី៦

(៦. សោណទិន្នាវិមានវត្ថុ)

[២៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកា នៅក្នុងស្រុកនាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លាក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ សោណទិន្នាវិមាន ទី៦។

ឧបោសថវិមាន ទី៧

(៧. ឧបោសថាវិមានវត្ថុ)

[២៤] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងដែលមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹកឋិតនៅ ដោយហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា ឧបោសថា ខ្ញុំជាឧបាសិកានៅក្នុងសាកេតនគរ បរិបូណ៌ដោយសទ្ធា និងសីល មានចិត្តត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

សេចកី្តពេញចិត្តកើតឡើងដល់ខ្ញុំ ព្រោះបានឮនូវនន្ទនវ័នជារឿយៗ ខ្ញុំបានដំកល់នូវចិត្តក្នុងនន្ទនវ័ន ក្នុងតាវតិ្តង្សនោះ ហើយចូលទៅកាន់នន្ទនវ័ន ខ្ញុំពុំបានធ្វើតាមព្រះពុទ្ធដីការបស់ព្រះសាស្តា ជាព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យទេ ខ្ញុំមានសេចកី្តក្តៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះដំកល់នូវចិត្តក្នុងធម៌ដ៏ថោកទាប។

(ព្រះថេរៈសួរថា) ម្នាលនាងឧបោសថា នាងនៅក្នុងវិមាននេះ អស់កាលយូរប៉ុន្មាន ម្នាលទេវធីតា អាត្មាសួរនាងហើយ នាងចូរប្រាប់មក បើនាងដឹងប្រមាណអាយុ។

(ទេវតាតបថា) បពិត្រព្រះថេរៈជាអ្នកប្រាជ្ញធំ ខ្ញុំឋិតនៅក្នុងវិមាននេះ ៦ ហ្មឺនឆ្នាំ ច្យុតអំពីវិមាននេះហើយ នឹងទៅកើតជាមួយនឹងពួកមនុស្ស។

(ព្រះថេរៈពោលថា) ម្នាលនាងឧបោសថា នាងកុំខ្លាចឡើយ នាងគឺព្រះសម្ពុទ្ធទ្រង់ព្យាករហើយ ថាជាស្ត្រីបានដល់សោតៈ សម្រេចគុណវិសេសហើយ ទុគ្គតិ នាងបានលះបង់ហើយ។

ចប់ ឧបោសថវិមាន ទី៧។

សុនិទ្ទាវិមាន ទី៨

(៨. និទ្ទាវិមានវត្ថុ)

[២៥] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុនិទ្ទា ខ្ញុំជាឧបាសិកានៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល ខ្ញុំមានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ សុនិទ្ទាវិមាន ទី៨។

សុទិន្នាវិមាន ទី៩

(៩. សុនិទ្ទាវិមានវត្ថុ)

[២៦] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុទិន្នា ខ្ញុំជាឧបាសិកា នៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល ខ្ញុំមានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ សុទិន្នាវិមាន ទី៩។

ភិក្ខាទាយិកាវិមាន ទី១០

(១០. បឋមភិក្ខាទាយិកាវិមានវត្ថុ)

[២៧] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធប្រាសចាកធូលី គឺរាគៈ មានព្រះហ្ឫទ័យថ្លា មិនល្អក់ មានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ ភិក្ខាទាយិកាវិមាន ទី១០។

ទុតិយភិក្ខាទាយិកាវិមាន ទី១១

(១១. ទុតិយភិក្ខាទាយិកាវិមានវត្ថុ)

[២៨] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធ មានធូលី គឺរាគៈទៅប្រាសហើយ ព្រះអង្គមានព្រះហ្ឫទ័យថ្លា មិនល្អក់ ក៏មានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយភិក្ខាទាយិកាវិមាន ទី១១។

ឧទ្ទាន (នៃចិត្តលតាវគ្គ ទី២ នោះ) គឺ

និយាយអំពីទាសីវិមាន ១ លខុមាវិមាន ១ អាចាមទាយិកាវិមាន ១ ចណ្ឌាលិវិមាន ១ ភទិ្ទតិ្ថកាវិមាន ១ សោណទិន្នាវិមាន ១ ឧបោសថវិមាន ១ សុនិទ្ទាវិមាន ១ សុទិន្នាវិមាន ១ ភិក្ខាទាយិកាវិមាន ២ លើក លោកហៅថា វគ្គដូច្នេះឯង។

ចប់ វគ្គ ទី២ ក្នុងឥត្ថីវិមាន។

ចប់ ភាណវារៈ ទី១។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.v2.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann