km:tipitaka:sut:kn:viv:sut.kn.viv.v3

បារិច្ឆត្តកវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv v3 បាលី cs-km: sut.kn.viv.v3 អដ្ឋកថា: sut.kn.viv.v3_att PTS: ?

បារិច្ឆត្តកវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បារិច្ឆត្តកវគ្គោ)

ឧឡារវិមាន ទី១

(១. ឧឡារវិមានវត្ថុ)

[២៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានយស និងសម្បុរដ៏ឧត្តម ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ពួកនារី និងពួកទេវបុត្ត បានប្រដាប់គ្រឿងអលង្ការ រាំ ច្រៀង រីករាយ ចោមរោមដើម្បីបូជាដល់នាង ម្នាលនាងសុទស្សនា វិមានទាំងឡាយ ជាវិការៈនៃមាសនេះ ជារបស់នាង ចំណែកនាងសោត ជាឥស្សរៈលើវិមានទាំងនោះ ញុំាងសេចកី្តប្រាថ្នាទាំងពួងឲ្យសម្រេច នាងមានជាតិល្អ ជាអ្នកធំ រីករាយក្នុងពួកទេវតា ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះ តើដូចម្តេច។

(ទេវតានោះតបថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលទ្រុស្តសីល ជាអ្នកមិនមានសទ្ធា ជាមនុស្សកំណាញ់ ប៉ុន្តែខ្ញុំជាអ្នកបរិបូណ៌ដោយសទ្ធា និងសីល បានប្រគេននំដល់លោកម្ចាស់ ដែលត្រាច់ទៅបិណ្ឌបាត ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំ ដល់លោកម្ចាស់ដោយដៃរបស់ខ្លួន មាតាក្មេករបស់ខ្ញុំនោះ បានប្រទេចផ្តាសាថា ហងជាស្ត្រីមានគូស្រករ គេប្រដៅមិនបាន មិនប្រាថ្នានឹងទទួលពាក្យអញ ក្នុងកាលនោះ មាតាក្មេកខ្ញុំខឹង ក៏សំពងខ្ញុំនឹងអង្រែ ត្រូវត្រង់ចង្កួយស្មាខ្ញុំ ខ្ញុំមិនអាចដើម្បីរស់នៅយូរបាន ខ្ញុំក៏បែកធ្លាយរាងកាយ ផុតស្រឡះ ច្យុតចាកអត្តភាពនោះ បានមកកើតជាមួយនឹងពួកទេវតាជាន់តាវត្តឹង្ស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរល្អបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។

ចប់ ឧឡារវិមាន ទី១។

ឧច្ឆុវិមាន ទី២

(២. ឧច្ឆុទាយិកាវិមានវត្ថុ)

[៣០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងរុងរឿងក្រៃពេកដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្ទ និងព្រះអាទិត្យ ញុំាងផែនដី ព្រមទាំងទេវលោកឲ្យភ្លឺច្បាស់ ឬដូចព្រហ្ម រុងរឿងជាងពួកទេវតា ព្រមទាំងព្រះឥន្ទក្នុងឋានត្រៃត្រឹង្ស ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ត្រចៀក មានសម្បុរស្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងកាលកើតជាមនុស្សក្នុងជាតិមុន បានធ្វើអំពើអី្វដោយខ្លួនឯង ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុងសីល នាងជាស្ត្រីមានយស បានមកកើតក្នុងសុគតិភពដោយហេតុអី្វ ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ផលនៃកម្មនេះ តើដូចម្តេច។

(ទេវតានោះតបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងកាលអម្បាញ់មិញ លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំនេះឯង ដើម្បីបិណ្ឌបាតក្នុងស្រុក ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិនបាន ក្រោយមក ម្តាយក្មេកខ្ញុំសួរដេញដោលថា ម្នាលស្ត្រីជាកូនចិញ្ចឹម នាងយកអំពៅទៅណាបាត់ ខ្ញុំមិនបានចោល មិនបានទំពាស៊ីទេ ខ្ញុំបានឲ្យដល់ភិក្ខុអ្នកមានចិត្តរម្ងាប់ដោយខ្លួនឯងទៅហើយ (បើដូច្នោះ) ផ្ទះនេះធំស្រេចនឹងនាង ឬស្រេចនឹងយើង ម្តាយក្មេកប្រទេចផ្តាសា ខ្ញុំដូច្នេះហើយ ក៏ចាប់យកតាំង មកប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកអត្តភាពនោះ បានមកកើតជាទេវតា អំពើជាកុសលនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលជាសុខដោយខ្លួនឯង ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ អំពើជាកុសលនោះ ខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលអំពើជាសុខ ដោយខ្លួនឯង ខ្ញុំមានព្រះឥន្ទ ជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវត្តឹង្សរក្សា ឆ្អែតស្កប់ស្កល់ដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទកិ្ខណាទានរបស់ខ្ញុំមានផលច្រើន ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានសេចកី្តរុងរឿងច្រើន ខ្ញុំមានព្រះឥន្ទជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវតឹ្តង្សរក្សា ដូចជាសហស្សនេត្រ ក្នុងនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំចូលមកថ្វាយបង្គំចំពោះលោកម្ចាស់ អ្នកប្រកបដោយសេចកី្តករុណា ជាអ្នកប្រាជ្ញផង ទូលសួរនូវអាការមិនមានរោគផង ព្រោះខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ ដល់លោកម្ចាស់ ដោយបីតិដ៏ថ្លឹងមិនបាន។

ចប់ ឧច្ឆុវិមាន ទី២។

បល្លង្កវិមាន ទី៣

(៣. បល្លង្កវិមានវត្ថុ)

[៣១] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា មានអានុភាពច្រើន នាងនៅលើបល្លង្កដ៏ប្រសើរ វិចិត្រដោយកែវមណី និងមាស ដេរដាសដោយផ្កា មានទីដេកដ៏ឱឡារិកនោះ ទាំងពួកស្ត្រីអប្សររបស់នាងទាំងនេះ ផ្លែងឫទ្ធិផ្សេងៗ រាំ ច្រៀង ឲ្យត្រេកអរដោយជុំវិញ ម្នាលនាងមានអានុភាពច្រើន នាងបានដល់នូវឫទ្ធិនៃទេវតា នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។

(ទេវតានោះតបថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលស្តុកស្តម្ភ មិនមានសេចកី្តក្រោធ ប្រព្រឹត្តតាមអំណាចរបស់បី្ត មិនប្រមាទក្នុងឧបោសថ ខ្ញុំកាលកើតជាមនុស្ស នៅក្មេងមិនទាន់ចាស់ មានចិត្តជ្រះថ្លា បានធ្វើបី្តឲ្យប្រោសប្រាណ បានប្រព្រឹត្តតាមសេចកី្តពេញចិត្ត (របស់បី្ត) ទាំងថ្ងៃទាំងយប់ ខ្ញុំជាស្ត្រីមានសីលក្នុងកាលមុន បានវៀរចាកបាណាតិបាត មិនប្រព្រឹត្តលួច មានកាយបរិសុទ្ធ ប្រព្រឹត្តព្រហ្មចរិយធម៌ដ៏ស្អាត ទាំងមិនផឹកទឹកស្រវឹង មិនពោលពាក្យកុហក បានធ្វើការបំពេញក្នុងសិក្ខាបទទាំងឡាយ ខ្ញុំមានចិត្តជ្រះថ្លា ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ មានចិត្តត្រេកអរ បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង លុះសមាទាននូវកុសលធម៌ដ៏ប្រសើរនេះ ដែលមានសេចកី្តសុខជាកម្រៃប្រកបដោយអង្គ ៨ ហើយ បានប្រព្រឹត្តតាមអំណាចដ៏ល្អចំពោះបី្ត ជាសាវិកា របស់ព្រះសុគត ក្នុងកាលមុន លុះបានធ្វើអំពីជាកុសលប្រាកដដូច្នេះ ក្នុងជីវលោកហើយ ទើបបានចំណែកនៃភព ប្រកបដោយសម្បតិ្តទិព្វវិសេស ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក្នុងបរលោក បានដល់នូវឫទ្ធិនៃទេវតា មកកើតក្នុងសុគតិ មានវិមានប្រាសាទដ៏ប្រសើរ ជាទីរីករាយនៃចិត្ត មានពួកស្ត្រីអប្សរហែហម ពួកទេវតាដែលមានពន្លឺខ្លួនឯង រមែងត្រេកអរនឹងខ្ញុំ ដែលមានអាយុវែង មកកាន់ទេវវិមាន។

ចង់ បល្លង្កវិមាន ទី៣។

លតាវិមាន ទី៤

(៤. លតាវិមានវត្ថុ)

[៣២] ពួកទេវតា ឈ្មោះលតា ១ សជ្ជា ១ បវរា ១ អច្ឆិមុតី ១ សុតា ១ ជាធីតា នៃស្តេចវេស្សវ័ណ ជាស្តេចប្រសើរ មានសិរី ជាធីតាដ៏រុងរឿង មានប្រាជ្ញាល្អ ដោយគុណធម៌ទាំងឡាយ ពួកនារីទាំង ៥ នាក់ បានទៅកាន់ស្ទឹង ដែលមានទឹកត្រជាក់ មានផ្កាឧប្បល ជាទីក្សេម ដើម្បីងូត ក្នុងហិមវន្តប្រទេសនេះ លុះពួកទេវតាទាំងនោះ បានងូតទឹកក្នុងស្ទឹងនោះរួចហើយ ក៏រីករាយ រាំច្រៀងសប្បាយ ហើយនាងសុតា បាននិយាយនឹងនាងលតាថា ខ្ញុំសួរនាង ម្នាលនាង អ្នកទ្រទ្រង់កម្រងផ្កាឧប្បល ទ្រទ្រង់ប្រដាប់ត្រចៀក មានសម្បុរស្បែកល្អដូចមាស មានភ្នែកប្រកបដោយស្នាមក្រហមលឿង ល្អដូចអាកាស (ដែលផុតចាកពពក) ជាស្ត្រីមានអាយុវែង យសរបស់នាង តើបុណ្យអី្វតាក់តែងឲ្យ ម្នាលនាងដ៏ចំរើន នាងជាទីស្រឡាញ់បំផុតរបស់បី្ត នាងល្អឆើតឆាយដោយរូប ជាស្ត្រីឈ្លាស ក្នុងការរាំ ច្រៀង ប្រគំ តើដោយបុណ្យដូចម្តេច ម្នាលនរនារី នាងដែលយើងសួរហើយ ចូរ ប្រាប់យើង។

(នាងលតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលមានភោគៈដ៏លើសលុប ខ្ញុំមិនមានសេចកី្តក្រោធ ប្រព្រឹត្តតាមអំណាចស្វាមី មិនប្រមាទក្នុងឧបោសថ ជាមនុស្សនៅក្មេង មិនទាន់ចាស់ មានចិត្តជ្រះថ្លា បានញុំាងបី្ត ឲ្យប្រោសប្រាណ បានញុំាងទេវតាដ៏ប្រសើរ គឺឪពុកក្មេក ម្តាយក្មេក (និងបងប្អូនខាងបី្ត) ព្រមទាំងខ្ញុំប្រុស ខ្ញុំស្រីឲ្យត្រេកអរ យសរបស់ខ្ញុំ ខ្ញុំបានធ្វើហើយក្នុងកាលនោះ ខ្ញុំនោះបានដល់នូវសេចកី្តវិសេសក្នុងហេតុ ៤ យ៉ាងគឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ ដោយកុសលកម្មនោះ ខ្ញុំបានភប់ប្រសព្វ នូវល្បែងជាទីរីករាយដ៏ច្រើន។

នាងលតានេះ ពោលពាក្យណា ពាក្យនោះ (យើងទាំងឡាយ) ឮហើយ ឬយើងទាំងឡាយ សួរនូវហេតុណា នាងលតា បានប្រាប់ (ហេតុនោះ) ដល់យើងថា ធម្មតាបី្តទាំងឡាយ ជាអ្នកស្លូតត្រង់ចំពោះយើងទាំងឡាយផង ជាគតិរបស់នារីទាំងឡាយផង ជាទេវតាដ៏ប្រសើរ របស់នារីទាំងឡាយនោះផង ពួកយើងទាំងអស់ នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ ពួកស្ត្រីប្រតិបតិ្តបី្តយ៉ាងណា ពួកយើងទាំងអស់គ្នា នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ (យ៉ាងនោះ) នាងលតានេះ កាលបាននូវសម្បតិ្តណាហើយពោល យើងទាំងឡាយ រមែងបាននូវ (សម្បតិ្តនោះ) សត្វសីហៈ ជាសត្វស៊ីសាច់ ត្រាច់ទៅតាមដងភ្នំ អាស្រ័យនៅក្នុងភ្នំឈ្មោះមហិន្ធរ (ភ្នំទ្រទ្រង់ផែនដី) ស្ទុះទៅសង្គ្រុបចាប់ស៊ីនូវពួកម្រឹគតូចៗ ដែលមានជើងបួនក្រៅនេះ យ៉ាងណាមិញ នាងលតានោះ ជាស្ត្រីមានសទ្ធា ជាអរិយសាវិកាក្នុងសាសនានេះ អាស្រ័យនូវបី្ត ហើយប្រតិបតិ្តបី្ត បានសម្លាប់សេចកី្តក្រោធ គ្របសង្កត់នូវសេចកី្តកំណាញ់ ប្រព្រឹត្តធម៌ ហើយរីករាយក្នុងឋានសួគ៌ ក៏យ៉ាងនោះដែរ។

ចប់ លតាវិមាន ទី៤។

គុតិ្តលវិមាន ទី៥

(៥. គុត្តិលវិមានំ)

[៣៣] (មហាសត្ត1) ឈ្មោះគុតិ្តលៈពោលថា) ខ្ញុំបង្រៀននូវពិណមានខ្សែ ៧ មាន សំឡេងពីរោះ ជាទីសប្បាយរីករាយ (សិស្សឈ្មោះមុសលៈ) នោះ ចង់ប្រឡងឫទិ្ធនឹងខ្ញុំ ក្នុងទីស្នាមសម្រាប់លេង បពិត្រកោសិយៈ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។

(សក្កទេវរាជពោលថា) ខ្ញុំជាទីពឹងរបស់លោកបាន ខ្ញុំជាអ្នកបូជាអាចារ្យ សិស្ស នឹងមិនឈ្នះលោកទេ បពិត្រអាចារ្យ លោកនឹងឈ្នះសិស្ស។

(ព្រះមហាមោគ្គល្លានសួរទេវតាថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក សម្បុររបស់នាងបែបនោះ តើសម្រេចដោយបុណ្យ ដូចម្តេច ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុដូចម្តេច

ម្នាលទេវតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យដូចម្តេច។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ មោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

នារីឲ្យនូវសំពត់ដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រី ឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

វត្ថទាយិកាវិមាន បណ្ឌិតសំដែងឲ្យពិស្តារយ៉ាងណា ចតុរវិមានក្រៅនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ យ៉ាងនោះផងចុះ។

(នាង) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

នារីឲ្យនូវផ្កាដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យ នូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ម្នាលទេវតា នាងមានសម្បុររុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លាសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

នារីឲ្យនូវគ្រឿងក្រអូបដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរមានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

នារីឲ្យនូវផ្លែឈើដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុរ របស់នាង ក៏ភ្លឺច្បាស់ សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

នារីឲ្យនូវវត្ថុមានរសដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យនូវវត្ថុ មានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើល នូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំបានឲ្យនូវគ្រឿងប្រស់ព្រំ មានក្លិនក្រអូប លើស្តូបនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើល នូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

វិមាន ៤ ក្រៅនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចគន្ធបញ្ចង្គុលិកវិមានផងចុះ។ មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំបានឃើញនូវពួកភិក្ខុ និងពួកភិក្ខុនី ដើរទៅកាន់ផ្លូវ ខ្ញុំបានស្តាប់ធម៌ របស់ភិក្ខុ និងភិក្ខុនីទាំងនោះ ហើយរក្សានូវឧបោសថអស់ ១ ថ្ងៃ សូមលោកមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរមានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

មានសម្បុរ ដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំឈរក្នុងទឹក មានចិត្តជ្រះថ្លា បានប្រគេនទឹកដល់ភិក្ខុ សូមលោកមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស។

មានសម្បុរ ដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំមិនមានសេចកី្តច្រណែន បានបំរើម្តាយក្មេក និងឪពុកក្មេកដែលកាចផង ខឹងច្រើនផង អាក្រក់ផង ខ្ញុំមិនមានសេចកី្តប្រមាទក្នុងសីលរបស់ខ្លួន សូមលោកមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំជាទាសី ធ្វើការបម្រើនៃជនដទៃ មិនខ្ជិលច្រអូសដោយកិច្ចការ (ទាំងពួង) ជាស្ត្រីមិនមានសេចកី្តក្រោធ មិនមើលងាយគេ ជាអ្នកចែករំលែកនូវចំណែករបស់ខ្លួន (ដល់ជនអ្នកត្រូវការ) សូមលោកមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្ដេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំបានឲ្យនូវបាយលាយដោយទឹកដោះស្រស់ ដល់ភិក្ខុត្រាច់ទៅបិណ្ឌបាត សូមលោកមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ ជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើល នូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

បណ្តាវិមានទាំងនោះ វិមាន ២៥ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចខីរោទនទាយិកាវិមានផងចុះ។

មានសម្បុរដ៏រុងរឿង។បេ។ សម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

១ ខ្ញុំបានឲ្យស្ករអំពៅ

២ ។បេ។ ផ្លែទន្លាប់

៣ អំពៅ ១ កំណាត់

៤ ផ្លែត្រសក់

៥ ផ្លែល្ពៅ

៦ ផ្លែត្រសក់ស្រូវ

៧ ផ្លែមាក់ប្រាង

៨ ចង្ក្រានសម្រាប់កំដៅដៃ

៩ អន្លក់ ១ ក្តាប់

១០ ផ្កា ១ ក្តាប់

១១ មើមដំឡូង

១២ ស្លឹកស្តៅ ១ ក្តាប់

១៣ ជ្រក់ស្វាយ

១៤ គ្រាប់ល្លបុក

១៥ វត្ថពន្ធចង្កេះ

១៦ យោគបាត្រ

១៧ សំពត់អយោគ

១៨ ផ្លិតមានជ្រុង ៤

១៩ ផ្លិតស្លឹកត្នោត

២០ ផ្លិតកន្ទុយក្ងោក

២១ ឆត្រ

២២ ស្បែកជើង

២៣ នំ

២៤ ត្រប៉ែ

២៥ ខ្ញុំបានប្រគេននំក្រៀប

ដល់ភិក្ខុដែលត្រាច់ទៅដើម្បីបិណ្ឌបាត សូមលោកមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរមានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ឱហ្ន៎ ដំណើរមកនៃអញក្នុងថ្ងៃនេះ ជាការល្អណាស់តើ ថ្ងៃនេះភ្លឺល្អណាស់ ការក្រោកឡើង អំពីដំណេកល្អណាស់ ព្រោះអញបានឃើញពួកទេវតា ជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា អាត្មាអញនោះ បានស្តាប់ធម៌របស់ពួកទេវតាទាំងនោះ នឹងបានធ្វើកុសលច្រើន ដោយការឲ្យទានផង ដោយការប្រព្រឹត្តិស្មើផង ដោយការសង្រួមផង ដោយការទូន្មានផង អ្នកផងទៅក្នុងទីណា ហើយមិនសោយសោក អាត្មាអញនោះ នឹងនៅក្នុងទីនោះដែរ។

ចង់ គុតិ្តលវិមាន ទី៥។

ទទ្ទល្លវិមាន ទី៦

(៦. ទទ្ទល្លវិមានវត្ថុ)

[៣៤] (នាងភទ្ទាសួរថា) នាងមានសម្បុរដ៏រុងរឿង មានយសកន្លងនូវពួកទេវតាជាន់តាវត្តឹង្សទាំងអស់ដោយយសផង ដោយសម្បុរផង ខ្ញុំមិនដែលឃើញ (នាង) សោះ ឃើញម្តងនេះ ឈ្មោះថាឃើញជាដំបូង នាងមកអំពីពួកទេវតាជាន់ណា បានជាមកហៅចំឈ្មោះរបស់ខ្ញុំ។

(នាងសុភទ្ទាឆ្លើយថា) ម្នាលនាងភទ្ទា ខ្ញុំជាស្ត្រីឈ្មោះសុភទ្ទា ខ្ញុំជាភរិយារួម (បី្ត) ជាមួយនឹងនាងផង ហើយត្រូវជាប្អូននាងផង ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ខ្ញុំនោះ លុះបែកធ្លាយរាងកាយ ផុតស្រឡះច្យុតចាកមនុស្សលោកនោះ បានមកកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី។

(នាងភទ្ទាសួរថា) ម្នាលនាងសុភទ្ទា នាងបានថ្លែងនូវជាតិរបស់ខ្លួន ក្នុងពួកទេវតាជាន់និម្មានរតីណា ពួកសត្វមានកម្មជាកុសលធ្វើហើយដ៏ច្រើន រមែងទៅកាន់ពួកទេវតាជាន់និម្មានរតីនោះ នាង អ្នកណាប្រៀនប្រដៅ ដោយហេតុដូចម្តេច ដោយប្រការដូចម្តេច នាងជាស្ត្រីមានយស ដល់នូវយសបែបនេះ បាននូវគុណវិសេសដ៏ធំទូលាយ តើដោយទានដូចម្តេច ដោយវត្តល្អដូចម្តេច ម្នាលទេវតា ខ្ញុំសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(នាងសុភទ្ទាឆ្លើយថា) ក្នុងកាលមុន ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យទានណា ដោយដៃរបស់ខ្លួន ទាននោះ គឺបិណ្ឌបាត2) ៨ (ដែលខ្ញុំឲ្យហើយ) ដល់សង្ឃ ជាទក្ខិណេយ្យបុគ្គល ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ សម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

(នាងភទ្ទាសួរថា) ខ្ញុំបានញុំាងភិក្ខុទាំងឡាយ ដែលមានសេចកី្តសង្រួម ប្រព្រឹត្តធម៌ដ៏ប្រសើរ ច្រើនលើសជាងនាង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យទានដោយដៃរបស់ខ្លួនច្រើនលើសជាងនាង ហើយចូលទៅកាន់កាយថោកទាប នាងឲ្យទានតិចជាងខ្ញុំទេ ប៉ុន្តែបាននូវគុណវិសេសដ៏ធំទូលាយ តើដោយហេតុដូចម្តេច ម្នាលទេវតា ខ្ញុំសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(នាងសុភទ្ទាឆ្លើយថា) ភិក្ខុអ្នកញុំាងចិត្តឲ្យចំរើន ខ្ញុំបានឃើញក្នុងកាលមុន ខ្ញុំបាននិមន្តព្រះរេវតត្ថេរនោះ មានខ្លួនជាគំរប់ ៨ ដោយភត្ត ព្រះរេវតត្ថេរនោះ ធ្វើនូវប្រយោជន៍ធំដល់ខ្ញុំ ដោយសេចកី្តអនុគ្រោះ បានប្រាប់ខ្ញុំថា នាងចូរឲ្យ (ទាន) ចំពោះសង្ឃ ខ្ញុំក៏បានធ្វើតាមពាក្យលោក សង្ឃគតាទកិ្ខណានោះ ជាទានមានផលប្រមាណមិនបាន ខ្ញុំបានដំកល់ទុកល្អហើយ ឯទានដែលនាងឲ្យហើយ ចំពោះបុគ្គលទាំងឡាយ ទានរបស់នាងនោះ មិនមានផលច្រើនឡើយ។

(នាងភទ្ទាឆ្លើយថា) ឥឡូវនេះ ខ្ញុំបានដឹងច្បាស់ហើយថា ទានដែលបុគ្គលបានឲ្យចំពោះសង្ឃ ជាទានមានផលច្រើន ខ្ញុំនោះ បើបានទៅកាន់អត្តភាពជាមនុស្ស ដឹងកី្តកាលណា ប្រាសចាកសេចកី្តកំណាញ់ មិនធ្វេសប្រហែស នឹងឲ្យទានចំពោះសង្ឃរឿយៗ។

(ព្រះឥន្ទសួរថា) ម្នាលនាងភទ្ទា ទេវតានេះ ត្រូវជាអី្វនឹងនាង ក៏មកប្រឹក្សាជាមួយនាង ទាំងសម្បុររុងរឿងកន្លងពួកទេវតាជាន់តាវតឹ្តង្ស។

(នាងភទ្ទាឆ្លើយថា) បពិត្រព្រះអង្គជាធំជាងទេវតា កាលពីដើម ទេវតានោះ កើតជាមនុស្ស ក្នុងភពនៃមនុស្ស បានជាភរិយារបស់ព្រះអង្គ ជាមួយនឹងខ្ញុំផង ហើយត្រូវជាប្អូនខ្ញុំព្រះអង្គផង បានឲ្យទានទាំងឡាយ ចំពោះសង្ឃ មានបុណ្យធ្វើហើយ ទើបបានរុងរឿងដូច្នេះ។

(ព្រះឥន្ទពោលថា) ម្នាលនាងភទ្ទា កាលពីដើម ប្អូនស្រីរុងរឿងដោយធម៌ជាងនាង ព្រោះបានញុំាងទក្ខិណាទាន ឲ្យដំកល់នៅស៊ប់ចំពោះសង្ឃ មានផលរាប់មិនបាន ដ្បិតព្រះពុទ្ធគង់លើភ្នំគិជ្ឈកូដ ខ្ញុំបានសួរនូវផលនៃការចែករំលែក ចំពោះបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ខ្ញុំបានសួរព្រះពុទ្ធអំពីបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នាបុណ្យ ចំពោះពួកបុគ្គល ដែលគេឲ្យទានទៅ មានផលច្រើន កាលព្រះពុទ្ធជ្រាបច្បាស់នូវផលនៃកម្ម គឺវិបាកនៃការចែករំលែកចំពោះពួកបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ដោយព្រះអង្គឯង ហើយព្យាករបញ្ហានោះដល់ខ្ញុំ បុគ្គល ៤ ពួក អ្នកដល់នូវមគ្គ និងបុគ្គល ៤ ពួកតាំងនៅក្នុងផល នេះឯងហៅថា សង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយប្រាជ្ញា និងសីល ព្រះពុទ្ធបានសំដែងនូវបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នានូវបុណ្យ កាលធ្វើចំពោះសង្ឃ ដែលគេឲ្យទានទៅ មានផលច្រើន

ព្រោះថា សង្ឃនុ៎ះ ជាសង្ឃមានគុណដ៏ធំទូលាយ សង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹក មានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត អ្នកធ្វើនូវពន្លឺ គឺញាណ (ដល់សត្វលោក) ហើយសំដែងនូវធម្មកថា ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះ បានឲ្យល្អហើយ បូជាតូចល្អហើយ បូជាធំល្អហើយ សង្ឃគតាទកិ្ខណាទាននោះ ឈ្មោះថា បុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជ្រាបច្បាស់នូវលោក ទ្រង់សរសើរហើយថា ជនទាំងឡាយណា កាលរឭកនូវបុណ្យ ដែលខ្លួនបានធ្វើ ឧទ្ទិសចំពោះសង្ឃប្រាកដដូច្នោះ ហើយកើតមានសេចកី្តត្រេកអរ រមែងត្រាច់ទៅក្នុងលោក ជនទាំងឡាយនោះ ឈ្មោះថា កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស មិនមានគេតិះដៀល រមែងទៅកាន់ឋានសួគ៌។

ចប់ ទទ្ទល្លវិមាន ទី៦។

សេសវតីវិមាន ទី៧

(៧. បេសវតីវិមានវត្ថុ)

[៣៥] (ព្រះវង្គីសត្ថេរពោលថា) អាត្មាបានឃើញវិមាននេះល្អ ដែលប្រក់ដោយសំណាញ់ ជាវិការៈនៃកែវផលិក និងប្រាក់ និងមាស មានដៃដ៏វិចិត្រដោយកែវផ្សេងៗ គួរឲ្យរីករាយដោយប្រពៃ ជាទីនៅដែលបុញ្ញកម្មនិមិ្មតល្អហើយ ប្រកបដោយក្លោងទ្វារ រោយរាយដោយខ្សាច់មាស ជាវិមានដ៏ល្អ ព្រះអាទិត្យឰដ៏អាកាស មានរស្មី ១ ពាន់ កំចាត់បង់នូវងងឹតក្នុងសរទកាល ញុំាងទិសទាំង ១០ ឲ្យភ្លឺ (យ៉ាងណាមិញ) វិមានរបស់នាងនេះ ក៏រុងរឿងយ៉ាងនោះដែរ វិមាននេះ ជាទីគាប់ចិត្ត តាំងនៅឰដ៏អាកាស ចាំងភ្នែក ដូចជាអណ្តាតភ្លើង រុងរឿងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ក្នុងទីបំផុតនៃពពក កងរំពងដោយសំឡេងពិណ សំភោរ ស្គរ រគាំង វិមានរបស់នាងនេះ ដូចជាបូរីរបស់ព្រះឥន្ទដ៏ស្តុកស្តម្ភ ទាំងឈូកស កុមុទ ឧប្បលក្រហម ឧប្បលខៀវ មានទាំងផ្កាយុថកា ផ្កាច្បារ ផ្កាននោង ផ្កាសាលព្រឹក្ស ផ្កាអសោក សឹងរីកស្គុះស្គាយ វិមាននេះ ប្រស់ព្រំដោយក្លិនក្រអូបនៃឈើដ៏ឧត្តមផ្សេងៗ ម្នាលនាងមានយស ស្រះបោក្ខរណីប្រកបដោយឈើស្រល់ ខ្នុរសម្លរ និងសុជកព្រឹក្ស3) ប្រកបដោយឈើមានខ្លឹមខាងក្រៅ (មានត្នោត និងដូងជាដើម) និងវល្លិ រីកស្គុះស្គាយ សំយុងចុះប្រាកដស្មើដោយបណ្តាញនៃកែវមណី ជាទីរីករាយ តាំងឡើង (ក្នុងទីជិតនៃវិមាន) របស់នាង បុប្ផជាតិទាំងឡាយណា ដែលដុះក្នុងទឹកកី្ត រុក្ខជាតិទាំងឡាយណា ដែលដុះលើគោកកី្ត ជារបស់មនុស្សកី្ត ជារបស់អមនុស្សកី្ត ដ៏ជាទិព្វ (បុប្ផជាត និងរុក្ខជាតិទាំងនោះ) បានដុះឡើង ជិតលំនៅរបស់នាងក្នុងឋានសួគ៌នេះ តើជាផលនៃការស្ងប់ និងការទូន្មានដូចម្តេច នាងបានមកកើតក្នុងវិមាននេះ តើដោយផលនៃកម្មដូចម្តេច ម្យ៉ាងទៀត វិមាននេះ នាងបានដោយកម្មណា ម្នាលនាងមានរោមភ្នែក-ង នាងគប្បីសំដែងកម្មនោះ តាមលំដាប់បទ។

(ទេវតាពោលថា) វិមាននេះ ហ្វូងក្រៀល ក្ងោក មាន់ទោរ ត្រាច់ទៅ មានហ្វូងបក្សីទឹក និងរាជហង្សត្រាច់ទៅ គឹកកងដោយសត្វចង្កៀល ខ្យង តាវ៉ៅ និងសត្វស្លាប (ឯទៀត ៗ ជាច្រើន) មានដើមច្រនៀង ដើមព្រីង ដើមអសោក មានឈើប្រកបដោយផ្កា ជាបណ្តាញមានប្រការផ្សេងៗ ដែលខ្ញុំបានហើយដោយកម្មណាផង វិមាននេះ ដែលខ្ញុំបានហើយ ដោយកម្មណាផង ខ្ញុំនឹងសំដែងកម្មនោះៗ ដល់លោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ចាំស្តាប់ចុះ បពិត្រលោកម្ចាស់ដ៏ចំរើន មានស្រុកមួយឈ្មោះនាឡកៈ នៅក្នុងដែនមគធៈដ៏ប្រសើរ នាទិសខាងកើត កាលពីដើម ខ្ញុំព្រះករុណាជាកូនប្រសា (ក្នុងគហបតិត្រកូល) ក្នុងស្រុកនាឡកៈនោះ ពួកជនក្នុងស្រុកស្គាល់ខ្ញុំថា នាងសេសវតី ខ្ញុំនោះ បានសន្សំនូវកុសលកម្ម ក្នុងស្រុកនោះ ខ្ញុំមានចិត្តរីករាយ បានបូជាផ្កាដល់ព្រះឧបតិស្សត្ថេរ ដែលទេវតា និងមនុស្សបូជាហើយ លោកមានគុណដ៏ធំ បរិនិព្វានហើយ មានគុណប្រមាណមិនបាន លុះខ្ញុំបានបូជាលោកអ្នកស្វែងរកនូវគុណដ៏លើសលុប ទ្រទ្រង់រាងកាយជាទីបំផុត បានដល់គតិយ៉ាងក្រៃលែង ហើយខ្ញុំលះបង់កាយជារបស់មនុស្ស បានមកកាន់ទេវនិកាយជាន់តាវត្តឹង្ស នាឋានទេវលោកនេះ។

ចប់ សេសវតីវិមាន ទី៧។

មល្លិកាវិមាន ទី៨

(៨. មល្លិកាវិមានវត្ថុ)

[៣៦] (នារទត្ថេរសួរថា) ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង នាងបើទុកជាមិនប្រដាប់ដោយសំពត់ស្លៀកមានពណ៌លឿងទាំងឡាយមានសាច់ដ៏ល្អិតក៏ដោយ ក៏នៅតែល្អ ម្នាលនាងអ្នកទ្រទ្រង់នូវគ្រឿងប្រដាប់ដៃ ជាវិការៈនៃមាស ស្អិតស្អាងដោយក្រវឹល ជាវិការៈនៃមាស ពាសពេញដោយបណ្តាញ ជាវិការៈនៃមាស នាងជាអី្វ នាងមានកម្រងកែវផ្សេងៗ

កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណី មានពណ៌ក្រហមផង ជាវិការៈនៃកែវមុក្តាផង ជាវិការៈនៃកែវពិទូរ្យផង កែវពព្រុសផង មួយអន្លើដោយកែវមានពណ៌ក្រហមផង ដ៏វិចិត្រដោយកែវទាំងឡាយ ប្រាកដស្មើដោយភ្នែកព្រាប បណ្តាកម្រងទាំងនុ៎ះ កម្រងមួយៗ មានសូរពីរោះដូចសម្លេងក្ងោក ដូចសម្លេងរាជហង្ស (ឬ) ពីរោះដូចសម្លេងករវិក សូរកម្រងទាំងនោះ មានភាពពីរោះ ឮហាក់ដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលគេប្រគំហើយ ទាំងរថរបស់នាង ក៏មានសភាពស្អាតល្អ មានអវយវៈដ៏វិចិត្រហើយដោយកែវផ្សេងៗ ដែលជាងចាត់ចែងហើយដោយធាតុ4) ទាំងឡាយ មានពណ៌ផ្សេងៗ សមល្អ

នាងឋិតនៅលើរថនោះ មានពណ៌ មានរូបប្រៀបដោយមាស ញុំាងប្រទេសនេះឲ្យភ្លឺរុងរឿង

ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវធីតាឆ្លើយថា) ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះគោតម ព្រះអង្គមានគុណប្រមាណមិនបាន ដែលទ្រង់បរិនិព្វានហើយ បានបូជាបណ្តាញមាសដ៏វិចិត្រ ដោយកែវមណី និងមាសរំលេចដោយកែវមុក្តា បាំងដោយសំណាញ់មាស

ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ប្រាសចាកសេចកី្តសោក ដល់នូវសេចកី្តសុខ មានចិត្តត្រេកអរព្រម។

ចប់ មល្លិកាវិមាន ទី៨។

វិសាលក្ខិវិមាន ទី៩

(៩. វិសាលក្ខិវិមានវត្ថុ)

[៣៧] (សក្កទេវរាជសួរថា) ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអី្វ បានជាមាន ពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តឹង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា (កាលនោះ) ពួកទេវតាទាំងអស់ ព្រមទាំងយាន ព្រមទាំងរថដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឧទ្យាន ចិត្តរមែងប្រាកដដោយកាយ រូបរបស់នាង ក៏ប្រាកដដូច្នេះ តើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាពរបស់ខ្ញុំ (កើតឡើង) ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាមបុរិន្ទទៈ សូមព្រះអង្គស្តាប់នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងក្រុងរាជគ្រឹះ ជាទីត្រេកអរ ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់សម្រាប់ស្លៀកដណ្តប់ផង ភត្តផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយបុគ្គល អ្នកមានចិត្តត្រង់សព្វ ៗ កាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) ផង ចាកការផឹកទឹកស្រវឹងផងសព្វ ៗ កាល ហើយត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុងអរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះ តែងយកកម្រងផ្កាមកឲ្យខ្ញុំសព្វៗកាល ខ្ញុំបានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូបនៃព្រះមានព្រះភាគ ខ្ញុំមានចិត្តជ្រះថ្លា បានទៅក្នុងថ្ងៃឧបោសថ ហើយបូជាកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ចំពោះព្រះស្តូប ដោយដៃរបស់ខ្លួន បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាព របស់ខ្ញុំ (កើតឡើង) ដោយកម្មនោះ ដែលខ្ញុំបានបូជាកម្រងផ្កាកី្ត ដែលខ្ញុំជាស្ត្រីមានសីលកី្ត ការបូជានូវកម្រងផ្កា និងការរក្សាសីលរបស់ខ្ញុំនោះ មិនទាន់ឲ្យផលនៅឡើយ បពិត្រព្រះអង្គជាធំជាងទេវតា តែសេចកី្តប្រាថ្នារបស់ខ្ញុំថា សូមឲ្យខ្ញុំបានជាសកទាគាមិនី។

ចប់ វិសាលក្ខីវិមាន ទី៩។

បារិច្ឆត្តកវិមាន ទី១០

(១០. បារិច្ឆត្តកវិមានវត្ថុ)

[៣៨] (ព្រះមោគ្គល្លានសួរថា) កាលនាងកាន់ផ្ការលួសផ្អុងទាំងឡាយ ឈ្មោះបារិច្ឆត្តកព្រឹក្ស គួររីករាយ គួរត្រេកអរនៃចិត្ត ហើយក្រងជាកម្រងទិព្វ ច្រៀង រីករាយសប្បាយ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួរជាទីរីករាយនៃចិត្ត រមែងលាន់ឮ អំពីអវយវៈតូចធំទាំងឡាយដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូបគួរជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំទាំងឡាយដោយសព្វគ្រប់ នាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយណា ឰដ៏ផ្នួងសក់របស់នាង សំឡេងគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយនោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កម្រើកដោយខ្យល់ សូរនៃគ្រឿងប្រដាប់ត្រចៀកទាំងនោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ កម្រងផ្កាណាឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយនៃចិត្ត (ក្លិនកម្រងផ្កានោះ) រមែងផ្សាយទៅសព្វទិស ហាក់ដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវតាឆ្លើយថា) ខ្ញុំបានបង្អោននូវកម្រងផ្កាអសោក មានរស្មីភ្លឺផ្លេក ប្រកបដោយពណ៌ និងក្លិន ចំពោះព្រះពុទ្ធ ខ្ញុំបានធ្វើនូវកុសលកម្មនោះ ដែលព្រះពុទ្ធ ទ្រង់សរសើរហើយ បានប្រាសចាកសេចកី្តសោក បានដល់នូវសេចកី្តសុខ មានចិត្តត្រេកអរព្រម។

ចប់ បារិច្ឆត្តកវិមាន ទី១០។

ឧទ្ទាន

និយាយអំពីឧឡារវិមាន ១ ឧច្ឆុវិមាន ១ បល្លង្កវិមាន ១ លតាវិមាន ១ គុតិ្តលវិមាន ១ ទទ្ទល្លវិមាន ១ សេសវតីវិមាន ១ មល្លិកាវិមាន ១ វិសាលក្ខិវិមាន ១ បារិច្ឆត្តកវិមាន ១ ព្រោះហេតុនោះ ទើបហៅថាវគ្គ។

ចប់ បារិច្ឆត្តកវគ្គ ទី៣។

 

លេខយោង

1)
ក្នុងកាលមុន មហាសត្វធ្លាប់ធ្វើជាអាចារ្យរបស់សក្កទេវរាជ។
2)
បិណ្ឌបាតដែលបុគ្គលឲ្យដល់ភិក្ខុ ៨រូប។ អដ្ឋកថា។
3)
សុជកព្រឹក្សនេះ មានតែក្នុងទេវលោក និងភ្នំគន្ធមាទ ក្នុងទីដទៃមិនមាន។ អដ្ឋកថា។
4)
ដោយសម្ភារៈ មានទ្រពង និងចន្ទោលជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/viv/sut.kn.viv.v3.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann