តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » វិមានវត្ថុ » ឥត្ថិវិមាន ទី១ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn viv v4 បាលី cs-km: sut.kn.viv.v4 អដ្ឋកថា: sut.kn.viv.v4_att PTS: ?
មញ្ជិដ្ឋកវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. មញ្ជិដ្ឋកវគ្គោ)
(១. មញ្ជិដ្ឋកវិមានវត្ថុ)
[៣៩] (ព្រះមោគ្គល្លានសួរថា) នាងត្រេកអរ ដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលគេប្រគំពីរោះ ក្នុងវិមានកែវផលិកពណ៌ហង្សបាទ ក្រាលខ្សាច់មាស នាងចុះចាកវិមាននោះ ដែលបុញ្ញកម្មនិម្មិតហើយ ជាវិការៈនៃកែវ ហើយចូលទៅកាន់ព្រៃសាលព្រឹក្សមានផ្ការីកសព្វកាល ម្នាលទេវតា នាងឋិតនៅជិតគល់សាលព្រឹក្សណាៗ ដើមសាលព្រឹក្សនោះៗ ជាឈើដ៏ឧត្តម រមែងទន់ទោរជម្រុះផ្កាចុះមក ព្រៃសាលព្រឹក្ស ក៏រំជួយដោយខ្យល់ ត្រូវខ្យល់បក់មករំភើយៗ មានពួកសត្វបក្សីនៅអាស្រ័យ ក្លិនក៏ផ្សាយទៅសព្វទិស ដូចដើមឪឡោក នាងតែធុំក្លិនក្រអូបនោះ តែងឃើញរូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាទាសីក្នុងផ្ទះចៅហ្វាយ
ខ្ញុំបានឃើញព្រះពុទ្ធ កំពុងគង់ បានរោយរាយផ្កាសាលព្រឹក្ស ខ្ញុំមានចិត្តជ្រះថ្លា បានបូជាគ្រឿងប្រដាប់ត្រចៀក ដែលធ្វើល្អហើយ ជាវិការៈនៃផ្កាសាលព្រឹក្ស ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ បានប្រាសចាកសេចកី្តសោក ដល់នូវសេចកី្តសុខ មិនមានរោគ មានចិត្តត្រេកអរព្រម។
ចប់ មញ្ជិដ្ឋកវិមាន ទី១។
(២. បភស្សរវិមានវត្ថុ)
[៤០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតាល្អ មានពន្លឺ មានពណ៌ប្រសើរភ្លឺផ្លេក ស្លៀកសំពត់មានពណ៌ក្រហមស្រស់ មានឫទ្ធិច្រើន មានខ្លួនរុងរឿងហាក់ដូចប្រស់ព្រំដោយខ្លឹមចន្ទន៍ នាងជាអី្វ មកថ្វាយបង្គំអាត្មា មួយទៀត បល្លង្ករបស់នាងមានតម្លៃច្រើន សឹងវិចិត្រដោយកែវផ្សេងៗ ដ៏រុងរឿង នាងអង្គុយលើបល្លង្កដ៏រុងរឿង ដូចទេវរាជ (ឋិតនៅ) ក្នុងនន្ទនវ័ន ម្នាលនាងដ៏ចំរើន ក្នុងកាលមុន នាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងសោយផលកម្មដូចម្តេច ក្នុងទេវលោក ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា បានប្រគេននូវផ្កាម្លិះ និងស្ករអំពៅដល់លោកម្ចាស់ កាលនិមន្តទៅដើម្បីបិណ្ឌបាត ខ្ញុំទើបទទួលនូវផលនេះ នៃកម្មនោះក្នុងទេវលោក បពិត្រព្រះថេរៈដ៏ចំរើន តែសេចកី្តក្តៅក្រហាយមានដល់ខ្ញុំ ទាំងទោសកំហុស ដែលដល់នូវសេចកី្តទុក្ខ (ក៏កើតឡើង) ដល់ខ្ញុំ (ព្រោះ) ខ្ញុំនោះ មិនបានស្តាប់ធម៌ ដែលព្រះពុទ្ធជាធម្មរាជ ទ្រង់សំដែងល្អហើយ បពិត្រព្រះថេរៈដ៏ចំរើន ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកម្ចាស់ថា បុគ្គលណានីមួយ ដែលខ្ញុំគួរអនុគ្រោះ លោកម្ចាស់បានដឹកនាំបុគ្គលនោះក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធជាធម្មរាជ ទ្រង់សំដែងល្អហើយ សេចកី្តជឿចំពោះពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ មានដល់ទេវតាទាំងឡាយណា ទេវតាទាំងឡាយដទៃនោះ ច្រើនលើសលុប ដែលមានឫទ្ធិច្រើនជាងខ្ញុំ រមែងរុងរឿង កន្លងនូវខ្ញុំដោយអាយុ ដោយយស ដោយសិរី ដោយតេជះ ដោយវណ្ណៈ។
ចប់ បភស្សរវិមាន ទី២។
(៣. នាគវិមានវត្ថុ)
[៤១] (ព្រះវង្គីសត្ថេរដ៏មានអាយុសួរថា) នាងប្រដាប់ខ្លួនហើយ ឡើងជិះដំរីប្រសើរ វិចិត្រដោយកែវមណី និងមាស បិទបាំងដោយបណ្តាញមាស ជាដំរីមាឌធំ ដែលបុញ្ញកម្មសម្រេចល្អហើយ (អង្គុយ) លើខ្នងដំរី ជាទីរីករាយមកឰដ៏អាកាសក្នុងទីនេះ ស្រះទាំងឡាយមានទឹកថ្លា មានគុម្ពឈូក មានផ្ការីកស្គុះស្គាយ ដែលបុញ្ញកម្មនិម្មិតហើយ ត្រង់ភ្លុកដំរីទាំងគូ ពួកតូរ្យតន្ត្រីប្រគំលើផ្កាឈូកទាំងឡាយ មានពួកស្រីកែវមនោហរាទាំងនេះក៏រាំ (លើផ្កាឈូកទាំងនោះ) ម្នាលនាងមានអានុភាពច្រើន នាងដល់នូវឫទ្ធិនៃទេវតា នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះផង ទាំងសម្បុររបស់នាង ក៏អាចញុំាងទិសទាំងពួងឲ្យភ្លឺបានផង តើដោយបុណ្យដូចម្តេច។
(ទេវតាឆ្លើយថា) ខ្ញុំបានចូលទៅក្នុងក្រុងពារាណសី បានថ្វាយសំពត់មួយគូដល់ព្រះពុទ្ធ ហើយថ្វាយបង្គំព្រះបាទា អង្គុយលើផែនដី មានចិត្តត្រេកអរ បានធ្វើនូវអញ្ជលីកម្មចំពោះព្រះអង្គ ចំណែកព្រះពុទ្ធ ព្រះអង្គមានចម្មាដ៏ភ្លឺ ប្រាកដស្មើដោយមាសព្រះអង្គបានសំដែងសមុទយសច្ច និងទុក្ខសច្ចជារបស់មិនទៀងផង បានសំដែងទុក្ខនិរោធសច្ច ជាអសង្ខតធម៌ផង មគ្គសច្ចផងដល់ខ្ញុំ ជាហេតុឲ្យខ្ញុំបានត្រាស់ដឹង ខ្ញុំជាស្ត្រីមានអាយុតិច ធ្វើមរណកាល ច្យុតមកកើតក្នុងពួកទេវតាជាន់តាវត្តឹង្ស ជាស្ត្រីមានយស ជាបជាបតី គឺប្រពន្ធមួយរបស់សក្កទេវរាជ ឈ្មោះនាងយសុត្តរា ល្បីឮទៅសព្វទិសទាំងឡាយ។
ចប់ នាគវិមាន ទី៣។
(៤. អលោមវិមានវត្ថុ)
[៤២] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុររុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើ (សម្រេច) ដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំកុម្មាសក្រៀម ដល់ព្រះពុទ្ធជាអាទិច្ចពន្ធុ ទៀបក្រុងពារាណសី ដោយដៃរបស់ខ្លួន សូមលោកម្ចាស់មើលនូវផលនៃដុំនំកុម្មាសក្រៀមផង សាបផងចុះ អ្នកណាឃើញនាងអលោមា ជាស្រីដល់នូវសេចកី្តសុខហើយ នឹងមិនធ្វើនូវបុណ្យកើត ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ អលោមវិមាន ទី៤។
(៥. កញ្ជិកទាយិកាវិមានវត្ថុ)
[៤៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេននូវទឹកបបរ ដែលចំអិនលាយដោយផ្លែពុទ្រា អប់ដោយប្រេង ដល់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ក្នុងស្រុកឈ្មោះអន្ធកវិន្ទៈ ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធអ្នកទៀងត្រង់ បានប្រគេនវត្ថុលាយច្រឡំដោយដីប្លី ខ្ទឹមមើម និងវត្ថុមានក្លិនប្រហើរ នារីណាមានអវយវៈល្អសព្វ មានរូបមិនថោកថយ គួរមើលរបស់ភស្តា គប្បីធ្វើជាអគ្គមហេសីនៃស្តេចចក្រពតិ្ត នារីនោះ មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមដោយមេសេះអស្សតរ ១០០ កញ្ញា ១ សែន ដែលពាក់កុណ្ឌលកែវមណី ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដងនៃការឲ្យទឹកបបរនេះឡើយ ពួកដំរីដែលកើតក្នុងប្រទេសឈ្មោះហិមវន្តចំនួន ១០០ មានភ្លុក ង ដូចចន្ទោរថ ចំរើនដោយកំឡាំង និងសន្ទុះ និងការប្រឹងប្រែង មានខ្សែដង្គន់ជាវិការៈនៃមាស មានគ្រឿងប្រដាប់សម្រេចដោយមាស ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ បុគ្គលណា ក្នុងលោកនេះ គប្បីធ្វើនូវភាពនៃខ្លួនជាធំ ក្នុងទី្វបទាំង ៤ បុគ្គលនោះ ក៏នៅតែមិនទាន់ដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ។
ចង់ កញ្ជិកទាយិកាវិមាន ទី៥។
(៦. វិហារវិមានវត្ថុ)
[៤៤] (ព្រះអនុរុទ្ធត្ថេរសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយនៃចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយឰដ៏ផ្នួងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កំរើកដោយខ្យល់ ឮសូរគឹកកង ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ផ្កាកម្រងណាឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ក្លិននៃផ្កាកម្រងនោះ) រមែងផ្សាយទៅសព្វទិស ដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូប ដែលមិនមែនជារបស់មនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះអនុរុទ្ធដ៏ចំរើន (នាងវិសាខា) ជាសំឡាញ់របស់ខ្ញុំ បានឲ្យជាងធ្វើមហាវិហារ ទៀបក្រុងសាវត្ថី ឧទ្ទិសចំពោះព្រះសង្ឃ ខ្ញុំជ្រះថ្លារីករាយ ចំពោះវិហារនោះ ព្រោះឃើញនូវផ្ទះ គឺវិហារ ជាទីស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិលមើល ក៏ខ្ពស់ទៅឰដ៏អាកាស អស់ ១៦ យោជន៍ជុំវិញ ដោយបុញ្ញឫទ្ធិនៃខ្ញុំ
ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងភ្លឺទួទៅអស់ ១០០ យោជន៍ជុំវិញ ឯស្រះបោក្ខរណីទាំងឡាយរបស់ខ្ញុំក្នុងទីនេះ ដែលពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រអូប ជាទីគាប់ចិត្ត ដែលខ្យល់បក់ផ្សាយទៅ ដើមព្រីង ខ្នុរ ត្នោត ដូង ព្រៃ និងឈើផ្សេងទាំងឡាយ ដុះជិតលំនៅខាងក្នុង មិនបាច់ដាំឡើយ (វិមាននោះ) សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្ត្រីអប្សរ ទោះជនណាឃើញខ្ញុំក្នុងការយល់សបិ្ត ជននោះឯង គង់ត្រេកអរ វិមានបែបនេះ ជាទីអស្ចារ្យ គួររមិលមើល ភ្លឺព្រោងព្រាតដោយសព្វគ្រប់ កើតឡើងដោយបុញ្ញកម្មទាំងឡាយរបស់ខ្ញុំ បុគ្គលគួរធ្វើនូវបុណ្យទាំងឡាយ។
(ព្រះអនុរុទ្ធត្ថេរសួរថា) វិមានដែលនាងបានហើយ ដោយអនុមោទនាដ៏បរិសុទ្ធនោះឯង ជាទីអស្ចារ្យ គួររមិលមើល ម្យ៉ាងទៀត នារីណា បានឲ្យនូវទាន នាងចូរប្រាប់នូវគតិរបស់នារីនោះ តើទៅកើតក្នុងទីណា។
(ទេវតាឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្រីសំឡាញ់របស់ខ្ញុំណា បានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ ស្រីសំឡាញ់នោះ (គឺនាងវិសាខា) ជាស្ត្រីមានធម៌ដឹងច្បាស់ បានឲ្យទានហើយ បានទៅកើតក្នុងទេវលោកជាន់និម្មានរតី បានជាបជាបតីនៃទេវរាជឈ្មោះ សុនិម្មិត លោកម្ចាស់សួររកនូវនារីណាថា នារីនោះទៅកើតក្នុងទីណា ផលនៃកម្មរបស់នារីនោះ មិនគប្បីគិតឡើយ។ បពិត្រលោកដ៏ចំរើន ខ្ញុំបានដោះស្រាយតាមសេចក្តីពិត មិនប្រែប្រួល ព្រោះហេតុនោះ លោកម្ចាស់ចូរបបួលពួកជនដទៃថា អ្នកទាំងឡាយ ចូរត្រេកអរឲ្យទានចំពោះសង្ឃផង អ្នកទាំងឡាយ ចូរមានចិត្តជ្រះថ្លាស្តាប់ធម៌ផង ការបានអត្តភាពជាមនុស្ស ដែលគេកម្របានដោយងាយ អ្នកទាំងឡាយ ក៏បានហើយ ព្រះពុទ្ធមានសំឡេងដូចព្រហ្ម មានព្រះចម្មាដូចមាស ជាអធិបតីក្នុងផ្លូវ បានសំដែងនូវទានជាផ្លូវណា ទក្ខិណាទាន (ដែលបុគ្គលឲ្យហើយ) ចំពោះសង្ឃណា ជាទានមានផលច្រើន អ្នកទាំងឡាយ ចូត្រេកអរឲ្យទានទាំងឡាយ (នោះ) ចំពោះសង្ឃ (នោះ) ចុះ បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័កនៃព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនុ៎ះ ជាទានមានផលច្រើន
បុគ្គល ៤ ពួក តាំងនៅក្នុងមគ្គ បុគ្គល ៤ ពួក តាំងនៅក្នុងផល នេះឈ្មោះថាព្រះសង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយបញ្ញា និងសីល បុណ្យឲ្យផលក្នុងបច្ចុប្បន្ន ដែលពួកសត្វជាមនុស្ស ប្រាថ្នានូវបុណ្យ កាលបូជា កាលធ្វើ បានឲ្យហើយចំពោះសង្ឃ ជាទានមានផលច្រើន
ព្រោះថា ព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណធំទូលាយ ព្រះសង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹកមានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ប្រសើរជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត ជាអ្នកធ្វើនូវពន្លឺ គឺញាណ សំដែងនូវធម៌ ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះព្រះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះបានឲ្យល្អហើយ បូជាតូច ល្អហើយ បូជាធំល្អហើយ សង្ឃគតាទក្ខិណាទាននោះ ដែលបុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ដែលព្រះពុទ្ធទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ត្រាស់សរសើរហើយថា ជនទាំងឡាយណា កាលរឭករឿយៗ នូវបុណ្យប្រាកដដូច្នោះ រមែងកើតសេចកី្តត្រេកអរ ត្រាច់រង្គាត់ទៅក្នុងលោក ជនទាំងនោះ កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស ជាអ្នកមិនមានគេតិះដៀលបាន រមែងទៅកាន់ឋានសួគ៌។
ចប់ វិហារវិមាន ទី៦។
ចប់ ភាណវារៈ ទី២
(៧. ចតុរិត្ថិវិមានវត្ថុ)
[៤៥] (ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេនូវផ្ការាជព្រឹក្សមួយបាច់ ដល់ភិក្ខុកាលនិមន្តទៅបិណ្ឌបាត ក្នុងនគរដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះបណ្ណកតៈ ជាក្រុងគួរត្រេកអរនៃពួកជន អ្នកនៅក្នុងដែនឯសិកៈ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
(ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លាសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេននូវផ្កាឧប្បលខៀវមួយបាច់ដល់ភិក្ខុ កាលនិមន្តទៅបិណ្ឌបាត ក្នុងនគរដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះបណ្ណកតៈ ជាក្រុងគួរត្រេកអរនៃពួកជនអ្នកនៅក្នុងដែនឯសិកៈ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
(ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេននូវផ្កាឈូកមួយបាច់ ដែលមានក្រឪ-ស មានស្លឹកខៀវ ដុះក្នុងស្រះមានទឹកដល់ភិក្ខុ កាលនិមន្តទៅបិណ្ឌបាតក្នុងនគរដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះបណ្ណកតៈ គួរត្រេកអរនៃពួកជនអ្នកនៅក្នុងដែនឯសិកៈ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
(ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំឈ្មោះសុមនា បានប្រគេនផ្កាម្លិះក្រពុំ មានពណ៌ប្រាកដស្មើដោយភ្លុកដំរី ដល់ភិក្ខុអ្នកមានចិត្តល្អ កាលនិមន្តទៅបិណ្ឌបាត ក្នុងនគរដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះបណ្ណកតៈ គួរត្រេកអរនៃពួកជនអ្នកនៅក្នុងដែនឯសិកៈ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ ចតុរិត្ថីវិមាន ទី៧។
(៨. អម្ពវិមានវត្ថុ)
[៤៦] (ព្រះមោគ្គល្លានសួរថា) ព្រៃស្វាយរបស់នាងជាទិព្វ គួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយក្នុងព្រៃស្វាយនុ៎ះ សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃមាស មានពួកឈើដែលផ្លែចេញជាសំពត់ ព័ទ្ធជុំវិញ ក៏ភ្លឺរុងរឿងក្នុងប្រាសាទនោះជានិច្ច ព្រៃស្វាយរបស់នាងជាទិព្វ គួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ តើសម្រេចដោយបុណ្យដូចម្តេច សម្បុររបស់នាង ប្រាកដដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលជាតិមុន កើតជាមនុស្ស ក្នុងពួកមនុស្ស នាមនុស្សលោក បានឲ្យជាងធ្វើវិហារ ឧទ្ទិសចំពោះសង្ឃ មានដើមស្វាយព័ទ្ធជុំវិញ កាលធ្វើវិហាររួចស្រេចហើយ បានធ្វើបុណ្យឆ្លង ខ្ញុំបានដណ្តប់រុំដើមស្វាយទាំងឡាយ ធ្វើផ្លែទាំងឡាយជាវិការៈនៃសំពត់ អុជប្រទីបភ្លឺរុងរឿងក្នុងព្រៃស្វាយនោះ បានញុំាងព្រះសង្ឃដ៏ឧត្តមជាងគណៈ ឲ្យឆាន់ ក៏មានចិត្តជ្រះថ្លា បានវេរវិហារនោះ ចំពោះសង្ឃ ដោយដៃរបស់ខ្លួន ដោយបុញ្ញកម្មនោះ ទើបខ្ញុំមានព្រៃស្វាយគួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ ក្នុងព្រៃស្វាយនោះ សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃមាស មានពួកឈើផ្លែចេញជាសំពត់ព័ទ្ធជុំវិញ ភ្លឺរុងរឿង ក្នុងប្រាសាទនោះជានិច្ច សម្បុររបស់ខ្ញុំប្រាកដដូច្នោះ សម្រេចដោយបុណ្យនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ អម្ពវិមាន ទី៨។
(៩. បីតវិមានវត្ថុ)
[៤៧] (ទេវរាជសួរថា) ម្នាលនាងដ៏ចំរើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទ និងទីដេកលឿង មានទីអង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្សក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវធីតាឆ្លើយថា) បពិត្រព្រះអង្គដ៏ចំរើន វល្លិ៍ឈ្មោះកោសាតកី (វល្លិ៍ននោងព្រៃ) ជាជាតិវល្លិ៍ល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំយកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ឧទ្ទិសចំពោះព្រះសរីរធាតុនៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះសម្រេច ម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ។
ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រថា ម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បីបន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យមានផលច្រើន កាលបើចិត្តជ្រះថ្លាចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិច មិនមែនឡើយ ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុបជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថា សត្វទាំងឡាយ មានការដំកល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន។
ចប់ បីតវិមាន ទី៩។
(១០. ឧច្ឆុវិមានវត្ថុ)
[៤៨] (ព្រះមោគ្គល្លានសួរថា) នាងរុងរឿងកន្លងពួកទេវតាដោយសិរីផង ដោយសម្បុរផង ដោយយសផង ដោយតេជះផង ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ញុំាងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿង ឬដូចជាព្រហ្មរុងរឿងកន្លងពួកទេវតាក្នុងជាន់ត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ ម្នាលទេវតាអ្នកទ្រទ្រង់កម្រងផ្កាឧប្បល មានភួងផ្កាសម្រាប់ប្រដាប់ក្បាល មានសម្បុរស្បែកភ្លឺដូចមាស តាក់តែងគ្រឿងអលង្ការ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង ម្នាលទេវតាល្អស្រស់ នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងបានសន្សំទានល្អហើយ ឬក៏នាងបានសង្រួមក្នុងសីល បានមកកើតក្នុងសុគតិ ជាស្ត្រីមានយស តើដោយហេតុដូចម្តេច ម្នាលទេវតា អាត្មាសួរហើយ នាងចូរបា្រប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន រឿងនេះ លោកម្ចាស់ (ជ្រាបស្រាប់ហើយ) លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំ ដើម្បីបិណ្ឌបាត ក្នុងស្រុកឯណោះ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិនបាន លុះកាលខាងក្រោយមក ម្តាយក្មេកបានសួរដេញដោលខ្ញុំថា ម្នាលមេ នាងបំផ្លាញអំពៅទៅណា (ខ្ញុំឆ្លើយថា) ខ្ញុំមិនបានចោលទេ មិនបានស៊ីទេ ខ្ញុំបានប្រគេនដល់ភិក្ខុ អ្នកមានចិត្តស្ងប់ ដោយខ្លួនឯង ម្តាយក្មេក ក៏ប្រទេចផ្តាសាខ្ញុំថា ហងឯង ឬអញ ជាធំក្នុងផ្ទះនេះ ហើយក៏យកដុំដីប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកមនុស្សលោកនោះ បានមកកើតជាទេវតា កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំក៏បានទទួលផល នៃកម្មជាសុខ ដោយខ្លួនឯង បានញុំាងស្ត្រីឲ្យបម្រើជាមួយនឹងទេវតាទាំងឡាយ ខ្ញុំរមែងរីករាយដោយកាមគុណទាំង ៥ កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយ ខ្ញុំក៏បានទទួលផលនៃកម្មជាសុខ ដោយខ្លួនឯង ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ស្កប់ស្កល់ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទាន (ការឲ្យអំពៅ) របស់ខ្ញុំ ជាទានមានផលច្រើន ខ្ញុំបានញុំាងស្ត្រីឲ្យបម្រើ ជាមួយនឹងទេវតាទាំងឡាយ ខ្ញុំរមែងរីករាយ ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានតេជះច្រើន ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ដូចជាព្រះសហស្សនេត្រក្នុងព្រៃនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំបានទៅថ្វាយបង្គំលោកម្ចាស់ ជាអ្នកចេះដឹង ជាអ្នកអនុគ្រោះ លោកម្ចាស់បានសួរនូវកុសលចំពោះខ្ញុំ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ដោយបីតិថ្លឹងមិនបាន។
ចប់ ឧច្ឆុវិមាន ទី១០។
(១១. វន្ទនវិមានវត្ថុ)
[៤៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល ក៏ថ្វាយបង្គំបាទា ហើយញ៉ាំងចិត្តជ្រះថ្លា ត្រេកអរ បានធ្វើអញ្ជលិកម្ម (ចំពោះសមណៈទាំងនោះ)
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ វន្ទនវិមាន ទី១១។
(១២. រជ្ជុមាលាវិមានវត្ថុ)
[៥០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង (កាលបើតូរ្យតន្ត្រី) ដែលគេប្រគំល្អហើយ នាងវាសដៃវាសជើងរាំ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយចិត្ត រមែងលាន់ឮអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយដ៏ក្រអូប គួររីករាយចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលនាងងាកកាយ សូរគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយ ឰដ៏ផ្នួងសក់នោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ សូរគឹកកងនៃគ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ កម្រើកដោយខ្យល់នោះ ឮដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ កម្រងផ្កាណា ឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយចិត្ត ក្លិនកម្រងផ្កានោះ រមែងផ្សាយទៅសព្វទិស ដូចឈើឪឡោក នាងតែងធុំក្លិនក្រអូបនុ៎ះ តែងឃើញរូប ដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) ក្នុងកាលពីដើម ខ្ញុំជាទាសីនៃព្រាហ្មណ៍ក្នុងស្រុកឈ្មោះ គយា ជាស្ត្រីមានបុណ្យតិច មិនមានសិរី ពួកជនស្គាល់ខ្ញុំថា ជាស្ត្រីឈ្មោះរជ្ជុមាលា ខ្ញុំធុញទ្រាន់ដោយការគម្រាមរបស់ពួកជនអ្នកជេរ វាយ ហើយក៏កាន់ក្អម ដើរចេញទៅដងទឹក ត្រឡប់មកវិញ ដាក់ក្អមទៅក្រៅផ្លូវ ដើរចូលទៅកាន់ដងព្រៃ ដោយគិតថា អញនឹងស្លាប់ ក្នុងទីនេះតែម្តងទៅចុះ ប្រយោជន៍អី្វដោយការរស់នៅរបស់អញ ហើយក៏ធ្វើអន្ទាក់យ៉ាងមាំ ចងសំយ៉ុងចុះ ត្រង់ប្រគាបឈើ លំដាប់នោះ ខ្ញុំក៏រមិលមើលនូវទិសទាំងឡាយថា អ្នកណាហ្ន៎ ដែលអាត្មាអញត្រូវនមស្ការ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គមានប្រយោជន៍ ដល់សត្វលោកទាំងពួង ទ្រង់ជាអ្នកប្រាជ្ញ កំពុងគង់ចំរើនឈាន ទៀបគល់ឈើនោះ ព្រះអង្គមិនមានភ័យ អំពីទីណាមួយ សេចកី្តសង្វេគ សេចកី្តអស្ចារ្យ និងការព្រឺរោម ក៏កើតឡើងដល់ខ្ញុំនោះ (ដោយគិតថា) បុគ្គលណាហ្ន៎ មនុស្ស ឬទេវតា ដែលអាត្មាអញ ត្រូវនមស្ការ ហើយចិត្តខ្ញុំក៏ជ្រះថ្លា ព្រោះបានឃើញព្រះសម្ពុទ្ធ អ្នកនាំមកនូវសេចកី្តជ្រះថ្លា គួរជាទីជ្រះថ្លា ព្រះអង្គចេញអំពីព្រៃ គឺកិលេស មកកាន់ព្រះនិព្វាន ដែលមិនមានតណ្ហា ព្រះសម្ពុទ្ធនេះ មិនមែនជាបុគ្គលផ្តេសផ្តាសទេ ព្រះអង្គមានឥន្ទ្រិយគ្រប់គ្រងហើយ ត្រេកអរក្នុងឈាន មានចិត្តមិនបានប្រព្រឹត្តទៅក្នុងអារម្មណ៍ខាងក្រៅ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង នេះប្រាកដជាព្រះពុទ្ធ ដូចជាសីហៈ ដែលគួរខ្លាចដ៏ពន្លឹក មិនគួរហ៊ានចូលទៅរកអាស្រ័យនៅក្នុងគុហា ព្រះពុទ្ធនេះ បុគ្គលកម្របានចួបប្រទះ ដូចជាផ្កាឧទុម្ពរ (ដែលគេឃើញបានដោយក្រ) ព្រះតថាគតនោះ បានហៅខ្ញុំដោយវាចាផ្អែមល្ហែមថា ម្នាលនាងរជ្ជុមាលា ហើយទ្រង់ត្រាស់នឹងខ្ញុំថា នាងចូរដល់នូវព្រះតថាគតជាទីពឹងចុះ លុះខ្ញុំបានស្តាប់ព្រះវាចានោះ ជាវាចាឥតទោស ប្រកបដោយប្រយោជន៍ ជាវាចាស្អាតពីរោះ ផ្អែមល្ហែមគួរចង់ស្តាប់ បន្ទោបង់នូវសេចកី្តសោកទាំងពួង (ហើយមានចិត្តជ្រះថ្លា) ព្រះតថាគតបានជ្រាបច្បាស់នូវខ្ញុំថា ជាស្រីមានចិត្តគួរដល់ភាវនាកម្ម កំពុងជ្រះថ្លា មានចិត្តបរិសុទ្ធ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់ប្រៀនប្រដៅ (សត្វលោកទាំងពួង) បានទ្រង់ត្រាស់នឹងខ្ញុំថា នេះជាទុក្ខ នេះជាដែនកើតនៃទុក្ខ នេះជាហេតុរលត់ទុក្ខ នេះជាផ្លូវទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ខ្ញុំជាស្ត្រីឋិតនៅក្នុងឱវាទនៃព្រះតថាគត ព្រះអង្គជាបុគ្គលឈ្លាសវៃ ជាអ្នកអនុគ្រោះហើយ បានដល់នូវព្រះនិព្វាន ឈ្មោះអមតៈ ជាទីស្ងប់រម្ងាប់ ជាបទមិនឃ្លៀងឃ្លាត ខ្ញុំនោះ ជាស្ត្រីមានសេចកី្តស្រឡាញ់ខ្ជាប់ខ្ជួន មិនញាប់ញ័រក្នុងទស្សនញ្ញាណ ដោយសទ្ធាជាមូល ជាធីតាកើតអំពីឧរានៃព្រះពុទ្ធជាម្ចាស់ ខ្ញុំនោះ រមែងត្រេកអររីករាយ មិនមានភ័យពីហេតុអី្វមួយឡើយ ទ្រទ្រង់នូវកម្រងផ្កាទិព្វ ផឹកនូវទឹកឃ្មុំដ៏ផ្អែម តូរ្យតន្ត្រីទាំង ៦ ម៉ឺន រមែងធ្វើនូវការភ្ញាក់រលឹកដល់ខ្ញុំ ទេវបុត្រឈ្មោះ អាឡម្ពៈ ១ គគ្គរៈ ១ ភីមៈ ១ សាធុវាទី ១ សំសយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ នារីទាំងឡាយ គឺនារីឈ្មោះរីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ហិតា ១ អលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិទារុណី ១ ឯណិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទេវតាទាំងនេះផង ដទៃផង ប្រសើរជាងស្រីអប្សរទាំងឡាយ ជាអ្នកធ្វើឲ្យភ្ញាក់រលឹក ពួកទេវតាទាំងនោះ ចូលទៅរកខ្ញុំតាមកាលគួរ ហើយពោលថា ហ៏យើងទាំងឡាយ នឹងរាំច្រៀង ហ៏យើងទាំងឡាយ នឹងត្រេកអរចំពោះមហាវ័ននោះ មហាវ័ននេះ មិនមែនជាទីរបស់បុគ្គលទាំងឡាយ អ្នកមិនបានធ្វើបុណ្យទេ មហាវ័ននេះ ជាទីរបស់បុគ្គលទាំងឡាយអ្នកធ្វើបុណ្យប៉ុណ្ណោះ មហាវ័ននេះ ជាព្រៃគ្មានសេចកី្តសោក ជាព្រៃគួររីករាយ គួរត្រេកអរនៃទេវតាទាំងឡាយជាន់តាវត្តឹង្ស សេចកី្តសុខ រមែងមិនមានដល់បុគ្គលទាំងឡាយ ដែលមិនបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង សេចកី្តសុខ រមែងមានដល់បុគ្គលទាំងឡាយ អ្នកបានធ្វើបុណ្យ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ពួកជនអ្នកប្រាថ្នាទៅកើតជាទេវតានោះ គួរធ្វើកុសលឲ្យច្រើន ព្រោះថា ជនទាំងឡាយអ្នកបានធ្វើបុណ្យ ជាអ្នកបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌ ពួកទាយកធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយណា ហើយរីករាយក្នុងឋានសួគ៌ ព្រះតថាគតទាំងនោះ ជាទក្ខិណេយ្យបុគ្គល ជាអណ្តូង ជាទីកើតនៃព្រះអរិយបុគ្គល ដែលជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ រមែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនមានប្រមាណច្រើន។
ចប់ រជ្ជុមាលាវិមាន ទី១២។
ឧទ្ទាន
និយាយអំពីមញ្ជិដ្ឋវិមាន ១ បភស្សរវិមាន ១ នាគវិមាន ១ អលោមវិមាន ១ កញ្ជិកទាយិកាវិមាន ១ វិហារវិមាន ១ ចតុរិតិ្ថវិមាន ១ អម្ពវិមាន ១ បីតវិមាន ១ ឧច្ឆុវិមាន ១ វន្ទនវិមាន ១ រជ្ជុមាលាវិមាន ១ ហេតុនោះបានជាហៅថាវគ្គ។
ចប់ វគ្គ ទី៤ ក្នុងឥត្ថីវិមាន។