km:tipitaka:sut:kn:viv:sut.kn.viv.v6

បាយាសិកវគ្គ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv v6 បាលី cs-km: sut.kn.viv.v6 អដ្ឋកថា: sut.kn.viv.v6_att PTS: ?

បាយាសិកវគ្គ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. បាយាសិវគ្គោ)

អគារិយវិមាន ទី១

(១. បឋមអគារិយវិមានវត្ថុ)

[៦៥] (ព្រះមោគ្គល្លានសួរថា) ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់របស់តាវតឹ្តង្សទេវតាទាំងឡាយ ភ្លឺរុងរឿងយ៉ាងណា វិមានរបស់អ្នកនេះ ឋិតនៅក្នុងអាកាស ក៏ភ្លឺព្រោងព្រាយយ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទិ្ធ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា

ខ្លួនខ្ញុំ និងភរិយារបស់ខ្ញុំ (កាលដែលនៅ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជាអណ្តូងទឹក បានឲ្យបាយ និងទឹកជាទានដ៏ច្រើនដោយគោរព

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ អគារិយវិមាន ទី១។

អគារិយវិមាន ទី២

(២. ទុតិយអគារិយវិមានវត្ថុ)

[៦៦] (ព្រះមោគ្គល្លានសួរថា) ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់របស់តាវតឹ្តង្សទេវតាទាំងឡាយ ភ្លឺរុងរឿងយ៉ាងណា វិមានរបស់អ្នក ក៏ភ្លឺព្រោងព្រាយ ឋិតនៅក្នុងអាកាសយ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទិ្ធ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកទៀត ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំ និងភរិយា (កាលនៅ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជាអណ្តូងទឹក បានឲ្យបាយ និងទឹកជាទានដ៏ច្រើនដោយគោរព

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ អគារិយវិមាន ទី២។

ផលទាយកវិមាន ទី៣

(៣. ផលទាយកវិមានវត្ថុ)

[៦៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានកំពូល ៧០០ ដ៏ឱឡារិក ដែលមានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះដ៏ល្អ ខ្លួនអ្នក តែងអាស្រ័យនៅ ក្រេបផឹក ទំពាស៊ីក្នុងវិមាននោះ ពិណទិព្វ ក៏លាន់ឮពីរោះ មានស្រីទិព្វកញ្ញាចំនួន ៨ នាក់ ៨ ដង (៦៤នាក់) មានរូបល្អលើសលុប បានហាត់ហើយ ត្រាច់ចរក្នុងឋានត្រៃត្រឹង្ស រាំច្រៀង សប្បាយរីករាយ អ្នកបានសម្រេចនូវទេវឫទិ្ធ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុញ្ញកម្មដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា

បុគ្គលអ្នកឲ្យផ្លែឈើ (មានផ្លែស្វាយជាដើម) រមែងបានផលច្រើន ព្រោះថា បុគ្គលនោះ មានចិត្តជ្រះថ្លា ឲ្យទានចំពោះបុគ្គលអ្នកមានចិត្តត្រង់ទាំងឡាយ រមែងដល់នូវឋានសួគ៌ រីករាយក្នុងទេវលោក សោយនូវផលបុណ្យដ៏ច្រើន បពិត្រមហាមុនី ខ្ញុំបានឲ្យនូវផល គឺផ្លែស្វាយ ៤ យ៉ាងនេះដែរ ព្រោះហេតុនោះ មនុស្សអ្នកត្រូវការសេចកី្តសុខជានិច្ច ប្រាថ្នានូវសេចកី្តសុខទាំងឡាយជាទិព្វ ឬក៏ប្រាថ្នានូវភាពជាអ្នកមានជោគល្អ ក្នុងមនុស្ស គួរឲ្យផ្លែឈើ។

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ផលទាយកវិមាន ទី៣។

ឧបស្សយទាយកវិមាន ទី៤

(៤. បឋមឧបស្សយទាយកវិមានវត្ថុ)

[៦៨] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទរុងរឿង ឋិតនៅក្នុងអាកាស ប្រាសចាកពពកយ៉ាងណា វិមានរបស់អ្នកនេះ ក៏ភ្លឺរុងរឿង ឋិតនៅក្នុងអាកាសយ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុញ្ញកម្មដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំ និងភរិយា (កាលនៅ) ក្នុងមនុស្សលោក បានប្រគេនទីសំណាក់ ចំពោះព្រះអរហន្ត ជាអ្នកមានចិត្តជ្រះថ្លា បានប្រគេនបាយ និងទឹក ជាទានដ៏ច្រើនដោយគោរព

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ឧបស្សយទាយកវិមាន ទី៤។

ទុតិយឧបស្សយទាយកវិមាន ទី៥

(៥. ទុតិយឧបស្សយទាយកវិមានវត្ថុ)

[៦៩] ព្រះអាទិត្យ ភ្លឺរុងរឿង ឰដ៏អាកាស ដែលប្រាសចាកពពកយ៉ាងណា។បេ។

(វិមានខាងក្រោយយ៉ាងណា ឯទុតិយឧបស្សយទាយកវិមាន បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ) ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយឧបស្សយទាយកវិមាន ទី៥។

ភិក្ខាទាយកវិមាន ទី៦

(៦. ភិក្ខាទាយកវិមានវត្ថុ)

[៧០] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញភិក្ខុស្រេកឃ្លាន លំបាក ខ្ញុំបានប្រគេនចង្ហាន់ ១ ចំណែក បានធ្វើ (ទាន) ដោយសមង្គិភត្ត (ភត្តនៃបុគ្គលអ្នកមូលមិត្តគ្នា) ក្នុងកាលនោះ ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ភិក្ខាទាយកវិមាន ទី៦។

យវបាលកវិមាន ទី៧

(៧. យវបាលកវិមានវត្ថុ)

[៧១] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកថែរក្សានូវស្រែនៃស្រូវដំណើប ខ្ញុំបានឃើញភិក្ខុដែលមានធូលី គឺកិលេសទៅប្រាសហើយ មានហ្ឫទ័យថ្លាមិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំមួយចំណែកដល់ភិក្ខុនោះដោយដៃរបស់ខ្លួន លុះប្រគេនដុំនំរួចហើយ ក៏រីករាយក្នុងព្រៃនន្ទនៈ

ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ យវបាលកវិមាន ទី៧។

កុណ្ឌលីវិមាន ទី៨

(៨. បឋមកុណ្ឌលីវិមានវត្ថុ)

[៧២] (ព្រះមោគ្គល្លានសួរថា) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា ស្លៀកដណ្តប់ល្អ មានប្រដាប់ត្រចៀកល្អ មានសក់ និងពុកចង្កាកាត់កោរហើយ មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង (៦៤) ជាអ្នកហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានតាវតឹ្តង្សយ៉ាងឱឡារិក រាំច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាអ្នកមានយស ជាពហុស្សូត ដល់នូវការអស់ទៅនៃតណ្ហា ក៏មានចិត្តជ្រះថ្លា បានប្រគេនបាយ និងទឹកជាទានដ៏ទំទូលាយដោយគោរព ហេតុនោះបានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ កុណ្ឌលីវិមាន ទី៨។

ទុតិយកុណ្ឌលីវិមាន ទី៩

(៩. ទុតិយកុណ្ឌលីវិមានវត្ថុ)

[៧៣] (ព្រះមោគ្គល្លានសួរថា) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់កម្រងផ្កា ស្លៀកដណ្តប់ល្អ មានគ្រឿងប្រដាប់ត្រចៀកល្អ មានសក់ និងពុកចង្កាកាត់កោរហើយ មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចជាចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង (៦៤) ជាអ្នកហាត់ហើយ មានរូបល្អត្រាច់ចរទៅក្នុងឋានតាវត្តឹង្សយ៉ាងឱឡារិក រាំច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទិ្ធនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញសមណៈទាំងឡាយ មានសភាពរម្យទម បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាអ្នកមានយស ជាពហុស្សូត អ្នកមានសីលដ៏ស្អាត ក៏មានចិត្តជ្រះថ្លា បានប្រគេននូវបាយ និងទឹក ជាទានដ៏ធំទូលាយដោយគោរព ហេតុនោះបានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយកុណ្ឌលីវិមាន ទី៩។

ឧត្តរវិមាន ទី១០

(១០. (ឧត្តរ) បាយាសិវិមានវត្ថុ)

[៧៤] (ព្រះមោគ្គល្លានសួរថា) សាលាជាទីប្រជុំឈ្មោះសុធម្មាណា របស់ទេវរាជ ពួកទេវតា អង្គុយប្រជុំគ្នាក្នុងសាលាជាទីប្រជុំណា វិមានរបស់អ្នកនេះ ក៏រុងរឿង ឋិតនៅឰដ៏អាកាស មានឧបមេយ្យដូចទេវសភានោះ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។ តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃបុញ្ញកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមាណពរបស់ព្រះបាទបាយាសិ ខ្ញុំបានទ្រព្យហើយ ធ្វើនូវការចែករលែកផង ពួកអ្នកមានសីល ក៏ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននូវបាយ និងទឹក ជាទានដ៏ធំទូលាយដោយគោរព ហេតុនោះបានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ឧត្តរវិមាន ទី១០។

ឧទ្ទាន (នៃបាយាសិកវគ្គនោះ) គឺ

និយាយអំពីអគារិយវិមាន ២ លើក ផលទាយកវិមាន ១ ឧបស្សយទាយកវិមាន ២ លើក ភិក្ខាទាយកវិមាន ១ យវបាលកវិមាន ១ កុណ្ឌលីវិមាន ២ លើក (ឧត្តរវិមាន) រឿងឧត្តរមាណព អ្នកបម្រើរបស់ព្រះបាទបាយាសិ ១។

ចប់ បាយាសិកវគ្គ ទី៦។

 

លេខយោង

km/tipitaka/sut/kn/viv/sut.kn.viv.v6.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann