km:tipitaka:sut:kn:viv:sut.kn.viv.v7

សុនិក្ខិត្តវគ្គ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv v7 បាលី cs-km: sut.kn.viv.v7 អដ្ឋកថា: sut.kn.viv.v7_att PTS: ?

សុនិក្ខិត្តវគ្គ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. សុនិក្ខិត្តវគ្គោ)

ចិត្តលតាវិមាន ទី១

(១. ចិត្តលតាវិមានវត្ថុ)

[៧៥] (ព្រះមោគ្គល្លានសួរថា) ព្រៃចិត្តលតា ជាឧទ្យានដ៏ប្រសើរឧត្តមរបស់ពួកទេវតា រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះ ក៏ភ្លឺរុងរឿង ឋិតនៅនាអាកាស មានឧបមេយ្យយ៉ាងនោះដែរ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកកំសត់ ឥតទីពឹង កំព្រា ជាកម្មករ (អ្នកធ្វើការឈ្នួល) បានចិញ្ចឹមមាតាបិតាដែលចាស់ជរាផង អ្នកមានសីលទាំងឡាយ ក៏ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយ និងទឹកដែលជាទាន ធំទូលាយ ដោយគោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ចិត្តលតាវិមាន ទី១។

នន្ទនវិមាន ទី២

(២. នន្ទនវិមានវត្ថុ)

[៧៦] (ព្រះមោគ្គល្លានសួរថា) ព្រៃចិត្តលតា ជាឧទ្យាដ៏ប្រសើរឧត្តមរបស់ពួកទេវតាជាន់តាវត្តិង្ស រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះ ក៏រុងរឿង ឋិតនៅនាអាកាស ក៏មានឧបមេយ្យដូច្នោះដែរ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមនុស្សកំសត់ ឥតទីពឹង កំព្រា ជាកម្មករ (អ្នកធ្វើការឈ្នួល) បានចិញ្ចឹមមាតាបិតាដែលចាស់ជរាផង ពួកអ្នកមានសីលជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយ និងទឹក ដែលជាទានធំទូលាយ ដោយគោរព

ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ នន្ទនវិមាន ទី២។

មណិថូណវិមាន ទី៣

(៣. មណិថូណវិមានវត្ថុ)

[៧៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរកែវពិទូរ្យ ដែលក្រាលកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នកឋិតនៅ ផឹកស៊ី ក្នុងវិមាននោះ ពិណជាទិព្វ លាន់ឮពីរោះ កាមគុណ ៥ មានរសជាទិព្វ មានក្នុងវិមាននេះផង ពួកនារីដែលប្រស់ព្រំដោយគ្រឿងមាស រាំក្នុងវិមាននេះផង

សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តតេ្រកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានកសាងទីចង្ក្រមត្រង់ផ្លូវក្នុងព្រៃផង ដាំដើមឈើ ជាសួនច្បារផង ពួកអ្នកមានសីលជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លាបានឲ្យនូវបាយ និងទឹក ដែលជាទានដ៏ធំទូលាយដោយគោរព

ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ មណីថូណវិមាន ទី៣។

សុវណ្ណវិមាន ទី៤

(៤. សុវណ្ណវិមានវត្ថុ)

[៧៨] (ព្រះមោគ្គល្លានសួរថា) វិមានលើភ្នំមាស ភ្លឺសព្វទិស ស្រោបដោយបណ្តាញមាស សម្រេចដោយរំយោលនៃកណ្តឹង សសរទាំងឡាយ មានជ្រុង ៨ ដែលបុញ្ញកម្មធ្វើល្អហើយ ជាវិការៈនៃកែវពិទូរ្យទាំងអស់ កែវ ៧ ប្រការ ដែលបុញ្ញកម្មនិមិ្មតហើយ ត្រង់ជ្រុងមួយៗ មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យ និងមាសផង ដោយកែវផលិក និងប្រាក់ផង ដោយកែវពព្រុះ និងកែវមុក្តាផង ដោយកែវទទឹម និងកែវមណីផង ជាទីតម្រេកនៃចិត្ត ធូលីមិនហុយឡើងក្នុងវិមាននោះទេ ទាំងបង្កង់មានសម្បុរលឿង ដែលបុញ្ញកម្មនិមិ្មតហើយ ក៏ទ្រទ្រង់នូវកំពូល ជណ្តើរទាំង ៤ ក្នុងទិស ៤ ទៀតសោត ក៏បុញ្ញកម្មនិមិ្មតហើយដែរ វិមាននោះ រុងរឿងដោយបន្ទប់ទាំងឡាយ ជាវិការៈនៃកែវផ្សេងៗ ដូចព្រះអាទិត្យ បង្កាន់ដៃទាំង ៤ ក្នុងទិសទាំង ៤ នោះ បុញ្ញកម្មចាត់ចែងហើយ ដោយប្រមាណស្មើៗ គ្នា ក៏រុងរឿង ញុំាងទិសទាំង ៤ ឲ្យភ្លឺដោយជុំវិញ ពួកទេវបុត្ត អ្នកនៅក្នុងវិមានដ៏ប្រសើរនោះ ជាអ្នកមានពន្លឺច្រើន អ្នករុងរឿង កន្លងដោយសម្បុរ ដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង នេះជាផលនៃទាន នៃសីល ឬនៃអញ្ជលីកម្មរបស់អ្នក អាត្មាសួរហើយ អ្នកចូរប្រាប់នូវហេតុនោះ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ទើបដោះស្រាយនូវផលនៃកម្មនេះថា

ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើវិហារដើម្បីព្រះសាស្តា ជាព្រះពុទ្ធអាទិច្ចពន្ធុ ក្នុងស្រុកអន្ធកវិន្ទៈ ដោយដៃរបស់ខ្លួន (មិនត្រឹមតែប៉ុណ្ណោះសោត) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនគ្រឿងក្រអូបផង កម្រងផ្កាផង បច្ច័យផង គ្រឿងលាបផង វិហារផង ដល់ព្រះសាស្តា ក្នុងស្រុកអន្ធកវិន្ទៈនោះ បានជាខ្ញុំបាននូវផលនៃបុណ្យនេះ ទើបខ្ញុំញុំាងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងព្រៃនន្ទនៈ ខ្ញុំរមែងត្រេកអរក្នុងព្រៃនន្ទនៈ ជាទីត្រេកអរដ៏ប្រសើរ ប្រកបដោយហ្វូងបក្សីផ្សេងៗ មានទាំងពួកស្រីអប្សរ អ្នករាំច្រៀងហែហម។

ចប់ សុវណ្ណវិមាន ទី៤។

អម្ពវិមាន ទី៥

(៥. អម្ពវិមានវត្ថុ)

[៧៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ដែលក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលល្អ អ្នកឋិតនៅ ផឹកស៊ីក្នុងវិមាននោះផង ពិណជាទិព្វ លាន់ឮពីរោះផង កាមគុណទាំង ៥ មានរសជាទិព្វ ក្នុងវិមាននេះផង ពួកនារីប្រស់ព្រំដោយគ្រឿងមាស រាំ (ក្នុងវិមាននេះផង)

សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តតេ្រកអរ។បេ។ ផលនៃបុញ្ញកម្មនេះថា

ខ្ញុំជាបុរសអ្នកស៊ីឈ្នួលរបស់ពួកជនដទៃ កំពុងតែស្រោចសួនស្វាយក្នុងវេលាថ្ងៃ ដែលកំពុងក្តៅ នាខែជាខាងចុងនៃគិម្ហរដូវ (ខែអាសាឡ្ហៈ) គ្រានោះ មានភិក្ខុប្រាកដនាមថា ព្រះសារីបុត្ត និមន្តមកតាមសួននោះ មានកាយលំបាក តែចិត្តមិនលំបាកទេ ឯខ្ញុំអ្នកស្រោចសួនស្វាយ បានឃើញព្រះសារីបុត្តនោះកំពុងនិមន្តមក ក៏បានទូលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទានប្រោស ទឹកណាដែលនាំមកនូវសេចកី្តសុខដល់ខ្ញុំ ខ្ញុំសូមនិមន្តលោកម្ចាស់ស្រង់ទឹកនោះ (ព្រះថេរៈ) ដាក់បាត្រ និងចីវរចុះ ហើយមានចីវរតែមួយ គង់ត្រង់ម្លប់ ជិតគល់ឈើ ដោយសេចកី្តអនុគ្រោះដល់ខ្ញុំនោះ ខ្ញុំមានចិត្តជ្រះថ្លា និមន្តព្រះថេរៈនោះ អ្នកមានចីវរតែមួយ ឲ្យស្រង់ដោយទឹកដ៏ថ្លា ត្រង់ម្លប់ជិតគល់ឈើ បុរសនោះ មានបីតិផ្សាយទៅសព្វកាយរបស់ខ្លួនថា

សួនស្វាយ អាត្មាអញ បានស្រោចហើយ សមណៈ ក៏អាត្មាអញ បានឲ្យស្រង់ហើយ បុណ្យដែលអាត្មាអញបានខ្វល់ខ្វាយហើយ មិនមែនជាបុណ្យតិចតួចឡើយ

ខ្ញុំបានធ្វើនូវកម្មនោះឯង មានប្រមាណប៉ុណ្ណេះ ក្នុងជាតិនោះ លុះខ្ញុំលះរាងកាយជារបស់នៃមនុស្សហើយ ក៏ចូលទៅកាន់ព្រៃនន្ទនៈ ខ្ញុំត្រេកអរក្នុងព្រៃនន្ទនៈ ជាទីរីករាយដ៏ប្រសើរ ប្រកបដោយហ្វូងបក្សីផ្សេងៗ មានពួកស្រីអប្សរ អ្នកច្រៀងរាំហែហម។

ចប់ អម្ពវិមាន ទី៥។

គោបាលវិមាន ទី៦

(៦. គោបាលវិមានវត្ថុ)

[៨០] (ព្រះមានព្រះភាគត្រាស់ថា) ព្រះមោគ្គល្លាន បានឃើញគោបាលទេវបុត្ត ក្នុងវិមានដ៏ខ្ពស់ តាំងនៅអស់កាលយូរ ទើបសួរថា អ្នកមានគ្រឿងអាភរណៈ សម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណជាទិព្វលាន់ឮពីរោះ មានទិព្វកញ្ញា ៨ នាក់ ៨ដង (៦៤) បានហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានត្រៃត្រឹង្ស ដ៏ឱឡារិក រាំច្រៀង រីករាយសប្បាយ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានប្រមូលមេគោទាំងឡាយ របស់ជនដទៃឃ្វាល លំដាប់នោះ សមណៈ (១អង្គ) មកកាន់សំណាក់ខ្ញុំ ពួកគោសោត ក៏បានស្ទុះទៅប្រុងនឹងស៊ីសណ្តែកបាយ (របស់ជនដទៃ) បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញធ្វើនូវកិច្ចទាំងពីរ ២ ដង ក្នុងថ្ងៃនេះ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំបាននូវធម្មសញ្ញាដោយឧបាយប្រាជ្ញាហើយ ក៏បោះនូវនំសណ្តែក ក្នុងកាលនោះទៀត ខ្ញុំនោះក៏ស្ទុះទៅកាន់ចំការសណ្តែកដោយរួសរាន់ ឯពួកគោ ក៏ជាន់កាច់បំបាក់ចំការសណ្តែកចាស់ ដែលជាទ្រព្យម្ចាស់គេនោះ ក៏ក្នុងចំការចាស់នោះសោត មានពស់វែកមានពិសកាច ស្ទុះមកចឹកជើងរបស់ខ្ញុំ ដែលកំពុងដើររួសរាន់ នៅមានស្មារតីចាំបាន ខ្ញុំនោះ ជាអ្នកត្រូវទុក្ខបៀតបៀនដោយរឿងកី្ត ភិក្ខុបានស្រាយនំដែលថ្មោងនោះ ហើយប្រទាននំឲ្យ ដោយសេចកី្តអនុគ្រោះដល់ខ្ញុំ លំដាប់នោះ ខ្ញុំក៏ធ្វើមរណកាល ច្យុតចាកមនុស្ស មកកើតជាទេវតា (ក្នុងទេវលោកនេះ) ខ្ញុំបានធ្វើអំពើជាកុសលនោះឯង ទើបខ្ញុំបានទទួលនូវកម្មជាសុខដោយខ្លួនឯង បពិត្រលោកដ៏ចំរើន លោកម្ចាស់អនុគ្រោះហើយក្រៃពេក ខ្ញុំសូមថ្វាយបង្គំចំពោះលោកម្ចាស់ ដោយកតញ្ញុភាព អ្នកប្រាជ្ញដទៃក្នុងលោក ព្រមទាំងទេវលោក មារលោក ជាអ្នកមានសេចកី្តអនុគ្រោះដូចលោកម្ចាស់ មិនមានឡើយ បពិត្រលោកដ៏ចំរើន លោកម្ចាស់អនុគ្រោះក្រៃពេក ខ្ញុំសូមថ្វាយបង្គំចំពោះលោកម្ចាស់ ដោយកតញ្ញុភាព អ្នកប្រាជ្ញដទៃក្នុងលោកនេះ ឬក្នុងលោកខាងមុខ ជាអ្នកមានសេចកី្តអនុគ្រោះដូចលោកម្ចាស់ មិនមានឡើយ បពិត្រលោកដ៏ចំរើន លោកម្ចាស់អនុគ្រោះក្រៃពេក ខ្ញុំសូមថ្វាយបង្គំចំពោះលោកម្ចាស់ ដោយកតញ្ញុភាព។

ចប់ គោបាលវិមាន ទី៦។

កណ្ឋកវិមាន ទី៧

(៧. កណ្ឌកវិមានវត្ថុ)

[៨១] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទ្រក្នុងថ្ងៃពេញបូណ៌មី មានផ្កាយចោមរោម ជាអធិបតីលើពួកផ្កាយ ជាទេវបុត្តមានស្នាមរូបទន្សាយ ដើរក្រឡឹងជុំវិញយ៉ាងណា វិមាននេះជាទិព្វ មានឧបមេយ្យយ៉ាងនោះ តែងរុងរឿងក្នុងទេវបុរីដោយរស្មីដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យ និងមាសផង ដោយកែវផលិក និងប្រាក់ផង ដោយកែវព្រះព្រុះ និងកែវមុក្តាផង ដោយកែវទទឹម និងកែវមណីផង គួរជាទីរីករាយនៃចិត្ត ក្រាលហើយដោយកែវពិទូរ្យ ផ្ទះកំពូលទាំងឡាយដ៏ល្អគួរជាទីរីករាយ ប្រាសាទរបស់អ្នក ក៏បុញ្ញកម្មនិម្មិតហើយដោយប្រពៃ ទាំងស្រះបោក្ខរណីរបស់អ្នក គួរជាទីរីករាយ ដេរដាសដោយមច្ឆជាតិតាន់តាប់ មានទឹកមិនល្អក់ ជាទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកស មានក្លិនក្រអូប ជាទីចាប់ចិត្ត ត្រូវខ្យល់ផាត់ រមែងផ្សាយ គុម្ពផ្កាទាំងឡាយ ក្បែរខាងទាំងពីរនៃស្រះបោក្ខរណីរបស់អ្នកនោះ ក៏បុញ្ញកម្មនិមិ្មតហើយដោយប្រពៃ ប្រកបដោយសភាពទាំងពីរ គឺឈើមានផ្កា ១ ឈើមានផ្លែ ១ ឯពួកស្រីអប្សរ ប្រដាប់ដោយអាភរណៈទាំងពួង ស្អិតស្អាងដោយកម្រងផ្កាផ្សេងៗបម្រើអ្នក ដែលអង្គុយនៅលើបល្ល័ង្ក មានជើងជាវិការៈនៃមាស ក្រាលដោយកម្រាល ឈ្មោះគាណកៈ1) មានសម្ផស្សដ៏ទន់ ដូចសក្កទេវរាជ ញុំាងអ្នកមានឫទិ្ធច្រើន ឲ្យត្រេកអរ អ្នកតែងរីករាយដោយស្គរ ស័ង្គ និងសម្ភោរទាំងឡាយផង ដោយពិណទាំងឡាយផង ដោយរនាតទាំងឡាយផង ដូចទេវរាជវសវត្តី អ្នកបរិបូណ៌ដោយតម្រេក រមែងត្រេកអរក្នុងការរាំ និងការច្រៀង ដែលស្រីអប្សរប្រគំពីរោះហើយផង រូបារម្មណ៍មានប្រការផ្សេងៗ ដ៏ជាទិព្វ (គួរជាទីត្រេកដល់អ្នក) ទាំងសទ្ទារម្មណ៍ ឬរសារម្មណ៍ ដ៏ជាទិព្វកី្ត គន្ធារម្មណ៍កី្ត ផោដ្ឋព្វារម្មណ៍កី្ត ដែលយើងអធិប្បាយហើយ (អារម្មណ៍ទាំងនោះ) គួរជាទីរីករាយនៃចិត្តរបស់អ្នក ទេវបុត្តទាំងឡាយ មានពន្លឺច្រើន ក្នុងវិមានដ៏ប្រសើរនោះ តែងរុងរឿងក្រៃពេកដោយរស្មី ដូចព្រះអាទិត្យដែលទើបនឹងរះឡើង នេះជាផលនៃទាន ឬសីល ឬអញ្ជលិកម្មរបស់អ្នក អាត្មាសួរហើយ ចូរអ្នកបា្រប់នូវហេតុនោះ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃកម្មនេះថា

ខ្ញុំជាសេះឈ្មោះកណ្ឋកៈ ជាសហជាត (កើតដំណាលគ្នា) នឹងព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ ក្នុងក្រុងកបិលព័ស្តុ ជាបូរីដ៏ឧត្តមរបស់ពួកសក្យៈ ក្នុងកាលដែលព្រះរាជបុត្តនោះ ទ្រង់ចេញទៅដើម្បីសម្មាសម្ពោធិញ្ញាណ នាមជ្ឈិមយាមនៃរាត្រី ទ្រង់ទះខ្ញុំត្រង់ភ្លៅ ដោយព្រះហស្តដ៏ទន់ មានព្រះនខាក្រហមរុងរឿង ហើយទ្រង់ត្រាស់ថា នែសំឡាញ់ អ្នកចូរនាំយើងទៅ បើយើងបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តមហើយ នឹងចម្លងសត្វលោក (ចាកសង្សារវដ្ត) កាលខ្ញុំឮព្រះតម្រាស់នោះ សេចកី្តរីករាយដ៏មានកំឡាំង ក៏កើតឡើងដល់ខ្ញុំ ខ្ញុំមានចិត្តខ្ពស់ មានចិត្តរីករាយ បានទទួលយល់ព្រមក្នុងកាលនោះ ខ្ញុំដឹងថា សក្យបុត្តដ៏មានយសធំ ទ្រង់ជិះខ្ញុំហើយ មានចិត្តខ្ពស់ មានចិត្តរីករាយ (ម្តងទៀត) ទើបនាំបុរសដ៏ឧត្តម ទៅឰដ៏ខាងក្រៅ លុះទៅកន្លងដែននៃបុគ្គលដទៃរួចហើយ កាលថ្ងៃរះឡើង សក្យបុត្តក៏លះចោលខ្ញុំ និងឆន្នអាមាត្យ ទ្រង់មិនអាល័យ ចៀសចេញទៅ ខ្ញុំលិទ្ធព្រះបាទារបស់សក្យបុត្តនោះ ដែលមានព្រះនខាក្រហមដោយអណ្តាត ខ្ញុំយំ ក្រឡេកមើលព្រះមហាវីរៈ ដែលស្តេចកំពុងយាងទៅ លុះខ្ញុំមើលមិនឃើញសក្យបុត្តអ្នកមានសិរីនោះ ខ្ញុំក៏បាននូវអាពាធជាទម្ងន់ មរណៈ ក៏កើតមានដល់ខ្ញុំយ៉ាងឆាប់ ខ្ញុំនៅគ្រប់គ្រងវិមាន ប្រកបដោយកាមគុណទាំងពួង ដ៏ជាទិព្វនេះ ក្នុងទេវបូរី (តាវត្តឹង្ស) ដោយអានុភាពនៃសេចកី្តជ្រះថ្លានោះឯង មួយទៀត សេចកី្តរីករាយ កើតមានដល់ខ្ញុំ ព្រោះឮសំឡេង ដើម្បីត្រាស់ដឹងនូវពោធិញ្ញាណ ដោយកុសលមូលណា ខ្ញុំនឹកសង្ឃឹមថា មុខជាបាននូវអាសវក្ខយញ្ញាណ ដោយកុសលមូលនោះឯង បពិត្រលោកដ៏ចំរើន ប្រសិនបើលោកនិមន្តទៅក្នុងសំណាក់នៃព្រះពុទ្ធជាសាស្តា សូមលោកម្ចាស់ក្រាបបង្គំទូលនូវកិរិយាថ្វាយបង្គំដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំ ចំពោះអង្គព្រះជាសាស្តានោះ ចំណែកខ្ញុំគង់ទៅចួបនឹងព្រះជិនស្រីដែរ ដែលជាបុគ្គលរកអ្នកដទៃប្រៀបផ្ទឹមមិនបាន (ព្រោះ) ការឃើញនូវព្រះលោកនាថ ជាតាទិបុគ្គល រកបានដោយកម្រ។

ឯកណ្ឋកទេវបុត្តនោះ ជាអ្នកមានកតញ្ញូកតវេទិតា ចូលទៅគាល់ព្រះសាស្ដា លុះបានស្ដាប់ព្រះពុទ្ធដីកា (របស់ព្រះសម្មាសម្ពុទ្ធ) ទ្រង់មានចក្ខុ ហើយបានជំរះនូវធម្មចក្ខុ គឺបាននូវសោតាបតិ្តមគ្គ ជំរះនូវទិដិ្ឋ វិចិកិច្ឆា និងសីលព័ត ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តាហើយ ក៏បាត់ទៅចាកទីនោះឯង។

ចប់ កណ្ឋកវិមាន ទី៧។

អនេកវណ្ណវិមាន ទី៨

(៨. អនេកវណ្ណវិមានវត្ថុ)

[៨២] (ព្រះមោគ្គល្លានសួរថា) អ្នកមានពួកស្រីអប្សរហែហម ហើយឡើងកាន់វិមាន ដែលមានពណ៌ដ៏ច្រើន ជាទីធ្វើនូវសេចកី្តក្រវល់ក្រវាយ និងសេចកី្តសោក ឲ្យវិនាស មានរូបវិចិត្រច្រើនប្រការ សប្បាយរីករាយ ដូចទេវរាជឈ្មោះសុនិមិ្មត ទេវបុត្តដែលប្រហែលស្មើដោយអ្នក ក៏មិនមាន (ចំណង់បើ) ទេវបុត្តដែលប្រសើរ លើសដោយយសផង បុណ្យផង ឫទិ្ធផង និងមានមកពីណា ពួកទេវតាក្នុងជាន់តាវត្តឹង្សទាំងអស់ ប្រជុំគ្នានមស្ការអ្នក ដូចទេវតា និងមនុស្ស នមស្ការនូវចន្ទទេវបុត្ត ដែលមានស្នាមរូបទន្សាយក្នុងវង់ដូច្នោះ ស្រីអប្សរទាំងឡាយនេះ តែងរាំច្រៀង រីករាយជុំវិញអ្នក អ្នកបានដល់នូវឫទិ្ធនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ។បេ។ ផលនៃបុញ្ញកម្មនេះថា

បពិត្រលោកដ៏ចំរើន កាលជាតិមុន ខ្ញុំនោះ ជាសាវ័ករបស់ព្រះជិនស្រី ព្រះនាមសុមេធៈ ខ្ញុំនៅជាបុថុជ្ជន មិនទាន់បានត្រាស់ដឹងសច្ចៈទាំង ៤ នៅឡើយ ខ្ញុំនោះបួសបាន ៧ វស្សា កាលព្រះជិនស្រី ជាសាស្តាព្រះនាមសុមេធៈ ជាតាទិបុគ្គល ទ្រង់ឆ្លងអន្លង់ទាំង ៤ ហើយ ទ្រង់បរិនិព្វាន ខ្ញុំនោះ ទៅថ្វាយបង្គំចេតិយកែវ ស្រោបដោយបណ្តាញមាស ធ្វើចិត្តឲ្យជ្រះថ្លា ចំពោះព្រះស្តូប ខ្ញុំមិនបានឲ្យទានទេ ទាំងទេយ្យវត្ថុសម្រាប់ឲ្យទាន ក៏មិនមាន ប៉ុន្តែខ្ញុំបានបបួលពួកជនដទៃក្នុងការឲ្យទានថា អ្នកទាំងឡាយ ចូរបូជាព្រះធាតុរបស់ព្រះសាស្តា ជាវត្ថុគួរដល់ការបូជាចុះ ខ្ញុំឮថា អ្នកទាំងឡាយ (ច្យុត) អំពីមនុស្សនេះ នឹងទៅកាន់ឋានសួគ៌ កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយ ទើបខ្ញុំបានសេចកី្តសុខជាទិព្វ ដោយខ្លួនឯង ខ្ញុំរីករាយ ក្នុងកណ្តាលពួកទេវតា បុណ្យរបស់ខ្ញុំនោះ មិនចេះអស់ឡើយ។

ចប់ អនេកវណ្ណវិមាន ទី៨។

មដ្ឋកុណ្ឌលិវិមាន ទី៩

(៩. មដ្ឋកុណ្ឌលីវិមានវត្ថុ)

[៨៣] (ព្រាហ្មណ៍សួរថា) អ្នកមានខ្លួនប្រដាប់ហើយ មានកុណ្ឌលរលីង ទ្រទ្រង់នូវកម្រងផ្កា មានខ្លួនប្រស់ព្រំដោយខ្លឹមចន្ទន៍ក្រហម ផ្គងដើមដៃ កន្ទក់កន្ទេញក្នុងកណ្តាលព្រៃស្មសាន តើអ្នកដល់នូវសេចកី្តទុក្ខដូចម្តេច។

(មាណពឆ្លើយថា) រាងរថ ជាវិការៈនៃមាស មានរស្មីភ្លឺផ្លេក កើតឡើងដល់ខ្ញុំ បើខ្ញុំមិនបាននូវគូនៃកង់របស់រថនោះទេ ខ្ញុំនឹងលះបង់ជីវិត ព្រោះសេចកី្តទុក្ខនោះ។

(ព្រាហ្មណ៍សួរថា) ម្នាលមាណពដ៏ចំរើន អ្នកចូរប្រាប់ (នូវគូនៃកង់) មាស ឬកែវមណី កែវទទឹម ឬប្រាក់ដល់ខ្ញុំ ៗ នឹងញុំាងអ្នកឲ្យបាននូវគូនៃកង់ (នោះ)។

មាណពនោះ បានពោលបញ្ជាក់ចំពោះព្រាហ្មណ៍នោះថា ព្រះចន្ទ និងព្រះអាទិត្យ ទាំងពីរវង់ ប្រាកដឰដ៏អាកាសនុ៎ះ រថរបស់ខ្ញុំ ជាវិការៈនៃមាស សមដោយព្រះអាទិត្យ និងព្រះចន្ទនោះ ជាគូនៃកង់។

(ព្រាហ្មណ៍និយាយថា) ម្នាលមាណព អ្នកណាប្រាថ្នានូវរបស់ដែលមិនគួរប្រាថ្នា អ្នកនោះ ចំជាល្ងង់មែន ខ្ញុំសំគាល់ថា អ្នកនឹងស្លាប់ អ្នកពិតជាមិនបានព្រះចន្ទ និងព្រះអាទិត្យឡើយ។

(មាណពឆ្លើយថា) ការចរទៅ និងចរមក (នៃព្រះចន្ទ និងព្រះអាទិត្យទាំងពីរ) កី្ត វណ្ណធាតុ (ការទ្រទ្រង់នៃរស្មី) កី្ត រមែងប្រាកដក្នុងវិថីទាំងពីរ បុគ្គលអ្នកធ្វើមរណកាលទៅកាន់លោកខាងមុខ រមែងមិនប្រាកដឡើយ បណ្តាយើងទាំងពីរ ជាអ្នកកំពុងកន្ទក់កន្ទេញ ក្នុងទីនេះ តើអ្នកណាល្ងង់ជាង។

(ព្រាហ្មណ៍និយាយថា) ម្នាលមាណព អ្នកនិយាយចំជាពិតមែនហើយ បណ្តាយើងទាំងពីរនាក់ ជាអ្នកកំពុងកន្ទក់កន្ទេញ ខ្ញុំឯងជាបុគ្គលល្ងង់ជាង (ព្រោះ) ខ្ញុំប្រាថ្នានូវកូនប្រុសដែលធ្វើមរណកាល ទៅកាន់លោកខាងមុខហើយ ដូចទារក យំទារនូវព្រះចន្ទ ដូច្នោះដែរ។

អ្នកបានស្រោចស្រពនូវខ្ញុំ ដែលភ្លើង គឺសេចកី្តសោកកំពុងឆេះសព្វ ឲ្យស្ងប់រម្ងាប់ ញុំាងសេចកី្តក្រវល់ក្រវាយទាំងពួង ឲ្យរលត់បាន ដូចបុគ្គលយកទឹកស្រោចភ្លើងកំពុងឆេះ នូវឆ្នាំងខ្លាញ់ អ្នកណា បានបន្ទោបង់នូវសេចកី្តសោកព្រោះកូន ចំពោះខ្ញុំដែលមានសោកកំពុងគ្របសង្កត់ អ្នកនោះឈ្មោះថា បានដល់នូវកូនសរ គឺសេចកី្តសោក ដែលអាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ ខ្ញុំនោះ ជាអ្នកមានកូនសរ គឺសេចកី្តសោកដកហើយ ខ្ញុំជាអ្នកមានចិត្តត្រជាក់ហើយ មានទុក្ខរលត់ហើយ ម្នាលមាណព ខ្ញុំលែងសោកស្តាយ លែងយំទួញហើយ ព្រោះបានស្តាប់នូវពាក្យរបស់អ្នក អ្នកជាទេវតាឬ ឬជាគន្ធព្វ ឬមួយជាព្រះឥន្ទ្រ បានបំពេញទានក្នុងកាលមុន អ្នកជាអី្វ ជាកូនរបស់អ្នកណា យើងនឹងស្គាល់អ្នកដូចម្តេចបាន។

(មាណពឆ្លើយថា) អ្នកបានដុតកូនណា ដោយខ្លួនឯង ក្នុងទីបូជាសព (ឈាបនដ្ឋាន) ហើយកន្ទក់កន្ទេញផង យំទួញផង កូននោះ គឺខ្ញុំហ្នឹងឯង ធ្វើនូវកុសលកម្ម បានទៅកើតជាមួយនឹងពួកទេវតាជាន់តាវតឹ្តង្ស។

(ព្រាហ្មណ៍សួរថា) កាលអ្នកឲ្យទានតិច ឬច្រើនក្នុងផ្ទះរបស់ខ្លួនកី្ត ឬក៏រក្សានូវឧបោសថកម្ម ប្រាកដដូច្នោះកី្ត ខ្ញុំមិនបានឃើញ អ្នកទៅកាន់ទេវលោក តើដោយបុណ្យ អី្វ។

(មាណពឆ្លើយថា) ខ្ញុំជាអ្នកមានអាពាធ ឈឺធ្ងន់ ដល់នូវសេចកី្តទុក្ខ មានរូបក្តៅក្រហាយជានិច្ច ក្នុងផ្ទះរបស់ខ្លួន ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គមានធូលី គឺកិលេសទៅប្រាសហើយ មានសេចកី្តសង្ស័យឆ្លងផុតហើយ មានដំណើរល្អ មានបញ្ញាមិនថយថោក ខ្ញុំនោះ មានចិត្តរីករាយ ជ្រះថ្លាបានធ្វើអញ្ជលីចំពោះព្រះតថាគត លុះខ្ញុំបានធ្វើកុសលកម្មនោះហើយ ក៏បានទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តឹង្ស។

(ព្រាហ្មណ៍និយាយថា) អើហ្ន៎ អស្ចារ្យណាស់ ចំឡែកណាស់ ផលនៃអញ្ជលិកម្ម ដល់ម៉្លេះតើ អើខ្ញុំក៏មានចិត្តរីករាយ មានចិត្តជ្រះថ្លាដែរ សូមដល់នូវព្រះពុទ្ធ ជាទីរឭក ក្នុងថ្ងៃនេះឯង។

(មាណពឆ្លើយថា) អ្នកចូរមានចិត្តជ្រះថ្លា ដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីរឭក ក្នុងថ្ងៃនេះចុះ អ្នកចូរសមាទាននូវសិក្ខាបទទាំង ៥ កុំឲ្យដាច់ កុំឲ្យធ្លុះធ្លាយដូច្នោះចុះ ចូរវៀរចាកការសម្លាប់សត្វយ៉ាងឆាប់ផង ចូរវៀរបង់នូវការកាន់យកទ្រព្យដែលគេមិនបានឲ្យក្នុងលោកផង កុំផឹកនូវទឹកស្រវឹងផង កុំពោលនូវពាក្យកុហកផង ចូរជាអ្នកសន្តោសដោយប្រពន្ធរបស់ខ្លួនផង។

(ព្រាហ្មណ៍ពោលថា) បពិត្រអ្នកដែលគេគប្បីបូជា អ្នកប្រាថ្នានូវសេចកី្តចំរើនដល់ខ្ញុំ បពិត្រទេវតា អ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នក អ្នកជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមដល់នូវព្រះពុទ្ធជាទីរលឹកផង សូមដល់នូវព្រះធម៌ ជាទីរលឹកផង សូមដល់នូវព្រះសង្ឃ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ជន និងទេវតា ជាទីរលឹកផង ខ្ញុំវៀរចាកការសម្លាប់សត្វយ៉ាងឆាប់ផង វៀរបង់នូវការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិនពោលពាក្យកុហកផង សន្តោសដោយប្រពន្ធរបស់ខ្លួនផង។

ចប់ មដ្ឋកុណ្ឌលិវិមាន ទី៩។

សេរិស្សកវិមាន ទី១០

(១០. សេរីសកវិមានវត្ថុ)

[៨៤] (ធម្មសង្គាហកត្ថេរទាំងឡាយសំដែងថា) ការប្រជុំនៃទេវតា និងពាណិជទាំងឡាយ ឰដ៏ផ្លូវព្រៃណា ក្នុងកាលណា កាលនោះ អ្នកទាំងឡាយចូរស្តាប់ (នូវការប្រជុំឰដ៏ផ្លូវក្នុងព្រៃនោះចុះ) អ្នកទាំងអស់គ្នា ចូរស្តាប់នូវសុភាសិតនោះ ដោយប្រការដូចម្តេចផង ដោយប្រការដទៃផង ស្តេចណា ព្រះនាមបាយាសិ បានទៅកើតជាមួយនឹងភុម្មទេវតាទាំងឡាយ ជាអ្នកមានយស ស្តេចនោះ រីករាយក្នុងវិមានរបស់ខ្លួន លោកមិនមែនជាមនុស្សទេ តែបានពោលនឹងពួកមនុស្ស។

(ទេវបុត្តពោលថា) នែមនុស្សទាំងឡាយ អ្នកភ័យចំពោះផ្លូវវៀច អ្នកមានចិត្តខូចហើយ (វង្វេងផ្លូវ) ក្នុងព្រៃជាទីរង្កៀស ជាកន្លែងត្រាច់ទៅនៃអមនុស្ស ជាផ្លូវកន្តារ ឥតមានទឹក ឥតមានបាយ ពាក់កណ្តាលនៃព្រៃធំ ដែលបុគ្គលដើរទៅបានដោយកម្រណាស់ ផ្លែឈើ និងមើមឈើទាំងឡាយ ក្នុងផ្លូវកន្តារនេះ មិនមានទេ វត្ថុសម្រាប់ដុតឲ្យឆេះ ក៏មិនមាន ភិក្ខាហារ តើនឹងមានមកពីណា ក្នុងផ្លូវខ្សាច់នេះ វៀរលែងតែអាចម៍ដី និងដីខ្សាច់ទាំងឡាយ ដ៏ក្តៅក្រហាយ កាចអាក្រក់ចេញ ទីនេះជាទីទួលក្តៅ ប្រាកដស្មើដោយអំបែងដែកដ៏ក្តៅ មិនមានសេចកី្តចំរើន ស្មើដោយបរលោក គឺនរក ផែនដីនេះ ជាទីនៅនៃពួកបិសាចអាក្រក់ ជារបស់ចាស់ ប្រទេសនៃផែនដី ប្រាកដស្មើដោយប្រទេសដែលពួកឥសីផ្តាសាហើយ ក៏អ្នកទាំងឡាយប្រាថ្នារបស់អី្វ ដោយហេតុដូចម្តេច បានជាចូលមកកាន់ប្រទេសនេះ មិនពិចារណា (រកទោស និងអានិសង្ស) ដោយរហ័សសិន ឬមួយអ្នកទាំងឡាយ ចូលមកកាន់ប្រទេសនេះ ព្រោះលោភ ឬព្រោះភ័យ ឬព្រោះវង្វេងផ្លូវ។

(ពួកពាណិជនិយាយថា) យើងទាំងឡាយ ជាពួកឈ្មួញរទេះក្នុងដែនមគធៈ និងដែនអង្គៈ បានផ្ទុកទ្រព្យសម្បតិ្តជាច្រើន ពួកយើងទាំងនោះ ទៅកាន់ប្រទេសឈ្មោះសិន្ធុ និងប្រទេសឈ្មោះសោវីរៈ ត្រូវការដោយទ្រព្យ ប្រាថ្នានូវការចំណេញ មិនអាចនឹងអត់ទ្រាំសម្រេក គំលានក្នុងវេលាថ្ងៃបាន ក៏រំពឹងរកសេចកី្តអនុគ្រោះ ដល់សត្វសំរាប់ទឹមទាំងឡាយ (មានគោជាដើម) យើងទាំងអស់គ្នា មកដោយប្រញាប់នុ៎ះ ពួកយើងទាំងនោះ ដើរទៅកាន់ផ្លូវក្នុងវេលាយប់ ក្នុងកាលមិនគួរ ពួកយើងទាំងនោះ ដើរទៅខុសផ្លូវ ក៏វង្វេងផ្លូវ វិលវល់ដូចមនុស្សខ្វាក់ វិលវល់នៅត្រង់ពាក់កណ្តាលនៃព្រៃធំ ជាព្រៃដែលគេកម្រឆ្លងបានដោយងាយ មានចិត្តវង្វេងមិនដឹងទិស (ដែលគួរនឹងទៅបាននោះ) ម្នាលយក្ស ពួកយើងបានឃើញនូវវិមានដ៏ប្រសើរ ដែលមិនធ្លាប់បានឃើញមកនេះផង ឃើញបុគ្គលអ្នកប្រាថ្នានូវការរស់នៅ ឲ្យក្រៃលែងជាងនោះទៅទៀតផង ឃើញហើយ ក៏មានចិត្តរីករាយ មានចិត្តសោមនស្ស មានចិត្តអណ្តែតខ្ពស់ (ដោយអំណាចបីតិ)។

(ទេវបុត្តនិយាយថា) អ្នកទាំងឡាយ ឆ្លងបានដោយក្រ ទៅកាន់ត្រើយសមុទ្រខាងនាយផង កាន់ព្រៃនេះផង កាន់ផ្លូវស្នួរដែលគេចងដោយវល្លិ និងផ្តៅផង កាន់ផ្លូវប្រកបដោយសេចកី្តរង្កៀសផង កាន់ស្ទឹងទាំងឡាយ របស់ភ្នំទាំងឡាយ ដែលទៅបានដោយកម្រផង កាន់ទិសទាំងឡាយដ៏ច្រើន (យ៉ាងនេះ) ព្រោះហេតុតែភោគៈ កាលអ្នកចេញទៅកាន់ដែនរបស់ស្តេចទាំងឡាយដទៃ អ្នកសំឡឹងឃើញពួកមនុស្សអ្នកនៅក្នុងប្រទេសផ្សេងគ្នា នែអ្នកទាំងឡាយ ហេតុអស្ចារ្យណា ដែលអ្នកទាំងឡាយឮហើយ ឬឃើញហើយ ពួកយើងឮនូវហេតុអស្ចារ្យនោះ (ក្នុងសំណាក់) នៃអ្នកទាំងឡាយ។

(ពួកពាណិជនិយាយថា) នែទេវកុមារ ហេតុអស្ចារ្យជាងនេះទៅទៀត ពួកយើង មិនដែលឮទេ ទាំងមិនដែលឃើញឡើយ ពួកយើងឃើញនូវអ្នក និងវិមានទាំងអស់ដែលកន្លងនូវសម្បតិ្តជារបស់មនុស្ស មិនមែនជាមនុស្ស មានវណ្ណៈមិនថោកទាប ក៏រីករាយ រមែងឆ្អែតចិត្ត ស្រះបោក្ខរណីទាំងឡាយ ឰដ៏អាកាស រមែងហូរចេញ ឈូកសទាំងឡាយជាច្រើន មានផ្កាច្រើន ទាំងពួកឈើទាំងនោះ ក៏ប្រកបដោយផ្លែជានិច្ច ក្លិនក្រអូបក្រៃលែង តែងផ្សាយចេញទៅ សសរទាំងឡាយ ជាវិការៈនៃកែវពិទូរ្យ មានកំពស់ ១០០ ហត្ថ មានបណ្តោយដ៏វែង ជាវិការៈនៃថ្មកែវពពាឡ និងថ្មកែវផលិក ព្រមទាំងកែវពព្រុះ និងកែវមណី មានពណ៌ក្រហម សសរទាំងនេះ ជាវិការៈនៃកែវមណិជោតិរស វិមាន (របស់អ្នក) នេះល្អ មានសសររាប់ពាន់ មានអានុភាពថ្លឹងមិនបាន ក្នុងខាងលើនៃសសរទាំងនោះ ជាវិមានប្រកបដោយកែវ (ផ្សេងៗ) លាយដោយផែនមាសស្រួយ ប្រក់ដោយផ្ទាំងកែវ មានរស្មី (ផ្សេងៗ) ដ៏ល្អ វិមាន (របស់អ្នក) នេះ វិសេសដូចដុំមាសជម្ពោនទ ប្រទេសនៃ (វិមាននោះ) ក៏រលីងស្អាត ប្រកបដោយប្រាសាទ និងកាំជណ្តើរដ៏មាំមួនផង ល្អផង មានលំនាំស្រដៀងៗ គ្នា គួរក្រឡេកមើលក្រៃពេក ជាទីគាប់ចិត្ត បាយ និងទឹកដ៏ច្រើន (តែងមាន) ក្នុងខាងក្នុងនៃវិមាន ជាវិការៈនៃកែវ អ្នកមានពួកស្រីអប្សរហែហម កងរំពងដោយសម្ភោរ ស្គរធំ និង តូរ្យតន្ត្រី អ្នកផងរមែងថ្វាយបង្គំ ដោយការថ្វាយបង្គំជាទីសរសើរ អ្នកនោះជាអ្នកភ្ញាក់រឭកដោយពួកនាងនារី មានអានុភាព ដែលបុគ្គលមិនគប្បីគិត ប្រកបដោយគុណទាំងពួង រមែងរីករាយក្នុងវិមាន ប្រាសាទដ៏ប្រសើរជាទីរីករាយចិត្ត ដូចជាស្តេចវេស្សវ័ណ ក្នុងកីឡាស្ថានឈ្មោះនលិនីដែរ អ្នកជាទេវតា ឬជាយក្ខ ឬជាព្រះឥន្ទ្រ ឬក៏ជាមនុស្ស ពួកពាណិជសួរអ្នក អ្នកចូរប្រាប់មក អ្នកជាយក្ខឈ្មោះអី្វ។

(ទេវបុត្តប្រាប់ថា) ខ្ញុំជាយក្ខឈ្មោះសេរិស្សកៈ ធ្វើតាមពាក្យរបស់ស្តេចវេស្សវ័ណ ជាអ្នកនៅចាំក្នុងផ្លូវកន្តារ គ្រប់គ្រងក្នុងព្រៃធំ ថែរក្សាប្រទេសនេះ។

ពួកឈ្មួញរទេះសួរថា វិមានដែលអ្នកបានតាមសេចកី្តប្រាថ្នា ប្រែប្រួលទៅតាមកាល អ្នកធ្វើខ្លួនឯង ឬក៏ពួកទេវតាឲ្យ វិមានជាទីគាប់ចិត្តនេះ អ្នកបានដោយប្រការដូចម្តេច។

(ទេវបុត្តឆ្លើយថា) វិមាននេះ មិនមែនខ្ញុំបានតាមសេចកី្តប្រាថ្នាទេ ទាំងមិនមែនប្រែប្រួលទៅតាមកាលទេ មិនមែនធ្វើខ្លួនឯងទេ មិនមែនពួកទេវតាឲ្យទេ វិមានជាទីគាប់ចិត្តនេះ ខ្ញុំបានដោយកម្មមិនលាមក ដោយបុណ្យរបស់ខ្លួនទេតើ។

ពួកឈ្មួញរទេះសួរថា វ័តរបស់អ្នក តើដូចម្តេច មួយទៀត ព្រហ្មចរិយៈរបស់អ្នក តើដូចម្តេច នេះជាផលនៃកម្មដូចម្តេច ដែលអ្នកសន្សំល្អហើយ វិមាននេះ អ្នកបានដោយប្រការដូចម្តេច។

(ទេវបុត្តឆ្លើយថា) ដើមឡើយ ខ្ញុំឈ្មោះបាយាសិ សោយរាជ្យក្នុងដែនកោសល ក្នុងកាលណា ខ្ញុំជាអ្នកមាននត្ថិកទិដិ្ឋផង មានសេចកី្តកំណាញ់ស្វិតស្វាញផង មានបាបធម៌ផង ជាឧច្ឆេទវាទីផង ក្នុងកាលនោះ មានសមណៈឈ្មោះកុមារកស្សប ជាពហុស្សូត មានសំដីវិចិត្តលើសលុប ក្នុងកាលនោះ ព្រះថេរៈនោះ បានសំដែងធម្មកថាចំពោះខ្ញុំ បានដកភើចចោលនូវចំរូង គឺទិដិ្ឋរបស់ខ្ញុំ លុះខ្ញុំស្តាប់ធម្មកថារបស់លោកហើយ បានប្តេជ្ញាខ្លួនជាឧបាសក វៀរចាកបាណាតិបាតផង វៀរបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិនពោលពាក្យកុហកផង ជាអ្នកត្រេកអរត្រឹមតែប្រពន្ធរបស់ខ្លួនផង នោះជាវ័តរបស់ខ្ញុំ ជាព្រហ្មចរិយៈរបស់ខ្ញុំ នេះជាផលនៃកម្មនោះ ដែលខ្ញុំសន្សំល្អហើយ វិមានដែលខ្ញុំបានហើយនេះ ដោយបុញ្ញកម្មនេះឯង ជាអំពើមិនលាមក។

(ពួកពាណិជពោលថា) បានឮមកថា ពួកនរជន អ្នកប្រកបដោយបញ្ញា តែងពោលពាក្យពិត ពាក្យរបស់បណ្ឌិតទាំងឡាយ មិនឃ្លៀងឃ្លាត បុគ្គលអ្នកមានបុញ្ញកម្ម ទៅក្នុងទីណាៗ ប្រាថ្នាបានតាមចំណង់ រមែងរីករាយក្នុងទីនោះៗ សេចកី្តសោក និងសេចកី្តខ្សឹកខ្សួល ការសម្លាប់ ការចង និងសេចកី្តសៅហ្មងគ្រប់យ៉ាង មាននៅក្នុងទីណាៗ បុគ្គលមានកម្មដ៏លាមក ទៅក្នុងទីនោះៗ រមែងមិនរួចចាកទុគ្គតិ ក្នុងកាលម្តងឡើយ ទេវជន (របស់អ្នក) មានសភាពងេងងោង ដូចជាទឹកល្អក់ ដែលកើតអំពីភក់ ក្នុងមួយស្របក់នេះ នែទេវកុមារ សេចកី្តទោមនស្ស កើតមានដល់ជនជាបរិសទ្យនេះផង ដល់អ្នកផង តើព្រោះហេតុដូចម្តេចហ្ន៎។

(ទេវបុត្តពោលថា) នែអ្នកទាំងឡាយ ក្លិនទិព្វទាំងឡាយក្រអូបឈ្ងុយឈ្ងប់ រមែងផ្សាយចេញអំពីព្រៃច្រេស ក្លិនទាំងនោះ តែងអប់វិមាននេះ កំចាត់បង់នូវងងឹតទាំងថ្ងៃ ទាំងយប់ ផ្កាក្រពុំមួយៗ នៃដើមច្រេសទាំងនេះ តែងលៀនចេញអំពីទង ដោយកាលកន្លងទៅ ១០០ ឆ្នាំ ចំនួន ១០០ ឆ្នាំ របស់មនុស្ស កន្លងទៅហើយ ខ្ញុំមកកើតក្នុងទេវវិមាននេះ ក្នុងទេវនិកាយ នែអ្នកទាំងឡាយ លុះខ្ញុំឋិតនៅក្នុងវិមាននេះ អស់កំណត់ ៥០០ ឆ្នាំទិព្វហើយ នឹងច្យុតដោយអស់អាយុផង ដោយអស់បុណ្យផង ទើបខ្ញុំជ្រប់ស្រពោន ដោយសេចកី្តសោកស្តាយនោះឯង។

(ពួកពាណិជបាននិយាយថា) ទេវបុត្តនោះ ប៉ុនអម្បាលបាននូវវិមាន (ដ៏ល្អ) មិនអាចថ្លឹងបាន អស់កាលយូរហើយ ម្តេចក៏នៅសោកស្តាយ ចំណង់បើពួកទេវបុត្តណា ដែលកើតក្នុងវិមានក្រៅនេះ ពួកទេវបុត្តនោះ ជាអ្នកមានបុណ្យតិច ទើបគួរសោកស្តាយ ពិតមែន។

(ទេវបុត្តឆ្លើយថា) អ្នកទាំងឡាយ ពោលពាក្យជាទីស្រឡាញ់ណា ចំពោះខ្ញុំ ពាក្យនោះ ជាពាក្យសមគួរដល់ខ្ញុំផង ជាពាក្យដែលអ្នកទាំងឡាយ គប្បីទូន្មានដល់ខ្ញុំផង នែអ្នកទាំងឡាយ ឯពួកអ្នកសោត ខ្ញុំក៏បានតាមគ្រប់គ្រងហើយ អ្នកទាំងឡាយ ចូរទៅរកទីមានសួស្តី គួរតាមប្រាថ្នាចុះ។

(ពួកពាណិជនិយាយថា) ពួកខ្ញុំជាអ្នកត្រូវការដោយទ្រព្យ កំពុងប្រាថ្នានូវការចំណេញ ទើបដើរទៅកាន់ប្រទេស ឈ្មោះសិន្ធុ និងប្រទេសឈ្មោះសោវីរៈ ក៏ប្រកបការងារតាមសមគួរ បានបរិច្ចាគបរិបូណ៌ហើយ នឹងធ្វើនូវការឆ្លងចំពោះសេរិស្សកវិមានដ៏ឱឡារិក។

(ទេវបុត្តនិយាយថា) អ្នកទាំងឡាយ កុំធ្វើនូវការឆ្លង ចំពោះសេរិស្សកវិមានឡើយ អ្នកទាំងឡាយ ពោលពាក្យណា ពាក្យទាំងអស់នោះ នឹងមានដល់អ្នកទាំងឡាយ ៗ គប្បីវៀរបង់កម្មលាមកទាំងឡាយផង ចូរអធិដ្ឋានការប្រកបរឿយ ៗ នូវកុសលធម៌ផង។

(ទេវបុត្តពោលថា) ក្នុងពួកនេះ មានឧបាសកម្នាក់ ជាពហុស្សូត បរិបូណ៌ដោយសីល និងវត្ត ជាអ្នកមានសទ្ធាផង មានការបរិច្ចាគផង មានសីលជាទីស្រឡាញ់ផង ជាអ្នកឈ្លាសវៃ មានសេចកី្តសន្តោស មានប្រាជ្ញា ជាអ្នកដឹងច្បាស់ មិនពោលនូវពាក្យកុហក មិនគិតបៀតបៀននូវអ្នកដទៃ មិនពោលពាក្យញុះញង់ ដែលជាពាក្យមិនពិត គប្បីពោលវាចាដ៏ពីរោះ ជាវាចាមិនរើរុះ ប្រកបសេចកី្តគោរព សេចកី្តកោតក្រែង មានខ្លួនទូន្មានហើយ មិនមែនជាអ្នកលាមកអាក្រក់ ជាអ្នកបរិសុទ្ធក្នុងអធិសីល មួយទៀត ឧបាសកនោះ ជាបុរសចិញ្ចឹមមាតាបិតាតាមធម៌ ប្រព្រឹត្តស្អាត ឧបាសកនោះ ទំនងជាស្វែងរកភោគៈទាំងឡាយ ព្រោះហេតុតែមាតាបិតាពិត មិនមែនដើម្បីខ្លួនទេ មួយទៀត បុរសណា អំណើះអំពីមាតាបិតាទៅ ជាអ្នកមានចិត្តទោរទន់ទៅរកព្រះនិព្វាន ទាំងប្រព្រឹត្តនូវសាសនព្រហ្មចរិយៈ ជាអ្នកមានកាយ វាចា ចិត្ត ត្រង់មិនវៀច មិនអួតអាង មិនមានពុតត្បុត មិនគប្បីជួញដោយលេសកប្ប គឺមិនគប្បីបញ្ចេញពាក្យដោយអំណាចកលមាយា នឹងការអួតអាង បុរសប្រាកដដូច្នោះនោះ ឈ្មោះថា អ្នកធ្វើនូវកម្មល្អ ឋិតនៅក្នុងធម៌ ម្តេចនឹងបាននូវទុក្ខ ខ្ញុំធ្វើឲ្យប្រាកដដោយខ្លួនឯង ព្រោះករុណាចំពោះឧបាសកនោះ ម្នាលពាណិជទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ ចូររមិលមើលខ្ញុំចុះ ប្រសិនបើអ្នកទាំងឡាយ វៀរចាកឧបាសកនោះ នឹងទៅជាបុគ្គលវិលវល់ ដូចជាមនុស្សខ្វាក់ ភាន់ភាំងនៅក្នុងព្រៃ គប្បីដល់នូវភាពជាផេះ ការគប់រកមនុស្សផ្តេសផ្តាស ជាអ្នកបៀតបៀនគេ ជាការងាយ ការគប់រកសប្បុរស ជាគុណនាំមកនូវសេចកី្តសុខ។

(ពួកពាណិជសួរថា) បុរសនោះឈ្មោះអី្វ ធ្វើការងារដូចម្តេច នាមដែលមាតាបិតាឲ្យ តើដូចម្តេច មួយទៀត គោត្ររបស់គាត់ តើដូចម្តេច នែយក្ខ អ្នកមកក្នុងទីនេះ ដើម្បីសេចកី្តអនុគ្រោះបុរសណា ពួកយើងចង់ឃើញបុរសនោះដែរ ព្រោះថា អ្នកពេញចិត្តបុរសណា បុរសនោះចំជាមានលាភ។

(ទេវបុត្តឆ្លើយថា) បុរសណា ជាជាងកាត់កោរ ឈ្មោះសម្ភវៈ ជាឧបាសក អ្នកចិញ្ចឹមជីវិតអាស្រ័យនូវស្និតសក់ និងក្រាស ឧបាសកនោះ ជាអ្នកបម្រើរបស់អ្នក ចូរអ្នកស្គាល់បុរសនោះចុះ អ្នកទាំងឡាយ កុំបៀតបៀនឧបាសកនោះឡើយ ឧបាសកនោះ មានសីលជាទីស្រឡាញ់ល្អណាស់។

(ពួកពាណិជពោលថា) នែយក្ខ អ្នកពោលពាក្យណា យើងទាំងឡាយ រមែងដឹងពាក្យនោះ តែយើងទាំងឡាយ មិនដឹងបុរសនោះថា ជាអ្នកប្រាកដដូច្នេះឡើយ នែយក្ខ លុះពួកយើងបានឮពាក្យរបស់អ្នកលើសលុប នឹងបូជាបុរសនោះដែរ។

(ទេវបុត្តពោលថា) ពួកមនុស្សឯណានីមួយ ទាំងអស់ក្នុងទីប្រជុំនេះ ទោះក្មេងកី្ត ចាស់កី្ត កណ្តាលកី្ត មនុស្សទាំងអស់នោះ ចូរឡើងកាន់វិមាន ពួកមនុស្ស អ្នកមានសេចកី្តកំណាញ់ ចូរមើលនូវផលនៃបុណ្យទាំងឡាយចុះ។

(ព្រះធម្មសង្គាហកត្ថេរទាំងឡាយពោលថា) ពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេ ៗ ហើយក៏ធ្វើនូវជាងកាត់កោរនោះឲ្យដើរមុខ ក្នុងទីនោះ ពាណិជទាំងអស់នោះ បានឡើងកាន់វិមាន ដូចជាភពនៃទេវរាជ ឈ្មោះវាសវៈដែរ ពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេ ៗ ប្តេជ្ញានូវភាពនៃខ្លួនជាឧបាសក ជាអ្នកវៀរចាកបាណាតិបាតផង វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិននិយាយពាក្យកុហកផង ជាអ្នកសន្តោសដោយប្រពន្ធរបស់ខ្លួនផង ពួកពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេៗ ប្តេជ្ញានូវភាពនៃខ្លួនជាឧបាសក ឈ្មួញរទេះ មានសេចកី្តត្រេកអររឿយៗ ដោយឫទ្ធិនៃទេវតា (លុះទេវតា) អនុម័តហើយ ក៏ដើរចេញទៅ ពាណិជទាំងនោះ ទៅកាន់ប្រទេសឈ្មោះសិន្ធុ និងប្រទេសឈ្មោះសោវីរៈ ជាអ្នកត្រូវការដោយទ្រព្យ ប្រាថ្នានូវការចំណេញ ប្រកបព្យាយាមគួរតាមអធ្យាស្រ័យ មានលាភបរិបូណ៌ ត្រឡប់មកកាន់ក្រុងបាតលិបុត្តវិញ មិនមានអន្តរាយ លុះបុរសទាំងនោះទៅផ្ទះរបស់ខ្លួនហើយ ក៏មានសួស្តី ចួបជុំនឹងបុត្តភរិយា មានចិត្តរីករាយ ត្រេកអរ ព្រឺព្រួច ទើបនាំគ្នាធ្វើការឆ្លងដ៏ឱឡារិក ចំពោះសេរិស្សកវិមាន ពួកពាណិជទាំងនោះ បានសាងបរិវេណ ១ ឈ្មោះសេរិស្សកៈ ការសេពគប់នឹងសប្បុរសទាំងឡាយ ជាគុណញុំាងប្រយោជន៍ឲ្យសម្រេច ការសេពគប់នឹងបុគ្គលអ្នកមានធម្មគុណទាំងឡាយ រមែងមានឫទ្ធិច្រើន ពួកសត្វ គឺនាយពាណិជទាំងអស់នោះ បានដល់នូវសេចកី្តសុខ ព្រោះអាស្រ័យសេចកី្តចំរើនរបស់ឧបាសកម្នាក់។

ចប់ សេរិស្សកវិមាន ទី១០។

សុនិក្ខិត្តវិមាន ទី១១

(១១. សុនិក្ខិត្តវិមានវត្ថុ)

[៨៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរជាវិការៈនៃកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នករមែងឋិតនៅ ផឹកស៊ី ក្នុងវិមាននោះផង ពិណជាទិព្វទាំងឡាយ លាន់ឮពីរោះផង កាមគុណទាំង ៥ មានរសទិព្វ (តែងបរិបូណ៌) ក្នុងវិមាននោះផង ពួកនារី ដែលបិទបាំងដោយគ្រឿងមាស តែងរាំច្រៀងក្នុងវិមាននោះផង

សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ ផលសម្រេចដល់អ្នកក្នុងវិមាននេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់អ្នកផង តើដោយបុណ្យដូចម្តេច

នែទេវតា អ្នកមានអានុភាពច្រើន អាត្មាសួរអ្នក តើអ្នកកាលកើតជាមនុស្ស បានធ្វើបុណ្យអី្វ ទើបអ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នារួចហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា

ខ្ញុំបានរៀបចំល្អនូវកម្រងផ្កា ដែលគេរៀបចំមិនល្អ បានដំកល់ទុកចំពោះព្រះស្តូបនៃព្រះសុគត (ព្រះនាមកស្សប) បានជាខ្ញុំមានឫទ្ធិច្រើន មានអានុភាពច្រើន បរិបូណ៌ដោយកាមគុណទាំងឡាយជាទិព្វ ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ផលសម្រេចដល់ខ្ញុំ ក្នុងវិមាននេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ដោយបុណ្យនោះ ទើបខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិសដោយបុណ្យនោះ។

ចប់ សុនិក្ខិត្តវិមាន ទី១១។

ឧទ្ទាន

និយាយអំពីរឿងបុរសកំសត់ ២ លើក រឿងបុរសធ្វើវិហារទាន ២ លើក រឿងបុរសស៊ីឈ្នួល ១ រឿងនាយគោបាល ១ រឿងសេះកណ្ឋកៈ ១ រឿងអនេកវណ្ណទេវបុត្រ ១ រឿងមដ្ឋកុណ្ឌលី ១ រឿងសេរិស្សកវិមាន ១ រឿងសុនិក្ខិត្តវិមាន ១។

ចប់ បុរិសវគ្គ ទី៧។

ចប់ ភាណវារៈ ទី៤។

ចប់ ភាគ៥៥។

 

លេខយោង

1)
ព្រំដែលមានរោមវែងជាង ៤ធ្នាប់។ វិនយបិដក ភាគ៧ ទំព័រ ១៩៦។
km/tipitaka/sut/kn/viv/sut.kn.viv.v7.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann