km:tipitaka:sut:mn:random

សូត្រចៃដន្យ ពីមជ្ឈិមនិកាយ

ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីមជ្ឈិមនិកាយ សូមចុចទីនេះ

  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីសំយុត្តនិកាយ សូមចុចទីនេះ
  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីអង្គុត្តរនិកាយ សូមចុចទីនេះ



មហាបុណ្ណមសូត្រ ទី៩

សង្ខេប

រូប​ជា​អនត្តា វេទ​នា​ជា​អនត្តា សញ្ញា​ជា​អនត្តា សង្ខារ​ជា​អនត្តា វិញ្ញាណ​ជាអនត្តា​(បញ្ចខន្ធ) តើ​កម្មក៏ជា​អនត្តា​ដែរ​ឬ?

mn 109 បាលី cs-km: sut.mn.109 អដ្ឋកថា: sut.mn.109_att PTS: ?

(ទី៩) មហាបុណ្ណមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. មហាបុណ្ណមសុត្តំ)

[១២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុង​មិគារ​មាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីដែលមានព្រះចន្ទ្រពេញវង់ ជាថ្ងៃ​ឧបោសថ ទី១៥។ គ្រានោះ ភិក្ខុមួយរូប ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នា របស់​ខ្ញុំ​ព្រះអង្គ ៗនឹងសួរនូវ​ហេតុបន្តិចបន្តួច ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់​សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះ​ចុះ។

[១២១] លំដាប់នោះ ភិក្ខុនោះ អង្គុយលើអាសនៈរបស់ខ្លួនហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទាំង៥នេះឬ ដែលឈ្មោះថា​ឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុ ទាំង៥នេះហើយ ដែលឈ្មោះថា ឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ភិក្ខុនោះ ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគថា ពីរោះហើយព្រះអង្គ ហើយក៏សួរប្រស្នា ចំពោះ​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះ​ឧបាទានក្ខន្ធទាំង៥នេះ មានអ្វីជាមូលហេតុ។ ម្នាលភិក្ខុ ឧបាទានក្ខន្ធ ទាំង៥នេះ មានឆន្ទៈ (សេចក្តីប្រាថ្នា) ជាមូលហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទាននោះឯង គឺឧបាទានក្ខន្ធទាំង៥នោះឬ ឬថាឧបាទានដទៃអំពីឧបាទានក្ខន្ធ​ទាំង៥។ ម្នាលភិក្ខុ ឧបាទាននោះឯង មិនមែន​ជាឧបាទានក្ខន្ធទាំង៥នោះទេ មួយទៀត ឧបាទានមិនមែនជាដទៃ អំពីឧបាទានក្ខន្ធទាំង៥ឡើយ ម្នាលភិក្ខុ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ណា សេចក្តីត្រេកត្រអាលនោះ ក្នុងឧបាទានក្ខន្ធទាំង៥នោះ ឈ្មោះថា ឧបាទាន។

[១២២] បពិត្រព្រះអង្គដ៏ចំរើន ចុះសេចក្តីត្រេកត្រអាលផ្សេងគ្នា ក្នុងឧបាទានក្ខន្ធ​ទាំង​៥នោះ មានដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មាន ដូច្នេះ ហើយទ្រង់​ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តី​ប្រាថ្នា​យ៉ាងនេះថា អាត្មាអញ គប្បីមានរូបយ៉ាងនេះ ក្នុងអនាគតកាល គប្បីមានវេទនា​យ៉ាងនេះ​ ក្នុងអនាគតកាល គប្បីមានសញ្ញាយ៉ាងនេះ ក្នុងអនាគតកាល គប្បីមាន​សង្ខារយ៉ាងនេះ ក្នុងអនាគតកាល គប្បីមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគត​កាល ម្នាលភិក្ខុ សេចក្តីត្រេកត្រអាលផ្សេងគ្នា ក្នុងឧបាទានក្ខន្ធទាំង៥ មានយ៉ាងនេះឯង។

[១២៣] បពិត្រព្រះអង្គដ៏ចំរើន ចុះឈ្មោះរបស់ខន្ធ មានប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ រូប​ណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្នជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណាឆ្ងាយក្តី ជិតក្តី នេះឈ្មោះថា រូបខន្ធ វេទនា ណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ …. វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្នក្តី ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ឆ្ងាយក្តី ជិតក្តី នេះ ឈ្មោះថា វិញ្ញាណក្ខន្ធ ម្នាលភិក្ខុ ឈ្មោះរបស់ខន្ធ មានតែប៉ុណ្ណេះឯង។

[១២៤] បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ ជាបច្ច័យដែលនាំឲ្យ​បញ្ញត្តនូវ​រូបក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវ​វេទនាក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវ​សញ្ញាខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវសង្ខារក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវវិញ្ញាក្ខន្ធ។ ម្នាលភិក្ខុ មហាភូតទាំង៤ជាហេតុ មហាភូតទាំង៤ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវរូបក្ខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវវេទនាខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវ​សញ្ញាខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវសង្ខារក្ខន្ធ ម្នាលភិក្ខុ នាមរូបជាហេតុ នាមរូបជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវវិញ្ញាណក្ខន្ធ។

[១២៥] បពិត្រព្រះអង្គដ៏ចំរើន ចុះសក្កាយទិដ្ឋិ កើតមាន ដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញ នូវព្រះអរិយ​បុគ្គល មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានសិក្សា ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបានសិក្សាក្នុងសប្បុរិសធម៌ តែងពិចារណាឃើញ នូវ​រូបថាជាខ្លួន ឬឃើញនូវខ្លួនថាមានរូប ឬឃើញនូវរូប ថាមានក្នុងខ្លួន ឬឃើញនូវខ្លួន ថាមានក្នុងរូប តែងពិចារណាឃើញ នូវវេទនាថាជាខ្លួន ឬឃើញនូវខ្លួនថាមានវេទនា ឬឃើញនូវវេទនាថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងវេទនា តែងពិចារណាឃើញនូវសញ្ញាថាជាខ្លួន ឬឃើញនូវខ្លួនថាមានសញ្ញា ឬឃើញនូវសញ្ញាថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមាន​ក្នុងសញ្ញា តែងពិចារណាឃើញនូវសង្ខារថាជាខ្លួន ឬឃើញនូវខ្លួនថាមានសង្ខារ ឬឃើញនូវសង្ខារថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងសង្ខារ តែងពិចារណាឃើញនូវវិញ្ញាណថាជាខ្លួន ឬឃើញនូវខ្លួនថាមានវិញ្ញាណ ឬឃើញនូវវិញ្ញាណថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងវិញ្ញាណ ម្នាលភិក្ខុ សក្កាយទិដ្ឋិ តែងកើតមានយ៉ាងនេះឯង។

[១២៦] បពិត្រព្រះអង្គដ៏ចំរើន សក្កាយទិដ្ឋិ តែងមិនកើតមានដោយប្រការ​ដូចម្តេច។ ម្នាលភិក្ខុ អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញនូវ​អរិយបុគ្គល ឈ្លាសវៃក្នុងអរិយធម៌ បានសិក្សាដោយល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរស ឈ្លាសវៃ​ក្នុងសប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌ រមែង​មិនឃើញរូបថាជាខ្លួន ឬ​មិនឃើញនូវខ្លួន​ថាមានរូប ឬមិនឃើញនូវរូប ថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួន ថាមាន​ក្នុងរូប រមែងមិនឃើញនូវ​វេទនាថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានវេទនា ឬមិនឃើញនូវវេទនាថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងវេទនា រមែងមិនឃើញនូវសញ្ញាថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានសញ្ញា ឬមិនឃើញនូវសញ្ញាថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងសញ្ញា រមែងមិនឃើញនូវសង្ខារថាជាខ្លួន ឬមិនឃើញនូវខ្លួន ថាមានសង្ខារ ឬមិនឃើញនូវសង្ខារថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងសង្ខារ រមែងមិនឃើញនូវវិញ្ញាណថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានវិញ្ញាណ ឬមិនឃើញនូវវិញ្ញាណថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងវិញ្ញាណ ម្នាលភិក្ខុ សក្កាយទិដ្ឋិ រមែងមិនកើតមាន យ៉ាងនេះឯង។

[១២៧] បពិត្រព្រះអង្គដ៏ចំរើន អ្វីជាគុណ1) អ្វីជាទោសក្នុងរូប អ្វីជាគ្រឿង​រលាស់ចោលនូវរូប អ្វីជាគុណ អ្វីជាទោស2) ក្នុងវេទនា អ្វីជាគ្រឿង​រលាស់ចោលនូវវេទនា អ្វីជាគុណ អ្វីជាទោស ក្នុងសញ្ញា អ្វី​ជាគ្រឿង​រលាស់ចោលនូវសញ្ញា អ្វីជាគុណ អ្វីជាទោស ក្នុងសង្ខារ អ្វីជាគ្រឿង​រលាស់ចោលនូវសង្ខារ អ្វីជាគុណ អ្វីជាទោស ក្នុងវិញ្ញាណ អ្វីជាគ្រឿង​រលាស់ចោលនូវវិញ្ញាណ។ ម្នាលភិក្ខុ សេចក្តីសុខ សោមនស្ស ណា តែងកើតឡើង ព្រោះ​អាស្រ័យរូប នេះជាគុណក្នុងរូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងរូប ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងរូបណា នេះជាគ្រឿង​រលាស់ចោលនូវរូប ម្នាលភិក្ខុ មួយទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យវេទនា នេះជាគុណក្នុងវេទនា វេទនាណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងវេទនា ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងវេទនាណា នេះជាគ្រឿង​រលាស់ចោលនូវវេទនា ម្នាលភិក្ខុ មួយទៀត​ សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យសញ្ញា នេះជាគុណក្នុងសញ្ញា សញ្ញាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងសញ្ញា ការបន្ទោបង់ នូវសេចក្តី​ត្រេក​ត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងសញ្ញាណា នេះជាគ្រឿង​រលាស់ចោលនូវសញ្ញា ម្នាលភិក្ខុ មួយទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យសង្ខារ នេះជាគុណក្នុងសង្ខារ សង្ខារណាមិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងសង្ខារ ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់ ​នូវសេចក្តី​ត្រេក​ត្រអាល ក្នុងសង្ខារណា នេះជាគ្រឿង​រលាស់ចោលនូវ​សង្ខារ ម្នាលភិក្ខុ មួយវិញទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យវិញ្ញាណ នេះជាគុណក្នុងវិញ្ញាណ វិញ្ញាណណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា នេះ​ជាទោសក្នុងវិញ្ញាណ ការបន្ទោបង់ នូវសេចក្តី​ត្រេកត្រអាល និងការលះបង់ ​នូវសេចក្តី​ត្រេក​ត្រអាល ក្នុងវិញ្ញាណណា នេះជាគ្រឿង​រលាស់ចោលនូវវិញ្ញាណ។

[១២៨] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អនុស័យ​គឺ អហង្ការមានៈ3) និមមង្ការមានៈ4) ក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង ជាខាង​ក្រៅផង មិនមាន។ ម្នាលភិក្ខុ រូបណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថារូប បុគ្គលឃើញនូវរូបនុ៎ះ ដោយបញ្ញាប្រពៃតាមពិត យ៉ាងនេះ​ថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនអញ វេទនា​ណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ… វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថាវិញ្ញាណ បុគ្គល​ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះ​ថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ម្នាលភិក្ខុ កាលបុគ្គលដឹង​យ៉ាងនេះ ឃើញយ៉ាងនេះឯង អនុស័យគឺ អហង្ការមានៈ និងមមង្ការមានៈ ក្នុងកាយដែល​ប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។

[១២៩] គ្រានោះ ភិក្ខុមួយរូប មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា អើ​ហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណ​ជាអនត្តា កម្មដែល​អនត្តាធ្វើហើយ នឹងពាល់ត្រូវនូវ​ខ្លួនដូចម្តេចបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​បានជ្រាបនូវ​សេចក្តីត្រិះរិះ នៃចិត្តរបស់ភិក្ខុនោះ ដោយ​ព្រះ​ហឫទ័យ របស់ព្រះអង្គហើយ ក៏ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ រមែង​មានពិត គឺត្រង់ដែលមោឃបុរសខ្លះ ក្នុងលោកនេះ ជាអ្នកមិនដឹង ប្រកប​ដោយអវិជ្ជា សំគាល់នូវសាសនា របស់ព្រះសាស្តា ថាជាពាក្យគួរ​ប្រព្រឹត្តកន្លង​ដោយចិត្ត ដែលមានតណ្ហាជាធំថា អើហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា កម្មដែលអនត្តាធ្វើហើយ នឹងពាល់​ត្រូវនូវខ្លួនដូចម្តេចបាន ឥឡូវនេះ តថាគត នឹងសួរអ្នកវិញ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ដែលតថាគតទូន្មានហើយ ក្នុងធម៌ទាំងឡាយនោះៗថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច រូបទៀង ឬមិនទៀងទេ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស មិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ សូមទ្រង់ព្រះមេត្តាប្រោស ជាទុក្ខ។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់​នោះ គួរដើម្បីពិចារណាឃើញថា នុ៎ះ​ជារបស់អញ នុ៎ះ​ជាអាត្មាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច វេទនា។បេ។ សញ្ញា… សង្ខារ… វិញ្ញាណ ជារបស់ទៀង ឬមិនទៀង។ សូម​ទ្រង់​ព្រះមេត្តាប្រោស មិនទៀតទេ។ ចុះរបស់ណា ដែលមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ សូមទ្រង់ព្រះមេត្តាប្រោស ជាទុក្ខ។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា របស់​នោះ គួរដើម្បីពិចារណាឃើញថា នុ៎ះ​ជារបស់អញ នុ៎ះ​ជាអាត្មាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះហេតុនោះ ​រូបណាមួយក្នុងលោកនេះ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណា ដែលឆ្ងាយក្តី ជិតក្តី ឈ្មោះថា រូបទាំងអស់ រូបនោះ បុគ្គលគប្បីឃើញដោយបញ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនេះ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិន​មែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ វេទនាណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ… វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ដែលឆ្ងាយក្តី ជិតក្តី ឈ្មោះថា​វិញ្ញាណទាំងអស់ វិញ្ញាណនុ៎ះ បុគ្គលគប្បីឃើញដោយបញ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនេះ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិន​មែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួន​របស់​អញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដែលជាអ្នកចេះដឹង កាលបើបានឃើញ​យ៉ាងនេះហើយ រមែងនឿយណាយក្នុងរូបផង នឿយណាយ​ក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយ​ក្នុងសង្ខារផង នឿយណាយ​ក្នុង​វិញ្ញាណផង កាលបើមានចិត្ត​នឿយណាយហើយ រមែងប្រាសចាកតម្រេក កាលបើមាន​ចិត្តប្រាសចាកតម្រេកហើយ រមែងរួចស្រឡះ កាលបើមានចិត្តរួចស្រឡះហើយ សេចក្តីដឹង​ថា ចិត្តរួចស្រឡះហើយ ក៏កើតឡើង មួយទៀត ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ក៏បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ដែលជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ពួកភិក្ខុប្រមាណ៦០រូប ក៏​មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។

ចប់ មហាបុណ្ណមសូត្រ ទី៩។

 

លេខយោង

· 2021/09/11 02:19

ដើម្បីទទួលបានព្រះសូត្រថ្មីៗ សូមចុចទីនេះ

1)
ប្រែថា សេចក្តីចាប់ចិត្ត ឬពេញចិត្ត​ក៏បាន។
2)
សេចក្តី​ទាស់ចិត្ត ក៏បាន។
3)
សេចក្តីប្រកាន់ថាអញ
4)
សេចក្តីប្រកាន់ថា និមិត្តទាំងពួង ជារបស់អញ។
km/tipitaka/sut/mn/random.txt · ពេលកែចុងក្រោយ: 2022/02/25 07:01 និពន្ឋដោយ Johann