តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មូលបរិយាយវគ្គ »
ខ្លឹមសារនៅក្នុងសូត្រនេះ គឺព្រះពុទ្ធបានពន្យល់អំពីអភិធម៌ (ធម៌ដ៏មានជម្រៅ) អ្វីៗគឺទទេរមិនមាន អត្ត (ការប្រកាន់ថាជារបស់ខ្លួន) សូម្បីនិព្វានក៏មិនមានអត្ត ប៉ុន្តែធម៌ទាំងឡាយកើតឡើងអំពីហេតុនិងបច្ច័យ។ សូត្រនេះព្រះពុទ្ធបានសម្តែងចប់ហើយ ភិក្ខុទាំងឡាយនោះមិនមានចិត្តត្រេកអរនឹងភាសិតនៃព្រះមានព្រះភាគឡើយ។
mn 001 បាលី cs-km: sut.mn.001 អដ្ឋកថា: sut.mn.001_att PTS: ?
(ទី១) មូលបរិយាយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសក សំណាង
(១. មូលបរិយាយសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្រោមម្លប់សាលរាជព្រឹក្ស1) ក្នុងសុភគវ័ន (ព្រៃជាទីត្រេកអរនៃជនច្រើន) ជិតក្រុងឧក្កដ្ឋា។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងបរិយាយ ដែលជាឫសគល់ នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរយកចិត្តទុកដាក់ដោយប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាស ក្នុងអរិយធម៌2) មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ គឺមិនមានអរិយធម៌3) មិនឃើញនូវពួកសប្បុរស មានព្រះពុទ្ធជាដើម មិនឈ្លាស ក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងសំគាល់នូវផែនដី ថាជាផែនដីពិត លុះសំគាល់នូវផែនដី ថាជាផែនដីពិតហើយ ក៏រាប់អាននូវផែនដី រាប់អានក្នុងផែនដី រាប់អានថា ផែនដីពិត រាប់អានថា ផែនដីជារបស់អញ ត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃផែនដីនោះមិនបាន។ បុថុជ្ជន តែងសំគាល់នូវទឹក ថាជាទឹកពិត លុះសំគាល់នូវទឹក ថាជាទឹកពិតហើយ ក៏រាប់អាននូវទឹក រាប់អានក្នុងទឹក រាប់អានថា ទឹកពិត រាប់អានថា ទឹកជារបស់អញ ត្រេកអរនឹងទឹក។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទឹកនោះមិនបាន។ បុថុជ្ជន សំគាល់នូវភ្លើង ថាជាភ្លើងពិត លុះសំគាល់នូវភ្លើង ថាជាភ្លើងពិតហើយ ក៏រាប់អាននូវភ្លើង រាប់អានក្នុងភ្លើង រាប់អានថា ភ្លើងពិត រាប់អានថា ភ្លើងជារបស់អញ ត្រេកអរនឹងភ្លើង។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរភ្លើងនោះមិនបាន។ បុថុជ្ជន សំគាល់នូវខ្យល់ ថាជាខ្យល់ពិត លុះសំគាល់នូវខ្យល់ ថាជាខ្យល់ពិតហើយ ក៏រាប់អាននូវខ្យល់ រាប់អានក្នុងខ្យល់ រាប់អានថា ខ្យល់ពិត រាប់អានថា ខ្យល់ជារបស់អញ ត្រេកអរនឹងខ្យល់។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរខ្យល់នោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសត្វ ថាជាសត្វពិត លុះសំគាល់នូវពួកសត្វ ថាជាសត្វពិតហើយ ក៏រាប់អាននូវពួកសត្វ រាប់អានក្នុងពួកសត្វ រាប់អានថា សត្វពិត រាប់អានថា ពួកសត្វជារបស់អញ ត្រេកអរនឹងពួកសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសត្វនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកទេវតា ថាជាទេវតាពិត លុះសំគាល់នូវពួកទេវតា ថាជាទេវតាពិតហើយ ក៏រាប់អាននូវពួកទេវតា រាប់អានក្នុងពួកទេវតា រាប់អានថា ទេវតាពិត រាប់អានថា ពួកទេវតាជារបស់អញ ត្រេកអរនឹងពួកទេវតា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទេវតានោះមិនបាន។ បុថុជ្ជន សំគាល់នូវមារ ថាជាមារពិត លុះសំគាល់នូវមារ ថាជាមារពិតហើយ ក៏រាប់អាននូវមារ រាប់អានក្នុងមារ រាប់អានថា មារពិត រាប់អានថា មារជារបស់អញ ត្រេកអរនឹងមារ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមារនោះមិនបាន។ បុថុជ្ជន សំគាល់នូវព្រហ្ម ថាជាព្រហ្មពិត លុះសំគាល់នូវព្រហ្ម ថាជាព្រហ្មពិតហើយ ក៏រាប់អាននូវព្រហ្ម រាប់អានក្នុងព្រហ្ម រាប់អានថា ព្រហ្មពិត រាប់អានថា ព្រហ្មជារបស់អញ ត្រេកអរនឹងព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិត លុះសំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិតហើយ ក៏រាប់អាននូវពួកអាភស្សរព្រហ្ម រាប់អានក្នុងពួកអាភស្សរព្រហ្ម រាប់អានថា ពួកអាភស្សរព្រហ្មពិត រាប់អានថា ពួកអាភស្សរព្រហ្មជារបស់អញ ត្រេកអរនឹងពួកអាភស្សរព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរពួកអាភស្សរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិត លុះសំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិតហើយ ក៏រាប់អាននូវពួកសុភកិណ្ហព្រហ្ម រាប់អានក្នុងពួកសុភកិណ្ហព្រហ្ម រាប់អានថា ពួកសុភកិណ្ហព្រហ្មពិត រាប់អានថា ពួកសុភកិណ្ហព្រហ្មជារបស់អញ ត្រេកអរនឹងពួកសុភកិណ្ហព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសុភកិណ្ហព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិត លុះសំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិតហើយ ក៏រាប់អាននូវពួកវេហប្ផលព្រហ្ម រាប់អានក្នុងពួកវេហប្ផលព្រហ្ម រាប់អានថា វេហប្ផលព្រហ្មពិត រាប់អានថា វេហប្ផលព្រហ្ម ជារបស់អញ ត្រេកអរនឹងពួកវេហប្ផលព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរ វេហប្ផលព្រហ្ម នោះមិនបាន។ បុថុជ្ជន សំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិត លុះសំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិតហើយ ក៏រាប់អាននូវអសញ្ញិសត្វ រាប់អានក្នុងអសញ្ញិសត្វ រាប់អានថា ជាអសញ្ញិសត្វពិត រាប់អានថា អសញ្ញិសត្វជារបស់អញ ត្រេកអរនឹងអសញ្ញិសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអសញ្ញិសត្វមិនបាន។ បុថុជ្ជន សំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិត លុះសំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកាសានញ្ចាយតនព្រហ្ម រាប់អានក្នុងអាកាសានញ្ចាយតនព្រហ្ម រាប់អានថា អាកាសានញ្ចាយតនព្រហ្មពិត រាប់អានថា អាកាសានញ្ចាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកាសានញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកាសានញ្ចាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិត លុះសំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានក្នុងវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្មពិត រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងវិញ្ញាណញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាណញ្ចាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិត លុះសំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានក្នុងអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មពិត រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកិញ្ចញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកិញ្ចញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្ម ថាជានេវសញ្ញានាសញ្ញាយតនព្រហ្មពិត លុះសំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវនេវសញ្ញានាសញ្ញាយតនព្រហ្ម រាប់អានក្នុងនេវសញ្ញានាសញ្ញាយតនព្រហ្ម រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្មពិត រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងនេវសញ្ញានាសញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនេវសញ្ញានាសញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិត លុះសំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិតហើយ ក៏រាប់អាននូវរូបាយតនៈ រាប់អានក្នុងរូបាយតនៈ រាប់អានថា រូបាយតនៈពិត រាប់អានថា រូបាយតនៈ ជារបស់អញ ត្រេកអរនឹងរូបាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររូបាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិត លុះសំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិតហើយ ក៏រាប់អាននូវសទ្ទាយតនៈ រាប់អានក្នុងសទ្ទាយតនៈ រាប់អានថា សទ្ទាយតនៈពិត រាប់អានថា សទ្ទាយតនៈ ជារបស់អញ ត្រេកអរនឹងសទ្ទាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសទ្ទាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវមុតៈ4) ថាជាមុតៈពិត លុះសំគាល់នូវមុតៈ ថាជាមុតៈពិតហើយ ក៏រាប់អាននូវមុតៈ រាប់អានក្នុងមុតៈ រាប់អានថា មុតៈ ពិត រាប់អានថា មុតៈ ជារបស់អញ ត្រេកអរនឹងមុតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមុតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវវិញ្ញាតៈ5) ថាជាវិញ្ញាតៈពិត លុះសំគាល់នូវវិញ្ញាតៈ ថាជាវិញ្ញាតៈពិតហើយ ក៏រាប់អាននូវវិញ្ញាតៈ រាប់អានក្នុងវិញ្ញាតៈ រាប់អានថា វិញ្ញាតៈពិត រាប់អានថា វិញ្ញាតៈជារបស់អញ ត្រេកអរនឹងវិញ្ញាតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ដូចគ្នា6) ថាជារបស់ដូចគ្នាពិត លុះសំគាល់នូវរបស់ដូចគ្នា ថាជារបស់ដូចគ្នាពិតហើយ ក៏រាប់អាន នូវរបស់ដូចគ្នា រាប់អានក្នុងរបស់ដូចគ្នា រាប់អានថា របស់ដូចគ្នាពិត រាប់អានថា របស់ដូចគ្នា ជារបស់អញ ត្រេកអរនឹងរបស់ដូចគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ដូចគ្នាមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ផ្សេងគ្នា7) ថាជារបស់ផ្សេងគ្នាពិត លុះសំគាល់នូវរបស់ផ្សេងគ្នា ថាជារបស់ផ្សេងគ្នាពិតហើយ ក៏រាប់អាននូវរបស់ផ្សេងគ្នា រាប់អានក្នុងរបស់ផ្សេងគ្នា រាប់អានថា របស់ផ្សេងគ្នាពិត រាប់អានថា របស់ផ្សេងគ្នា ជារបស់អញ ត្រេកអរនឹងរបស់ផ្សេងគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ផ្សេងគ្នានោះមិនបាន។ បុថុជ្ជនសំគាល់នូវវត្ថុទាំងពួង8) ថាជាវត្ថុទាំងពួងពិត គឺសំដែងនូវទិដ្ឋិ ដែលមានសភាពប្រហែលគ្នា លុះសំគាល់នូវវត្ថុទាំងពួង ថាជាវត្ថុទាំងពួងពិតហើយ ក៏រាប់អាននូវវត្ថុទាំងពួង រាប់អានក្នុងវត្ថុទាំងពួង រាប់អានថា វត្ថុទាំងពួងពិត រាប់អានថា វត្ថុទាំងពួងជារបស់អញ ត្រេកអរនឹងវត្ថុទាំងពួង។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវត្ថុទាំងពួងនោះមិនបាន។ បុថុជ្ជនសំគាល់នូវនិព្វាន9) ថាជានិព្វានពិត លុះសំគាល់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏រាប់អាននូវនិព្វាន រាប់អានក្នុងនិព្វាន រាប់អានថា និព្វានពិត រាប់អានថា និព្វានជារបស់អញ ត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនិព្វាននោះមិនបាន។
ចប់ នយភូមិបរិច្ឆេទ ទី១ ដោយអំណាចបុថុជ្ជន។
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាសេខបុគ្គល មិនទាន់បានសម្រេចអរហត្ត កំពុងប្រាថ្នានូវធម៌ដ៏ក្សេមចាកយោគៈ (អរហត្តដ៏ប្រសើរ)។ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខនោះ គប្បីកំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ភិក្ខុជាសេក្ខបុគ្គល ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខបុគ្គលនោះ គប្បីកំណត់នូវដំណើរនៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី២ ដោយអំណាចសេខបុគ្គល។
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច បានធ្វើសម្រេចហើយ មានភារៈ10) ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេច តាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះ ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះបានដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី៣ ដោយអំណាចនៃព្រះខីណាស្រព។
[៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៤ ដោយអំណាចនៃព្រះខីណាស្រព។
[៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះ ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៥ ដោយអំណាចនៃព្រះខីណាស្រព។
[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះឯង ដឹងនូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតមោហបុគ្គល ដ្បិតអស់មោហៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រពនោះឯង ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតមោហៈបុគ្គល ដ្បិតអស់មោហៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៦ ដោយអំណាចនៃព្រះខីណាស្រព។
[៨] ម្នាលភិក្ខុទាំងឡាយ ចំណែកព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ រមែងជ្រាបច្បាស់នូវផែនដី ថាជាផែនដីពិត លុះជ្រាបច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះព្រះតថាគត ទ្រង់កំណត់នូវដំណើរនៃផែនដីនោះបាន។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា ជានិព្វានពិត មិនរាប់អានថា និព្វាន ជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះព្រះតថាគត ទ្រង់កំណត់នូវដំណើរ នៃទឹកជាដើមនោះបាន។
ចប់ នយភូមិបរិច្ឆេទ ទី៧ ដោយអំណាចនៃព្រះសាស្តា។
[៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិត លុះទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថា ជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។
ចប់ នយភូមិបរិច្ឆេទ ទី៨ ដោយអំណាចនៃព្រះសាស្តា។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏គ្មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគឡើយ។