តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មូលបរិយាយវគ្គ »
សូត្រនេះ និយាយអំពីហេតុនៃការសង្រួមក្នុងអាសវៈទាំងពួង។ព្រះពុទ្ធបានពន្យល់អំពីវិធី៧យ៉ាងដែលត្រូវលះបង់អាសវៈ ដោយការឃើញ ដោយសេចក្តីសង្រួមឥន្រ្ទិយ ដោយការសេព ដោយការអត់ធន់ ដោយការវៀរ ដោយការបន្ទារបង់ ដោយការចម្រើន។
mn 002 បាលី cs-km: sut.mn.002 អដ្ឋកថា: sut.mn.002_att PTS: ?
(ទី២) សព្វាសវសំវរសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ (២០២៣)
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសក សំណាង
(២. សព្វាសវសុត្តំ)
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវហេតុ នៃសេចក្តីសង្រួមក្នុងអាសវៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវហេតុនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវធម៌1) ទាំងឡាយ របស់បុគ្គលអ្នកដឹង អ្នកឃើញ មិនមែនពោលនូវការអស់ទៅ នៃអាសវៈទាំងឡាយ របស់បុគ្គលអ្នកមិនដឹង មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងអ្វី ឃើញអ្វី ទើបអស់ទៅនៃអាសវធម៌ទាំងឡាយ។ បុគ្គលឃើញនូវយោនិសោមនសិការ2) និងអយោនិសោមនសិការ3) (ទើបអស់ទៅ នៃអាសវធម៌ទាំងឡាយ)។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តដោយខុសទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រឹងរឹតតែចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយត្រូវទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវលះបង់អាសវៈ ដោយការឃើញ គឺសោតាបត្តិមគ្គក៏មាន ត្រូវលះបង់អាសវៈ ដោយសេចក្តីសង្រួមឥន្ទ្រិយក៏មាន ត្រូវលះបង់អាសវៈ ដោយការសេពក៏មាន ត្រូវលះបង់អាសវៈ ដោយការអត់ធន់ក៏មាន ត្រូវលះបង់អាសវៈ ដោយការវៀរក៏មាន ត្រូវលះបង់អាសវៈ ដោយការបន្ទោបង់ក៏មាន ត្រូវលះបង់អាសវៈ ដោយការចំរើនក៏មាន។
[១២] ម្នាលភិក្ខុទាំងឡាយ អាសវៈ ដែលភិក្ខុត្រូវលះបង់ ដោយការឃើញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងសាសនានេះ ជាអ្នកមិនបានចេះដឹង មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនដឹងច្បាស់ ក្នុងធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត។ កាលបើបុថុជ្ជននោះ មិនដឹងច្បាស់ នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត ធម៌ណាដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់ជាធ្វើទុកក្នុងចិត្តនូវធម៌ទាំងនោះវិញ ធម៌ណាដែលគួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់ជាមិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន ធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបើបុថុជ្ជន ធ្វើទុកក្នុងចិត្តនូវធម៌ គឺ អយោនិសោមនសិការៈណាហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ធម៌ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន មិនបានធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបុថុជ្ជន ធ្វើទុកក្នុងចិត្ត នូវធម៌ គឺយោនិសោមនសិការៈណាហើយ កាមាសវៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងមិនបានផង កាមាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ធម៌ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងមិនបានធ្វើទុកក្នុងចិត្ត។ ព្រោះតែបុថុជ្ជននោះ ធ្វើទុកក្នុងចិត្តនូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើង។ បុថុជ្ជននោះ ធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះថា អំពីអតីតកាល អាត្មាអញ បានកើតដែរឬ ៗអំពីអតីតកាល អាត្មាអញ មិនបានកើតទេ (មួយយ៉ាងទៀត) អំពីអតីតកាល អាត្មាអញ មានជាតិជាអ្វី ឬអំពីអតីតកាល អាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច អំពីអតីតកាល អាត្មាអញ កើតជាជាតិអ្វី ឬមួយអាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញ នឹងកើតទៀតដែរឬ ៗក្នុងអនាគតកាល អាត្មាអញ នឹងមិនកើតទៀតទេ (មួយយ៉ាងទៀត) ក្នុងអនាគតកាល អាត្មាអញនឹងកើតជាជាតិអ្វី ឬក្នុងអនាគតកាល អាត្មាអញនឹងមានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញនឹងមានជាតិជាអ្វី ឬមានសណ្ឋានទ្រង់ទ្រាយដូចម្តេច (មួយយ៉ាងទៀត) បុថុជ្ជននោះ ប្រារព្ធនូវបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ ហើយមានសេចក្តីសង្ស័យក្នុងខ្លួនថា ឥឡូវនេះ អាត្មាអញមាន ឬមិនមានទេ ឬឥឡូវនេះ អាត្មាអញ មានជាតិជាអ្វី មានសណ្ឋានទ្រង់ទ្រាយដូចម្តេច តើសត្វនេះ មកអំពីណាហ្ន៎ សត្វនោះ នឹងទៅកាន់ទីណាវិញហ្ន៎។ កាលបុថុជ្ជននោះធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះហើយ បណ្តាទិដ្ឋិទាំង៦ ទិដ្ឋិណាមួយ គង់កើតឡើងបាន។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមិនមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួន ដោយសភាវៈថា ជាខ្លួនពិត4) ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញដឹងច្បាស់ នូវសភាវៈមិនមែនខ្លួន ដោយសភាវៈថាជាខ្លួនពិត5) ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួនឯង ដោយសភាវៈថា មិនមែនខ្លួនពិត6) ១។ ពុំនោះសោត បុថុជ្ជននោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ខ្លួនរបស់អាត្មាអញ ដែលត្រូវទទួល រមែងទទួលនូវផលកម្មល្អ និងអាក្រក់ ក្នុងកំណើតនោះៗ តែខ្លួនរបស់អាត្មាអញនោះ ជាសភាវៈទៀងទាត់ប្រាកដ ឋិតថេរ ជាសភាវៈមិនប្រែប្រួល តាំងនៅមាំ ដូចជាសស្សតិវត្ថុ (ព្រះអាទិត្យ និងព្រះចន្ទ្រ ជាដើម) ដូច្នោះឯង១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណើរ គឺទិដ្ឋិ ញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយដាច់ស្រយាល គឺទិដ្ឋិ ចំរូង គឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលជាប់ដោយចំណងគឺទិដ្ឋិ ជាអ្នកមិនចេះដឹង តថាគតហៅថា ជាអ្នកមិនបានរួចស្រឡះចាក ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ និងឧបាយាសទុក្ខ ទាំងមិនរួចចាកទុក្ខ (ក្នុងវដ្តៈទាំងអស់)។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក ដែលជាអ្នកបានចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងអរិយធម៌ បានទូន្មានខ្លួនល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរសទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងសប្បុរិសធម៌ បានទូន្មាននូវខ្លួនល្អ ក្នុងសប្បុរិសធម៌ រមែងដឹងច្បាស់នូវធម៌ ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត។ កាលអរិយសាវ័កនោះដឹងច្បាស់ នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្តហើយ ធម៌ទាំងឡាយណា ដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏មិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះឡើយ។ ធម៌ទាំងឡាយណា ដែលគួរធ្វើទុកក្នុងចិត្ត ក៏ធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្ត នូវធម៌ គឺអយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ធម៌ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្តនូវធម៌ គឺយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង កាមាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ធម៌ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ព្រោះតែអរិយសាវ័កនោះ មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត ធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ អរិយសាវ័កនោះ ធ្វើទុកក្នុងចិត្តដោយឧបាយថា នេះកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះតណ្ហា ជាដែនឲ្យកើតកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះនិព្វានធម៌ ជាទីរំលត់នូវកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះសេចក្តីប្រតិបត្តិ ដើម្បីដល់នូវព្រះនិព្វាន ជាទីរំលត់នូវកងទុក្ខ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស ក៏សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះដោយការឃើញ គឺសោតាបត្តិមគ្គ។
[១៣] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គល ត្រូវលះដោយការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ សង្រួមដោយការសង្រួម នូវចក្ខុន្ទ្រិយគ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមចក្ខុន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ សង្រួមចក្ខុន្ទ្រិយសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួមសោតិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវឃានិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវជិវ្ហិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវកាយិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវមនិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវមនិន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមនូវមនិន្ទ្រិយសំវរៈយ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះ ដែលតថាគតពោលថា ត្រូវលះបង់ ដោយការសង្រួម។
[១៤] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវសំពត់ចីវរ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបិទបាំងនូវអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស់ឲ្យកម្រើក។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីឲ្យកើតបុរិសមានៈ ស្រវឹងដូចអ្នកប្រដាល់ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តីក្នុងបូរីក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំក៏ទេ បរិភោគ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជិវិតិន្ទ្រិយ ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញនឹងកំចាត់បង់នូវវេទនាចាស់ គឺសេចក្តីស្រេកឃ្លានដែលមានហើយផង និងញុំាងវេទនាថ្មី គឺការឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវទីសេនាសនៈ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវគ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ គ្រាន់តែដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំងជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអាស្រ័យសេព នូវបច្ច័យណាមួយដោយឧបាយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អាស្រ័យសេព នូវបច្ច័យណាមួយ ដោយឧបាយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការសេព។
[១៥] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ចំពោះត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាអ្នកអត់ទ្រាំនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងគន្លងពាក្យ ដែលគេនិយាយមិនពីរោះ ទ្រគោះ ខ្ជីខ្ជា និងទុក្ខវេទនា ដែលកើតឡើង ប្រព្រឹត្តទៅក្នុងសរីរកាយដ៏ក្លា អាក្រក់ ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអត់ទ្រាំនូវហេតុណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អត់ធន់ទ្រាំនូវហេតុណាមួយបាន យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការអត់ធន់។
[១៦] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ វៀរនូវដំរីកាច វៀរសេះកាច វៀរគោកាច វៀរឆ្កែកាច វៀរសត្វពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ មួយវិញទៀត ភិក្ខុអង្គុយលើអាសនៈ មិនសមគួរ មានសភាពយ៉ាងណា ត្រាច់ទៅក្នុងទីមិនគួរ មានសភាពយ៉ាងណា សេពគប់នូវបាបមិត្រ មានសភាពយ៉ាងណា ពួកសព្រហ្មចារីភិក្ខុ ជាអ្នកប្រាជ្ញ គប្បីជឿ (ថាភិក្ខុនោះ ជាអ្នកប្រព្រឹត្តទៅ) ក្នុងទីដ៏លាមកទាំងឡាយ។ ភិក្ខុនោះពិចារណាដោយឧបាយហើយ វៀរនូវអាសនៈ ដែលមិនសមគួរនោះផង នូវទីគោចរ ដែលមិនសមគួរនោះផង នូវពួកបាបមិត្រនោះផង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនវៀរនូវហេតុ ដែលគួរវៀរណាមួយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ វៀរនូវហេតុដែលគួរវៀរណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការវៀរ។
[១៧] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវកាមវិតក្កៈ ដែលកើតឡើងហើយ នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនបន្ទោបង់ នូវវិតក្កៈណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ បន្ទោបង់នូវវិតក្កៈណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការបន្ទោបង់។
[១៨] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ ចំរើននូវសតិសម្ពោជង្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់7) ដែលអាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយហើយ ទើបចំរើននូវធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវិរិយសម្ពោជ្ឈង្គ។បេ។ ចំរើននូវបីតិសម្ពោជ្ឈង្គ។បេ។ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវសមាធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ដែលអាស្រ័យនូវធម៌ ជាទីប្រាសចាករាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌បង្អោនទៅ ដើម្បីលះកិលេស។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនចំរើននូវសម្ពោជ្ឈង្គណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ ចំរើននូវសម្ពោជ្ឈង្គណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការចំរើន។
[១៩] ម្នាលភិក្ខុទាំងឡាយ វេលាណាដែលភិក្ខុត្រូវលះបង់អាសវៈទាំងឡាយណា ដោយការឃើញ គឺសោតាបត្តិមគ្គ អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការឃើញហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសង្រួម អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសង្រួមហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសេព (នូវបច្ច័យ) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសេពហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការអត់ធន់ (នូវត្រជាក់ និងក្តៅជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការអត់ធន់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការវៀរ (ចាកទីអង្គុយមិនសមគួរជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការវៀរហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការបន្ទោបង់ (នូវកាមវិតក្កៈជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការបន្ទោបង់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការចំរើន (សម្ពោជ្ឈង្គទាំង៧) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការចំរើនហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកសង្រួម ដោយការសង្រួម ក្នុងអាសវៈទាំងអស់ ហើយជាអ្នកផ្តាច់ផ្តិលនូវតណ្ហា ញុំាងសំយោជនៈ ឲ្យប្រែប្រួល គឺធ្វើមិនឲ្យមានមន្ទិល ធ្វើនូវទីបំផុតកងទុក្ខ ដោយហេតុដែលបានលះបង់ នូវមានៈចោល ដោយប្រពៃ។ លុះព្រះមានព្រះភាគ ទ្រង់បានសំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ សព្វាសវសំវរសូត្រ ទី២។