User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.003

ធម្មទាយាទសូត្រ ទី៣

សង្ខេប

ខ្លឹម​សារ​នៅ​ក្នុងសូត្រ​នេះ និយាយ​អំពី​អាមិសជា​មរតក​​និង​ធម៏​ធម៍ជា​មរតក។ បន្ថែមទៀត ព្រះ​សារីបុត្ត​លើក​​ទឹក​ចិត្ត​​ព្រះសង្ឃ​​ឲ្យ​​ធ្វើ​តាម​​ព្រះពុទ្ធជាគ្រូ។ បើ​​មិន​​ដូច្នោះ​ទេ នឹងគួរឲ្យគេតិះដៀលបាន។

mn 003 បាលី cs-km: sut.mn.003 អដ្ឋកថា: sut.mn.003_att PTS: ?

(ទី៣) ធម្មទាយាទសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ធ

អានដោយ ឧបាសិកា វិឡា .

(៣. ធម្មទាយាទសុត្តំ)

[២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌1) របស់តថាគតជាមត៌ក កុំយកអាមិស2) ជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះ ចំពោះ​អ្នកទាំងឡាយដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយក​ធម៌ជាមត៌ក កុំយក​អាមិសជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យក​អាមិសជាមត៌ក មិនយកធម៌របស់តថាគតជាមត៌កហើយ គង់មានអ្នកផង តិះដៀល​អ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយក​អាមិសជាមត៌ក មិនយកធម៌ជាមត៌កទេ។ ទាំងតថាគត ក៏ត្រូវអ្នកផងតិះដៀល​ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយក​ធម៌ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកធម៌របស់តថាគត ជាមត៌ក មិនយកអាមិសជាមត៌កទេ ក៏ឥតមានអ្នកផងតិះដៀល​អ្នកទាំងឡាយ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយក​ធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ទាំងតថាគត ក៏ឥតមានអ្នកផងតិះដៀល​ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយក​អាមិសជាមត៌កទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ក្នុងកាល​ឥឡូវនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគត ជាមត៌ក កុំយកអាមិស​ជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះ​អ្នកទាំងឡាយថា ធ្វើម្តេចហ្ន៎ ពួក​សាវ័ក​របស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។

[២២] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតបរិភោគស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគត នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា។ គ្រានោះ មានភិក្ខុពីររូបមកដល់ កំពុងមាន​សេចក្តីស្រេកឃ្លានគ្របសង្កត់ជាខ្លាំង តថាគត ក៏ពោល​ទៅនឹងភិក្ខុទាំងពីររូបនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត​បរិភោគ​ស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាម​ប្រមាណ​ហើយ ឯបិណ្ឌបាតរបស់តថាគតនេះ នៅសល់ច្រើន ជារបស់គួរ​ចាក់​ចោល​ជា​ធម្មតា បើអ្នកទាំងឡាយចង់ឆាន់ ចូរឆាន់ចុះ បើអ្នកទាំងឡាយ មិនឆាន់ទេ តថាគត នឹងចាក់ចោល ក្នុងទីដែល​គ្មានស្មៅស្រស់ ឬនឹងចាក់ចោល ក្នុងទឹកដែលគ្មានសត្វ ឥឡូវនេះ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុ១រូបគិតថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះរបស់ព្រះមានព្រះភាគ នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា បើពួកយើងនឹងមិនឆាន់ ព្រះមានព្រះភាគ នឹងចាក់ចោល​ឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់​ចោល​ក្នុងទឹក ដែលគ្មានសត្វ នេះជាព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ ឯបិណ្ឌបាតនេះ ក៏ជាអាមិសមួយដែរ បើដូច្នោះ មានតែ​អាត្មាអញ កុំបរិភោគបិណ្ឌបាតនេះឡើយ នឹងទ្រាំអត់សេចក្តី​ស្រេកឃ្លាននេះ ឲ្យអស់​មួយយប់ មួយថ្ងៃទៅចុះ។ ភិក្ខុនោះ ក៏មិនឆាន់បិណ្ឌបាតនោះឡើយ ហើយ​ទ្រាំអត់សេចក្តី​​ស្រេកឃ្លាននោះ អស់​មួយយប់ មួយថ្ងៃយ៉ាងនេះ។ គ្រានោះ ភិក្ខុ​ទីពីរ គិតយ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះ របស់​ព្រះមានព្រះភាគ ក៏នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា បើពួកយើង​មិន​ឆាន់ទេ ព្រះមានព្រះភាគ នឹងទ្រង់ចាក់ចោល​ឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់​ចោល​ក្នុងទឹក ដែលគ្មានសត្វ បើដូច្នោះ មានតែ​អាត្មាអញ គួរឆាន់​ចង្ហាន់​បិណ្ឌបាតនេះ ឲ្យបាត់សេចក្តី​ស្រេកឃ្លាន នឹងបានប្រព្រឹត្តទៅអស់​មួយយប់ មួយថ្ងៃនេះឯង។ ភិក្ខុនោះ ក៏ឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តី​​ស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅ​អស់​មួយយប់ មួយថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឆាន់​ចង្ហាន់​បិណ្ឌបាតនោះ បានបន្ទោបង់​សេចក្តី​ស្រេក​ឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅ​អស់មួយយប់ មួយថ្ងៃនោះឯង ក៏មិនជាអ្វី។ ឯភិក្ខុ​ទីមួយនោះឯង គួរជាទី​បូជាដោយវិសេសផង ជាទីសរសើរ​របស់តថាគតផង។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ព្រោះថា ការមិនឆាន់ចង្ហាន់បិណ្ឌបាតនោះ អាចធ្វើឲ្យ​ភិក្ខុនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បី​មានចិត្តផូរផង់ ដើម្បីជាមនុស្ស​ដែលគេចិញ្ចឹមងាយ ដើម្បីប្រារព្ធនូវព្យាយាម អស់កាល​ដ៏យូរអង្វែងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងធម្មវិន័យ​នេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយ ដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ក​របស់តថាគត គួរជាអ្នក​យកធម៌ជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ លុះព្រះសុគត មានព្រះពុទ្ធដីកា​នេះ​ចប់​ហើយ ក៏ទ្រង់ស្តេចក្រោកចាក​អាសនៈ ទ្រង់ពុទ្ធដំណើរទៅកាន់វិហារ។

[២៣] កាលដែលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅ មិនយូរប៉ុន្មាន ព្រះសារីបុត្តដ៏មានអាយុ ក៏ហៅភិក្ខុទាំងឡាយ មកក្នុងវេលានោះថា ម្នាល​ភិក្ខុទាំងឡាយ​ដ៏មានអាយុ។ ភិក្ខុទាំងនោះ ទទួលថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័ក​មិន​ហាត់ធ្វើនូវវិវេក3) គឺសេចក្តីស្ងប់ស្ងាត់ ដោយហេតុ​ប៉ុន្មានយ៉ាង មួយទៀត ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កហាត់ធ្វើនូវ​វិវេក ដោយហេតុប៉ុន្មានយ៉ាង។ ពួកភិក្ខុតបថា ម្នាលអាវុសោ យើងខ្ញុំទាំងឡាយ មកពីចម្ងាយ មានប្រាថ្នាដើម្បីដឹង នូវអត្ថនៃ​ភាសិតនុ៎ះ ក្នុងសំណាក់​ព្រះសារីបុត្រដ៏មានអាយុ ក៏ឯអត្ថនៃភាសិតនុ៎ះ ប្រាកដច្បាស់ ចំពោះ​ព្រះសារីបុត្រដ៏មានអាយុហើយ ពួកភិក្ខុអ្នកស្តាប់ (នូវ​ភាសិត) របស់ព្រះសារីបុត្រ​ដ៏មានអាយុ​រួចហើយ នឹងចងចាំទុក។ ព្រះសារីបុត្រដ៏មានអាយុឆ្លើយថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យ​មែនទែន ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលថេរវាចារបស់​ព្រះសារីបុត្ត​ដ៏​មានអាយុថា ព្រះករុណាអាវុសោ។

[២៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ ពួកសាវ័ក​មិនហាត់​ធ្វើនូវវិវេក ដោយ​ហេតុប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់​ហើយ ពួកសាវ័កក្នុងសាសនានេះ ​មិនហាត់​ធ្វើនូវវិវេក មិនលះបង់​នូវពួកធម៌​ ដែល​ព្រះសាស្តាទ្រង់ត្រាស់​ឲ្យលះបង់ បែរទៅជាអ្នកប្រព្រឹត្ត​ល្មោភច្រើន ជាអ្នកកាន់​សាសនាធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក គឺមិនបំពេញ​កិច្ច​ក្នុងព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈ នឹង​មានគេតិះដៀលដោយហេតុ៣យ៉ាង។ គឺភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ តែមាន​ពួក​សាវ័ក​​មិនហាត់​ធ្វើនូវវិវេក។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​​មិនលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ ជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្ត​ទន់ទាប ជាអ្នក​ដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុ​ជា​ថេរៈ រមែង​មានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុ​ទាំងនោះ ពួកមជ្ឈិមភិក្ខុ។បេ។ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ តែមាន​ពួក​សាវ័ក​​មិនហាត់​ធ្វើនូវ​វិវេក។ ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​​មិន​លះបង់​នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកនវកភិក្ខុ នឹង​មាន​គេតិះដៀល ដោយហេតុទី៣ នេះថា ​ពួកភិក្ខុជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នក​កាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្ត​ទន់ទាប ជាអ្នក​ដាក់ធុរៈក្នុងវិវេក។ ម្នាល​អាវុសោ​ទាំងឡាយ ពួកនវកភិក្ខុ រមែង​មានគេតិះដៀល ដោយហេតុ​ទាំង​៣​យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ តែពួក​សាវ័ក មិនហាត់ធ្វើនូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។

[២៥] ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក ដោយហេតុមានប៉ុន្មានយ៉ាង ម្នាលអាវុសោ​ទាំង​ឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ ពួកសាវ័ក ក៏សិក្សាតាមនូវវិវេកផង លះបង់នូវពួកធម៌ ដែលព្រះជាគ្រូ ទ្រង់សំដែងប្រាប់ឲ្យលះបង់​ផង មិនជាអ្នកប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា)​ធូរៗផង មិនដាក់ធុរៈក្នុងការប្រព្រឹត្តទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វាន​ផង។ ម្នាលអាវុសោ បណ្តាភិក្ខុទាំងនោះ ថេរភិក្ខុទាំងឡាយ រមែង​មានអ្នក​ផងសរសើរដោយហេតុ៣យ៉ាង។ គឺពួកភិក្ខុជាថេរៈ រមែងមានអ្នកផង​សរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ ទាំង​ពួក​សាវ័ក ក៏សិក្សាតាមនូវវិវេក។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​ជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ មិនប្រព្រឹត្តល្មោភច្រើនផង មិនអ្នកកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធាន​ក្នុងវិវេក​ធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុ​ជា​ថេរៈ រមែង​មានអ្នកផងសរសើរ ដោយ​ហេតុ​ទាំង​៣​នេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុ​ទាំងនោះ ពួកមជ្ឈិមភិក្ខុ (ភិក្ខុកណ្តាល)។បេ។ ពួកនវកភិក្ខុ (ភិក្ខុថ្មី) រមែងមានអ្នកផង​សរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ មាន​ពួក​សាវ័ក សិក្សា​តាម​នូវ​វិវេក។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​ជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ មិនប្រព្រឹត្ត​ល្មោភ​ច្រើន​ផង មិនកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធាន​ក្នុងវិវេក​ធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែង​មានអ្នក​ផង​សរសើរ ដោយ​ហេតុ​ទាំង​៣យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ រមែងមានពួក​សាវ័ក ជាអ្នកសិក្សាតាម នូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។

[២៦] ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ លោភៈជាបាបធម៌១ ទោសៈជាបាបធម៌១ មជ្ឈិមាបដិបទា គឺសេចក្តី​ប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅ​ដើម្បី​លះបង់នូវ​លោភៈផង ដើម្បីលះបង់នូវទោសៈផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ គឺឃើញនូវសច្ចៈទាំង៤ផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ គឺដឹងនូវ​សច្ចទាំង៤ផង ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ ក៏មជ្ឈិមាបដិបទា​នោះ ជាសេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (មជ្ឈិមាបដិបទានោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ មជ្ឈិមាបដិបទានេះឯង ជា​សេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំង​នោះ សេចក្តីក្រោធជាបាបធម៌១ ការចងនូវសេចក្តីក្រោធទុក ជាបាបធម៌១…។ លុប​គុណគេ ជាបាបធម៌១ វាយឫក្សស្មើ ជាបាបធម៌១…។ សេចក្តីឈ្នានីស ជាបាបធម៌១ សេចក្តីកំណាញ់ ជាបាបធម៌១…។ ការបិទបាំងទោសខ្លួន ជាបាបធម៌១ សេចក្តីអួត​អាង ជាបាបធម៌១…។ សេចក្តីរឹងត្អឹង ជាបាបធម៌១ ប្រឡងវាសនា ជាបាបធម៌១…។ មានៈ ជាបាបធម៌១ អតិមានៈ ជាបាបធម៌១…។ សេចក្តីស្រវឹង ជាបាបធម៌១ សេចក្តី​ធ្វេស​ប្រហែស ជាបាបធម៌១ សេចក្តី​ប្រតិបត្តិ​យ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់ នូវសេចក្តីស្រវឹងផង ដើម្បីលះបង់នូវ​សេចក្តី​ធ្វេសប្រហែសផង ជា​សេចក្តីប្រតិបត្តិ ធ្វើឲ្យ​​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅ​ដើម្បី​រម្ងាប់​កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​យ៉ាងកណ្តាលនោះ ជាសេចក្តីប្រតិបត្តិ​ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ​ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់​កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​យ៉ាងកណ្តាលនេះឯង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ព្រះសារីបុត្រដ៏មានអាយុ បានសំដែងនូវ​សូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ​រីករាយ ចំពោះភាសិត​របស់ព្រះសារីបុត្រដ៏មានអាយុ។

ចប់ ធម្មទាយាទសូត្រទី៣។

 

លេខយោង

1)
ធម៌ជាមត៌កនេះ បានដល់ធម៌២យ៉ាង គឺ និប្បរិយាយធម៌ ធម៌ជាចំណែកខាងលោកុត្តរធម៌ទាំង៩ មានសោតាបត្តិមគ្គជាដើម១ បរិយាយធម៌ ធម៌​ជាចំណែក​ខាងរបស់បុគ្គល ដែលកំពុងប្រព្រឹត្ត​ធ្វើនូវសីល សមាធិ បញ្ញា ឬឈាន​សមាបត្តិ ដើម្បីដល់នូវព្រះនិព្វាន១។
2)
អាមិស​ជាមត៌ក បានដល់អាមិស២យ៉ាងគឺ និប្បរិយាយាមិស បានដល់បច្ច័យ​ទាំង៤ មានចីវរប្បច្ច័យជាដើម១ បរិយាយាមិស បានដល់​ទានដ៏សេស មានអន្នទានជាដើម១។ អដ្ឋកថា។
3)
វិវេកមាន៣យ៉ាងគឺ កាយវិវេក ស្ងាត់កាយ បានដល់បុគ្គល ដែល​មានកាយស្ងប់ស្ងាត់ ត្រេកអរក្នុងនេក្ខម្មៈ លះបង់ចោល​ពួកគណៈ ហើយប្រព្រឹត្ត​នៅ​ម្នាក់ឯង១ ចិត្តវិវេក ស្ងាត់ចិត្ត បានដល់បុគ្គល ដែលមានចិត្តបរិសុទ្ធផូរផង់ លះបង់​ចោលនូវ​កិលេស ដោយអំណាច​សមាបត្តិប្រាំបី១ ឧបធិវិវេក១ បានដល់បុគ្គល ដែល​មិនមានកិលេស មិនមានសង្ខារ លះបង់ចោល​នូវពួក​សង្ខារ​ជ្រះស្រឡះ១។ កាយវិវេក ជាបច្ច័យ​នៃចិត្តវិវេក ចិត្តវិវេក ជាបច្ច័យនេះឧបធិវិវេក គឺព្រះនិព្វាន (អដ្ឋកថា ទីឃនិកាយ សីលក្ខន្ធវគ្គ និងអដ្ឋកថាធម្មបទ)។
km/tipitaka/sut/mn/sut.mn.003.txt · ពេលកែចុងក្រោយ: 2024/07/20 12:47 និពន្ឋដោយ Cheav Villa