តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មូលបរិយាយវគ្គ »
សូត្រនេះព្រះពុទ្ធពន្យល់ អំពីការដែលអាចសេពនូវសេនាសនៈក្នុងព្រៃស្ងាត់បាន ដោយគ្មានការភ័យខ្លាច។
mn 004 បាលី cs-km: sut.mn.004 អដ្ឋកថា: sut.mn.004_att PTS: ?
(ទី៤) ភយភេរវសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៤. ភយភេរវសុត្តំ)
[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ជាណុស្សោណិព្រាហ្មណ៍ ចូលសំដៅទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[២៨] លុះ ជាណុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ហើយចូលកាន់ផ្នួសដោយសទ្ធា ចំពោះព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ទ្រង់ណែនាំកុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់មានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ឯប្រជុំជនទាំងនោះ ក៏យកតម្រាប់តាមព្រះគោតមដ៏ចំរើនមែនឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា ចំពោះតថាគត តថាគត ជាអ្នកណែនាំកុលបុត្រទាំងនោះ តថាគត ជាអ្នកមានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ តថាគត ជាអ្នកឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសិក្ខាជាដើម) ឯប្រជុំជននោះ ក៏យកតម្រាប់តាមតថាគតមែន។
[២៩] បពិត្រព្រះគោតមដ៏ចំរើន សេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃទាំងនោះ ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់ មែនឬទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ព្រោះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់មែន។
[៣០] ម្នាលព្រាហ្មណ៍ សូម្បីតែតថាគត នៅជាពោធិសត្វនៅឡើយ ក្នុងកាលមុន ដែលមិនទាន់បានត្រាស់ដឹង នូវសម្ពោធិញ្ញា មានសេចក្តីត្រិះរិះ ដូច្នេះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយនេះឯង ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់។
[៣១] ម្នាលព្រាហ្មណ៍ តថាគតនោះឯង មានសេចក្តីត្រិះរិះ ដូច្នេះថា សមណព្រាហ្មណ៍ណាមួយ ដែលមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោស របស់ខ្លួន ដែលមានកាយកម្មមិនបរិសុទ្ធនោះឯង។ ចំណែកតថាគត មិនមែនជាមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានកាយកម្មបរិសុទ្ធមែន។ ព្រះអរិយៈទាំងឡាយណា ដែលមានកាយកម្មបរិសុទ្ធ រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងឡាយនោះ តថាគត ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវកាយកម្មដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣២] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែលមានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសល ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈមិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈបរិសុទ្ធមែន។ ពួកព្រះអរិយៈណា ដែលមានអាជីវៈបរិសុទ្ធ រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវអាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៣] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយនោះឯង។ ឯតថាគត នឹងមានអភិជ្ឈាជាប្រក្រតី មានសេចក្តីត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត មិនមានអភិជ្ឈាជាប្រក្រតីមែន។ ពួកព្រះអរិយៈណា ដែលមិនមានអភិជ្ឈាជាប្រក្រតី សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវធម៌ ដែលមិនមានអភិជ្ឈានុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៤] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ មានចិត្តព្យាបាទ មានចិត្តគិតប្រទូស្ត សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តព្យាបាទ និងមានចិត្តគិតប្រទូស្តនោះឯង។ ឯតថាគត នឹងជាអ្នកមានចិត្តព្យាបាទ មានចិត្តគិតនឹងប្រទូស្ត សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានចិត្តប្រកបដោយមេត្តា។ ព្រះអរិយៈទាំងឡាយណា ដែលមានចិត្តប្រកបដោយមេត្តា រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តប្រកបដោយមេត្តានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៥] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលថីនមិទ្ធៈ (សេចក្តីច្រអូសចិត្ត និងច្រអូសកាយ) គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលថីនមិទ្ធៈ គ្របសង្កត់នោះឯង។ ឯតថាគត មិនមែនជាអ្នកដែលថីនមិទ្ធៈ គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានថីនមិទ្ធៈទៅប្រាសហើយ។ ព្រះអរិយៈទាំងឡាយណា មានថីនមិទ្ធៈ ទៅប្រាសហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវថីនមិទ្ធៈ ទៅប្រាសហើយក្នុងខ្លួន ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៦] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់នោះឯង។ ឯតថាគត នឹងមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានចិត្តស្ងប់រម្ងាប់។ ព្រះអរិយៈទាំងឡាយណា មានចិត្តស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តស្ងប់រម្ងាប់នុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៧] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេចនោះឯង។ ឯតថាគត នឹងមានមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកកន្លងផុត ចាកសេចក្តីសង្ស័យ មិនដាច់ស្រេចបាន។ ព្រះអរិយៈទាំងឡាយណា ដែលកន្លងផុតសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តដែលកន្លងផុតសេចក្តីសង្ស័យមិនដាច់ស្រេចនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៨] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលលើកតំកើងខ្លួនឯង និងបន្តុះបង្អាប់អ្នកដទៃនោះឯង។ ឯតថាគត នឹងជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃទេ។ ព្រះអរិយៈទាំងឡាយណា ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៩] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកតក់ស្លុត ប្រកបដោយជាតិ ជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីតក់ស្លុត និងការប្រកបដោយជាតិជាអ្នកខ្លាចនោះឯង។ ឯតថាគត នឹងមានសេចក្តីតក់ស្លុត ប្រកបដោយជាតិជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ។ ព្រះអរិយៈទាំងឡាយណា ប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការប្រាសចាកសេចក្តីព្រឺព្រួចរោមនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤០] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលត្រូវការចង់បានលាភសក្ការៈ1) និងសេចក្តីសរសើរ2) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរនោះឯង។ ឯតថាគត នឹងត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសេចក្តីប្រាថ្នាតិច។ ព្រះអរិយៈទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសេចក្តីប្រាថ្នាតិចនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤១] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកខ្ជិល3) ច្រអូស មិនមានព្យាយាម4) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីខ្ជិលច្រអូស និងគ្មានព្យាយាមនោះឯង។ ឯតថាគត នឹងជាអ្នកខ្ជិលច្រអូស មិនមានព្យាយាម សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានព្យាយាមប្រារព្ធហើយ។ ព្រះអរិយៈទាំងឡាយណា ដែលមានព្យាយាមប្រារព្ធហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីព្យាយាម ដែលប្រារព្ធហើយនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤២] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន (ប្រាសចាកបញ្ញា) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលភ្លេចស្មារតី មិនដឹងខ្លួននោះឯង។ ឯតថាគត នឹងជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានស្មារតីតំកល់មាំ។ ព្រះអរិយៈទាំងឡាយណា ជាអ្នកមានស្មារតីតំកល់មាំ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការតំកល់ស្មារតីមាំនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៣] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ មានចិត្តមិនតំកល់មាំ (ប្រាសចាកឧបចារសមាធិ និងអប្បនាសមាធិ) មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តមិនតំកល់មាំ និងចិត្តវិលវល់នោះឯង។ ឯតថាគត នឹងមានចិត្តមិនតំកល់មាំ មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសមាធិបរិបូណ៌។ ព្រះអរិយៈទាំងឡាយណា ដែលមានសមាធិបរិបូណ៌ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសមាធិសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៤] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលអប្បឥតប្រាជ្ញា ល្ងង់លេលានោះឯង។ ឯតថាគត នឹងជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកបរិបូណ៌ដោយប្រាជ្ញា។ ព្រះអរិយៈទាំងឡាយណា ដែលបរិបូណ៌ដោយប្រាជ្ញា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ បញ្ញាសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
ចប់ បរិយាយ១៦។
[៤៥] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា រាត្រីទាំងឡាយ ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ បើដូច្នោះ អាត្មាអញ គួរនៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរភ័យ គួរភ្លឹក គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ។ ធ្វើម្តេច តថាគត គប្បីឃើញភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ លុះសម័យមកខាងក្រោយ រាត្រីទាំងឡាយណា ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ តថាគត ក៏នៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរស្បើម គួរខ្លាច គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ ម្នាលព្រាហ្មណ៍ កាលតថាគត នៅក្នុងទីនោះ ម្រឹគក៏មកខ្លះ ក្ងោកក៏ជាន់មែកឈើស្ងួតឲ្យធ្លាក់ចុះខ្លះ ខ្យល់ក៏បក់ផាត់ស្លឹកឈើ និងសម្រាមមកខ្លះ។ ម្នាលព្រាហ្មណ៍ តថាគតក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ភ័យ និងសេចក្តីភ្លឹកនោះមកដល់ (តថាគត) មែនហើយតើ។ ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាអ្នកប្រាថ្នានូវភ័យ ដោយចំណែកមួយឬអ្វីហ្ន៎ ភ័យ និងសេចក្តីស្ញើបនោះ មកដល់អាត្មាអញ ដែលសម្រេចឥរិយាបថណាៗ អាត្មាអញ នឹងមិនផ្លាស់ឥរិយាបថនោះៗ ដោយពិត ត្រូវតែបន្ទោបង់នូវភ័យ និងសេចក្តីស្ញើបនោះចេញ។ ម្នាលព្រាហ្មណ៍ តថាគត កំពុងចង្ក្រម ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនឈរ មិនអង្គុយ មិនដេកសោះ ខំចង្ក្រមដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងឈរ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនចង្ក្រម មិនអង្គុយ មិនដេក ប្រឹងឈរ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងអង្គុយ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនដេក មិនឈរ មិនចង្ក្រមសោះ ប្រឹងអង្គុយ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងដេក ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនអង្គុយ មិនឈរ មិនចង្ក្រមសោះ ប្រឹងដេក ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។
[៤៦] ម្នាលព្រាហ្មណ៍ មានសមណព្រាហ្មណ៍១ពួក សំគាល់យប់ ថាជាថ្ងៃ សំគាល់ថ្ងៃ ថាជាយប់ តថាគតពោលថា ការសំគាល់នេះ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ជាការនៅវង្វេង ភាន់ស្មារតីនៅឡើយ។ ម្នាលព្រាហ្មណ៍ ចំណែកខាងតថាគត ដឹងច្បាស់នូវយប់ ថាជាយប់មែន ដឹងច្បាស់នូវថ្ងៃ ថាជាថ្ងៃមែន។ ម្នាលព្រាហ្មណ៍ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយថា សត្វដែលមានសភាពមិនវង្វេង កើតហើយក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយឲ្យតថាគតថា សត្វដែលមានសភាពមិនវង្វេង កើតឡើងហើយក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[៤៧] ម្នាលព្រាហ្មណ៍ តថាគត បានផ្តើមសេចក្តីព្យាយាម មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី តថាគតក៏ប្រុងប្រយ័ត្ន មិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍មូលតែមួយ។ ម្នាលព្រាហ្មណ៍ តថាគតឯង លុះប្រាកដជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ លុះរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង គ្មានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ លុះលះបង់បីតិចេញហើយ តថាគត ជាបុគ្គលព្រងើយ មានសតិ និងសេចក្តីដឹងច្បាស់ តថាគត សោយសុខ ដោយនាមកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈាននោះណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ តថាគត ក៏បានដល់នូវតតិយជ្ឈាននោះហើយ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវសោមនស្ស និងទោមនស្សអំពីមុនផង តថាគត បានចូលដល់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ដោយឧបេក្ខា។
[៤៨] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បានបង្អោនចិត្ត ទៅក្នុង បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកជាតិ ដែលអាស្រ័យនៅពីមុន)។ តថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យនៅ អំពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្ប ក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ តថាគត រលឹកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាដម្បូងនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះ ដូច្នោះដែរ។
[៤៩] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង ចុតូបបាតញ្ញាណ (ញាណដែលនាំឲ្យបានត្រាស់ដឹងនូវ ចុតិ និង បដិសន្ធិ) នៃសត្វទាំងឡាយ។ តថាគត មើលឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ5) ទុគ្គតិ6) វិនិបាត7) នរក8) អើហ្ន៎ ចំណែកខាងសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ9) និងសួគ៌10) ទេវលោក។ តថាគតមើលឃើញ នូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២ នេះឯងហើយ ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាកណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។
[៥០] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង អាសវក្ខយញ្ញាណ (ញាណជាហេតុឲ្យបានអស់ទៅនូវអាសវៈ)។ តថាគត ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យដល់ នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ។ កាលដែលតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺកាមផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺភពផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺអវិជ្ជាផង (កាលបើចិត្តតថាគត បានរួចផុតស្រឡះហើយ) ប្រាជ្ញាក៏កើតប្រាកដ ដល់តថាគតថា អញរួចស្រឡះ ចាកអាសវធម៌ហើយ ចិត្តរបស់អញផុតស្រឡះហើយ តថាគត ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ នឹងមានកិច្ចដទៃ ក្រៅពីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣នេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាទីបំផុតនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣ នុ៎ះដូច្នោះដែរ។
[៥១] ម្នាលព្រាហ្មណ៍ ឯសមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ថ្ងៃនេះឯង ព្រះសមណគោតម ប្រហែលជាមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈទេដឹង ព្រោះហេតុនោះ បានជាលោកសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។ ម្នាលព្រាហ្មណ៍ ដំណើរនុ៎ះ អ្នកកុំគប្បីឃើញយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញនូវអំណាចនៃប្រយោជន៍២ប្រការ គឺពិចារណាឃើញនូវការនៅជាសុខ ក្នុងបច្ចុប្បន្ន ចំពោះខ្លួន១ អនុគ្រោះ ដល់ប្រជុំជន មានក្នុងខាងក្រោយ១ បានជាសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។
[៥២] ជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់ប្រជុំជនខាងក្រោយមែន ព្រោះព្រះអង្គបានជាព្រះអរហន្ត សម្មាសម្ពុទ្ធហើយ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានចក្ខុទាំងឡាយ រមែងឃើញនូវរូបបាន។ ខ្ញុំព្រះអង្គនោះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត។
ចប់ ភយភេរវសូត្រ ទី៤។