User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.005

អនង្គណសូត្រ ទី៥

សង្ខេប

សូត្រ​នេះ​ព្រះ​​សារី​បុត្របាន​ពន្យល់​អំពី៖ អង្គណៈជា​ឈ្មោះ​នៃ​អ​កុសល​ដ៏​លាមក ដែល​គ្រប​សង្កត់​ចិត្ត​ដោយ​អំណាច​នៃ​សេ​ច​ក្ដីប្រាថ្នា​ ជា​កិលេស​ដ៏​ក្លៀវ​ក្លា​មាន​ប្រការ​ផ្សេងៗ។

mn 005 បាលី cs-km: sut.mn.005 អដ្ឋកថា: sut.mn.005_att PTS: ?

(ទី៥) អនង្គណសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ធ

(៥. អនង្គណសុត្តំ)

[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះសារីបុត្រដ៏​មានអាយុ ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្រដ៏មានអាយុថា ព្រះថេរៈដ៏មានអាយុ ដូច្នេះ។

[៥៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល៤ពួកនេះ តែងមាននៅក្នុងលោក។ បុគ្គល៤ពួក តើ​ដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ នៅមាន អង្គណៈ1) ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ នៅមាន អង្គណៈ ក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានអង្គណៈ ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មិនមានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មិន​មាន​អង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។

[៥៥] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានពោលពាក្យនេះ នឹងព្រះសារីបុត្រដ៏មាន​អាយុថា ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែល​មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ទៀត ប្រាកដថាជាបុរសប្រសើរវិញ ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមិន​មានអង្គណៈទាំងពីរពួកនេះ ហើយ​បុគ្គល​ម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ (ទៀត) ប្រាកដថា​ជា​បុរស​ប្រសើរ​វិញ។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ នឹងមិនញុំាង​ឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បី​លះបង់នូវអង្គណៈ​នោះចេញ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ អង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចភាជន៍សំរិទ្ធ ដែលគេ​ទើបយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់នូវភាជន៍នោះផង មិនបានដុស​ខាត់​ផង ថែមទាំងដាក់ភាជន៍នោះ នៅក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ ដល់សម័យជាខាងក្រោយមក រឹតតែសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀត​ថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ នឹងមិនញុំាង​ឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវ​អង្គណៈ​​នោះចេញ ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ បណ្តាបុគ្គល​ទាំង៤​ពួក​នោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ តែបុគ្គល​នោះ មុខជានឹងញុំាង​ឆន្ទៈ ឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវ​អង្គណៈ​នោះចេញ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមាន​អង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍​សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ ក៏បានប្រើប្រាស់​ភាជន៍​នោះ​ផង បានដុស​ខាត់​ផង ថែមទាំងមិនទុកដាក់ភាជន៍នោះ ក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យជាខាងក្រោយ នឹងបរិសុទ្ធ ផូរផង់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ​ មាន​ថេរ​វាចា​តទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ ដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ មុខជានឹងញុំាង​ឆន្ទៈឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បី​លះបង់នូវអង្គណៈ​នោះចេញ ក៏ដូច្នោះ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាល​អាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាម​កំចាត់​ចិត្ត​មិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ដ៏បរិសុទ្ធ ផូរផង់ តែបុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់ភាជន៍នោះផង មិនបានដុស​ខាត់​ផង ថែមទាំងទុកភាជន៍នោះ ក្នុងផ្លូវធូលីទៀត ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់​សម័យ​ខាង​ក្រោយ ទៅជាសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ​មានថេរវាចាតទៅទៀតថា ម្នាល​អាវុសោ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មុខជា​នឹង​ធ្វើ​ទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជា​នឹង​តាម​​កំចាត់​ចិត្ត​មិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តសៅហ្មង ក៏យ៉ាងនោះឯង។ ម្នាល​អាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មិនបានធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាម​កំចាត់​ចិត្ត​បានឡើយ។ បុគ្គលនោះ មុខជាមិនមានរាៈ ទោសៈ មោហៈ មិនមានអង្គណៈ មានចិត្តមិនសៅហ្មង ហើយធ្វើនូវមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ដ៏បរិសុទ្ធ ផូរផង់ បុគ្គលជាម្ចាស់ទាំងឡាយ បានប្រើប្រាស់នូវភាជន៍នោះផង បានដុស​ខាត់​ផង ថែមទាំងមិនទុកភាជន៍នោះ ក្នុងផ្លូវធូលីផង ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍​សំរិទ្ធ​នោះ លុះ​សម័យ​ខាង​ក្រោយមក ទៅជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ ក្រៃលែង​ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀត​ថា ម្នាល​អាវុសោ បុគ្គលណា មិនមានអង្គណៈ ដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមាន​អង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏​មានប្រាកដ ដល់បុគ្គលនោះ មុខជា​បុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត ចំពោះសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវ​សុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាម​កំចាត់​ចិត្ត ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជាមិនមាន​រាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ធ្វើមរណកាលទៅ។ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំ​ឲ្យ​មានបុគ្គល មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គល​ពួកមួយ ប្រាកដ​ថាជា​បុរស​ថោកទាប បុគ្គល​ពួកមួយទៀត ប្រាកដថាជាបុរស​ប្រសើរ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួក​នេះ ហើយបុគ្គល​ពួកមួយ ប្រាកដថាជាបុរស​ថោកទាប បុគ្គល​ពួកមួយទៀត ប្រាកដ​ថាជាបុរសប្រសើរ។

[៥៦] ព្រះមហាមោគ្គល្លានដ៏មានអាយុ សួរថា ម្នាលអាវុសោ ពាក្យដែល​លោកហៅថា អង្គណៈ អង្គណៈ ដូច្នេះ ម្នាលអាវុសោ ចុះពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃវត្ថុអ្វី។ ព្រះសារីបុត្រ​ឆ្លើយថា ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃ​អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាច​នៃសេចក្តី​ប្រាថ្នា។

[៥៧] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ តែពួកភិក្ខុ មិនដឹងថា អាត្មាអញត្រូវអាបត្តិទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុ ដឹងភិក្ខុនោះថា ជាអ្នកត្រូវអាបត្តិហើយ។ ភិក្ខុនោះ ក៏ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ដឹងថា អាត្មាអញ ជាអ្នក​ត្រូវអាបត្តិហើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៥៨] ម្នាលអាវុសោ ហេតុនេះតែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ ពួកភិក្ខុចោទអាត្មាអញ ក្នុងទីស្ងាត់ចុះ សូមកុំចោទក្នុងកណ្តាលជំនុំ​សង្ឃឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុ​ចោទ​ភិក្ខុនោះ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទក្នុងទីស្ងាត់។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយ​ហេតុដូច្នេះថា ពួកភិក្ខុចោទអាត្មាអញ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទ​ក្នុងទី​ស្ងាត់។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៥៩] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ បុគ្គលស្មើគ្នា គួរចោទអាត្មាអញ បុគ្គល​មិនស្មើគ្នា មិនគួរចោទ​អាត្មាអញទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា បុគ្គល​មិនស្មើគ្នា ចោទភិក្ខុនោះ បុគ្គលស្មើគ្នា មិនចោទភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា បុគ្គលមិនស្មើគ្នា ចោទអាត្មាអញ បុគ្គលស្មើគ្នា មិនចោទ​អាត្មា​អញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦០] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ព្រះសាស្តា គប្បីសួរ​អាត្មាអញរឿយៗ ហើយទើបសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តាកុំគប្បីសួរភិក្ខុ​ឯទៀត​រឿយៗ ហើយសំដែងធម៌ដល់ពួកភិក្ខុឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ព្រះសាស្តា សួរភិក្ខុឯទៀតរឿយៗ ហើយសំដែង​ធម៌ ដល់​ពួកភិក្ខុ ព្រះសាស្តា មិនសួរភិក្ខុនោះរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ព្រះសាស្តា សួរតែភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរអាត្មាអញរឿយៗ ហើយសំដែង​ធម៌ ដល់ពួកភិក្ខុ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦១] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកភិក្ខុគប្បី​ចោមរោម​អាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ កុំគប្បីចោមរោមភិក្ខុ​ឯទៀត ចូលទៅកាន់ស្រុក ដើម្បីភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកភិក្ខុ គប្បី​ចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បី​ភត្ត ពួកភិក្ខុ មិនគប្បីចោមរោមភិក្ខុនោះរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ​ចោមរោម​ភិក្ខុឯទៀត​រឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុគប្បី​ចោមរោម​អាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនចោមរោមអាត្មាអញរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦២] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុឯទៀត កុំគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុនោះ មិនគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បាន​សេនាសនៈ​ដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត អាត្មាអញ មិនបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត​ឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៣] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញឆាន់ ហើយបានអនុមោទនា ក្នុងរោងភត្ត ភិក្ខុឯទៀតឆាន់ហើយ មិនគប្បីបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត​ឆាន់ហើយ គប្បី​អនុមោទនា ក្នុងរោងភត្ត ភិក្ខុនោះ​ឆាន់ហើយ មិនគប្បីបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត​ឆាន់ហើយ បាន​អនុមោទនា ក្នុងរោងភត្ត អាត្មាអញ​ឆាន់ហើយ មិនបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៤] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុឯទៀត មិនគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុនោះ មិនគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបាន​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម អាត្មាអញ មិនបាន​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៥] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បី​សំដែងធម៌ ដល់ពួកភិក្ខុនី ដែលឋិតនៅក្នុងអារាម។បេ។ គប្បីសំដែងធម៌ ដល់ពួក​ឧបាសក។បេ។ គប្បីសំដែងធម៌ ដល់ពួកឧបាសិកា ភិក្ខុឯទៀត មិនគប្បី​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម ភិក្ខុនោះ មិនគប្បី​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបាន​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម អាត្មាអញ មិនបាន​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៦] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកភិក្ខុមិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុ​ឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុ មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ពួកភិក្ខុធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុមិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៧] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុនេះ។បេ។ ពួកឧបាសក។បេ។ ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុ​ឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ពួកឧបាសិកា ធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៨] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បី​បានចីវរដ៏ប្រសើរ ភិក្ខុ​ឯទៀតកុំគប្បី​បានចីវរដ៏ប្រសើរឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានចីវរដ៏ប្រសើរ ភិក្ខុនោះ មិនគប្បី​បានចីវរដ៏ប្រសើរ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ភិក្ខុឯទៀត បានចីវរដ៏ប្រសើរ អាត្មាអញ មិនបានចីវរដ៏ប្រសើរ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៩] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បី​បានចង្ហាន់បិណ្ឌបាតដ៏ប្រសើរ។បេ។ សេនាសនៈដ៏ប្រសើរ។បេ។ គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ ភិក្ខុ​ឯទៀតកុំគប្បី​បានគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបាន​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដ៏ប្រសើរ ភិក្ខុនោះ មិនគប្បី​បាន​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដ៏ប្រសើរឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ភិក្ខុឯទៀត បាននូវ​គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ អាត្មាអញ មិនបាននូវ​គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។ ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយ​អំណាច​សេចក្តីប្រាថ្នានេះឯង។

[៧០] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​សេចក្តីប្រាថ្នាទាំងនេះ ភិក្ខុណានីមួយ មិនលះបង់ចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្ត​អារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះ​ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ មិនលះបង់ចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជា​ម្ចាស់ទាំងឡាយ យកសាកសពពស់ ឬសាកសពឆ្កែ ឬសាកសពមនុស្ស ដាក់ពេញ​ក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះ​ផ្សារ។ អ្នកផងឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះអ្នកផងក្រោកឡើង ហើយបើកភាជន៍នោះមើល សេចក្តីមិនគាប់ចិត្តក្តី សេចក្តីខ្ពើមរអើមក្តី សេចក្តី​ធុញ​ទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់គេ ក្នុងខណៈដែលបានឃើញ សូម្បីបុគ្គល​ដែល​ស្រេកឃ្លានហើយ ក៏មិនគួរប្រាថ្នានឹងបរិភោគឡើយ នឹងបាច់និយាយថ្វី ដល់​ពួកជន ដែលបរិភោគឆ្អែតហើយ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​សេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ មិនទាន់​លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្ត​អារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះ​ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​នោះ លោកដ៏មានអាយុនោះ មិនទាន់លះចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។

[៧១] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​នៃ​សេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងស្រុក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែល​គ្រប​សង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ លះចោល​ហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជា​ម្ចាស់ទាំងឡាយ យកបាយស្រូវសាលី ដែលប្រាសចាក​ពណ៌ខ្មៅ មានសម្ល និងម្ហូបក្រៀមច្រើនមុខ ដាក់ពេញ​ក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះ​ផ្សារ។ ជនឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅ​ធ្វើអ្វី​អេះ។ លុះជននោះស្ទុះទៅបើកភាជន៍នោះមើល សេចក្តីគាប់ចិត្តក្តី សេចក្តីមិនខ្ពើមរអើមក្តី សេចក្តីមិន​ធុញ​ទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់ជន​នោះ ក្នុងខណៈដែលបានឃើញ សូម្បីតែពួកជន ​ដែលបរិភោគឆ្អែតហើយ ក៏គួរចង់​បរិភោគទៀត នឹងបាច់និយាយថ្វី ដល់​ពួកជន ដែលស្រែកឃ្លាននោះ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​នៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង ក៏​យ៉ាង​នោះឯង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងសុ្រក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់​នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្រប​សង្កត់​​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ លះចោល​ហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។

[៧២] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លាន​មានអាយុ ក៏បាននិយាយពាក្យនេះ ទៅនឹង​ព្រះសារីបុត្រ​មានអាយុ​ថា ម្នាលអាវុសោសារីបុត្រ ខ្ញុំសូម​ទាញយកពាក្យឧបមា មកសំដែង​ឥឡូវ​នេះ។ ព្រះសារីបុត្រតបថា ម្នាល​អាវុសោ​មោគ្គល្លាន ចូរលោកទាញយក​ពាក្យឧបមា មកសំដែងចុះ។ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាតទៅថា ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងក្រុងរាជគ្រឹះ ដែល​មានភ្នំព័ទ្ធជុំវិញដូចក្រោល។ ម្នាលអាវុសោ កាលនោះ ខ្ញុំស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត ក្នុងបុព្វណ្ហសម័យ។ សម័យនោះឯង សមីតិមាណព ជាកូនជាងរថ កំពុង​ចាំងខ្នងកង់រថ។ ទើបអាជីវក (ម្នាក់) ឈ្មោះ បណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ ចូល​មក​ឈរជិត​សមីតិមាណពនោះដែរ។ ម្នាលអាវុសោ លំដាប់នោះ​ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ឱហ្ន៎ សមីតិមាណព ជាកូនជាងរថនេះ ចាំង​ឈើកោងនេះផង ឈើវៀចនេះផង ឈើ​ប្រកប​ដោយទោស2) នេះផង ដើម្បីធ្វើខ្នងកង់នេះ ខ្នងកង់នេះឯង ត្រឡប់ទៅជាខ្នងកង់មិនកោង មិនវៀច មិនប្រកបដោយទោស ជាខ្នងកង់ដ៏បរិសុទ្ធ នៅសុទ្ធតែខ្លឹម។ ម្នាលអាវុសោ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ​ក្នុងចិត្ត​យ៉ាងណាៗ ក៏សមីតិមាណព ជាកូនជាងរថ ចាំងឈើកោងនោះផង ឈើវៀច​នោះផង ឈើប្រកបដោយទោសនោះផង ដើម្បីធ្វើ​ខ្នងកង់រថនោះយ៉ាងនោះៗដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានចិត្ត​រីករាយ ហើយបញ្ចេញ​វាចាគួរជាទី​រីករាយថា សមីតិមាណពនេះ ហាក់ដូច​ជាដឹងចិត្ត ដោយចិត្ត ហើយទើបចាំង (នូវឈើ)។ ម្នាលអាវុសោ ពួកបុគ្គល​ណា ដែល​មិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលទៅកាន់​ផ្នួស ដោយ​មិនមានសទ្ធា ជាអ្នកអួតអាង ជាអ្នកមានមាយា ជាអ្នកបោកប្រាស ជាអ្នកមានចិត្តរាយ​មាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដី​ផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិន​ប្រកបក្នុងការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងធម៌របស់សមណៈ (ផ្នួស) មិនមាន​សេចក្តីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម​ធូរថយ ជាប្រធាន ខាងការប្រព្រឹត្ត​ជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មាន​ព្យាយាមថោកថយ មានសតិភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មាន​ចិត្ត​វិល​ទៅរកខុស ជាមនុស្ស​អប្បឥតប្រាជ្ញា ជាមនុស្សខ្លៅ ព្រះសារីបុត្រដ៏មានអាយុ ហាក់ដូចជាដឹងចិត្ត របស់ជនទាំងឡាយនោះ ដោយចិត្ត ហើយទើបទូន្មានតាម​ធម្មបរិយាយនេះឯង។ ចំណែកខាងពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយ​មាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដី​ផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ​ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មាន​សេចក្តី​គោរពក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មិនប្រព្រឹត្ត​ធូរ ដាក់ធុរៈចោល ក្នុងការប្រព្រឹត្ត​ជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មាន​ព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មាន​ចិត្តនឹង នៅក្នុង​អារម្មណ៍តែមួយ មានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ លុះកុលបុត្រ​ទាំងនោះ បានស្តាប់​ធម្មបរិយាយ​នេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបាន​ក្រេបផឹក បានលេបដោយពាក្យសំដី និងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារី​បុគ្គល រមែង (ញុំាង​ពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតាំងនៅក្នុងកុសល ដោយប្រពៃ​បាន។ ម្នាលអាវុសោ ដូចជាស្រី ឬប្រុសជំទង់ ឬកំឡោះ កំពុងចូលចិត្ត​នឹង​ការប្រដាប់កាយ កក់សីសៈរួចហើយ បាននូវកម្រងផ្កាឧប្បល ឬកម្រងផ្កាម្លិះ និងកម្រង​ផ្ការំដួល ក៏ទទួល​យកដោយដៃ​ទាំងពីរ ហើយតម្កល់លើ​សិរសា​ ជាអវយវៈ​ដ៏ខ្ពង់ខ្ពស់ ម្នាលអាវុសោ ពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយ​មាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដី​ផ្តេស​ផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ​ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មាន​សេចក្តី​គោរពក្លៀវក្លា ក្នុងសិក្ខា ជាអ្នកមិនល្មោភ មិនប្រព្រឹត្ត​ធូរ ជាអ្នកដាក់ធុរៈចោល ក្នុងការប្រព្រឹត្ត​ជ្រោក​ជ្រាក ជាប្រធានក្នុងវិវេកធម៌ មាន​ព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មាន​ចិត្តនឹង នៅក្នុង​អារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ កុលបុត្រ​ទាំងនោះ បានស្តាប់​ធម្មបរិយាយ​នេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបាន​ក្រេបផឹក បានលេប ដោយ​ពាក្យសំដី នឹងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារី​បុគ្គល រមែង (ញុំាង​ពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតម្កល់នៅក្នុងកុសល ដោយប្រពៃ ដូចសេចក្តី​ឧបមានេះឯង។ ព្រះមហានាគ3) ទាំងពីរអង្គនោះ រីករាយ ចំពោះ​សុភាសិតរបស់គ្នាទៅវិញទៅមក ដោយប្រការយ៉ាងនេះឯង។

ចប់ អនង្គណសូត្រ ជាគំរប់៥។

 

លេខយោង

1)
បានដល់​កិលេស​ដ៏ក្លៀវក្លា មានប្រការផ្សេងៗ។ អដ្ឋកថា។
2)
ឈើដែលជាប់ស្រាយ និងមានពក រដិបរដុប មិនស្មើ​ជាដើម។
3)
អដ្ឋកថា ថា អគ្គសាវ័កទាំងពីរអង្គ គឺ​ ព្រះសារីបុត្រ១ ព្រះមហាមោគ្គល្លាន១ ទាំងពីរអង្គនេះ លោកហៅថា មហានាគ។ (មួយទៀត) ព្រះថេរទាំងពីរអង្គនោះ រមែង​មិនលំអៀងទៅតាម​អគតិ មានឆន្ទាគតិ ជាដើម ហៅថា នាគ។ (ម្យ៉ាងទៀត) បុគ្គលដែលលែងមកកាន់កិលេស ដែលលោក​លះបង់កិលេសបានហើយ ក៏ហៅថា នាគ។ (មួយវិញទៀត) លោកលែងធ្វើ​កម្ម ដ៏លាមក មានប្រការផ្សេងៗ ក៏ហៅថា នាគដែរ។
km/tipitaka/sut/mn/sut.mn.005.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann