តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មូលបរិយាយវគ្គ »
ព្រះពុទ្ធបានពន្យល់អោយភិក្ខុជាអ្នកមានសីលបរិបូណ៍ មានបាតិមោក្ខបវិបូណ៍ សង្រួមក្នុងបាតិមោក្ខសំវរៈដើម្បីអាចសម្រេចផលផ្សេងៗតាមសេចក្ដីប្រាថ្នា។
mn 006 បាលី cs-km: sut.mn.006 អដ្ឋកថា: sut.mn.006_att PTS: ?
(ទី៦) អាកង្ខេយ្យសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ធ
(៦. អាកង្ខេយ្យសុត្តំ)
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ សង្រួមក្នុងបាតិមោក្ខសំវរៈ ចូរជាអ្នកមានអាចារៈ និងគោចរដ៏បរិបូណ៌ ឃើញភ័យក្នុងទោសត្រឹមតែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
[៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកសព្រហ្មចារី ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន។1)
[៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន។
[៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ ប្រើប្រាស់នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកទេវតា និងមនុស្សណា ការបូជាទាំងនោះ របស់ពួកទេវតា និងមនុស្សនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៧៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា ពួកញាតិ និងសាលោហិត របស់អាត្មាអញណា ដែលធ្វើមរណកាលទៅកាន់លោកខាងមុខហើយ មានចិត្តជ្រះថ្លា រលឹកឃើញ (អាត្មាអញ) ការនឹករលឹករបស់ញាតិ និងសាលោហិតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន។
[៧៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក2) និងសេចក្តីត្រេកអរ3) សេចក្តីអផ្សុក កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីអផ្សុក ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៧៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ដែលគួរស្ញើប ឯសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ហើយចំរើននូវសុញ្ញាគារស្ថាន។
[៨០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលាកំណត់ នូវឈានទាំង៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨១] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា វិមោក្ខធម៌ដ៏ស្ងប់រម្ងាប់ទាំងឡាយណា ជាអរូបជ្ឈាន កន្លងហួសនូវរូបាវចរជ្ឈាន សូមឲ្យអាត្មាអញ បាននូវវិមោក្ខធម៌ទាំងនោះ ដោយនាមកាយ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨២] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ ជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៣ប្រការ ព្រោះរាគៈ ទោសៈ មោហៈស្រាលស្តើង មកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ នូវការរម្ងាប់ចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៨៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាឱបបាតិកបុគ្គល (អនាគាមី) ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៥ប្រការ ជាចំណែកខាងក្រោម បរិនិព្វាន ក្នុងព្រហ្មលោកនោះ មានកិរិយាមិនត្រឡប់ចាកលោកនោះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បាននូវឥទ្ធិវិធញ្ញាណច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបានទៅជាមនុស្សច្រើននាក់ក៏បាន ច្រើននាក់និម្មិតខ្លួនឲ្យបានទៅជាមនុស្សម្នាក់ក៏បាន ដើរទៅក្នុងទីណា ក៏ចេះតែបាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ចេញទៅខាងក្រៅជញ្ជាំងក៏បាន នៅខាងក្នុងកំពែង ចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ចេញទៅខាងក្រៅភ្នំក៏បាន ឥតទើសទាល់ឡើយ ដូចជាគេដើរព្ធដ៏ទីវាល អាត្មាអញ ងើប មុជៗក្នុងផែនដី ដូចជាគេងើបមុជក្នុងទឹកក៏បាន អាត្មាអញ ដើរលើទឹក មិនបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អាត្មាអញ គប្បីទៅទាំងភ្នែន ឰដ៏អាកាស ដូចជាសត្វបក្សីសកុណៈក៏បាន អាត្មាអញ យកដៃទៅស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យទាំងពីរនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាចកាយ ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកនាយក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសនូវសោតធាតុ របស់មនុស្សធម្មតា ឮនូវសំឡេងពីរប្រការ គឺសំឡេងទិព្វ១ សំឡេងរបស់មនុស្ស១ ដែលជាសំឡេងឆ្ងាយក៏បាន ជិតក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់ដឹងចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តប្រកបដោយរាគៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី គប្បីដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី គប្បីដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី គប្បីដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី គប្បីដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ រលឹកឃើញនូវបុព្វេនិវាស (ជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ សំវដ្តកប្បដ៏ច្រើនខ្លះ វិវដ្តកប្បដ៏ច្រើនខ្លះ សំវដ្តវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ កើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទៅកើតក្នុងទីនោះ លុះអាត្មាអញ ទៅកើតក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ អាត្មាអញ សូមឲ្យរលឹកតាមនូវជាតិ ដែលអាស្រ័យនៅក្នុងកាលពីមុន បានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ សូមឲ្យដឹងច្បាស់ នូវពួកសត្វដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀលនូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់មនុស្សសុគតិ និងឋានសួគ៌ទេវលោក អាត្មាអញ សូមឲ្យមានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ (មួយទៀត) អាត្មាអញ សូមឲ្យដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការយ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ4) មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចូលទៅសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ពាក្យណាដែលតថាគត បានពោលហើយ (ក្នុងកាលមុន) ពាក្យដែលតថាគតពោលនេះ ព្រោះអាស្រ័យយកពាក្យនុ៎ះឯង ដោយប្រការដូច្នេះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ ដោយក្រៃលែង។
ចប់ អាកង្ខេយ្យសូត្រ ទី៦។