User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.007

វត្ថូបមសូត្រ ទី៧

សង្ខេប

ព្រះ​ពុទ្ធ​បាន​ពន្យល់​អំពី​ឧបក្កិលេស​នៃ​ចិត្តនិង​ការ​លះ​នូវ​កិលេស​ដើម្បី​ធ្វើ​អោយ​ចិត្ត​បរិសុទ្ធ។

mn 007 បាលី cs-km: sut.mn.007 អដ្ឋកថា: sut.mn.007_att PTS: ?

(ទី៧) វត្ថូបមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ធ

(៧. វត្ថសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងជេតវនារាម ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ពួក​ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។

[៩២] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូច​ជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ជាងជ្រលក់យកសំពត់នោះដាក់ក្នុង​គ្រឿង​ជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់​នោះ ក៏នៅតែមានពណ៌មិនល្អ មានពណ៌មិនស្អាត។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថាសំពត់នោះ មិនស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្ត​សៅហ្មងហើយ ទុគ្គតិ​នឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាសំពត់ស្អាតផូរផង់ ជាងជ្រលក់យកសំពត់នោះ ដាក់​ក្នុងគ្រឿង​ជ្រលក់​ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅ​ជា​មាន​ពណ៌ល្អ មានពណ៌ស្អាត។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថាសំពត់នោះស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្ត​មិនសៅហ្មងហើយ សុគតិ​នឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។

[៩៣] ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូច​ម្តេច។ គឺអភិជ្ឈាវិសមលោភៈ1) ជាឧបក្កិលេសនៃចិត្ត១ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត១ កោធៈ ជាឧបក្កិលេសនៃចិត្ត១ ឧបនាហៈ (ការចងកំហឹងទុក) ជាឧបក្កិលេសនៃចិត្ត១ មក្ខៈ (ការលុបគុណរបស់លោកអ្នកមានគុណ) ជាឧបក្កិលេសនៃចិត្ត១ បឡាសៈ (ការ​កាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបក្កិលេសនៃចិត្ត១ ឥស្សា (សេចក្តី​ច្រណែន) ជាឧបក្កិលេសនៃចិត្ត១ មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបក្កិលេស​នៃ​ចិត្ត​១ មាយា (ការប្រព្រឹត្តិលាក់ពុត បិទបាំងទោស) ជាឧបក្កិលេសនៃចិត្ត១ សាឋេយ្យៈ2) ជាឧបក្កិលេសនៃចិត្ត១ ថម្ភៈ3) (សេចក្តីរឹងត្អឹង) ជាឧបក្កិលេសនៃចិត្ត១ សារម្ភៈ4) (ការប្រណាំង​ប្រជែង) ជាឧបក្កិលេសនៃចិត្ត១ មានះ (សេចក្តី​ប្រកាន់​ខ្លួន) ជាឧបក្កិលេសនៃចិត្ត១ អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបក្កិលេស​នៃ​ចិត្ត​១ មទៈ (សេចក្តីស្រវឹង) ជាឧបក្កិលេសនៃចិត្ត១ បមាទៈ (ការប្រហែស​ធ្វេស ឬបណ្តែត​បណ្តោយចិត្ត ទៅក្នុងកាមគុណ) ជាឧបក្កិលេសនៃចិត្ត១។

[៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង​ លុះដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេស​នៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះកោធៈ ជាឧបក្កិលេសនៃចិត្តចេញ​បាន។ លុះដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឧបនាហៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមក្ខៈ ជាឧបក្កិលេសនៃចិត្តចេញ​បាន។ លុះដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបឡាសៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឥស្សា ជា​ឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះមាយា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះថម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសារម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវអតិមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវ មទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបមាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។

[៩៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេស​នៃចិត្ត។ ដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះកោធៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឧបនាហៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមក្ខៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបឡាសៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឥស្សា ជា​ឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមាយា ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះថម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសារម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះអតិមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ មទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបមាទៈ ជាឧបក្កិលេសនៃចិត្ត។ភិក្ខុនោះ រមែង​ជាអ្នកប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធដូច្នេះថា ព្រះមានព្រះភាគនោះ ព្រះអង្គ​ឆ្ងាយ​​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង​ដោយ​ប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះដឹង និង​ក្រិត្យ​​ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់​នូវត្រៃ​លោក ព្រះអង្គ​ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ​ជា​សារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គបានត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់​ភព​ថ្មីទៀត។ រមែង​ជាអ្នកប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុង​ព្រះធម៌ថា ព្រះ​បរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះលោកុត្តរ​ធម៌ ជាធម៌ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយ​បច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរ​ដល់ឯហិបស្សវិធី ជា​ធម៌ ​ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាច​នៃភាវនា ជាធម៌ ដែល​អ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល​ជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន។ រមែងជាអ្នកប្រកបដោយសេចក្តី​ជ្រះថ្លា មិនញាប់ញ័រ​ ក្នុងព្រះសង្ឃ​ថា ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តប្រពៃ ពួក​សាវ័កនៃព្រះមានព្រះភាគ ប្រតិបត្តត្រង់ ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិដើម្បី​ព្រះនិព្វាន ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិ​សមគួរ គឺប្រតិបត្តិ​គួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន៤គូ បើរាប់រៀង​ទៅបាន​៨ ពួកសាវ័ក របស់​ព្រះមានព្រះភាគ​នេះ គួរទទួល​នូវចតុប្បច្ច័យ ដែលបុគ្គល​នាំមក​អំពី​ចម្ងាយបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត​ នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។ កាលណា បើភិក្ខុនោះ លះចោល​ហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែង​ចោល​ហើយ រលាស់ចោល​ហើយ (នូវឧបក្កិលេសទាំងនោះ) ដោយឱធិ5) គឺមគ្គខាង​ក្រោម​ទាំង៣។ ភិក្ខុនោះ រមែងបាននូវសេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តី​ត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ​ដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាល​បើភិក្ខុ មានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅល្អ។ ក្នុងព្រះធម៌។បេ។ រមែង​បាននូវ​សេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីក​រាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ ជាអ្នក​ប្រកប​ដោយសេចក្តីជ្រះថ្លា មិន​ញាប់ញ័រ ក្នុងព្រះសង្ឃ​ដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់​រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏បានតម្កល់​នៅល្អ។ រមែង​បាននូវសេចក្តី​ត្រេកអរ​ក្នុង​អត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ បាន​លះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ នូវឧបក្កិលេសទាំងនោះ ដោយឱធិ គឺមគ្គខាងក្រោមទាំង៣ ដូច្នេះ កាលបើភិក្ខុ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុមានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់នៅល្អ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ រមែង​បរិភោគនូវបាយនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡ​ច្រើនមុខ មានម្ហូប​ក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយ ដល់​ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិល​កាន់ ហើយទៅជាសំពត់ស្អាតផូរផង់ ព្រោះតែអាស្រ័យ​ទឹកថ្លា ម្យ៉ាងទៀត មាសដែល​បរិសុទ្ធ​​ស្អាត ផូរផង់ ព្រោះអាស្រ័យ​មាត់បាវ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ បរិភោគនូវបិណ្ឌបាត​នៃ​ស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការ​បរិភោគនោះ មិនមានអន្តរាយដល់ភិក្ខុនោះ យ៉ាងនោះដែរ។

[៩៧] ភិក្ខុនោះ រមែងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស១ ផ្សាយ​ទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ រមែង​មានចិត្តប្រកបដោយមេត្តា ជាចិត្តធំ​ទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង6) ផ្សាយទៅកាន់ទិសទាំងពួង ដោយប្រការទាំងពួង ក្នុង​ទីទាំងពួង។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្ត​ប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ ​មានចិត្តប្រកបដោយឧបេក្ខា ជាចិត្ត​ធំ​ទូលាយ ដល់នូវភាវៈជាធំ រក​ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងពួង ដោយប្រការទាំងពួង ក្នុងទី​ទាំងពួង។ ភិក្ខុនោះ រមែងដឹងច្បាស់ថា ទុក្ខសច្ចនេះនៅ​មាន សមុទយសច្ច ដែលគួរ​លះបង់ នៅមាន មគ្គសច្ច ដ៏ប្រសើរក៏នៅមាន និរោធសច្ច ជាគ្រឿង​រលាស់ចេញនូវ​សញ្ញានេះតទៅ ក៏នៅមាន។ កាលភិក្ខុនោះដឹងយ៉ាងនេះ​ហើយ ឃើញយ៉ាងនេះ​ហើយ ចិត្ត​រមែង​រួចចាក​កាមាសវៈផង ចិត្តរមែង​រួចចាក​ភវាសវៈផង ចិត្តរមែង​រួចចាក​អវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ប្រាជ្ញាក៏​កើតឡើង​ថា ចិត្តរួចស្រឡះ​ហើយ ដូច្នេះ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គ​ព្រហ្មចារ្យ (របស់​អាត្មាអញ) បាននៅរួចហើយ សោឡសកិច្ច ដែលអាត្មាអញ​ត្រូវធ្វើ ក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកលាងជំរះ ដោយគ្រឿង​សម្រាប់លាងជំរះ (នូវកិលេស) ខាងក្នុង។

[៩៨] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះ សុន្ទរិកភារទ្វាជៈ អង្គុយ​នៅជិតព្រះមានព្រះភាគ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា ចុះព្រះគោតមដ៏ចំរើន ធ្លាប់ស្តេចទៅកាន់ស្ទឹង​ពាហុកា ដើម្បី​លាងជំរះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍​អ្វី​ ដោយស្ទឹងពាហុកា ស្ទឹង​ពាហុកានោះ នឹងធ្វើអ្វីឲ្យ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រ​​ព្រះគោតមដ៏ចំរើន ព្រោះថា ស្ទឹងពាហុកា មានជនច្រើន​គ្នាសន្មតហើយ ថាជា​ស្ទឹងបរិសុទ្ធ បពិត្រ​ព្រះគោតមដ៏ចំរើន ព្រោះថាស្ទឹងពាហុកា មានជនច្រើន​គ្នា​សន្មត​ហើយ ថាជាបុណ្យ ម្យ៉ាងទៀត ជនច្រើន​គ្នា តែង​បណ្តែត​បាបកម្ម ដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹង​ពាហុកា (នេះដែរ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង​ដោយបទ​គាថាទាំងឡាយ ចំពោះ​សុន្ទរិកភារទ្វាជព្រាហ្មណ៍ថា

ជនពាល មានកម្មអាក្រក់ (ក្នុងសន្តាន) បើទុកជាចូលទៅកាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះ អធិកក្កៈក្តី កាន់កំពង់ឈ្មោះ​គយាក្តី7) កាន់ស្ទឹងឈ្មោះ សុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះ​សរស្សតីក្តី កាន់​កំពង់​ឈ្មោះ​បយាគៈ​ក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាលជានិច្ច ក៏នៅតែ​មិន​ស្អាតឡើយ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកា នឹងធ្វើអ្វីឲ្យ កំពង់ឈ្មោះ​បយាគៈ នឹងធ្វើអ្វីឲ្យ ស្ទឹងឈ្មោះ​ពាហុកា នឹងធ្វើអ្វីឲ្យ។ ព្រោះថា ស្ទឹងឈ្មោះ​សុន្ទរិកា​ជាដើម មិនដែលលាង​ជំរះសត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើ​ហើយ មានកម្មដ៏លាមកនោះ ឲ្យស្អាតបានឡើយ ផគ្គុណឬក្ស តែង​មាន​សព្វ​ៗ​កាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមានសព្វៗកាល ដល់បុគ្គល ដែល​បរិសុទ្ធ ការកាន់យកនូវវត្ត តែង​សម្រេច​សព្វៗកាល ដល់បុគ្គល​ដែល​បរិសុទ្ធ មានកម្មដ៏ស្អាត។ ម្នាលព្រាហ្មណ៍ អ្នកចូរ​លាងជំរះខ្លួន ក្នុងសាសនា​តថាគតនេះវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្ត ចំពោះ​ពួកសត្វ​ទាំងពួងចុះ បើ​អ្នក​មិននិយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នក​មិនកាន់យកនូវ​ទ្រព្យ ដែលគេមិនបានឲ្យ មានចិត្តជឿហើយ មិនមាន​សេចក្តី​កំណាញ់ អ្នកចាំបាច់​ទៅ​កាន់​កំពង់​ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ)។

[៩៩] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើប​សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ដូចជាគេផ្ងារ របស់​ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែក តែងមើលឃើញ​រូប​ទាំង​ឡាយ​បាន ខ្ញុំ​ព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទី​ពឹង ទីរលឹក ខ្ញុំព្រះអង្គ សូមបានបព្វជ្ជា សូមបាន​នូវឧបសម្បទា ក្នុងសំណាក់នៃ​ព្រះគោតម​​ដ៏ចំរើន។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុង​សំណាក់​​នៃព្រះមានព្រះភាគ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិន​ទាន់​​អស់កាលយូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នក​មិនប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែល​ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរ​ធម៌​​ណា (ភារទ្វាជភិក្ខុ) ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌នោះ ជាទីបំផុត​នៃមគ្គ​ព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើត​របស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អញក៏បាន​នៅរួចហើយ កិច្ចដែល​ត្រូវធ្វើ អញក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុ ដ៏មានអាយុ ក៏ជាព្រះអរហន្ត​មួយអង្គដែរ។

ចប់ វត្ថូបមសូត្រ ជាគំរប់៧។

 

លេខយោង

1)
សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួន ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យ​របស់អ្នកដទៃ ហៅថា វិសមលោភៈ មួយទៀត​ថា សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលគួរ ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលមិនគួរ ហៅថា វិសមលោភៈ។
2)
សាឋេយ្យៈ ប្រែថាការអួតអាង ឬអែបអប នេះជាអំពើពុតត្បុត របស់បុគ្គលជាអ្នក​ឡែបឡប អួតគុណវិជ្ជាដែលមិនមាន​ក្នុងខ្លួន ធ្វើអាការ​មិនឲ្យខុសនឹងអ្នកណា មាន​អាការ​ដូចត្រីអានន្ទមច្ឆៈ ឃើញពួកត្រីមក ក៏បង្ហាញ​កន្ទុយ ថាយើងជាត្រីដូចគ្នា ឃើញ​ពួកពស់មក ក៏បង្ហាញក្បាល ថាយើង​ជាពស់​ដូចគ្នា តែក្នុងអដ្ឋកថា ព្រះអភិធម្ម​ថា បុគ្គលដែលប្រកបដោយសាឋេយ្យៈ មានភាពដូច​សត្វម្យ៉ាង មើល​អំពី​ខាងឆ្វេង ដូចជាសត្វជ្រូក មើលអំពីខាងស្តាំ ដូចសត្វ​ពពែ ស្តាប់សំឡេង ដូច​សំឡេង​ចៀម មើលទៅស្នែង ដូចគោចាស់។
3)
ក្នុងអដ្ឋកថាព្រះអភិធម្មថា សេចក្តីរឹងត្អឹងរបស់ចិត្ត ប្រៀបដូច​សំពត់សាដក ដែលរឹង​ដោយ​បាយម៉ាន បុគ្គលដែលប្រកបដោយថម្ភៈ​នោះ រមែងជាអ្នកគ្មានសភាពរាបទាប ជាអ្នកព្រហើនប៉ោងឡើង ប្រៀបដូចពស់ថ្លាន់ ដែល​លេបផ្នៀង​នង្គ័ល ឬប្រៀបដូច​ផ្លោក​ស្បែក​ ដែលពេញដោយខ្យល់ កាលបើឃើញចេតិយ ឬបុគ្គលចាស់ជាងខ្លួន ក៏​មិន​ធ្វើ​សេចក្តីឱនលំទោន។
4)
សារម្ភៈ មានលក្ខណៈធ្វើអំពើ​ឲ្យ​លើសលុបជាងគេ ចែកជាពីរផ្នែក ជាអកុសលក៏មាន ជា​កុសល​ក៏មាន ចំណែកខាង​គ្រហស្ថ កាលបើឃើញគេធ្វើ​គ្រឿងប្រដាប់​កាយជាដើម ក៏ប្រឹងឲ្យច្រើន​ជាងគេ​ជាទ្វេគុណ ចំណែកអ្នកបួស កាលបើឃើញគេរៀនធម៌​បាន​ប៉ុន្មានៗ ក៏ខំប្រឹង​រៀន​ឲ្យបាន​ច្រើនជាងគេជាទ្វេគុណ ម្យ៉ាងទៀត ចំណែកគ្រហស្ថ កាលបើឃើញគេធ្វើ​សលាកភត្ត១ ខ្លួនក៏ចង់ធ្វើឲ្យបានពីរ ឬបី ចំណែក​អ្នកបួស កាល​បើ​ឃើញ​គេរៀន​បានគម្ពីរ​និកាយ១ ខ្លួនក៏ចង់រៀន​ឲ្យបាន​និកាយពីរ តែក្នុងទីនេះ សំដៅ​យកតែ​អកុសល។
5)
ឱធិ ប្រែថា ចំណែក​ ឬជួៗ
6)
ទិស​អាគ្នេយ៍១ ទិសនិរតី១ ទិសពាយ័ព្យ១ ទិសឦសាណ១។
7)
កំពង់មានសណ្ឋាន​ដូច​បឹង​មូល។
km/tipitaka/sut/mn/sut.mn.007.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann