តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មូលបរិយាយវគ្គ »
ព្រះពុទ្ធបានពន្យល់អធិប្បាយ អំពីសេចក្ដីផូរផង់ដោយការចម្រើនកុសលធម៌ ដើម្បីវៀរចាកអកុសលធម៌ទាំងឡាយញំុាងសត្វលោកអោយទៅកាន់ទីខ្ពស់។ អ្នកផ្សេងប្រហែលជាធ្វើខុស ប៉ុន្តែសំខាន់ គឺរក្សា«សម្មាមានះ»។ «បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែលមានទេ។…»
mn 008 បាលី cs-km: sut.mn.008 អដ្ឋកថា: sut.mn.008_att PTS: ?
(ទី៨) សល្លេខសូត្រ
«ពន្លត់»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ អានដោយ ឧបាសិកា វិឡា
(៨. សល្លេខសុត្តំ)
[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានជោគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាចុន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ1) ទាំងឡាយច្រើនប្រការ ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ2) ប្រកបដោយលោកវាទខ្លះ3) កើតឡើងក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុធ្វើទុកក្នុងចិត្តជាដំបូង តើលះទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ ចោលទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ បានឬទេ។
[១០១] ព្រះអង្គត្រាស់ថា ម្នាលចុន្ទ ទិដ្ឋិទាំងឡាយមានច្រើនប្រការណា ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយលោកវាទខ្លះ កើតឡើងក្នុងលោក ក៏ទិដ្ឋិទាំងឡាយនោះ កើតក្នុងបញ្ចក្ខន្ធណា ដេកសម្ងំនៅក្នុងបញ្ចក្ខន្ធណា ផុសផុលឡើង ក្នុងបញ្ចក្ខន្ធណា កាលបើភិក្ខុឃើញច្បាស់ នូវបញ្ចក្ខន្ធនុ៎ះ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នេះមិនមែនរបស់អញ នេះមិនមែនអញ នេះមិនមែនខ្លួនរបស់អញដូច្នេះ ការលះបង់នូវទិដ្ឋិទាំងឡាយនេះ គង់មានដោយឧបាយយ៉ាងនេះបាន ការរលាស់ចោល នូវទិដ្ឋិទាំងឡាយនោះ គង់មានដោយឧបាយយ៉ាងនេះបាន។
[១០២] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងវិន័យរបស់ព្រះអរិយៈទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងវិន័យរបស់ព្រះអរិយៈ (ប៉ុណ្ណោះ)។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលទុតិយជ្ឈាន ដែលកើតក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ ព្រោះស្ងប់រម្ងាប់វិតក្កៈ និងវិចារៈ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យ ប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានចិត្តព្រងើយកន្តើយ ព្រោះនឿយណាយ ចាកបីតិ តែមានស្មារតី និងដឹងខ្លួន ទទួលសេចក្តីសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលប្រកបដោយតតិយជ្ឈាននោះថា បុគ្គលប្រកបដោយតតិយជ្ឈាន មានចិត្តព្រងើយកន្តើយ មានស្មារតីនៅជាសុខ ដូច្នេះ ដោយតតិយជ្ឈានណា (ភិក្ខុនោះ) ក៏បានចូលតតិយជ្ឈាននោះ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា មិនទុក្ខ មិនសុខ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅនៃសោមនស្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ភិក្ខុនោះ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។
[១០៣] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលអាកាសានញ្ចាយតនៈ ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនកំណត់ក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយសព្វគ្រប់ ភិក្ខុនោះ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសអាកាសានញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលវិញ្ញាណញ្ចាយតនៈ ដោយគិតថា វិញ្ញាណមិនមានទីបំផុត ភិក្ខុនោះ ក៏មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវវិញ្ញាណញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈ ដោយគិតថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវអាកិញ្ចញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។
[១០៤] ម្នាលចុន្ទ អ្នកត្រូវធ្វើសេចក្តីផូរផង់ ក្នុងវត្ថុ មានការមិនបៀតបៀនជាដើមនេះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងជាអ្នកមិនបៀតបៀនក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងជាអ្នកវៀរចាកកិរិយាបំបាត់ជីវិត ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងកាន់យកនូវរបស់ដែលគេមិនបានឲ្យ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការកាន់យកនូវរបស់ ដែលគេមិនបានឲ្យ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រព្រឹត្តនូវធម៌មិនប្រសើរ ក្នុងវត្ថុណា ពួកយើងនឹងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងនិយាយពាក្យកុហក ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការនិយាយពាក្យកុហក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីញុះញង់ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីញុះញង់ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីទ្រគោះ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីទ្រគោះ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការពោលពាក្យឥតប្រយោជន៍ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ មានសេចក្តីគយគន់ (ចង់បានទ្រព្យអ្នកដទៃ) ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីគយគន់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានចិត្តគុំកួន ក្នុងវត្ថុណា ពួកយើងនឹងមិនមានចិត្តគុំកួន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាមិច្ឆាទិដ្ឋិ ក្នុងវត្ថុណា ពួកយើងនឹងជាសម្មាទិដ្ឋិ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានតម្រិះខុស ក្នុងវត្ថុណា ពួកយើងនឹងមានតម្រិះត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីខុស ក្នុងវត្ថុណា ពួកយើងនឹងមានសំដីត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានការងារខុស ក្នុងវត្ថុណា ពួកយើងនឹងមានការងារត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចិញ្ចឹមជីវិតខុស ក្នុងវត្ថុណា ពួកយើងនឹងចិញ្ចឹមជីវិតត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានព្យាយាមខុស ក្នុងវត្ថុណា ពួកយើងនឹងមានព្យាយាមត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីរលឹកខុស ក្នុងវត្ថុណា ពួកយើងនឹងមានសេចក្តីរលឹកត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសមាធិខុស ក្នុងវត្ថុណា ពួកយើងនឹងមានសមាធិត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានញាណខុស ក្នុងវត្ថុណា ពួកយើងនឹងមានញាណត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានវិមុត្តិខុស ក្នុងវត្ថុណា ពួកយើងនឹងមានវិមុត្តិត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានថីនមិទ្ធៈគ្របសង្កត់ ក្នុងវត្ថុណា ពួកយើងនឹងមានថីនមិទ្ធៈទៅប្រាសហើយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកបដោយសេចក្តីរាយមាយ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីរាយមាយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីសង្ស័យ ក្នុងវត្ថុណា ពួកយើងនឹងមានសេចក្តីសង្ស័យកន្លងផុតហើយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចងសេចក្តីក្រោធទុក ក្នុងវត្ថុណា ពួកយើងនឹងមិនចងសេចក្តីក្រោធទុក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងលុបលាងគុណគេ ក្នុងវត្ថុណា ពួកយើងនឹងមិនលុបលាងគុណគេ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងតម្កើងឫកស្មើ ក្នុងវត្ថុណា ពួកយើង នឹងមិនតម្កើងឫកស្មើ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងច្រណែន ក្នុងវត្ថុណា ពួកយើងនឹងមិនច្រណែន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីកំណាញ់ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីកំណាញ់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអួតអាង ក្នុងវត្ថុណា ពួកយើងនឹងមិនអួតអាង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមាយា ក្នុងវត្ថុណា ពួកយើងនឹងមិនមានមាយា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងរឹងត្អឹង ក្នុងវត្ថុណា ពួកយើងនឹងមិនរឹងត្អឹង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីមើលងាយគេ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីមើលងាយគេ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកដែលគេប្រដៅក្រ ក្នុងវត្ថុណា ពួកយើងនឹងជាអ្នកដែលគេប្រដៅងាយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមិត្តអាក្រក់ ក្នុងវត្ថុណា ពួកយើងនឹងមានមិត្តល្អ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រហែសធ្វេស ក្នុងវត្ថុណា ពួកយើងនឹងមិនប្រហែសធ្វេស ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនមានសទ្ធា ក្នុងវត្ថុណា ពួកយើងនឹងមានសទ្ធា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្មាសបាប ក្នុងវត្ថុល្អណា ពួកយើងនឹងមានចិត្តខ្មាសបាប ក្នុងវត្ថុល្អនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្លាចបាប ក្នុងវត្ថុណា ពួកយើងនឹងខ្លាចបាប ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនរៀនសូត្រ ក្នុងវត្ថុណា ពួកយើងនឹងរៀនសូត្រច្រើន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងខ្ជិលច្រអូស ក្នុងវត្ថុណា ពួកយើងនឹងមានព្យាយាមប្រឹងប្រែង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីភ្លេចភ្លាំង ក្នុងវត្ថុណា ពួកយើងនឹងប្រុងស្មារតី ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអាប់ឥតប្រាជ្ញា ក្នុងវត្ថុណា ពួកយើងនឹងមានប្រាជ្ញា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ។
[១០៥] ម្នាលចុន្ទ តថាគតពោលចំពោះការកើតឡើង នៃចិត្តក្នុងកុសលធម៌ទាំងឡាយថា មានឧបការៈច្រើន នឹងពោលទៅថ្វីក្នុងការតាក់តែងដោយកាយ ឬដោយវាចា។ ម្នាលចុន្ទ ព្រោះហេតុនោះ អ្នកត្រូវញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងមិនបៀតបៀន ក្នុងវត្ថុនុ៎ះ។ អ្នកត្រូវញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹង បំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការបំបាត់ជីវិតសត្វ ក្នុងវត្ថុនុ៎ះ។បេ។ អ្នកត្រូវញុំាងចិត្ត ឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ ក្នុងវត្ថុនុ៎ះ។
[១០៦] ម្នាលចុន្ទ ដូចជាផ្លូវមិនស្មើ4) មានផ្លូវស្មើដទៃ សម្រាប់ចៀសវាងផ្លូវមិនស្មើនោះ ម្នាលចុន្ទ ពុំនោះសោត ដូចកំពង់មិនស្មើ5) មានកំពង់ស្មើឯទៀត សម្រាប់ចៀសវាងកំពង់មិនស្មើនោះ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរសបុគ្គលជាអ្នកបៀតបៀន រមែងមានការមិនបៀតបៀនសម្រាប់ចៀសវាងចេញ មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏ប្រសើរសម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកនិយាយពាក្យកុហក មានចេតនាវៀរចាកពាក្យកុហក សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកពោលពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការពោលពាក្យឥតប្រយោជន៍ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានចិត្តរំពៃចង់បានទ្រព្យរបស់គេ មានការមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានចិត្ត ចង់ឲ្យគេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសេចក្តីយល់ឃើញខុស មានការយល់ឃើញត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល មានការចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានញាណខុស មានញាណត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានថីនមិទ្ធៈគ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានចិត្តរាយមាយ មានចិត្តមិនរាយមាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកចងសេចក្តីក្រោធទុក មានការមិនចងសេចក្តីក្រោធទុក សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកប្រណាំងវាសនា មានការមិនប្រណាំងវាសនា សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកច្រណែន មានការមិនច្រណែន សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកកំណាញ់ មានសេចក្តីកំណាញ់ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកអួតអាង មានការមិនអួតអាង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលាកពុត មានការមិនលាក់ពុត សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នករឹងត្អឹង មានសេចក្តីមិនរឹងត្អឹង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមើលងាយគេ មានសេចក្តីមិនមើលងាយគេ សម្រាប់ចៀសវាង។ បុរសបុគ្គល ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានងាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានមិត្តអាក្រក់ មានភាវៈជាអ្នកមានមិត្តល្អ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេសប្រហែស សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនជឿ មានការជឿ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនខ្លាចបាប មានសេចក្តីខ្លាចបាប សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នករៀនសូត្រតិច មានការរៀនសូត្រច្រើន សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានស្មារតីភ្លេចភ្លាំង មានភាវៈ ជាអ្នកមានស្មារតីតម្កល់ខ្ជាប់សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកអាប់ឥតប្រាជ្ញា មានការបរិបូណ៌ដោយប្រាជ្ញា សម្រាប់ចៀសវាង។ បុរសបុគ្គល ជាអ្នកមានសេចក្តីប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានភាវៈជាអ្នកមិនបានប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិ បានដោយងាយសម្រាប់ចៀសវាង។
[១០៧] ម្នាលចុន្ទ ធម៌ទាំងឡាយណានីមួយ ជាអកុសល ធម៌ទាំងអស់នោះ តែងញុំាងសត្វឲ្យធ្លាក់ទៅទាប ធម៌ទាំងឡាយណានីមួយ ជាកុសល ធម៌ទាំងអស់នោះ តែងញុំាងសត្វឲ្យឡើងទៅទីខ្ពស់ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរសបុគ្គលអ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់ ក៏មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានកិច្ចវៀរចាកការសម្លាប់សត្វ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ បុរសបុគ្គលអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានការមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយងាយ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។
[១០៨] ម្នាលចុន្ទ បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ លុះតែបុគ្គលណា មិនមុជចុះក្នុងភក់ គឺកាមគុណដោយខ្លួនឯងទេ បុគ្គលនោះឯង ទើបជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណ ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ បុគ្គលណា មិនទាន់បានប្រដៅចិត្ត មិនទាន់បានទូន្មានចិត្ត មិនទាន់រំលត់កិលេស ដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ បុគ្គលណាបានប្រដៅ បានទូន្មាន បានរំលត់កិលេសដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ ដូចយ៉ាងបុរសបុគ្គល អ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់រំលត់។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់រំលត់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់រំលត់។ បុរសបុគ្គលអ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏ប្រសើរ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយកុហក មានចេតនាវៀរចាកពាក្យកុហក សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់រំលត់។ បុរសបុគ្គលអ្នកនិយាយពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការនិយាយពាក្យឥតប្រយោជន៍ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរំពៃចង់បានទ្រព្យរបស់គេ មានចិត្តមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តចង់ឲ្យគេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់រំលត់។ បុរសបុគ្គលអ្នកយល់ខុស មានសេចក្តីយល់ត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានញាណខុស មានញាណត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានថីនមិទ្ធៈ គ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរាយមាយ មានការមិនមានចិត្តរាយ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ សម្រាប់រំលត់។ បុរសបុគ្គល អ្នកចងសេចក្តីក្រោធទុក មានការមិនចងសេចក្តីក្រោធទុក សម្រាប់រំលត់។ បុរសបុគ្គល អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់រំលត់។ បុរសបុគ្គល អ្នកប្រណាំងវាសនា មានការមិនប្រណាំងវាសនា សម្រាប់រំលត់។ បុរសបុគ្គល អ្នកច្រណែន មានការមិនច្រណែន សម្រាប់រំលត់។ បុរសបុគ្គល អ្នកកំណាញ់ មានសេចក្តីមិនកំណាញ់ សម្រាប់រំលត់។ បុរសបុគ្គល អ្នកអួតអាង មានការមិនអួតអាង សម្រាប់រំលត់។ បុរសបុគ្គល អ្នកលាក់ពុត មានការមិនលាក់ពុត សម្រាប់រំលត់។ បុរសបុគ្គល អ្នករឹងត្អឹង មានសេចក្តីមិនរឹងត្អឹង សម្រាប់រំលត់។ បុរសបុគ្គល អ្នកមើលងាយគេ មានសេចក្តីមិនមើលងាយគេ សម្រាប់រំលត់។ បុរសបុគ្គល ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានដោយងាយ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានមិត្រអាក្រក់ មានមិត្រល្អ សម្រាប់រំលត់។ បុរសបុគ្គល អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេសប្រហែស សម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនជឿ មានការជឿសម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់រំលត់។ បុរសបុគ្គល អ្នកមិនខ្លាចបាប មានសេចក្តីខ្លាចបាប សម្រាប់រំលត់។ បុរសបុគ្គល អ្នករៀនសូត្រតិច មានការរៀនសូត្រច្រើន សម្រាប់រំលត់។ បុរសបុគ្គល អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានស្មារតីភ្លេចភ្លាំង មានស្មារតីតម្កល់ខ្ជាប់ សម្រាប់រំលត់។ បុរសបុគ្គល អាប់ឥតប្រាជ្ញា មានការបរិបូណ៌ដោយប្រាជ្ញា សម្រាប់រំលត់។ បុរសបុគ្គល អ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងមានលទ្ធិ ដែលគេឲ្យលះបង់បានដោយក្រ មានសេចក្តីមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងមានលទ្ធិ ដែលគេឲ្យលះបង់បានដោយងាយ សម្រាប់រំលត់។
[១០៩] ម្នាលចុន្ទ តថាគតបានសំដែងនូវហេតុនៃសេចក្តីផូរផង់ហើយ បានសំដែងនូវហេតុនៃការកើតឡើងនៃចិត្តហើយ បានសំដែងនូវហេតុនៃការចៀសវាង (នូវបាបធម៌ មានការបៀតបៀនជាដើម) ហើយ បានសំដែងនូវហេតុនៃការកើតក្នុងជាន់ខ្ពស់ហើយ បានសំដែងនូវហេតុ ជាគ្រឿងរំលត់ហើយ ដោយប្រការដូច្នេះឯង។ ម្នាលចុន្ទ កិច្ចណាដែលសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត អាស្រ័យសេចក្តីអនុគ្រោះ បានធ្វើហើយដល់អ្នកទាំងឡាយ។ ម្នាលចុន្ទ ពួកអ្នកចូរពិចារណា នូវរុក្ខមូលសេនាសនៈ និងផ្ទះស្ងាត់នុ៎ះចុះ ម្នាលចុន្ទ ពួកអ្នកកុំប្រមាទឡើយ កុំជាបុគ្គលមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់យើង ដល់អ្នកទាំងឡាយ។ លុះព្រះមានជោគ បានទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមហាចុន្ទដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ បទ6) ៤៤ ព្រះមានព្រះភាគ បានត្រាស់សំដែងហើយ សន្ធិ7) ៥ ព្រះមានព្រះភាគ ក៏បានសំដែងហើយ សូត្រ (នេះ) ឈ្មោះសល្លេខៈ ព្រោះមានសេចក្តីជ្រាលជ្រៅ ឧបមាដូចសាគរ។
ចប់ សល្លេខសូត្រ ទី៨។