km:tipitaka:sut:mn:sut.mn.009

សម្មាទិដ្ឋិសូត្រ ទី៩

សង្ខេប

នៅ​ក្នុង​សូត្រ​នេះ​ព្រះ​សារីបុត្រ​បាន​ពន្យល់​ភិក្ខុ​អំពី៖​អរិយ​សច្ចៈ សេច​ក្តីកើត​ឡើង​នៃ​អាហារ ព្រោះ​សេចក្តី​កើត​ឡើង​នៃ​តណ្ហា សេចក្តី​រំលត់​អាហារ ព្រោះ​សេចក្តី​រំលត់​នៃ​តណ្ហា បាន​ដល់​មគ្គ ប្រកប​ដោយ​អង្គ​៨ ជា​សេចក្ដី​ប្រតិបត្តិ ជា​ដំណើរ​ទៅ ដើម្បី​រំលត់​អាហារ ។

mn 009 បាលី cs-km: sut.mn.009 អដ្ឋកថា: sut.mn.009_att PTS: ?

(ទី៩) សម្មាទិដ្ឋិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយ ឧបាសិកា ស្រីនាង

(៩. សម្មាទិដ្ឋិសុត្តំ)

[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្រ​ដ៏​មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ1) ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលតបពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាល​អាវុសោ2) ដូច្នេះ។ ព្រះសារីបុត្រដ៏មានអាយុ បានសួរពាក្យនេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ តែងត្រាស់ថា សម្មាទិដ្ឋិៗ3) ដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័កជាសម្មាទិដ្ឋិ4) ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយនោះ ឆ្លើយតបថា ម្នាលអាវុសោ យើង​ទាំងឡាយ​មកអំពីចម្ងាយ ដើម្បីដឹងសេចក្តី​នៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះសារីបុត្រដ៏មានអាយុ យើងសូមអង្វរ សូមព្រះសារីបុត្រដ៏មានអាយុ សំដែង​សេចក្តីនៃ​ភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់​ព្រះសារីបុត្រដ៏​មានអាយុហើយ នឹងចាំទុក។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ ប្រុងស្តាប់ចុះ ចូរធ្វើ​ទុកក្នុងចិត្ត ឲ្យប្រពៃ​ចុះ ខ្ញុំនឹង​សំដែង​ឥឡូវនេះ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយ​ពាក្យថា ករុណាអាវុសោ។

[១១១] ព្រះសារីបុត្រដ៏មានអាយុ ក៏បានសំដែង​សេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវអកុសលផង ដឹងច្បាស់​នូវអកុសលមូលផង ដឹងច្បាស់​នូវកុសលផង ដឹងច្បាស់​នូវកុសលមូលផង ម្នាលអាវុសោទាំងឡាយ ព្រះអរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកប​ដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ក្នុងកាលនោះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ អកុសល តើដូច​ម្តេច។ ម្នាលអាវុសោទាំងឡាយ បាណាតិបាត ជាអកុសល១ អទិន្នាទាន ជាអកុសល១ កាមេសុ មិច្ឆាចារ ជាអកុសល១ មុសាវាទ ជាអកុសល១ បិសុណាវាចា ជាអកុសល១ ផរុសវាចា ជាអកុសល១ សម្ផប្បលាបៈ ជាអកុសល១ អភិជ្ឈា ជាអកុសល១ ព្យាបាទ ជាអកុសល១ មិច្ឆាទិដ្ឋិ ជាអកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសល។ ម្នាលអាវុសោទាំងឡាយ អកុសលមូល តើដូចម្តេច។ លោភៈ ជាអកុសលមូល១ ទោសៈ ជាអកុសលមូល១ មោហៈ ជាអកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសលមូល។ ម្នាលអាវុសោទាំងឡាយ កុសល តើដូចម្តេច។ ចេតនាវៀរចាកបាណាតិបាត ជាកុសល១ ចេតនាវៀរចាកអទិន្នាទាន ជាកុសល១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ ជាកុសល១ ចេតនាវៀរចាកមុសាវាទ ជាកុសល១ ចេតនាវៀរចាកបិសុណាវាចា ជាកុសល១ ចេតនាវៀរចាកផរុសវាចា ជាកុសល១ ចេតនាវៀរចាកសម្ផប្បលាបៈ ជាកុសល១ ការមិនមានអភិជ្ឈា ជាកុសល១ ការមិនមានព្យាបាទ ជាកុសល១ សម្មាទិដ្ឋិ ជាកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសល។ ម្នាល​អាវុសោ​ទាំងឡាយ កុសលមូល តើដូចម្តេច។ អលោភៈ ជាកុសលមូល១ អទោសៈ ជា​កុសល​មូល១ អមោហៈ ជាកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសលមូល។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវអកុសលយ៉ាងនេះ ដឹង​ច្បាស់នូវអកុសលមូលយ៉ាងនេះ ដឹងច្បាស់នូវកុសលយ៉ាងនេះ ដឹងច្បាស់នូវ​កុសលមូល​​យ៉ាងនេះ អរិយសាវ័កនោះ លះបង់​រាគានុស័យ បន្ទោបង់នូវ​បដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមានដូច្នេះ ហើយលះបង់​នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើត ធ្វើនូវ​ទីបំផុត ​នៃទុក្ខក្នុងបច្ចុប្បន្ន ដោយសព្វ​គ្រប់​បាន ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបាន​មក​កាន់​​ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះឯង។

[១១២] ភិក្ខុទាំងឡាយនោះ ត្រេកអរ អនុមោទនា ចំពោះ​ភាសិត របស់ព្រះ​សារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាលអាវុសោ ប្រពៃហើយ ទើបសួរប្រស្នា​តទៅ​ទៀត នឹងព្រះសារីបុត្រ ដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជា​អ្នក​​មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ ហើយបានមក​កាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយ​ដទៃទៀត មានដែរឬ។

[១១៣] ព្រះសារីបុត្រដ៏មានអាយុ បានឆ្លើយថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយ (តទៅថា) ម្នាលអាវុសោទាំងឡាយ កាលណាអរិយ​សាវ័ក ស្គាល់ច្បាស់នូវអាហារ គឺបច្ច័យផង ស្គាល់ច្បាស់នូវសេចក្តី​កើតឡើង​នៃ​អាហារ​​ផង ស្គាល់ច្បាស់នូវសេចក្តីរំលត់​អាហារផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ ជាដំណើរដើម្បីរំលត់​អាហារផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានចិត្តត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយ​បាន​មក​កាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោ​ទាំង​ឡាយ អាហារតើដូចម្តេច សេចក្តីកើតឡើងនៃអាហារ តើដូចម្តេច សេចក្តីរំលត់នៃ​អាហារ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់​អាហារ តើដូចម្តេច។ ម្នាល​អាវុសោទាំងឡាយ អាហារ៤យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​ឋិតនៅ ដល់ពួកសត្វ ដែលជាភូត5) ផង ដើម្បីអនុគ្រោះ​ដល់ពួកសត្វ ដែលជាសម្ភវេសី6) ផង។ អាហារទាំង៤យ៉ាង តើដូចម្តេច។ គឺអាហារធ្វើជាពំនូត គ្រោតគ្រាត ឬល្អិត (ជាទី១) ការពាល់ត្រូវ (មាន​ចក្ខុសម្ផ័ស្សជាដើម) ជាអាហារទី២ ការត្រិះរិះ​ក្នុងចិត្ត7) ជាអាហារទី៣ វិញ្ញាណ (នាំមកនូវ​បដិសន្ធិនៃ​នាមរូប) ជាអាហារទី៤។ សេចក្តីកើតឡើងនៃអាហារ ព្រោះ​សេចក្តី​កើតឡើងនៃតណ្ហា សេចក្តី​រំលត់អាហារ ព្រោះសេចក្តី​រំលត់នៃតណ្ហា បានដល់​មគ្គ ប្រកបដោយ​អង្គ៨ ដ៏ប្រសើរ​នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរទៅ ដើម្បីរំលត់អាហារ គឺសម្មាទិដ្ឋិ១ សម្មា​សង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ស្គាល់ច្បាស់នូវអាហារ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តី​កើតឡើង នៃអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវ​សេចក្តីរំលត់អាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់​អាហារយ៉ាងនេះ កាលណា អរិយសាវ័កនោះ លះបង់​នូវរាគានុស័យ បន្ទោបង់នូវ​បដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់អវិជ្ជាហើយ ញុំាង​វិជ្ជាឲ្យកើតឡើង ធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នដោយ​សព្វគ្រប់ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៤] ពួកភិក្ខុទាំងនោះ ត្រេកអរអនុមោទនាភាសិត របស់​ព្រះសារីបុត្រដ៏​មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏​មានអាយុថា ម្នាលអាវុសោ បរិយាយដទៃ នៅមានទៀតដែរឬ។បេ។

[១១៥] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃទុក្ខផង ដឹងច្បាស់នូវសេចក្តី​រំលត់ទុក្ខផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ទុក្ខផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ តើដូចម្តេច គឺជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ ទោមនស្ស ចង្អៀត​ចង្អល់ចិត្ត ក៏ជាទុក្ខ ការប្រកបដោយរបស់មិនជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ការ​ព្រាត់ប្រាសចាក​របស់ជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ប្រាថ្នានូវរបស់ណា មិនបាន​របស់នោះ ក៏ជាទុក្ខ ដោយសង្ខេប ឧបាទានក្ខន្ធទាំង៥ ក៏ជាទុក្ខ ម្នាលអាវុសោ​ទាំង​ឡាយ នេះហៅថា ទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីកើតឡើង នៃទុក្ខ តើដូចម្តេច តណ្ហាដែលជាធម្មជាតិ នាំសត្វ​ឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិ ត្រេកអរចំពោះ​ក្នុង​អារម្មណ៍នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ម្នាលអាវុសោទាំងឡាយ នេះ ហៅថា សេចក្តីកើតឡើងនៃទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរំលត់ទុក្ខ តើដូចម្តេច សេចក្តីអស់ទៅ និងសេចក្តី​រំលត់ដោយមិនសល់ណា នៃតណ្ហានោះឯង គឺការលះបង់ រលាស់ចោល ជម្រុះចោល ឥតមានអាល័យ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធ។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​ជាដំណើរ​ ដើម្បី​រំលត់ទុក្ខ តើដូចម្តេច អរិយមគ្គ ប្រកបដោយអង្គ៨ នេះឯង គឺសម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខ​យ៉ាងនេះ ដឹងច្បាស់នូវទុក្ខសមុទ័យយ៉ាងនេះ ដឹងច្បាស់នូវ​ទុក្ខនិរោធយ៉ាងនេះ ដឹងច្បាស់​នូវទុក្ខ​និរោធគាមិនី​បដិបទាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺ​បដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាង​វិជ្ជាឲ្យកើតឡើងដោយសព្វគ្រប់ ហើយ​ធ្វើ​នូវទីបំផុតនៃទុក្ខបាន ក្នុងបច្ចុប្បន្ននេះ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៦] ភិក្ខុទាំងឡាយនោះ ត្រេកអរអនុមោទនា ចំពោះភាសិត​របស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិ​ត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។

[១១៧] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយដទៃ នៅមានទៀត ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាល​ណា​អរិយសាវ័ក ស្គាល់ច្បាស់នូវជរា និងមរណៈផង ស្គាល់ច្បាស់ នូវ​សេចក្តី​កើត​ឡើង​នៃជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តី​រំលត់ជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ តើដូចម្តេច សេចក្តីកើត​ឡើងនៃ​ជរា និងមរណៈ តើដូចម្តេច សេចក្តីរំលត់ទៅ នៃជរា និងមរណៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រាណា គឺសេចក្តីទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកយូរយា ថយ​អាយុ ចាស់ទុំឥន្ទ្រិយរបស់ពួក​សត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ សេចក្តីឃ្លាត​ចាកសត្តនិកាយនោះៗ គឺច្យុត បែកធ្លាយ អន្តរធាន មច្ចុ រមណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចោលនូវ​សាកសព ការផ្តាច់​បង់នូវ​ជីវិតិន្ទ្រិយ នៃពួកសត្វនោះៗ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ ជរានេះផង មរណៈនេះផង ហៅថា ជរា មរណៈ ដោយប្រការដូច្នេះឯង។ សេចក្តីកើតឡើង នៃជរា និងមរណៈ ព្រោះសេចក្តីកើតឡើងនៃជាតិ សេចក្តីរំលត់​ជរា និងមរណៈ ព្រោះសេចក្តី​រំលត់ជាតិ អរិយមគ្គប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បី​រំលត់ជរា និងមរណៈ អរិយមគ្គនោះ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជរា និងមរណៈ ​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់​នូវសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជរា និងមរណៈ យ៉ាងនេះ អរិយសាវ័កនោះ លះចោលនូវ​អនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។​ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ដូច្នេះហើយ និយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជាតិផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃជាតិផង ស្គាល់ច្បាស់នូវ​សេចក្តីរំលត់ជាតិផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់​ជាតិផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជាតិ តើដូចម្តេច សេចក្តីកើត​ឡើងនៃជាតិ តើដូចម្តេច សេចក្តីរំលត់​ជាតិ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិ តើដូចម្តេច។ កំណើតណា គឺសេចក្តីកើតគ្រប់គ្រាន់ ចាប់បដិសន្ធិ កកើត ទ្រើសឡើង កើតបានជាគ្រោងខន្ធឡើង ការបានចំពោះ​នូវអាយតនៈទាំង​ឡាយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះ ហៅថា ជាតិ។ សេចក្តីកើតឡើងនៃជាតិ ព្រោះសេចក្តី​កើតឡើងនៃភព សេចក្តីរំលត់​ជាតិ ព្រោះសេចក្តីរំលត់ភព អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ឈ្មោះថា ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​ជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង​នៃជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​ជាតិយ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះ​ឯង។

[១១៩] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវភពផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃភពផង ដឹងច្បាស់នូវ​សេចក្តី​រំលត់ភពផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់ភពផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ភព តើដូចម្តេច សេចក្តីប្រជុំ​កើត​ឡើងនៃភព តើដូចម្តេច សេចក្តីរំលត់ភព តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ភព តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភពទាំងឡាយនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ សេចក្តីកើតឡើងនៃភព ព្រោះ​សេចក្តី​កើតនៃ​ឧបាទាន សេចក្តីរំលត់ភព ព្រោះសេចក្តីរំលត់ឧបាទាន អរិយមគ្គ ប្រកបដោយអង្គ​៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ភព អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាល​អាវុសោ​ទាំង​ឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវ​ភពយ៉ាងនេះ ដឹងច្បាស់​នូវ​សេចក្តី​កើតឡើង​​នៃភពយ៉ាងនេះ ដឹងច្បាស់​នូវសេចក្តីរំលត់​ភពយ៉ាង​នេះ ដឹងច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់​ភព​យ៉ាងនេះ អរិយសាវ័ក​នោះ លះ​ចោល​អនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជា​សម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២០] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​ឧបាទានផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃឧបាទានផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​ឧបាទានផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់ឧបាទានផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ឧបាទាន ដូចម្តេច សេចក្តីកើត​ឡើងនៃឧបាទាន តើដូចម្តេច សេចក្តីរំលត់ឧបាទាន តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ឧបាទាននេះ មាន៤គឺ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ សេចក្តីកើតឡើងនៃឧបាទាន ព្រោះសេចក្តី​កើតឡើងនៃតណ្ហា សេចក្តីរំលត់ឧបាទាន ព្រោះសេចក្តីរំលត់តណ្ហា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទាន អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​ឧបាទានយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃឧបាទានយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​ឧបាទាន​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទានយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលនូវអនុស័យ គឺរាគៈ ដោយប្រការ​ទាំងពួង។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២១] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​តណ្ហាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​តណ្ហាផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់តណ្ហាផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ តណ្ហា តើដូចម្តេច សេចក្តីកើត​ឡើង​នៃ​តណ្ហា តើដូចម្តេច សេចក្តីរំលត់តណ្ហា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បី​រំលត់តណ្ហា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកតណ្ហានេះ មាន៦គឺ សេចក្តី​ប្រាថ្នាក្នុងរូប១ ប្រាថ្នាក្នុងសំឡេង១ ប្រាថ្នាក្នុងក្លិន១ ប្រាថ្នាក្នុងរស១ ប្រាថ្នាក្នុងការ​ពាល់ត្រូវ១ ប្រាថ្នាក្នុងធម្មារម្មណ៍ គឺអារម្មណ៍ ដែលខ្លួន​ធ្លាប់​សន្សំទុកមក​ក្នុងចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តី​កើតឡើងនៃវេទនា សេចក្តីរំលត់តណ្ហា ព្រោះសេចក្តីរំលត់វេទនា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ ដើម្បីរំលត់តណ្ហា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាល​អាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​តណ្ហាយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​តណ្ហា​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ ដើម្បីរំលត់តណ្ហាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២២] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​វេទនាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវេទនាផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​វេទនាផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់វេទនាផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វេទនា តើដូចម្តេច សេចក្តីកើត​ឡើងនៃវេទនា តើដូចម្តេច សេចក្តីរំលត់វេទនា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវេទនានេះ មាន៦គឺ វេទនាកើតអំពី​ការពាល់ត្រូវដោយភ្នែក១ វេទនាកើតអំពី​ការពាល់ត្រូវដោយ​ត្រចៀក១ វេទនាកើតអំពី​ការពាល់ត្រូវដោយច្រមុះ១ វេទនាកើតអំពី​ការពាល់ត្រូវដោយអណ្តាត១ វេទនាកើតអំពី​ការពាល់ត្រូវដោយកាយ១ វេទនាកើតអំពី​ការពាល់ត្រូវដោយចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តី​កើតឡើងនៃផស្សៈ សេចក្តីរំលត់វេទនា ព្រោះសេចក្តីរំលត់ផស្សៈ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃវេទនាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់វេទនា​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៣] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​ផស្សៈផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​ផស្សៈផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់ផស្សៈផង ក្នុងកាល​ណាហើយ ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ផស្សៈ តើដូចម្តេច សេចក្តីកើត​ឡើងនៃផស្សៈ តើដូចម្តេច សេចក្តីរំលត់ផស្សៈ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកផស្សៈ​នេះ មាន៦គឺ ចក្ខុសម្ផស្ស១ សោតសម្ផស្ស១ ឃានសម្ផស្ស១ ជីវ្ហាសម្ផស្ស១ កាយសម្ផស្ស១ មនោសម្ផស្ស១។ សេចក្តីកើតឡើងនៃផស្សៈ ព្រោះសេចក្តី​កើតឡើងនៃអាយតនៈ៦ សេចក្តីរំលត់ផស្សៈ ព្រោះសេចក្តីរំលត់អាយតនៈ៦ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវផស្សៈយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃផស្សៈ​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈ​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៤] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយ (តទៅទៀត) ថា ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹង​ច្បាស់​នូវអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃអាយតនៈ​៦​ផង ដឹងច្បាស់នូវ​សេចក្តី​រំលត់អាយតនៈ៦ផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជា​ដំណើរ ដើម្បី​រំលត់អាយតនៈ៦ផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាល​អាវុសោ​ទាំងឡាយ អាយតនៈ៦ តើដូចម្តេច សេចក្តីកើត​ឡើងនៃអាយតនៈ៦ តើដូចម្តេច សេចក្តីរំលត់អាយតនៈ៦ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ​៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អាយតនៈ ​នេះ មាន៦គឺ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជីវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១។ សេចក្តីកើតឡើងនៃអាយតនៈ៦ បាន ព្រោះសេចក្តី​កើតឡើងនៃនាមរូប សេចក្តីរំលត់អាយតនៈ៦បាន ព្រោះសេចក្តីរំលត់នាមរូប អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ៦ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវអាយតនៈ៦យ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃអាយតនៈ៦​យ៉ាងនេះ ដឹងច្បាស់នូវ​សេចក្តី​រំលត់​អាយតនៈ៦​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ៦យ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិ​ត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្ម​នេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៥] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​នាមរូបផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់នាមរូបផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើត​ឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែល​អាស្រ័យ​មហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។ សេចក្តីកើតឡើងនៃនាមរូប ព្រោះសេចក្តី​កើតឡើង​នៃ​វិញ្ញាណ សេចក្តីរំលត់នាមរូប ព្រោះសេចក្តីរំលត់វិញ្ញាណ អរិយមគ្គ ប្រកប​ដោយអង្គ​៨​នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូប អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវនាមរូបយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃនាមរូប​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់នាមរូប​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូបយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៦] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានតទៅទៀត​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវ​វិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់វិញ្ញាណផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់វិញ្ញាណផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណ តើដូចម្តេច សេចក្តី​កើត​ឡើងនៃវិញ្ញាណ តើដូចម្តេច សេចក្តីរំលត់វិញ្ញាណ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវិញ្ញាណ​នេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ សេចក្តីកើតឡើងនៃវិញ្ញាណ ព្រោះសេចក្តី​កើតឡើងនៃសង្ខារ សេចក្តីរំលត់វិញ្ញាណ ព្រោះសេចក្តីរំលត់សង្ខារ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណ អរិយមគ្គ​នោះ​គឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណយ៉ាងនេះ ស្គាល់​ច្បាស់​នូវសេចក្តីកើតឡើង​នៃវិញ្ញាណ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណ​យ៉ាង​នេះ ស្គាល់ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៧] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយ​ឯទៀត នៅ​មាន​​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវសង្ខារផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃសង្ខារផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់សង្ខារផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់សង្ខារផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងឡាយ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃសង្ខារ តើដូចម្តេច សេចក្តីរំលត់សង្ខារ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សង្ខារ​នេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ សេចក្តីកើត​ឡើង​នៃ​សង្ខារ ព្រោះសេចក្តី​កើតឡើងនៃអវិជ្ជា សេចក្តីរំលត់សង្ខារ ព្រោះសេចក្តី​រំលត់អវិជ្ជា អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវសង្ខារយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តីកើតឡើង​នៃសង្ខារ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់សង្ខារ​យ៉ាង​នេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ ហើយលះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅ​មាន​​ដែរ ហើយ​និយាយ​ថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់អវិជ្ជាផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់អវិជ្ជាផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អវិជ្ជាទាំងឡាយ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃអវិជ្ជា តើដូចម្តេច សេចក្តីរំលត់អវិជ្ជា តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនដឹងទុក្ខ១ សេចក្តី​មិនដឹងហេតុឲ្យ​កើតទុក្ខ១ សេចក្តីមិនដឹង​ព្រះនិព្វាន ជាគ្រឿង​រំលត់ទុក្ខ១ សេចក្តី​មិន​ដឹងបដិបទា ជាដំណើរដើម្បី​រំលត់ទុក្ខ១ ម្នាលអាវុសោ នេះឯងហៅថា អវិជ្ជា។ សេចក្តី​កើតឡើងនៃអវិជ្ជា ព្រោះសេចក្តី​កើតឡើងនៃអាសវៈ សេចក្តីរំលត់អវិជ្ជា ព្រោះសេចក្តី​រំលត់អាសវៈ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជាគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​​នៃអវិជ្ជា​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជា​យ៉ាង​នេះ ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មានដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជា​ឲ្យកើត​ឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិន​ញាប់ញ័រក្នុងព្រះធម៌ មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៩] ភិក្ខុទាំងអម្បាលនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់​ព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ ប្រពៃហើយ បានសួរប្រស្នានឹងព្រះ​សារីបុត្រដ៏មានអាយុតទៅទៀតថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃ នៅមានដែរឬ។

[១៣០] ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយ​ឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់អាសវៈផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់អាសវៈផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាសវៈ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃអាសវៈ តើដូចម្តេច សេចក្តីរំលត់អាសវៈ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ អាសវៈ​នេះ មាន៣ គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ សេចក្តីកើត​ឡើង​នៃអាសវៈ ព្រោះសេចក្តី​កើតឡើងនៃអវិជ្ជា សេចក្តីរំលត់អាសវៈ ព្រោះសេចក្តី​រំលត់អវិជ្ជា អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មា​កម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម១ សម្មាសតិ១ សម្មា​សមាធិ១។ ម្នាល​អាវុសោ​ទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តីកើតឡើង​នៃអាសវៈ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈ​យ៉ាង​នេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ លះបង់​នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ លុះព្រះសារីបុត្រដ៏មានអាយុ ពោលពាក្យនេះហើយ ភិក្ខុទាំងអម្បាលនោះ មានចិត្ត​ត្រេកអរ រីករាយចំពោះភាសិត​ របស់ព្រះសារីបុត្រដ៏​មានអាយុ។

ចប់ សម្មាទិដ្ឋិសូត្រ ទី៩។

ធម្មជាតណា ក្នុងពាក្យដែលលោកពោលថា កតមំ បនាវុសោ (ម្នាល​អាវុសោ តើដូចម្តេច) មាន៦បទគឺ ទុក្ខ ជរា មរណ ឧបាទាន សឡាយតន នាមរូប វិញ្ញាណ។ ធម្មជាតិណា ក្នុងពាក្យដែលលោកពោលថា កតមា បនាវុសោ (ម្នាល​អាវុសោ តើ​ដូចម្តេច) មាន៤គឺ ជាតិ តណ្ហា វេទនា ជាគម្រប់៤នឹងអវិជ្ជា។ សភាវៈណា ក្នុងពាក្យ​ដែលលោក​ពោលថា កតមំ បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៥បទគឺ អាហារ ភព ផស្សៈ សង្ខារ ជាគម្រប់៥ នឹងអាសវៈ។ ធម្មជាតនោះ លោកពោល​ថា មាន កតមំ (តើដូចម្តេច) ៦លើក មាន កតមានិ ច (តើដូចម្តេច) ៤លើក លោកពោល​ថា មាន កតមោ (តើដូចម្តេច) ៥លើក រួមបទនៃសង្ខារធម៌ទាំងអស់ត្រូវជា១៥។

 

លេខយោង

1)
១-២ ក្នុងពុទ្ធសម័យ ភិក្ខុចាស់​វស្សា និងខ្ចីវស្សា ហៅគ្នាទៅមកថា អាវុសោ តែក្នុងសម័យដែលព្រះអង្គ​ជិតបរិនិព្វាន ទ្រង់មានបន្ទូលនឹងព្រះអានន្ទថា អំណឹះឥត​អំពី​ព្រះអង្គទៅ ត្រូវភិក្ខុចាស់វស្សាហៅភិក្ខុ​ខ្ចីវស្សាថា អាវុសោ ចំណែក​ភិក្ខុខ្ចីវស្សា ត្រូវហៅ​ភិក្ខុចាស់​វស្សាថា ភន្តេ ឬអាយស្មា (មហាបរិនិព្វានសូត្រ)។
2) , 6)
3)
សម្មាទិដ្ឋិ មាន២យ៉ាង គឺ លោកិយសម្មាទិដ្ឋិ បានដល់សេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួន និងសេចក្តី​ដឹង ដែល​អនុលោមតាមសច្ចៈ ឬប្រាជ្ញាដែល​ប្រកបដោយអាសវៈទាំងអស់១ លោកុត្តរសម្មាទិដ្ឋិ បានដល់​ប្រាជ្ញា ដែលប្រកបដោយអរិយមគ្គ អរិយផល១។
4)
បុគ្គលជាសម្មាទិដ្ឋិ មាន៣ពួក គឺ បុថុជ្ជន១ សេក្ខបុគ្គល១ អសេក្ខបុគ្គល១។ អដ្ឋកថា។
5)
១-២ សត្វដែល​កើតស្រេចហើយ ហៅថា ភូត។ សត្វដែល​កំពុងកើត ហៅថា សម្ភវេសី។ ឧទាហរណ៍ ដូចជាសត្វកើតពីពង (មានមាន់ជាដើម) ដែលមិនទាន់ញាស់ ពួកសត្វកើតពីទឹក (មានមនុស្សជាដើម) ដែលមិនទាន់ទំលាយស្រោមសម្រាល ពួកសត្វ​កើតពីញើសក្អែល និងពួកសត្វ​ដែល​កើតឯង កំពុងនៅក្នុងខណៈចិត្តជាដំបូង ទាំងអស់នេះ ជាសម្ភវេសី ព្រោះកើតមិនទាន់​ស្រេច។ ដែលញាស់ផុតហើយ សម្រាលចេញហើយ នឹងពួក​សត្វកើតពីញើសក្តី កើតឯងក្តី រាប់តាំង​ពីខណៈចិត្តទី២ ទៅឈ្មោះថាភូត ឬពួកសត្វ​ដែលកើត​ដោយឥរិយាបថណា ហើយមិនទាន់ផ្លាស់​ឥរិយាបថនោះទេ ក៏នៅជាសម្ភវេសី ផ្លាស់ទៅរក​ឥរិយាបថដទៃ ហើយទុកជាភូត។ មួយទៀតថា ពួកសត្វ​ដែលអស់​ជាតិហើយ គឺលែងកើតទៅទៀតហើយ ដូចពួកព្រះខីណាស្រព ហៅថា ភូត។ ពួកសេក្ខ និងបុថុជ្ជន ហៅថា សម្ភវេសី ព្រោះនៅ​ស្វែងរកភពទៀត។
7)
ការត្រិះរិះក្នុងចិត្ត រមែង​នាំមក​នូវភពទាំង៣។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.009.txt · ពេលកែចុងក្រោយ: 2023/09/13 03:54 និពន្ឋដោយ Johann